ក្រសួង​ពាណិជ្ជ​កម្ម៖ មិន​ត្រូវការ​ទម្រង់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម សម្រាប់​ការនាំចេញ​ទេ

អ្នក​នាំចេញ​ក្នុងស្រុក​មិនត្រូវ​បាន​តម្រូវឱ្យមាន​ទម្រង់​វិញ្ញាបនបត្រ​ប្រភពដើម(CO)នៅនាយកដ្ឋាន​គយ​កម្ពុជា​ទេ ប្រសិនបើ​ឯកសារ​នេះ​មិន​ត្រូវបាន​តម្រូវ​ដោយ​អាជ្ញាធរ​នៅក្នុង​ប្រទេស​គោលដៅ​ដែល​ត្រូវ​នាំ​ទំនិញ​ចូល ដែល​ការលើកលែង​នេះ​គឺជា​ផ្នែក​មួយ​នៃ​សេចក្តី​បង្គាប់​ដែល​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​សប្តាហ៍​មុន។

យោងតាម​បទ​ប្បញ្ញត្តិ​របស់​សហភាព​អឺរ៉ុប​ដែល​បានធ្វើ​វិសោធនកម្ម​លើកចុងក្រោយ​នៅ​ខែមិថុនា ឆ្នាំ2017 និង​ដោយ​ផ្អែក​តាម​ប្រកាស​អន្តរក្រសួង​ចុះ​ថ្ងៃទី28 ខែធ្នូ ឆ្នាំ2018 ស្ដីពី​ការសម្រួល​នីតិវិធី​ក្នុងការ​បំពេញបែបបទ​នាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេស។

ក្រសួងពាណិជ្ជកម្ម​បាន​អំពាវនាវ​ដល់​ពាណិជ្ជករ​ដែលមាន​បំណង​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប(EU)ក្រោម​ការអនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ(EBA) ព្រមទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​GSP របស់​ប្រទេស​ន័​រវែស ស្វ៊ី​ស និង​ប្រទេស​តួ​ក​គី ឱ្យមក​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ (Registered Exporter System REX) របស់​សហភាព​អឺរ៉ុប។

សេចក្តីប្រកាស​រួម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម​ដែល​ចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ការនាំចេញ​ទំនិញ​ទៅកាន់​សហភាព​អឺរ៉ុប​ស្ថិតក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​ប្រទេស​ន័​រ​វែ​ស ស្វ៊ី​ស និង​តួ​ក​គី​ក៏ត្រូវ​បាន​លើកលែង​លក្ខខណ្ឌ​ឱ្យមាន​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​នេះ​ផងដែរ បើ​ក្រុមហ៊ុន​ទាំងនោះ បាន​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​REX នេះ។

ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែងថា ការលែង​តម្រូវឱ្យមាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ប្រភពដើម​ដើម្បី​នាំចេញ​ទំនិញ​ទៅកាន់​សហភាព​អឺរ៉ុប​នេះ បាន​កើតមានឡើង​ដោយសារ​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​ប្រព័ន្ធ​REX ដែល​នឹង​អនុវត្ត​ចាប់ពី​ថៃ្ង​ទី1 ខែមករា​ឆ្នាំ2019នេះ​តទៅ។

ឯកឧត្តម ​បាន​បន្ថែមថា៖“រដ្ឋាភិបាល​ចង់​សម្រួល​ដល់​ការរកស៊ី​របស់​ពាណិជ្ជករ និង​អ្នករកស៊ី​ទាំងអស់។ យើង​សុទ្ធចិត្ត​ថា មិនចាំបាច់​ឱ្យធ្វើ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទេ។ ក្រុមហ៊ុន​នឹង​នៅសល់​កម្រៃ​ដែល​ត្រូវ​បង់ និង​ចំណេញ​ពេលវេលា​ពី​ការធ្វើ​វា”។ នៅពេល​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​REX ក្រុមហ៊ុននាំចេញ​គ្រាន់តែ​ប្រកាស​ខ្លួនឯង​ពី​ប្រភេទ​ទំនិញ និង​បរិមាណ​ទំនិញ​ទៅកាន់​ក្រសួងពាណិជ្ជកម្ម​ដោយ​មិនចាំបាច់​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម ហើយ​សហភាព​អឺរ៉ុប​នឹង​ទទួលស្គាល់”។

ទោះយ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​នាំចេញ​មានការ​នាំចេញ​ទំនិញ អ្នក​នាំចេញ​ត្រូវតែ​ផ្ញើលិខិត​ជូនដំណឹង​ជាមួយ​ព័ត៌មាន​លម្អិត​នៃ​ការដឹកជញ្ជូន​ទៅ​ក្រសួងពាណិជ្ជកម្ម​ឱ្យបាន 30ថ្ងៃ មុនពេល​ទំនិញ​ត្រូវបាន​នាំចេញ។

តាមរយៈ​ការចូលរួម​ក្នុង​ប្រព័ន្ធ​REX ពាណិជ្ជករ​ទទួលបាន​នូវ​ការផ្តល់​វិញ្ញាបនបត្រ ដែលមាន​មូលដ្ឋាន​នៃ​គោលការណ៍​នាំចេញ។ ក្រុមហ៊ុន​នានា​បាន​ក្លាយជា​អ្នក​នាំចេញ​ដែល​បាន​ចុះបញ្ជី​ដែល​អនុញ្ញាតឱ្យ​ពួកគេ​មាន​សិទ្ធិ​ផ្ទាល់​របស់​ពួកគេ។

ការចុះឈ្មោះ​ជាមួយ REX នឹង​កាត់បន្ថយ​ការចំណាយ និង​រក្សាទុក​ពេលវេលា​សម្រាប់​អ្នក​នាំចេញ។ ដូច្នេះ​ក្រសួង​ដែល​ពាក់ព័ន្ធ​បានធ្វើការ​អំពាវនាវ​ដ​ល់​ក្រុមហ៊ុននាំចេញ​ទាំងអស់​ដែល​នាំចេញ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប​ក្រោម​គម្រោង EBA ឬ​ទៅ​ប្រទេស​​ន័​រ​វែ​ស ស្វ៊ី​ស និង​តួ​ក​គី​ក្រោម​គម្រោង GSP ឱ្យ​អញ្ជើញ​មក​ចុះឈ្មោះ​ជាមួយ​REX ។

ក្រុមហ៊ុន​ដែលមាន​បំណង​ចង់​ចូលរួម REX ត្រូវតែ​បំពេញ​លក្ខខណ្ឌ​មួយចំនួន។ ពួកគេ​ត្រូវតែ​ចុះឈ្មោះ​ជា​ក្រុមហ៊ុន​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ពួកគេ​មិនត្រូវ​ដាក់​ពាក្យបណ្តឹង​ក្ស័យធន ឬដាក់បញ្ចូល​ក្នុង​បញ្ជីខ្មៅ​របស់​រដ្ឋាភិបាល​នៅពេលដែល​ដាក់ពាក្យ​សុំ។ ទំនិញ​នាំចេញ​ត្រូវតែ​បំពេញ​តាម​លក្ខខណ្ឌ និង​តម្រូវការ​ឱ្យបាន​ពេញលេញ។

ការដាក់​ពាក្យសុំ​នេះ​ត្រូវធ្វើ​នៅ​នាយកដ្ឋាន​នាំចេញ-នាំចូល​នៃ​ក្រសួងពាណិជ្ជកម្ម​ចាប់ពី​ថ្ងៃទី1ខែមករា ឆ្នាំ2019តទៅ ក្នុង​វត្ថុបំណង​ដើម្បី​ឱ្យមាន​នីតិសម្បទា​ក្នុងការ​ប្រកាស​ប្រភពដើម (Statement on Origin) ជំនួស​ឱ្យការប្រើប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​A។ ការចុះបញ្ជី​ជាមួយនឹង REX នឹងមិន​គិតថ្លៃ​រហូតដល់​ថ្ងៃទី30 ខែមិថុនា ឆ្នាំ2020៕

Advertisement