កំណើន​ប្រាក់​បញ្ញើ​សន្សំ កើនឡើង​ប្រមាណ​ជិត100%នៅក្នុង​ឆ្នាំ2018

ដោយមាន​ទំនុកចិត្ត​លើ​វិស័យ​ធនាគារ បានធ្វើ​ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​ដាក់​ប្រាក់​បញ្ញើ​នៅតាម​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​កើនឡើង​រហូតដល់​ជិត100% នៅ​ដំណាច់ឆ្នាំ2018 កន្លងទៅ​ថ្មី​នេះ។ នេះ​បើតាម​របាយការណ៍​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា។

របាយការណ៍​ចេញផ្សាយ​ដោយ​ធនាគារជាតិ​កាលពី​សប្តាហ៍​មុន​បាន​លើកឡើងថា ការរីកចម្រើន​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា ពិសេស​ការ​មាន​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​បានធ្វើឱ្យ​ប្រាក់​បញ្ញើ​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​កើនឡើង​រហូតដល់91% ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ2018។

របាយការណ៍​ខាងលើ​បង្ហាញថា ការអនុវត្ត​គោលនយោបាយ​ហិរញ្ញវត្ថុ និង​គោលនយោបាយ​សារពើពន្ធ​សមស្រប បាន​ចូលរួមចំណែក​សំខាន់​ក្នុងការ​រក្សារ​ស្ថិរភាព​រឹងមាំ ដែល​គាំទ្រ​ដោយ​ការវិនិយោគ និង​ការរីកចម្រើន​នៃ​សកម្មភាព​សេដ្ឋកិច្ច ដែល​ក្នុងនោះ​វិស័យ​ធនាគារ រូបិយវត្ថុ​ទូទៅ​កើន​ដល់24.2% ពោលគឺ​កើនឡើង​ជាង​ឆ្នាំ2017 ស្ថិតក្នុង​ស្ថានភាព​សមស្រប និង​រីកចម្រើន​សេដ្ឋកិច្ច គឺ​មិន​បណ្តោយ​ឱ្យមាន​សម្ពាធ​ដល់​អតិផរណា​ឡើយ។

ក្នុងពេលដែល​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាន់តែ​មាន​ភាព​រីកចម្រើន វិស័យ​ធនាគារ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ដោយ​សម្រេចបាន​នូវ​វឌ្ឍនភាព​សេដ្ឋកិច្ចកម្ពុជា ជាក់ស្តែង​វិស័យ​ធនាគារ​បាន​បន្ត​ចាក់​ឫសគល់​យ៉ាងជ្រៅ​ទៅក្នុង​សេដ្ឋកិច្ច​ដ៏​រឹងមាំ ដោយបាន​ជំរុញ​ភាព​ស៊ីជម្រៅ​លើ​ផ្នែក​ហិរញ្ញវត្ថុ បាន​កើន​ឡើងដល់78% ក្នុង​ឆ្នាំ2018 ហើយ​ទ្រព្យសកម្ម​សរុប​មាន​កំណើន​ឡើង ដល់ 174ភាគរយ​នៃ​ផលទុនជាតិ​សរុបកើនឡើង 20ភាគរយ​ក្នុង​ឆ្នាំ2018នេះ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ វឌ្ឍនភាព​នេះ​ឆ្លុះបញ្ចាំង​ពី​ភាព​ទុកចិត្ត​ពី​សាធារណជន​មកលើ​ប្រព័ន្ធ​ធនាគារ​ជាក់ស្តែង​បាន​ជំរុញ​ប្រាក់​បញ្ញើ​ឱ្យមាន​កំណើន​ឡើង91% នៃ​ផលិតផល​ក្នុងស្រុក​សរុប(ផ.ស.ស) កើនឡើង16% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលជា​កត្តា​រីកចម្រើន​ដែល​បានផ្តល់​លទ្ធភាព​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធ្វើ​អន្តរ​ការិយកម្ម​ហិរញ្ញប្បទាន​កាន់តែ​សកម្ម។

ឥណទាន​ក៏​សម្រេចបាន10% នៃ​ផ.ស.ស គឺ​បាន​កើនឡើង20.1% ដែល​បាន​គាំទ្រ​ដល់​ការធ្វើ ពិពិធ​កម្ម​មូលដ្ឋាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ស្រប​ពេលដែល​វិស័យ​ធនាគារ បាន​កំពុង​ចូលរួមចំណែក​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ដែល​បាន​បង្កើន​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ជាប់​ជា​លំដាប់96% នៃ​ប្រជាជន​ពេញវ័យ កំពុង​ទទួលបាន​សេវា​ហិរញ្ញវត្ថុស្រប​ពេលដែល​ចំណេះដឹង​ពី​ការប្រើប្រាស់​ហិរញ្ញវត្ថុ ត្រូវបាន ពង្រីក​ជាប្រចាំ​ផងដែរ។

ពាក់ព័ន្ធ​ករណីនេះ លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​នាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ​មានប្រសាសន៍​ទ​ទួល​ស្គាល់​ថា អត្រា​ប្រាក់​បញ្ញើ​ក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ កើន​ឡើ​ងគួរឱ្យកត់សម្គាល់​ពិតប្រាកដ​មែន ហើយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ​ផ្ទាល់​មានការ​កើនឡើង​ប្រមាណ​ជា25% ក្នុង​ឆ្នាំ2018 ធៀប​នឹង​ឆ្នាំ2017កន្លងទៅ ដែលមាន​សាច់ប្រាក់​បញ្ញើ​សរុប​ប្រមាណ​ជា 460លាន​ដុល្លារ​អាមេរិក ក្នុងចំណោម​អតិ​ជន​ជាង 10ម៉ឺន​នាក់។

លោក​ឧកញ៉ា​បាន​បន្តថា ការដាក់​ប្រាក់​បញ្ញើ​ក្នុង​គ្រឹះស្ថាន​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួលបាន​អត្រា​ការប្រាក់​ទាប​បំផុត 7.5ភាគរយ ប្រសើ​ជាង​យកប្រាក់​ទៅ​ទុក​ក្នុងផ្ទះ ឬ​ដាក់​កូនជ្រូក​ដែល​មិនអាច​ទទួលបាន​ប្រាក់ចំណេញ ហើយ​អាច​ជួប​ហានិភ័យ​បាត់បង់​ដោយ​ប្រការ​ណាមួយ​ក៏​អាច​ថា​បាន។ ការយក​លុយ​ទៅ​វិនិយោគ​ប្រកប​របរ​រកស៊ី ជួន​បាន​ប្រាក់ចំណេញ​ជាង​ដាក់​ប្រាក់​បញ្ញើ ជួន​ក៏​មិនបាន​ចំណេញ​ដូច​ប្រាក់​បញ្ញើ​ដែរ ហើយ​បើសិនជា​ការរកស៊ី​មិនបាន​ប្រុងប្រយ័ត្ន មិន​រៀបចំ​យុទ្ធសាស្ត្រ​ជាមុន អាច​នឹង​ជួប​ហានិភ័យ​ខាតបង់​ថែមទៀត។

លោក​ឧកញ៉ា​អះអាងថា ការកើនឡើង​នៃ​ប្រាក់​បញ្ញើ​សន្សំ​នេះ គឺ​ដោយសារប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​មកលើ​វិស័យ​ធនាគារ និង​មី​ក្រូហិរញ្ញវត្ថុ​ ស្រប​ពេលដែល​ការប្រកប​របរ​រកទ​ទួល​ទាន​របស់​ពលរ​ដ្ឋ​កាន់​តែមាន​ភាពប្រសើ​រ​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ហើយ​ការកើនឡើង​នៃ​អត្រា​ប្រាក់​បញ្ញើ​នេះ​ក៏​ទទួលបាន​ពី​កា​រួមចំណែក​នៃ​ស្ថិរភាព​នយោបាយក៏ដូចជា​ស្ថិរភាព​សេដ្ឋកិច្ច​ក្នុងប្រទេស​ជា​រៀងរាល់ឆ្នាំ​ផងដែរ៕

Advertisement