ក្រសួងពាណិជ្ជកម្មចាត់ទុកថា ការយកពន្ធអង្ករពីកម្ពុជា ​ប៉ះពាល់ខ្លាំងដល់​ប្រជាកសិករក្រីក្រដែលកំពុងជាប់បំណុលជាមួយ​ស្ថាប័នឥណទាន

ក្រសួងពាណិជ្ជកម្ម​បាន​ចេញសេចក្តី​ថ្លែង​ការណ៍​នៅថ្ងៃទី17 ខែមករា ឆ្នាំ2019 នេះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប ស្តីពីវិធាន​ការ​ការពារទីផ្សាររបស់សហភាពអឺរ៉ុប មកលើអង្ករ(Indica Rice) នាំចេញពីកម្ពុជា ថា​ការធ្វើបែបនេះ​អាចប៉ះពាល់ខ្លាំងដល់ប្រជាកសិករក្រីក្រកម្ពុជា និងជាអាវុធសម្រាប់ធ្វើឃាត​ពួកគាត់ និង​ក្រុមគ្រួសារ​ដែលកំពុងជាប់បំណុលជាមួយ​នឹងស្ថាប័ន​ឥណទាន។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​សម្តែង​ការសោកស្តាយចំពោះសេចក្តីសម្រេច​នេះ ដែលមិនបានឆ្លុះបញ្ចាំងទាំងស្រុងកលើទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ បទដ្ឋានបច្ចេកទេស និងសច្ចភាព ព្រមទាំងកិច្ចសហប្រតិបត្តិការកន្លងមក​ដ៏ល្អរវាង​រាជរដ្ឋាភិបាល និងវិស័យឯកជនរបស់កម្ពុជា និងសហគមន៍អឺរ៉ុប។

ក្នុងរយៈកាល​ជិត 15ឆ្នាំកន្លងមក​ ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ការធ្វើពាណិជ្ជកម្ម​សរុបរវាងកម្ពុជា-អឺរ៉ុបមានសម្ទុះរីកចម្រើន​គួរជាទីមោទនៈ គឺកើនឡើង​ពីប្រមាណ 942លានដុល្លារអាមេរិកក្នុងឆ្នាំ2005 ទៅដល់​ជាង 8.44ពាន់លានដុល្លារអាមេរិក ជាមួយនឹងអត្រា​មធ្យមធម្មតាប្រចាំឆ្នាំប្រមាណ 60%។ ជាមួយគ្នានេះភាគីទាំង2 បានពិភាក្សា និងដោះស្រាយ​បញ្ហាទ្វេភាគីបានយ៉ាងល្អប្រសើរ តាមរយៈយន្ត​ការ​នៃគណៈកម្មាធិការចម្រុះកម្ពុជា-អឺរ៉ុប ដែលបានប្រារព្ធ​ធ្វើពីថ្ងៃទី12 ដល់ទី14 ខែមីនា ឆ្នាំ2018 កន្លងទៅនៅទីក្រុងប្រ៊ុចសែល ប្រទែសបែលហ្ស៊ិក។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការ​ដ៏ល្អនេះ បានជួយជំរុញដល់ពាណិជ្ជករ​ និងវិនិយោគិន​នៃសហគមន៍អឺរ៉ុប​ ឱ្យកាន់តែមានជំនឿទុកចិត្តក្នុងការចូលរួមមក​វិនិយោគ​ និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ហើយពាណិជ្ជករជាពិសេស​កសិករ​ក្រីក្ររបស់កម្ពុជារាប់ពាន់នាក់ដែលបានទទួលចំណូល​ពីការនាំចេញអង្ករទៅកាន់សហគមន៍អឺរ៉ុប បានអបអរសាទរ និងលើកទឹកចិត្តឱ្យ​រដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជាបន្តកិច្ចសហប្រតិបត្តិការ​ល្អជាមួយអឺរ៉ុប។

ក្រសួងពាណិជ្ជកម្មបានបង្ហាញថា​ ខ្លួនកំពុងពិនិត្យផ្ទៀងផ្ទាត់សេចក្តីសម្រេចនេះ ដោយផ្អែកលើទិដ្ឋភាព​ច្បាប់ និង​វិធានពាណិជ្ជកម្ម​អន្តរជាតិ​ដើម្បីបន្តធ្វើការ​តវ៉ាជាមួយនឹងសេចក្តីសម្រេច​ដែលប្រជាជនកម្ពុជា​យល់ថា ជាសេចក្តីសម្រេច​ដែលគ្មានសុក្រឹតភាព និងសច្ចភាពសង្គម និងសេដ្ឋកិច្ច។

ក្នុងនោះដែរក្រសួងពាណិជ្ជកម្ម រួមជាមួយ​ប្រជាជនកម្ពុជា​ អំពាវនាវឱ្យ​គណៈកម្មការអឺរ៉ុប​ពិនិត្យឡើងវិញ​នូវការសម្រេចរបស់ខ្លួន​ ដោយផ្អែកលើវិធានពាណិជ្ជកម្មអន្តរជាតិ និងចំណងកិច្ចសហប្រតិបត្តិការ​ល្អជាប្រពៃណីរវាងកម្ពុជា និងសហភាពអឺរ៉ុប៕

Advertisement