ទស្សនវិស័យ​ម៉ាក្រូសេដ្ឋកិច្ច​ និងវិស័យ​ធនាគារ​ឆ្នាំ2019

ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​បន្ត​រីកចម្រើន និង​មាន​ភាពរឹងមាំ ទោះបី​បាន​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន​ក្តី ដែល​កំណើន​សម្រាប់​ឆ្នាំ2018 ត្រូវបាន​ប៉ាន់ប្រមាណ​ថា បាន​កើនឡើង​ក្នុង​អត្រា7.3% ស្ថិតនៅក្នុង​កម្រិត​ខ្ពស់​ក្នុង​រយៈពេល 6ឆ្នាំ​ចុងក្រោយ និង​ខ្ពស់ជាង​អត្រាកំណើន​មធ្យម​នៃ​ប្រទេស​កំពុង​លូតលាស់ និង​ប្រទេស​ក្នុង​តំបន់​ទៀតផង។ នេះ​បើ​យោងសេចក្តី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ស្តីពី​វឌ្ឍនភាព​ម៉ាក្រូ​សេដ​កិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ2018 និង​ទស្សនវិស័យ​ឆ្នាំ2019។

ទោះបីជា​ប្រឈម​នឹង​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន និង​ឥទ្ធិពល​នៃ​ប្រតិកម្ម​គោលនយោបាយ​រូបិយវត្ថុ​ក្នុងប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ក៏ដោយ ក៏​កំណើន​សេដ្ឋកិច្ចពិភពលោក និង​តំបន់​នានា​មាន​ភាពល្អប្រសើរ និង​បានផ្តល់​កាលានុវត្តភាព​ល្អ​ដល់​សេដ្ឋកិច្ចកម្ពុជា។

សេចក្តីប្រកាស​ខាងលើ​បាន​បង្ហាញថា វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍​បន្ត​មាន​កំណើន​ក្នុង​អត្រា 2ខ្ទង់​ក្នុង​បរិយាកាស​អំណោយផល​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​មានការ​គាំទ្រ​ពី​គោលនយោបាយ​សារពើរ​ពន្ធ​វិត្ថារ​កម្ម គោលនយោបាយ​រូបី​យ​វត្ថុនិង​ផ្លែផ្កា និង​វឌ្ឍនភាព​វិស័យ​ធនាគារ និង​វិស័យផ្សេងៗទៀត។

លំហូរ​ចូល​នៃ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ត​កើនឡើង​ក្នុង​អត្រា​ខ្ពស់12% ជាពិសេស​ទៅលើ​វិស័យ​ធនាគារ អចលនទ្រព្យ និង​កាត់​ដេរ ហើយ​បាន​គាំទ្រ​ជញ្ជីងទូទាត់​ឱ្យមាន​អតិរេក​ប្រមាណ4.5% នៃ​ផលិតផល​ក្នុងស្រុក​សរុប(ផ.ស.ស)។ អតិរេក​ជញ្ជីងទូទាត់​បានរួម​ចំណែក​គរ​ពូន​ទុនបម្រុង​អន្តរជាតិ​ដល់ 10ប៊ី​លាន​ដុល្លារ​អាមេរិក​ដែល​អាច​ធានា​បានការ​នាំចូល​ទំនិញ និង​សេវាកម្ម​សម្រាប់​ឆ្នាំ​បន្ទាប់​បាន​ជាង 5ខែ ដែលជា​កម្រិត​មួយ​ខ្ពស់ បើ​ធៀប​នឹង​កម្រិត​អប្បបរមា​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន(3ខែ)។

យោងតាម​ការសិក្សា​រប​ស់​ធនាគារពិភពលោក (WB) ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​បាននិងកំពុង​នាំឱ្យ​មានការ​បំ​ផ្លាស់​ទី​នៃ​ការវិនិយោគ និង​កំណើន​នៃ​ការនាំចេញ​ក្នុង​តំបន់។

ទន្ទឹមនឹងនេះ ការសិក្សា​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​បានបង្ហាញ​ថា កម្ពុជា​អាច​ទទួលបាន​កំណើន​វិនិយោគ​ក្នុង​វិស័យ​កម្មន្តសាល និង​កសិកម្ម ដោយសារ​កម្ពុជា​អាច​ផលិត និង​នាំចេញ​ទំនិញ​មួយចំនួន​ក្នុង​វិស័យនេះ​ដែល​មិន​ស្ថិតក្នុង​គោលដៅ​ដែល​ត្រូវ​ដំឡើងពន្ធ​ទាំង​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។

ជាក់ស្តែង​ការនាំចេញ​របស់​កម្ពុជា​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ជាពិសេស​ផលិតផល​កាត់ដេរ​ត្រូវបាន​ប៉ាន់​ស្មានថា កើនឡើង24.7% ស្រប​ពេលដែល​ការនាំចេញ​ផលិតផល​មួយចំនួន​បាន​កើនឡើង​ក្នុង​អត្រា 2-3ខ្ទង់ ដូចជា​ការនាំចេញ​អង្ករ​កើន23% ទោចក្រយាន​កើន12% និង​គ្រឿងបន្លាស់​យានយន្ត​កើនឡើង 3ដង។

ថ្វីបើ​ការនាំចេញ​ផលិតផល​កាត់ដេរ​នៅតែ​បន្ត​មាន​ចំណែក​ធំ​ប្រមាណ 2/3នៃ​ការនាំចេញ​សរុប​ក៏ដោយ ក៏​ចំណែក​នេះ​បាន​ថយចុះ​គួរឱ្យកត់សម្គាល់​បើ​ប្រៀបធៀប​នឹង​ប្រមាណ96% កាលពី 10ឆ្នាំមុន។ ចំពោះ​វិស័យ​ទេសចរណ៍​ភ្ញៀវទេសចរ​អន្តរជាតិ​បន្ត​កើនឡើង​ខ្ពស់​ក្នុង​អត្រា11.5%(ដល់6.2លាន​នាក់)ស្រប​ពេលដែល​គោលដៅ​ទេសចរណ៍សំខាន់ៗរបស់​កម្ពុជា​ត្រូវបាន​អភិវឌ្ឍ។

ស្រប​ពេលដែល​ទំនាក់ទំនង​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាន់តែ​មាន​ភាព​ស៊ីជម្រៅ ស្ថិរភាព និង​ការរីកចម្រើន វិស័យ​ធនាគារ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការសម្រេចបាន​នូវ​វឌ្ឍនភាព​សេដ្ឋកិច្ចកម្ពុជា។ វិស័យ​ធនាគារ​បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​សេដ្ឋកិច្ច​យ៉ាងរឹងមាំ ដោយបាន​ជំរុញ​ឱ្យ​ភាព​ស៊ីជម្រៅ​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ផ.ស.ស​កើន​ដល់78% ធៀប​នឹង73% នៅ​ឆ្នាំ2018 ហើយ​ទ្រព្យសកម្ម​សរុប​បាន​កើន​ដល់174% នៃ​ផ.ស.ស(កើន20%)។

ឥណទាន​ចំពោះ​វិស័យ​ឯកជន បាន​កើន​ឡើងដល់102% នៃ​ផសស(កើន20.1%)ដែល​បានធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន។ ជាមួយគ្នានេះ​វិស័យ​ធនាគារ​ក៏បាន​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​កាត់បន្ថយ​ភាពក្រីក្រ​ដោយបាន​បង្កើន​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ជា​លំដាប់ ដែល​បច្ចុប្បន្ន 69%នៃ​ប្រជាជន​ពេញវ័យ​បានទទួល​សេវា​ហិរញ្ញវត្ថុ ស្រប​ពេលដែល​ចំណេះដឹង​ពី​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ត្រូវបាន​ពង្រឹង​ជាប្រចាំ។

ចំពោះ​ទស្សនវិស័យ​សម្រាប់​ឆ្នាំ2019 សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា នឹង​បន្ត​មាន​កំណើន​ក្នុង​រង្វង់ 7% ហើយ​អត្រា​អតិផរណា​បន្ត​ស្ថិតក្នុង​កម្រិត​ទាប 2.6% ជាមួយនឹង​ស្ថិរភាព​នៃ​អត្រា​ប្តូរប្រាក់ 4050រៀល​ក្នុង 1ដុល្លារ។ ទុនបម្រុង​អន្តរជាតិ​រំពឹងថា នឹង​បន្ត​កើន​ដល់ 11,3ប៊ី​លាន​ដុល្លារ​អាមេរិក។

ទោះជា​យ៉ាងណាក្តី ទន្ទឹមនឹង​ការវាយតម្លៃ​ពី​ភាពស្វាហាប់​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា NBCបានបង្ហាញ​ពី​ហានិភ័យ​មួយចំនួន​ផងដែរ ដូចជា​ការឡើង​ថ្លៃ​លុយ​ដុល្លារ​អាមេរិក ការ​ប្រឈម​នឹង​លទ្ធភាព​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ(EBA) និង​ការ​ប្រឈម​នឹង​ការប្រកួតប្រជែង​កាន់តែខ្លាំង​ជាង​មុន ដោយសារ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ក្នុង​តំបន់​មួយចំនួន។

ក្រៅពី​ហានិភ័យ​ក្រៅប្រទេស កម្ពុជា​នៅ​បន្ត​ប្រឈម​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​ថ្លៃដើម​ផលិត​ខ្ពស់ និង​ការកើនឡើង​ល្បឿន​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​អាចជា​ហានិភ័យ​សម្រាប់​វិស័យ​ធនាគារ។

អ្នកជំនាញ​សេដ្ឋកិច្ច ដែល​តាមដាន​សភាពការណ៍​សេដ្ឋកិច្ចកម្ពុជា បានបញ្ជាក់​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា ឆ្នាំ2018 វិស័យ​ធនាគារ​ពិត​ជាមាន​ភាពល្អប្រសើរដោយ​ភាពទៀងទាត់​នៃ​ការលូតលាស់​សេដ្ឋកិច្ច​យើង​ក្នុង​រង្វង់7% តាម​ដែល​យើង​មើលឃើញ​ពី​ការរីកចម្រើន​នៃ​វិស័យនេះ​វា​លឿន​ជាង​ការ​ទស្សន៍ទាយ។

បើតាម​ការប្រមើលមើល​ក្នុង​វិស័យនេះ នៅ​ឆ្នាំ2019 កំណើនសេដ្ឋកិច្ច​ក៏ត្រូវ​បាន​រំពឹងថា នឹង​ស្ថិតនៅក្នុង​រង្វង់7%បន្តទៀត ទោះបី​មិនទាន់​ជាក់លាក់ ក៏​អង្គការ​អន្តរជាតិ​ខាង​ហិរញ្ញវត្ថុ មានដូចជា IMF និង​ADB ជាដើម​ក៏បាន​ព្យាករ​ដែរ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​ស្ថិតក្នុង​រង្វង់7%។ តែ​ការលូតលាស់​នេះ​ស្ថិតក្នុង​ភាពផុយស្រួយ បើទោះបីជា​មានការ​លូតលាស់​ជាង​ប្រទេសជិតខាង ដែល​បានត្រឹមតែ3-5%ប៉ុណ្ណោះ​ក្ដី។

លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ហ្វ័​រ​តេ​បាន​មានប្រសាសន៍ថា៖ “ភាពផុយស្រួយ នេះ​គឺ​ចង់​និយាយថា ដោយសារ​យើង​ពឹងផ្អែក​ទៅលើ​ឧ​ស្សហកម្ម​ដែល​មិនមាន​ជំនាញ​ច្បាស់លាស់។ គឺ​ឧស្សាហកម្ម​អាច​បំ​ផ្លាស់​ទី​លឿន មាន​រោងចក្រ​កាត់ដេរ​ជាដើម។​ តែ​រដ្ឋាភិបាល​បាន​ខិតខំ​កៀងគរ​អ្នកវិនិយោគ​ឱ្យមក​វិនិយោគ​ទៅលើ​វិស័យថ្មីៗដែល​អាចឱ្យ​កម្មករ-ពលករ​របស់​យើង​មាន​ជំនាញ​ខ្ពស់ ដូចជា​រោងចក្រ​ដំឡើង​យានយន្ត រោងចក្រ​ផលិត​គ្រឿងបន្លាស់​យានយន្ត ជាដើម”។

លោក យក់ ចំរើន​ឫទ្ធិ​ បាន​បញ្ជាក់ដែរថា ក៏ដូចជា​ស្រដៀង​គ្នា​ដែរ​ដែល​យើង​មើលឃើញ​វិស័យ​សំណង់ អចលនទ្រព្យ តែងមាន​ការបារម្ភ​ថា វិស័យនេះ​អាចជា​ហានិភ័យ​មួយ ព្រោះ​ការរីកចម្រើន​របស់​វា​ក៏មាន​ភាពផុយស្រួយ​ដែរ ពេលណា​ដែល​វា​បំពេញ​គ្រប់​តម្រូវការ​របស់​វា ឬ​មាន​អ្វីមួយ​មក​ខ្ទាស់ នោះ​វា​អាច​នឹងមាន​បញ្ហាព្រោះ​ហិរញ្ញវត្ថុ​ដែល​វិនិយោគ​ត្រូវបាន​ចាក់​បំពេញ​ក្នុងការ​សាងសង់ ហើយ​វា​មិនអាច​បំប្លែង​ទៅ​ផលិត​ជា​អ្វី​ផ្សេងទៀត​បានឡើយ។ ប៉ុន្តែ​នេះ​គ្រាន់​ជា​ក្តីបារម្ភ​ទៅលើ​វិស័យ​សំណង់ អចលនទ្រព្យ តែ​វិស័យនេះ​កន្លងមក​មិនទាន់មាន​អ្វី​ជា​បញ្ហា​នោះទេ៕

Advertisement