ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​កើនឡើង20% នៅ​ក្នុងឆ្នាំ2018

ចំនួន​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកា​សបាន​កើនឡើង​ប្រមាណ​ជាង 8ម៉ឺន​តោន​កាលពី​ឆ្នាំមុនដែលមាន​កំណើន​ប្រមាណ​ជា20 ទៅ25ភាគរយ​ជាប្រចាំ។ នេះ​បើ​យោងតាម​មន្ត្រី​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល។

លោក ជា អូន អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បានឱ្យដឹងថា កំណើន​នៃ​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​កាលពី​ឆ្នាំ2018 មាន​សម្ទុះ​រឹងមាំ​ល្អ។

លោក អូន បាន​មានប្រសាសន៍ថា៖“មាន​កំណើន​ច្រើន​នៅក្នុង​វិស័យនេះ ប៉ុន្តែ​កំណើន​ភាគច្រើន​មានតែ​នៅ​ព្រលានយន្តហោះ​ភ្នំពេញ(ពោធិ៍ចិនតុង) និង​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ”។ លោក​បន្តថា៖“កំណើន​នេះ​បាន​នាំមុខ​ដោយ​តំបន់​សេដ្ឋកិច្ច​ពិសេស ជាទី​ដែលមាន​រោងចក្រ​រាប់រយ​ប្រតិបត្តិការ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ជាមួយនឹង​សកម្មភាព​នាំចេញ​នៅក្នុង​ខេត្ត​ព្រះសីហនុ”។

លោក​អូន បាន​ពន្យល់ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ជា​កត្តា​សំខាន់​សម្រាប់​ជំរុញ​កំណើន​នាំចេញ​នាពេល​អនាគត ដោយ​ភាគច្រើន​ការនាំចេញ​តាម​យន្តហោះ មាន​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​កសិកម្ម​មួយចំនួន។

របាយការណ៍ថ្មីៗរបស់​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​បានឱ្យដឹងថា ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ2018 មាន​ទំនិញ​ប្រមាណ​ជា 69,000តោន​បាន​ដឹក​តាម​យន្តហោះ បើ​ធៀប​នឹង​ឆ្នាំ2017 ឃើញថា​មាន​កំណើន​ប្រមាណ​ជា 16ភាគរយ ហើយ​ភាគច្រើន​កំណើន​នេះ​មានតែ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។

លោក ស៊ីន ចាន់​ធី ប្រធាន​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​ទំនិញ​កម្ពុជា​បាន​ថ្លែងថា កំណើន​ខ្លាំង​ត្រូវបាន​គេ​មើលឃើញថា មានតែ​នៅ​រដូវ​នាំចេញ​ខ្លាំង​ដែលជា​ទូទៅ​គឺ​ចាប់ពី​ខែកុម្ភៈ ដល់​ខែមីនា។ លោក​ថា ក្នុងអំឡុង​ខែ​នោះ​មិនមាន​យន្តហោះ​ដឹកជញ្ជូន​ទំនិញ​ណាមួយ​ទំនេរ​ទេ។

ដោយឡែក​ការដឹកជញ្ជូន​តាម​ទូ​កុងតឺន័រ​ទៅ​អឺរ៉ុប និង​អាមេរិក អាច​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ពី 4ពាន់ ទៅ5ពាន់​ដុល្លារ​ដោយ​កប៉ាល់ តែ​តាម​ផ្លូវអាកាស(យន្តហោះ)នឹងមាន​តម្លៃ​ប្រមាណ 50,000ដុល្លារ​អាមេរិក​ក្នុង​ទំហំ​ទំនិញ​ដូចគ្នា។ លោក​ថា ការដឹកជញ្ជូន​តាមផ្លូវ​ទឹក គឺជា​ជម្រើស​ទី1 និង​ដឹក​តាម​រថយន្ត​ជា​ជម្រើស​ទី2 និង​ដោយឡែក​ការដឹក​ទំនិញ​តាម​យន្តហោះ​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​នោះ ជា​ញឹកញាប់​ត្រូវបាន​គេ​ប្រើប្រាស់​តែ​នៅពេលណា​ដែលមាន​ទំនិញ​បន្ទាន់ ឬ​ទីផ្សារ​ត្រូវការ​ប្រញាប់​តែប៉ុណ្ណោះ។

ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​ទ​ទូល​បន្ទុក​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល បាន​ថ្លែងថា​វិស័យ​អាកាសចរណ៍​ស៊ីវិល​មានការ​អភិវឌ្ឍ និង​វិវឌ្ឍន៍​ទៅមុខ​ខ្លាំង និង​មាន​កំណើន​គួរឱ្យកត់សម្គាល់ ដោយសារតែ​គោលនយោបាយ​បើកចំហ​ជើងមេឃ​ដែល​បាន​អនុវត្ត​មក​តាំងពី​ឆ្នាំ1999។

លោក​បន្ថែមថា ដោយសារតែ​ការធ្វើ​ទំនើបកម្ម​នៃ​ការគ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស និង​ការពង្រីក​ព្រលានយន្តហោះ ការពង្រឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ក្នុង​វិស័យនេះ បានធ្វើឱ្យ​ការដឹកជញ្ជូន​អ្នកដំណើរ និង​ចំនួន​ទំនិញ​មានការ​កើនឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

លោក​រដ្ឋលេខាធិការ បាន​បន្ថែមទៀតថា ទន្ទឹមនេះដែរ វិស័យ​អាកាសចរណ៍​ស៊ីវិល​កាន់តែ​មានការ-​រីកចម្រើន​បោះជំហាន​ទៅមុខ​គួរ​ជាទី​មោទនៈ ដោយ​សម្រេចបាន​ស្នាដៃ និង​សមិទ្ធផលធំៗជាច្រើន​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​បានធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​នាំ​ផ្លូវ​ហោះហើរ​ដើម្បី​រក្សាបាន​នូវ​កំណើន​អ្នកធ្វើដំណើរ​តាមផ្លូវ​អាកាស ពង្រីក​ស្ថានីយ​អ្នកដំណើរ និង​ពង្រឹង​ក្របខណ្ឌ​ច្បាប់ និង​បទ​ប្ប​ញ្ញ​តិ្ត​បច្ចេកទេស​ដើម្បី​រក្សាបាន​ការពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​ក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល។

លោក​បាន​បន្តថា ការវិល​ត្រឡប់មក​សាជាថ្មី​នៃ​ស្ថិរភាព​នយោបាយ និង​សង្គម​របស់​កម្ពុជា បានធ្វើឱ្យ​វិស័យ​ទេសចរណ៍​មានការ​កើនឡើង​តាមរយៈ​ការពង្រឹង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស។

លោក​អះអាងថា៖“ការកែលម្អ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បានធ្វើឱ្យ​វិស័យ​ទេសចរណ៍​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់”។

ដោយ​លោក​បានឱ្យដឹងថា៖“ជា​លទ្ធផល​សម្រាប់​កម្ពុ​ជា វិស័យ​ដឹកជញ្ជូន​អ្នកដំណើរ និង​ទំនិញ​តាមផ្លូវ​អាកាស​បានទទួល​កំណើន​យ៉ាងខ្លាំង និង​គួរ​ជាទី​ចាប់អារម្មណ៍​ក្នុង​តំបន់​អាស៊ាន និង​នៅលើ​ឆាក​អន្តរជាតិ ដែល​កាលពី​ឆ្នាំ1998 មាន​អ្នកដំណើរ​តាមផ្លូវ​អាកាស​ត្រឹមតែ​ជាង 62ម៉ឺន​នាក់​ប៉ុណ្ណោះ តែ​ក្នុង​ឆ្នាំ2018 គឹ​ត​ត្រឹម​ថ្ងៃទី19 ធ្នូ មាន​អ្នកដំណើរ​តាមផ្លូវ​អាកាស​កើន​រហូតដល់​ចំនួន​ជាង 10លាន​នាក់​ចេញចូល​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង3”។

ដោយឡែក កំណើន​នៃ​ការដឹកជញ្ជូន​ទំនិញ​បាន​ឈាន​ចូលដល់ 68,702តោន នៅ​អាកាសយានដ្ឋាន​ទាំង3 គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ2018 ឬ​កើនឡើង​ប្រមាណ 16ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2017។

គួរ​បញ្ជាក់ថា គិត​ត្រឹម​ដំណាច់ឆ្នាំ2018 មាន​ប្រទេស​ចំនួន 44 បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ផ្នែក​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស និង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន 47ក្រុមហ៊ុន​បាននិងកំពុង​ធ្វើ​ប្រតិបត្តិ​ការហោះហើរ ចេញ-ចូល​ព្រះរាជាណាចក្រ​កម្ពុជា៕

Advertisement