ការកសាង​ផ្លូវ​ក្រវាត់ក្រុង​ទី3 នឹង​ជំរុញ​ឱ្យ​តម្លៃ​ដី​ទីនោះ​កាន់តែ​ឡើងថ្លៃ

ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រដ្ឋាភិបាល​បានសម្រេច​កសាង​ផ្លូវ​ក្រវាត់ក្រុង​ទី3 ថ្មី​មួយ​កាលពី​សប្តាហ៍​មុនឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ទឹកដី​ខេត្តកណ្តាល​ដែល​គេ​មានជំនឿថា នឹងធ្វើ​ឱ្យ​តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ថ្មី​មួយ​នេះ​មានតម្លៃ​ខ្ពស់​កាន់តែខ្លាំង​ឡើង​ថែមទៀត។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​មានប្រសាសន៍ថា ផ្លូវ​ក្រវាត់ក្រុង​ទី3 ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​នេះ គឺជា​គោលនយោបាយ​ថ្មី​មួយទៀត​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ចេញពី​រាជធានី​ភ្នំពេញ ហើយ​ជា​ផ្លូវ​ដែល​សម្បូរ​ឡានធំ ឬ​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់។ លោក​បន្តថា ជាដំបូង​ផ្លូវ​នេះ​គ្រាន់តែ​ជា​បណ្ដុំ​ឧស្សាហកម្ម​កើត​ថ្មី​ដែលមាន​រោងចក្រ​សហគ្រាស​ចូលទៅ​វិនិយោគ​នៅ​ទីនោះ​ចំនួន​តិចតួច ហើយ​តម្លៃ​ដី​ក៏​នៅ​ធូរ​ថ្លៃ​នៅឡើយ ដែល​គេ​អាច​វិនិយោគ​ដោយ​ការទិញ​ទុក​លក់​យកចំណេញ​សម្រាប់​ថ្ងៃ​អនាគត​បាន។

លោក​បាន​បន្តទៀតថា ផ្លូវ​ក្រវាត់ក្រុង​ទី3 នេះ​ស្ថិតនៅតាម​ភូមិសាស្ត្រផ្សេងៗគ្នា ដូចជា​កាត់​តាមតំបន់​ភាគ​ខាងជើង​ដែលកំពុងមាន​ការរីក​ចម្រើន​ខ្លាំង តំបន់​ភាគ​ខាងកើត​រាជធានី​ដែល​ក៏មាន​ការរីកចម្រើន​ខ្លាំង​គួរសម​ផងដែរ និង​តំបន់​ភាគខាងត្បូង​រាជធានី​ដែល​នៅ​រង់ចាំ​ពេលវេលា​អភិវឌ្ឍន៍​យូរ​ទៀត​នៅឡើយ (មានន័យថា ដីធ្លី​នៅ​ភាគខាងត្បូង​មិនទាន់​ឡើងថ្លៃ​ខ្លាំង​នៅឡើយ លុះត្រា​តែមាន​រោងចក្រ​ឧស្សាហកម្ម​ចូលទៅ​ដល់ទី​នោះ ហើយ​និង​មាន​មនុស្ស​ចូលទៅ​សង់​លំនៅឋាន​ច្រើន ទើប​តម្លៃ​ដី​ទីនោះ​មាន​កើនឡើង​ខ្លាំង)។

គួរ​បញ្ជាក់ថា គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី3 នេះ​ត្រូវ​ឆ្លងកាត់​ផ្លូវជាតិ​លេខ4 និង​ផ្លូវជាតិ​លេខ1 ស្ថិតនៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​មាន​ប្រវែង​សរុប​ជិត53គីឡូម៉ែត្រក្នុងនោះ​ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជាង15គីឡូម៉ែត្រ និង​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តកណ្តាល​ប្រវែង​ជិត 38គីឡូម៉ែត្រ​ដែលមាន​ចំណុច​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ លេខ14+105 នៃ​ផ្លូវជាតិ​លេខ4 និង​ចំណុច​ចុងបញ្ចប់​នៅ​គីឡូម៉ែត្រ​លេខ 24+840 នៃ​ផ្លូវជាតិ​លេខ1។ ផ្លូវ​ក្រវាត់ក្រុង​ថ្មី​នេះ​មាន​ទំហំ​ទទឹងផ្លូវ​រហូតដល់​ទៅ 27ម៉ែត្រ​សម្រាប់​ទីប្រជុំជន ឯ​ក្រៅ​ទីប្រជុំជន​វិញ​មាន​ទំហំ​ទទឹងផ្លូវ 25ម៉ែត្រ​ដែលមាន​ដាក់​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​សម្រាប់​កំណាត់​ផ្លូវ​ក្នុង​ក្រុង និង​ដើមឈើ​លម្អ​សម្រាប់​កំណាត់​ផ្លូវ​ក្រៅ​ក្រុង​ផងដែរ។

ផ្លូវ​ក្រវាត់ក្រុង​ទី3 នេះ​នឹងមាន​សាងសង់​ស្ពាន​អាកាស​ឆ្លងកាត់​ចំនួន 4កន្លែង (ឆ្លងកាត់​ផ្លូវជាតិ​លេខ4 លេខ3 លេខ2 និង​លេខ21ដែលមាន​ប្រវែង​សរុប 1,000ម៉ែត្រ) សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ចំនួន 2កន្លែងៈ មួយ​ត្រង់​កោះអន្លង់ចិន ប្រវែង​សរុប996ម៉ែត្រ​ក្នុងនោះ​ស្ពាន​បាសាក់​ខាងកើត​ប្រវែង630ម៉ែត្រ និង​ស្ពាន​បាសាក់​ខាងលិច​ប្រវែង 366ម៉ែត្រ និង​មាន​សាងសង់​ស្ពាន​មធ្យម និង​ខ្លី​ចំនួន 6កន្លែង និង​លូ​គ្រប់​ប្រភេទ​ចំនួន 113កន្លែង​ទៀត។

គម្រោង​ផ្លូវ​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ 273លាន​ដុល្លារ​អាមេរិក​ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏មាន​ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ពន្ធ និង​សួយសារអាករ​ផងដែរ។ ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​ត្រូវបាន​សាងសង់​បន្ត​ដោយ​ក្រុមហ៊ុន​សំណង់​ស៊ា​ង​ហៃ​គ្រុប ខូ​អិ​ល​ធី​ឌី (Shanghai Construction Group Co., Ltd.) និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើ​រយៈពេល​សាងសង់​ចំនួន 42ខែ ដោយ​គ្រោង​បញ្ចប់​នៅខែធ្នូ ឆ្នាំ2021។ ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី3នេះ​ក៏​ត​ភ្ជាប់​ផងដែរ​ទៅនឹង​ផ្លូវ​ទំនប់​កប់​ស្រូវ​លើផ្លូវ​ជាតិ​លេខ5 និង​ភ្ជាប់​ទៅនឹង​ស្ពាន​ឈ្នះ​ឈ្នះ មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវជាតិ​លេខ6 ដែល​នឹង​ប្រែក្លាយ​ទៅជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ និង​ទំនើប​មួយ​ដើម្បី​បម្រើការ​ជា​ផ្លូវ​ដឹក-ជញ្ជូន​រវាង​រាជធានី​ភ្នំពេញ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ6ផ្លូវជាតិ​លេខ5 ផ្លូវជាតិ​លេខ4 ផ្លូវជាតិ​លេខ3 ផ្លូវជាតិ​លេខ2 និង​ផ្លូវជាតិ​លេខ21 ឆ្លងកាត់​ទន្លេបាសាក់ ព្រមទាំង​កោះអន្លង់ចិន និង​ត​ភ្ជាប់​ទៅនឹង​ផ្លូវជាតិ​លេខ1 ពិសេស​ត​ភ្ជាប់​ទៅ​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង​ផែ​ស្វយ័ត​ភ្នំពេញ​នៅ​ស្រុក​កៀនស្វាយ ក៏ដូចជាការបំពេញ​ឱ្យ​ការតភ្ជាប់​ផ្លូវ​អាស៊ាន​ហាយ​វេ​យ៍ (AH1 និងAH11) និង​ផ្លូវ​របៀងសំខាន់ៗ (របៀង​កណ្តាល និង​របៀង​សេដ្ឋកិច្ច​ភាគខាងត្បូង)របស់​មហា​អនុតំបន់​មេគង្គ​ផងដែរ។

អ្នកជំនាញ​បាន​អះអាងថា ផ្លូវ​ថ្មី​មួយ​នេះ គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ធ្លាប់មាន​កន្លងមក ពិសេស​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ចរាចរណ៍​ក្នុង​រាជធានី​បន្ថែមទៀត និង​ធ្វើឱ្យ​តម្លៃ​ដី​នៅ​តំបន់​ជាយក្រុង​ទាំងនោះ​កាន់តែ​ឡើងថ្លៃ។ លើសពីនេះ​ទៀត ការសាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី3នេះ គឺជា​ការតភ្ជាប់​ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ជាពិសេស​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហាយ​វេ​យ៍ និង​ផ្លូវ​របៀង​សេដ្ឋកិច្ចសំខាន់ៗរបស់​មហា​អនុតំបន់​មេគង្គរួមចំណែក​ក្នុងការ​សម្រួល​ការដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ភ័ស្តុភា​រកម្ម​តំបន់ និង​ប្រែក្លាយ​ទឹកដី​ដែល​នៅ​សងខាង​ផ្លូវ​ក្រវាត់ក្រុង​នេះ​ទៅជា​តំបន់​អភិវឌ្ឍន៍​បុរី​លំនៅឋាន តំបន់​ភ័ស្តុភា​រកម្ម និង​ឧស្សាហកម្ម​ដ៏​មាន​សក្តានុពល និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​របស់​កម្ពុជា។

សូម​រំឭកថា បច្ចុប្បន្ន​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី2 កំណាត់​ទី2 របស់​កម្ពុជា​កំពុងដំណើរការ​សាងសង់​ជិត​នឹង​បញ្ចប់​ផងដែរ។ ផ្លូវ​ក្រវាត់ក្រុង​ទី2 ត​ភ្ជាប់​ពី​ផ្លូវ​មិត្តភាព​កម្ពុជា-វៀតណាម ត​ភ្ជាប់​តាម​បណ្តោយ​ផ្លូវ​ណ​ត់​ប្រ៊ី​ដ ផ្លូវ​ទ្រុងមាន់ ផ្លូវ​ភូមិ​ទួល​ពង្រ ផ្លូវ​ទំនប់ 7មករា ផ្លូវ 60ម៉ែត្រ ហៅ​មហាវិថី​តេ​ជោ ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ2 ត្រង់​គីឡូម៉ែត្រ​លេខ 14+417 ចំណុច​គល់ស្ពាន​ព្រែក​ហូ​ផ្នែក​ខាងជើង​នៅត្រង់​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ត​ភ្ជាប់​ទៅ​ផ្លូវ​លេខ115 និង​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ក្រុង​តាខ្មៅ៕

 

Advertisement