វិស័យ​ឧស្សាហកម្ម​ក្នុង​ឆ្នាំ2018 រួមចំណែក​ក្នុង​កំណើន ផ.ស.ស 32.4%

ឆ្នាំ2018 កន្លងទៅ វិស័យ​ឧស្សាហ​កម្មបាន​ចូលរួម​ក្នុង​កំណើន​នៃ​ផលិតផល​ក្នុងស្រុក​សរុប(ផ.ស.ស)មាន​ប្រមាណ 32.4% ដែល​សម្ទុះ​នៃ​ការរីកចម្រើន​ក្នុង​វិស័យ​ឧស្សាហ​កម្មនេះ​បានរួម​ចំណែក​មួយផ្នែក​ធំ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​រួមចំណែក​ដល់​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម។

ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានលើកឡើងនៅក្នុង​សន្និបាត​ក្រសួង​ស្ដីពី​សមិទ្ធផលសំខាន់ៗជាច្រើន​ដែល​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សម្រេចបាន​ក្នុងការ​ជំរុញ និង​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ឆ្នាំ2018 និង​ក្នុង​រយៈពេល​មួយ​អាណត្តិ​កន្លងទៅ ដែល​កាលពី​ឆ្នាំមុន(2017)មាន​ត្រឹម 30.9% តែ​កំណើន​នៃ​ផ.ស.ស​ក្នុង​ឆ្នាំ2018 កន្លងទៅ​មាន 32.4% ហើយ​បាន​បង្កើន​អនុ​បាត​វិស័យ​ឧស្សាហកម្ម ប្រមាណ​ជា 10.9% (ឆ្នាំ2017 មានតែ 9.5%)។

ឯកឧត្តម​បណ្ឌិត បាន​បន្តថា ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក៏មាន​ឆន្ទៈ​សិក្សា​ស្រាវជ្រាវ​ និង​ចាប់យក​ឱកាស​ពី​ការរីកចម្រើន នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4 ដែល​ស្តែង​ឱ្យឃើញ​ពី​ការវិវឌ្ឍ​នៃ​ភាព​រីកចម្រើន​បច្ចេកវិទ្យា​នៃ​ពិភពលោកហើយ​ដែល​អាច​ជះឥទ្ធិពល​ដល់​ការធ្វើឱ្យមាន​ការផ្លាស់ប្តូ​រ​យ៉ាង​លឿន ដល់​វិស័យ​ផលិតកម្ម ឧស្សាហកម្ម សំដៅ​ជំរុញឱ្យមាន​ការកែលម្អ​ខ្សែចង្វាក់​ផលិតកម្ម ការបង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ នៅក្នុង​វិស័យ​ឧស្សាហកម្ម សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។

នៅក្នុង​របាយការណ៍​បាន​បង្ហាញថា ចំនួន​រោងចក្រ​សរុប​នៅក្នុង​ឆ្នាំ2018 កន្លងទៅ​មាន​ចំនួន1,528ដោយ​ចំនួន​នេះ​បាន​កើន​លើស​ឆ្នាំ2017 ចំនួន 28រោងចក្រ។ ចំណែកឯ​កម្លាំង​ពលកម្ម​សរុប​ក្នុង​ឆ្នាំ2018 មាន​ចំនួន 973,129នាក់ ដែល​កាលពី​ឆ្នាំ1998 មាន​ត្រឹមតែ 98,153នាក់​ប៉ុណ្ណោះ។

ចំពោះ​តម្លៃ​សរុប​បរិមាណ​ផលិតផល​ក្នុង​ឆ្នាំ2018កន្លងទៅ មាន​ចំនួន​ប្រមាណ 13,538លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ26% បើ​ធៀប​នឹង​ឆ្នាំ2017 ដែល​បរិមាណ​ផលិតផល​នាំចេញ​មាន​ប្រមាណ​តែ 10,137លាន​ដុល្លារ​អាមេរិក និង​តម្លៃ​សរុប​បរិមាណ​ផលិតផល​លក់​ក្នុងស្រុក​មាន​ប្រមាណ3,401លាន​ដុល្លារ​អាមេរិក។

នៅក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ផ្នែក​កម្មន្តសាល SMEs វិញ​ក្នុង​ឆ្នាំ2018 មាន​ចំនួន​សរុប 156,853មូលដ្ឋាន(ទីតាំង​អាជីវកម្ម) និង​ផ្តល់​ការងារ​បាន​ចំនួន1,123,333កន្លែង ធៀប​នឹង​ឆ្នាំ2017 មាន​ចំនួន 155,640មូលដ្ឋាន ដែល​ក្នុងនោះ​មាន​កំណើន​ចំនួន 1,213មូលដ្ឋាន ស្មើនឹង0.78%។

ឯកឧត្តម ចម ប្រសិទ្ធ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា នៅក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ផ្នែក​កម្មន្តសាល​នេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ដោយបាន​លើកទឹកចិត្ត​ក្នុងការ​អនុគ្រោះ​ពន្ធ ដែល SMEs អាច​ចាប់យក​នូវ​អត្ថប្រយោជន៍​ពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នេះ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ SMEs ដែលជា​ចលករ​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច បង្កើត​ការងារ​បន្ថែម និង​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក។

សម្រាប់​ការផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ចំពោះ​អាជីវកម្ម សហគ្រាស​អាច​ទទួលបាន​នូវ​ការលើកទឹកចិត្ត​ដូចជា៖

1- លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន 3ឆ្នាំ​ដោយ​គិត​ចាប់​ពីថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី ឬ​ចាប់​ពីថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន។

2-​ លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល5ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី ឬ​ចាប់​ពីថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន និង​បាន​បំពេញ​លក្ខខណ្ឌ​ណាមួយ​ដូចខាងក្រោម ដូចជា​ការប្រើ​វត្ថុធាតុដើម​ក្នុងស្រុក​ចាប់ពី 60%ឡើងទៅ ឬ​បង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាងតិច 20% ឬ​មាន​ទីតាំង​ក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម (SME Cluster)។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បានផ្តល់​ការកោតសរសើរ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការគ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្នុងការ​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល នៅក្នុង​នីតិកាល​ទី5 កន្លងទៅ រួមទាំង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី3 គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ2015-2025។

ឯកឧត្តម​អគ្គបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា កិច្ចខិតខំ​ទាំងអស់នោះ បាន​នាំមក​នូវ​សមិទ្ធផល​នានា​គួរ​ជាទី​មោទនៈ និង​បានធ្វើឱ្យ​វិស័យ​ឧស្សាហកម្ម​កម្ពុជា មានការ​អភិវឌ្ឍរីកចម្រើន​ពី​ដំណាក់កាល​មួយ ទៅ​ដំណាក់កាល​មួយ ដែល​បាន​ចូលរួម​វិភាគទាន​យ៉ាងសំខាន់ ដល់​ការរក្សា​កំណើន​សេដ្ឋកិច្ចជាតិ៕

Advertisement