រាជរដ្ឋាភិបាល​ផ្តល់​ការលើកទឹកចិត្ត​ពន្ធ​ក្នុង​វិស័យ​មូល​ប​ត្រ

ដើម្បី​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ​កម្ពុជា និង​ជំរុញឱ្យមាន​ការចុះបញ្ជី​ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ពី​សំណាក់​ក្រុមហ៊ុន​នានា ថ្មីៗនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្តីពី​ការលើកទឹកចិត្ត​ពន្ធ​ក្នុង​វិស័យ​មូល​ប​ត្រ។

យោងតាម​អនុក្រឹត្យ​លេខ០១ អនក្រ.បក ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ4 ខែមករា ឆ្នាំ2019 ស្តីពី​ការលើកទឹកចិត្ត​ពន្ធដារ​ក្នុង​វិស័យ​មូល​ប​ត្រ និង​បើកផ្លូវ​ឱ្យមាន​ក្រុមហ៊ុន​ជាច្រើន​មក​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ឱ្យមាន​ភាព-​រីកចម្រើន​ទៅមុខ។

អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ក្រុមហ៊ុន ឬ​សហគ្រាស​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ ឬ​មូល​ប​ត្រ​បំណុល​លើកដំបូង​ជា​សាធារណៈ​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​គណៈកម្មការ​មូល​ប​ត្រ ហៅថា គ.ម.ក និង​បាន​ចុះបញ្ជី​ជួញដូរ​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុត។

ការលើកទឹកចិត្ត​ពន្ធដារ​ក្នុង​វិស័យ​មូល​ប​ត្រ​បាន​ផ្តល់ជូន​អ្នកវិនិយោគ​សាធារណៈ​ដែល​កាន់កាប់ និង​ឬ ទិញ-លក់​មូល​ប​ត្រ​រដ្ឋ មូល​ប​ត្រ​កម្មសិទ្ធិ និង​ឬមូល​ប​ត្រ​បំណុល​ដែល​បាន​បោះផ្សាយ​លក់​ជា​សាធារណៈ និង​បាន​ចុះបញ្ជី​ជួញដូរ​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុត។ សម្រាប់​គោលដៅ​នៃ​អនុក្រឹត្យ​នេះ គឺ​អ្នក​វិនិយោគសាធារណៈ រួមទាំង​អ្នកវិនិយោគ​និវាស​ន​ជន និង​អ​និវាស​ន​ជន។

ក្រុមហ៊ុន ឬ​សហគ្រាស បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ និង​ឬ​មូល​ប​ត្រ​បំណុល​លើកដំបូង​ជា​សាធារណៈ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​គណៈកម្មការ​មូល​ប​ត្រ ហៅថា គ.ម.ក និង​បាន​ចុះបញ្ជី​ជួញដូរ​មូលប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុត គិត​ចាប់​ពីថ្ងៃ​ដែល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន ត្រូវបំពេញ​បែបបទ​ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ​តាមរយៈ គ.ម.ក នៅ​រាល់​មុន​ការិយបរិច្ឆេទ​បង់ពន្ធ​សម្រាប់​ឆ្នាំសារពើពន្ធនីមួយៗដើម្បី​ទទួលបាន​ការលើកទឹកចិត្ត​ដោយ​បន្ថយពន្ធ​លើ​ប្រាក់ចំណូល​ចំនួន 50ភាគរយ​នៃ​ពន្ធ​លើ​ប្រាក់ចំណូល ត្រូវ​បង់​ក្នុង​រយៈពេល​នៃ​ការទទួលបាន​ការលើក​ទឹកចិត្ត​ពន្ធដារ។

ការលើកទឹកចិត្ត​ពន្ធដារ​មាន​រយៈពេល 3ឆ្នាំ និង​ត្រូវ​គិត​ចាប់ផ្តើម​ពី​ដើមឆ្នាំ​ជាប់ពន្ធ​ដែល​មូល​ប​ត្រ​នោះ​ត្រូវបាន​បោះផ្សាយ​លក់​ជា​សាធារណៈ​ក្នុងករណី​ដែល​ការបោះ​ផ្សាយ​លក់​នោះ​ធ្វើឡើង​ក្នុងអំឡុងពេល 6ខែ ដើមឆ្នាំ​ជាប់ពន្ធ​នោះ ឬក៏​ដើមឆ្នាំ​ជាប់ពន្ធ​បន្ទាប់ពី​ឆ្នាំ​ជាប់ពន្ធ​ដែល​មូល​ប​ត្រ​នោះ​ត្រូវ​បោះផ្សាយ​លក់​ជា​សាធារណៈ​ក្នុងករណី​ដែល​ការបោះ​ផ្សាយ​លក់​នោះ​ធ្វើឡើង​ក្នុងអំឡុងពេល 6ខែ​ចុងឆ្នាំ​ជាប់ពន្ធ និង​អំឡុងពេល​ណាមួយ​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ចំពោះ “ក្រុមហ៊ុន ឬ​សហគ្រាស​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ និង​ឬ​មូល​ប​ត្រ​បំណុល​លើកដំបូង​ជា​សាធារណៈ​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​គណៈកម្មការ​មូល​ប​ត្រ ហៅថា គ.ម.ក និង​បាន​ចុះបញ្ជី​ជួញដូរ​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុត ក្នុង​រយៈពេល 3ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ដែល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន ត្រូវ​ទទួលបាន​ការអនុគ្រោះ​បំណុល​ពន្ធ​ដែល​រួម​ប​ញ្ជូ​ល​ពន្ធ​លើ​ប្រាក់ចំណូល​ទាំងស្រុង ពន្ធ​កាត់​ទុក អាករ​លើ​តម្លៃបន្ថែម អាករ​ពិសេស​លើ​ទំនិញ និង​សេវា​មួយចំនួន អាករ​ស្នាក់នៅ អាករ​បំភ្លឺ​សាធារណៈ”។

ការអនុគ្រោះ​បំណុល​ពន្ធ​ទាំងស្រុង គឺ​បំណុល​ពន្ធ​ចាប់ពី​កាលបរិច្ឆេទ N-2 ដល់ N-10 សម្រាប់​ក្រុមហ៊ុន ឬ​សហគ្រាស​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ក្នុងការ​ចុះបញ្ជី​នៅ​ទីផ្សារ​គោល។ បំណុល​ពន្ធ​ចាប់ពី​កាលបរិច្ឆេទ N-2 ដល់ N-10 សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ក្នុងការ​ចុះបញ្ជី​នៅ​ទីផ្សារ​កំណើន។ (ឆ្នាំ N គឺជា​ឆ្នាំ​ដែល​ក្រុមហ៊ុន ឬ​សហគ្រាស​ធ្វើការ​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ និង​ឬ​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ​ជា​លើកដំបូង)។

អនុក្រឹត្យ​ក៏បាន​លើកទឹកចិត្ត​ពន្ធ​កាត់​ទុក​ដល់​អ្នកវិនិយោគ​មូល​ប​ត្រ​ផងដែរ ដោយ​អ្នក​វិនិយោគសាធារណៈ ត្រូវ​ទទួលបាន​ការបន្ថយ​ពន្ធ​កាត់​ទុក50ភាគរយ​លើ​ប្រាក់ និង​ឬ​ភាគលាភ​ដែល​បានមកពី​ការកាន់កាប់ និង​ឬ​ទិញ​មូល​ប​ត្រ​រដ្ឋ មូល​ប​ត្រ​កម្មសិទ្ធិ និង​មូល​ប​ត្រ​បំណុល​សម្រាប់​រយៈពេល3ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ដែល អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន។

ដោយឡែក​ក្រុមហ៊ុន ឬ​សហគ្រាស​ដែល​មិនត្រូវ​បានទទួល​ការលើកទឹកចិត្ត​ពន្ធ​លើ​ប្រាក់ចំណូល​ក្នុងករណី​ក្រុមហ៊ុន​នោះ​ជា​សហគ្រាស​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដែល​កំពុងស្ថិត​នៅក្នុងរ​យៈ​ពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល ដូច​មានចែង​ក្នុង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ការវិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

អគ្គនាយកដ្ឋាន​ពន្ធដា​រ​អាច​ស្នើសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តាមរយៈ គ.ម.ក ដើម្បី​បញ្ឈប់​ការលើកទឹកចិត្ត​ពន្ធដារ និង​ការអនុគ្រោះ​បំណុល​ពន្ធ ក្នុងករណី​ក្រុមហ៊ុន ឬ​សហគ្រាស​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ ឬ​មូល​ប​ត្រ​បំណុល​លើកដំបូង​ជា​សាធារណៈ​មិនបាន​ដាក់​លិខិត​ប្រកាស​សារពើពន្ធ​ប្រចាំខែ តាម​កាលកំណត់​របស់​រដ្ឋបាល​សារពើពន្ធ។ មិនបាន​ដាក់​លិខិត​ប្រកាស​សារពើពន្ធ​ប្រចាំឆ្នាំ​សម្រាប់​ឆ្នាំសារពើពន្ធ និង​បង់ប្រាក់​ពន្ធ​តាម​កាលកំណត់ នឹងមិន​អនុញ្ញាតឱ្យ​រដ្ឋបាល​សារពើពន្ធ​ធ្វើ​សវនកម្ម​លើ​បញ្ជី​កា​គណនេយ្យ ឬ​ឯកសារផ្សេងៗនិង​មិនបាន​បង់ពន្ធ​អាករ​ទាំង​អស់ ពន្ធ​បន្ថែម និង​ការប្រាក់​ដែល​បានកំណត់​សម្រាប់​រយៈពេល​ជាប់ពន្ធ ដែល​បានធ្វើ​សវនកម្ម​រួច​ដោយ​រដ្ឋបាល​សារពើពន្ធ។

ដោយឡែក​ក្រុមហ៊ុន ឬ​សហគ្រាស​ដែល​ទទួលបាន​ការលើក​ទឹកចិត្ត​ពន្ធ​លើ​ប្រាក់ចំណូល​មិនបាន​អនុវត្ត​តាមច្បាប់​ស្តីពី​ការបោះ​ផ្សាយ និង​ការជួញដូរ​មូល​ប​ត្រ​មហាជន និង​បទ​ប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ មូល​ប​ត្រ គ.ម.ក អាច​ស្នើសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ដើម្បី​បញ្ឈប់​ការលើកទឹកចិត្ត​ពន្ធ​បាន។

ចំពោះ​ក្រុមហ៊ុន​ដែល​បាន​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ ឬ​មូល​ប​ត្រ​បំណុល​លើកដំបូង​សាធារណៈ និង​ដែល​បាន​ចុះបញ្ជី​ជួញដូរ​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុត​រួចហើយ តែ​មិនទាន់​ទទួលបាន​ការលើកទឹកចិត្ត​ពន្ធដារ​នោះ ក៏ត្រូវ​បានផ្តល់​ការលើកទឹកចិត្ត​ពន្ធដារ​ផងដែរ។

លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​តដែលជា​ស្ថាប័នហិរញ្ញវត្ថុ​ដំបូង​គេ​ដែល​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​នៅក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ថ្លែងថា វា​ជា​រឿង​ល្អ ដែល​អាចជួយ​ជំរុញ​ផ្សារ​ហ៊ុន​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ​ឡើង។

លោក​ឧកញ៉ា​បន្ថែមថា ការអនុគ្រោះ​ពន្ធ​នេះ គឺជា​ការចាប់ផ្តើម​ដ៏​ត្រឹមត្រូវ ដោយសារតែ​ក្រុមហ៊ុន​មួយចំនួនធំ​បានចាប់ផ្តើម​អនុវត្ត​តាមច្បាប់ តាម​ទម្លាប់ គោលការណ៍​បាន​ត្រឹមត្រូវ​ច្រើន​ហើយ ដូចជា​ទៅលើ​ប្រព័ន្ធ​គណនេយ្យ ប្រព័ន្ធគ្រប់គ្រង និង​អភិបាលកិច្ច​ល្អ។ លោក​ឧកញ៉ា​បន្តថា ក្រុមហ៊ុន​ទាំងអស់​នោះបាន​បំពេញ​បានល្អ​ច្រើន​ទៅលើ​គុណវុឌ្ឍិ ជាពិសេស​ទៅលើ​ប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុ និង​អភិបាលកិច្ច​ល្អ។

លោក​ឧកញ៉ា​បន្តទៀតថា៖“វា​ជាការ​លើកទឹកចិត្ត​មួយ​ដ៏​ល្អ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ការលើកទឹកចិត្ត​នេះ​អាច​នឹង​ជំរុញឱ្យមាន​ក្រុមហ៊ុន​ច្រើនឡើង​ក្នុង​ទីផ្សារ​ហ៊ុន ហើយ​ខ្ញុំ​ជឿថា ប្រជាជន​ចាប់ផ្តើម​យល់ និង​មាន​ទំនុកចិត្ត​លើ​ផ្សារ​ហ៊ុន ដូចនេះ​វា​ជាការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ”៕

Advertisement