អាទិភាព​សម្រាប់​កម្ពុជា គម្រោង​ផ្លូវ​ល្បឿន​លឿន​នឹង​បើក​ការដ្ឋាន​សាងសង់ឆាប់ៗ

គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុបានបង្ហាញ​នូវ​ក្តី​រំពឹងថា នឹង​អាច​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​អំឡុង​ខែកុម្ភៈ ឬ​យូរ​បំផុត​នៅ​ដើមខែ​មីនា​ខាងមុខ។ នេះ​បើ​យោងតាម​ព័ត៌មាន​ពី​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​ឱ្យដឹងថា ការ​រំពឹងថា ការសាងសង់​ផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ​អាច​បើក​ការដ្ឋាន​នៅ​ខែកុម្ភៈ​ខាងមុខនេះ គឺ​ដោយសារ​គ្រឿងចក្រ​ដែលមាន​តម្លៃ​ប្រមាណ 100លាន​ដុល្លារ​នោះ​នឹងត្រូវ​បញ្ជូនមក​ដល់ក​ម្ពុ​ជា​នៅ​ដំណាច់​ខែមករា​នេះ ចំណែកឯ​អ្នកបច្ចេកទេស និង​វិស្វករ​ចិន​ប្រហែល 200នាក់ បាន​មកដល់​រួចរាល់​ហើយ ដើម្បី​ត្រៀម​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ។

តែ​ទោះជា​យ៉ាងណា លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ចំពោះ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ រាជរដ្ឋាភិបាល​មិនទាន់បាន​ដោះស្រាយ​ផលប៉ះពាល់​បញ្ហាដីធ្លី​រួចរាល់​នៅឡើយ ដោយ​ក្រសួងសាធារណការ​កំពុងតែ​រៀបចំ​ជំរុញ​ការងារ​នេះ​ជាមួយក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បីឱ្យ​អាច​បើក​ការដ្ឋាន​បាន។

សូមជម្រាបថា ផ្លូវ​ល្បឿន​លឿន​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង 1,900លាន​ដុល្លារ អាមេរិក​ដែល​នឹង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ក្រោមរូបភាព​វិនិយោគ​ត្រូវ​អនុវត្តតាម​ទម្រង់​សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT)។ ការវិនិយោគ​លើ​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ប្រមាណ​ជា 48ខែ។ ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ-ខេត្ត​ព្រះសីហនុ​នេះ ជា​ខ្សែ​ផ្លូវ​ថ្មី​ទាំងស្រុង​ដែលមាន​ប្រវែង​សរុប​ប្រហែល 193គីឡូម៉ែត្រ។ ផ្លូវ​នេះ​នឹងត្រូវ​សាងសង់​ជា 4គន្លង មាន​សួនច្បារ​ខណ្ឌ​កណ្តាល ដោយ​ចេញពី​ភ្នំពេញ​នៅត្រង់ចំណុចផ្លូវ​ក្រវាត់ក្រុង​ទី3 មាន​ផ្លូវបំបែក​ប្តូរ​ទិស (InterChange) ភ្ជាប់​មក​ផ្លូវជាតិ​លេខ4 ចំនួន 7កន្លែងមាន​ស្ពាន​វែង-មធ្យម​ចំនួន 56កន្លែង(ប្រវែង4,417ម៉ែត្រ)ស្ពាន​ខ្លី 33កន្លែង(ប្រវែង750ម៉ែត្រ)ដែល​គិត​ជា​សរុប​មាន​ស្ពាន​ចំនួន 89កន្លែង ស្ពាន​រំលង 321កន្លែង កន្លែង​ឈប់សម្រាក 4កន្លែង និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត។

សូម​បញ្ជក់​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ-ខេត្ត​ព្រះសីហនុ(Phnom Penh-Sihanoukville Expressway)នេះ ឆ្លងកាត់ 4រាជធានី-ខេត្ត រួមមានរាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្ត​កំពង់​ស្ពី ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ក្នុងនោះ​មាន​ឆ្លងកាត់ 6ស្រុក 1ខណ្ឌ 2ក្រុង 31ឃុំ/សង្កាត់ និង110ភូមិ។

បើតាម​គម្រោង ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ក្រាល​បេតុង​កៅស៊ូ AC មាន​ប្រវែង​សរុប​ជាង 190គីឡូម៉ែត្រ(គិត​រួមទាំង​ស្ពាន និង​លូ​ទាំងអស់) ហើយ​មាន​ទទឹង​សរុប 24.5ម៉ែត្រ ក្នុងនោះ​មាន​គន្លង​ផ្លូវ​រថយន្ត(2×3.75ម៉ែត្រ) សងខាង ជាយ​ផ្លូវ​កៅស៊ូ 2 (2×2.5ម៉ែត្រ)សម្រាប់​ម៉ូតូ ជាយ​ផ្លូវ​ដីក្រហម 2(2×0.75) សម្រាប់​ថ្មើរជើង និង​សួន​នៅ​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ​ប្រវែង 3ម៉ែត្រ។

ផ្លូវ​នេះ​មាន​កន្លែង​សម្រាប់​ឈប់សម្រាក​ចំនួន 4កន្លែង និង​ស្ថានីយប្រេងឥន្ធនៈ​ចំនួន 3កន្លែង។ ផ្លូវ​នេះ​ក៏មាន​របង​អម​តាម​សងខាង​ផ្លូវ ដើម្បី​ការពារ​សត្វពាហនៈ​ឆ្លងកាត់ និង​របាំង​ការពារ​សំឡេង​រំខាន សរុប​ប្រវែង​ប្រហែល 57.19គីឡូម៉ែត្រ ព្រមទាំង​មាន​កន្លែង​សម្រាប់​មនុស្ស និង​សត្វព្រៃ​ឆ្លងកាត់​ចំនូ​ន 352កន្លែង​ផងដែរ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ-ខេត្ត​ព្រះសីហនុ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​កាលពី​ថ្ងៃទី11 ខែមករា ឆ្នាំ2018 ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម លី ខឺ​ឈាង​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

បច្ចុប្បន្ន​គម្រោង​នេះ​ឈានដល់​ដំណាក់កាល​បង្កើត​គណៈកម្មកា​រ​សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់​ដែលមាន​សមាសភាព​ចូលរួម​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៕

Advertisement