ប្រធាន​ថ្មី​របស់ CVEA រៀបចំយុទ្ធសាស្រ្តថ្មី ដោយចាប់ផ្តើមពីការកៀងគរសមាជិកបន្ថែម

សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (Cambodian Valuers and Estate Agents Association ឬ CVEA) បាន​បើក​កិច្ចប្រជុំ​លើក​ទី1 ក្រោម​អធិបតីភាព​លោក​ប្រធាន​ថ្មី ច្រឹ​ក សុខ​នី​ម ដោយបាន​នាំយក​ផែនការ និង​ទិសដៅ​ដ៏​ទាក់ទាញ​ក្នុងការ​កៀងគរ​សមាជិក​បន្ថែម។

ថ្លែង​ឱ្យដឹង​នាឱកាស​នេះ លោក សុខ​នី​ម បានបង្ហាញ​ពី​ជំហរ និង​ស្មារតី​ដ៏​មុតមាំ​ក្នុងការ​ដឹកនាំ សមាគម​អចលនទ្រព្យ​មួយ​នេះ​ឱ្យ​បោះជំហាន​ទៅមុខ​ដើម្បី​ជា​ប្រយោជន៍​ស្មើគ្នា​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ និង​ប្រយោជន៍​ដល់​វិស័យនេះ ព្រមទាំង​សេដ្ឋកិច្ចកម្ពុជា​ទាំងមូល​ផងដែរ។ អ្វីដែល​ត្រូវធ្វើ​ដំបូង​បំផុត​គឺ​ការរៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​ដឹកនាំ​ថ្មី​មួយ​ដែលមាន​លក្ខណៈ​ពេញលេញ និង​រឹងមាំ​សម្រាប់​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព។

ទាក់ទង​នឹង​កិច្ចការ​ដឹកនាំ​វិញ លោក សុខ​នី​ម បានបញ្ជាក់​ពី​ភារកិច្ច​អាទិភាព​ចំនួន2 ដែល​ត្រូវធ្វើ​នៅក្នុង​អាណត្តិ​របស់លោក ក្នុងនោះ​ទី1 គឺ​ការប្រឹក្សា​ផ្នែក​ច្បាប់​ដើម្បី​ធានា​ការពារ​ដល់​ផលប្រយោជន៍​របស់​សមា​ជិ​ក​ទាំងអស់ និង​ទី2 គឺ​ជំនួយ​បច្ចេកទេស​លើ​ការប្រឹក្សា​ផ្នែក​អាជីវកម្ម​ដើម្បី​ធ្វើឱ្យ​ក្រុមហ៊ុន ដែលជា​សមាជិក​កាន់តែ​មានការ​សហការ​គ្នា និង​ការពង្រឹង​ភាពជា​ដៃគូ​ជាមួយគ្នា​ក្នុងទិសដៅ​តែមួយ។

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Hutton CPL បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ “ការពង្រឹង​សមត្ថភាព​ជា​ផ្នែក​ដ៏​ចាំបាច់​មួយដោយ​លោក​បាន​បញ្ជាក់ថា សមត្ថភាព​អ្នកបច្ចេកទេស​ខាង​អចលនទ្រព្យ​នៅមានកម្រិត​នៅឡើយ។ ដូច្នេះ​សមាគម​ត្រូវតែ​ជួយ​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​ទាំងនេះ​តាមរយៈ​ការផ្តល់ជូន​វគ្គ​បណ្តុះបណ្តាល​គន្លឹះថ្មីៗសម្រាប់​សមាជិកម្នាក់។ ក្រៅពីនេះ​ការប្រើប្រាស់​ធនធានមនុស្ស​ឱ្យ​ត្រូវ​សមត្ថភាព និង​ការ​ផ្តល់ឱកាស​ឱ្យ​បុគ្គល​ជំនាញ​អាច​ចូល​ជា​សមាជិកសមាគម​បាន គឺជា​ចំណុច​ត្រូវ​យកចិត្តទុកដាក់​មុនគេ‟។

លោក ច្រឹ​ក សុខ​នី​ម បានបញ្ជាក់​ឱ្យដឹង​អំពី​ទិសដៅ​បញ្ចុះតម្លៃ50% ក្នុងការ​ទាក់ទាញ​បណ្តា​ក្រុមហ៊ុន និង​ភ្នាក់ងារ​អចលនវត្ថុ​ឱ្យចូល​ជា​សមាជិក​ CVEA បន្ថែមទៀត។ លោក​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖“ខ្ញុំ​នឹង​បន្ត​កៀងគរ​សមាជិក​ឱ្យបាន​ច្រើនជាង 100ក្រុមហ៊ុន ព្រោះ​ឥឡូវ​តាម​កំណត់ត្រា​ចំនួន​តែ 100ជាង​បន្តិច គឺ​យើង​អាច​កៀងគរ​បាន ព្រោះ​ឥឡូវ​ក្រសួង​ថា មាន​ដល់​ទៅ 250ក្រុមហ៊ុន​ឯណោះ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ដូចនេះ​ខ្ញុំ​កៀងគរ​ឱ្យ​គាត់​ចូល​តាមរយៈ​គោលនយោបាយ​បញ្ចុះតម្លៃ‟។

សម្រាប់​ទិសដៅ​កៀងគរ​នេះ​ទៀតសោត លោក ច្រឹ​ក សុខ​នី​ម បាន​ប្តេជ្ញា​ក្នុងការ​បង្កើន​ចំនួន​សមាជិក​ឱ្យ​កាន់តែច្រើន​ដោយ​លោក​បាន​បញ្ជាក់ថា លោក​នឹងធ្វើ​ការកៀងគរ​បន្ថែម​ដើម្បីឱ្យ​សមាគម ​CVEA កើនឡើ់ង​យ៉ាង​ទាប​បំផុត 120ក្រុមហ៊ុន។

នៅមាន​កិច្ចការ​មួយចំនួនទៀត​ដែរ ដែល​បាន​លើក​យកមក​ពិភាក្សា គឺ​ការខ្វះខាត​ក្នុង​ប្រើប្រាស់​ព័ត៌មាន​ទិន្នន័យ​ក្បាលដី និង​យន្តការ​ក្នុងការ​ស្នើសុំ​ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួមទាំង​មតិយោបល់​ពី​សមាជិកសមាគម។

លោក ច្រឹ​ក សុខ​នី​ម បាន​ថ្លែងថា ស្រប​ពេលដែល​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​កំពុង​រីកចម្រើន និង​ប្រឈម​បញ្ហា​មួយចំនួន អ្នកជំនាញ​ក្នុង​វិស័យនេះ​បាន​អះអាងថា ទីផ្សារ​នេះ​នៅតែ​បន្ត​មាន​ភាពរឹងមាំ​សម្រាប់​រយៈពេល 10ឆ្នាំ​ទៅមុខទៀត។

លោក​បន្តថា៖ “5 ទៅ10ឆ្នាំ​ខាងមុខ វិស័យនេះ​នៅតែ​រឹងមាំ តែ20ឆ្នាំ​ទៅមុខ​នោះ វា​អាច​នឹងមាន​បញ្ហា​ប្រឈម តែ​បញ្ហា​កើតឡើង ឬ​អត់ វា​អាស្រ័យ​លើ​គោលនយោបាយ​របស់​ប្រទេស​នោះ ព្រោះ​បើ​ប្រទេស​ហ្នឹង​មាន​លុយ​បម្រុង​ច្រើន វា​អាចជួយ​ស្រោចស្រង់​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​នោះបាន‟។ លោក​បន្តថា៖“បើ​ប្រទេសមួយ​មាន​ទុនបម្រុង​តិច វា​ងាយ​មាន​ហានិភ័យ​ណាស់ ព្រោះ​បើ​បញ្ហា​សកល​កើតមានឡើង ប្រទេស​នោះ​នឹង​ងាយ​រងគ្រោះ‟។

សូមបញ្ជាក់ថា លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​របស់​ក្រុមហ៊ុន Century 21 Mekong ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ (CVEA) អាណត្តិ​ថ្មី ដែលមាន​រយៈពេល 2ឆ្នាំ​បន្តទៀត​គិតពី​ឆ្នាំ2019 ដល់​ឆ្នាំ2020៕

Advertisement