បន្តិចទៀត​ប្រជាជន​អាច​ឆែក​ទិន្នន័យ​ពី CBC នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​តាមរយៈ​ធនាគារ​អេស៊ីលីដា

ប្រជាជន​កម្ពុជា​អាច​នឹងមាន​ភាពងាយស្រួល​កាន់តែខ្លាំង​ក្នុងការ​ស្នើសុំ​មើល​ពី​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​ពី​ការិយាល័យ​ឥណទាន​កម្ពុជា(CBC) នៅ​ទូទាំងប្រទេស​បន្ទាប់ពី​ស្ថាប័ន​ដ៏​សំខាន់​មួយ​នេះ​បាន​ចាប់ដៃគ្នា​ជាមួយ​ធនាគារ​អេស៊ីលីដាភីអិលស៊ី ដើម្បី​ផ្តល់​សេវាកម្ម​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ឬ​ដែល​យើង​ស្គាល់​ជាទូទៅ​ថា ពិនិត្យមើល​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន។

លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បាន​លើកឡើងថា ក្នុង​រយៈពេល​ជាង 6ឆ្នាំ​នៃ​ប្រតិបត្តិការ CBC បានចាប់ផ្តើម​ជាមួយ​របាយការណ៍​ឥណទាន​អតិថិជន​ដែល​អនុញ្ញាតឱ្យ​សមាជិក​របស់​យើង​អាច​ស្វែង-យល់​ពី​អតិថិជន​របស់​ពួកគេ​កាន់តែច្បាស់ និង​ធ្វើការ​សម្រេចចិត្ត​លើ​ឥណទាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ។ បន្ថែម​ពីលើ​នេះ ប្រព័ន្ធ​មួយ​នេះ​ក៏​អាចជួយ​ដល់​អតិថិជន​ទូទៅ​ក្នុងការ​ស្នើសុំ និង​ស្វែងយល់​ពី​ព័ត៌មាន​ឥណទាន​របស់​ពួកគេ​កាន់តែ​ប្រសើរឡើង ដែល​នឹង​ជួយ​ពួកគេ​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ការស្នើ​កម្ចី។ មិនតែប៉ុណ្ណោះ​ប្រព័ន្ធ​នេះ​ក៏​ចូលរួមចំណែក​ដល់​ស្ថិរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ផងដែរ។

លោក អឿ សុធា​រ័ត្ន បាន​និយាយថា៖ “ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​របាយការណ៍​ឥណទាន​ចំពោះ​ប្រជាជន​កម្ពុជា និង​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​នៅតាម​បណ្តា​ខេត្ត ការិយាល័យ​ឥណទាន​កម្ពុជា បាន​បង្កើត​សេវា​កម្មនេះ​ឡើង​ដោយ​ធ្វើ​កិច្ចសហប្រតិបត្តិការ​អា​ជីវ​កម្ម​ជាមួយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ក្នុង​ការផ្តល់សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​នេះ ដោយ​ជំហាន​ដំបូង​យើង​ដាក់ឱ្យ​ដំណើរការ​នៅតាម​សាខា​របស់​ធនាគារ​អេស៊ីលីដា​ចំនួន 5ខេត្ត-ក្រុង ហើយ​គ្រោង​នឹង​ពង្រីក​ឱ្យបាន​ទូទាំងប្រទេស​នៅ​ចុងឆ្នាំ2019 នេះ”។

លោក​បណ្ឌិត អុិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​លើកឡើងថាធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​ក្តី​សោមនស្ស​រីករាយ ដោយបាន​ចាប់​ដៃគូ​សហប្រតិបត្តិកា​រ​ជាមួយ​ការិយាល័យ​ឥណទាន​កម្ពុជា ក្នុងការ​បម្រើសេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​ឱ្យបាន​កាន់តែ​ទូលំទូលាយ​តាមរយៈ​ការស្នើសុំ​ឆែក​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​នៅតាម​សាខា​នៃ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​ទាំង 5សាខា។

លោក​បណ្ឌិត អុិន ចាន់នី បាន​និយាយថា៖“សេវា​នេះ​នឹង​ជួយ​ដល់​អតិថិជន​ក្នុងការ​ស្វែងយល់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ខ្លួន ព្រោះ​នៅពេល​ប្រជាជន​បានដឹង​ច្បាស់​ពី​ស្ថានភាព​ផ្ទាល់ខ្លួន​លើ​លទ្ធភាព​នៃ​ការខ្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​ហើយ គាត់​នឹង​អាច​គ្រប់គ្រង​ស្ថានភាព​របស់គាត់​បានល្អ ហើយ​ចៀសវាង​បាន​នូវ​ការខ្ចី​ហើយ​មិនមាន​លទ្ធភាព​បង់​សង​មកវិញ​ដែល​បង្ក​ការលំបាក​ដល់​ខ្លួន​គាត់​ផ្ទាល់​ផង និង​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ផ្តល់​កម្ចី​សម្រាប់​គាត់​ផង”។

គួរបញ្ជាក់​ផងដែរ​ថា សេវា​ត្រួតពិនិត្យ​ហិរញ្ញវត្ថុគឺជា​សេវាកម្ម​មួយ​របស់ CBC ដែល​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ពិនិត្យមើល​របាយការណ៍​ឥណទាន ឬ​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​ឥណទាន​ដោយ​ខ្លួនឯង​តាមរយៈ​ភ្នាក់ងារ​ដៃគូ​យុទ្ធសាស្ត្រ​របស់ CBC។ ដើម្បី​ប្រើប្រាស់​សេវា​កម្មនេះ អតិថិជន​គ្រាន់តែ​យក​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​ច្បាប់ដើម​ដែល​នៅមាន​សុពលភាព ហើយ​អញ្ជើញ​ទៅកាន់​សាខា​ទាំង5 របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដូចជា​ទីស្នាក់ការ​កណ្តា​ល សាខា​សៀមរាប សាខា​កំពង់ស្ពឺ និង​សាខា​ខេត្តកណ្តាល។

សូម​រំឭកថា ដោយ​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ2012 CBCបាន​បម្រើ​ដល់​សមាជិក និង​អតិថិជន​ជាមួយនឹង​សេវាកម្ម​ស្នូល គឺ​របាយការណ៍​ឥណទាន​អតិថិជន។ ប្រព័ន្ធ​នេះ​បាន​ចូលរួមចំណែក​ជា​ប្រយោជន៍​យ៉ាងច្រើន​ដល់​ភាគី​ពាក់ព័ន្ធ រួមមាន​ប្រជាជន ស្ថាប័នហិរញ្ញវត្ថុ និង​វិស័យ​ហិរញ្ញវត្ថុ៕

Advertisement