ផ្សារ​គំរូ​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​នឹង​សាងសង់​រួចរាល់​នៅមុន​ចូលឆ្នាំ​ខ្មែរ

ផ្សារ​គំរូ​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​លើកដំបូង​ឈ្មោះថា “ផ្សារ​ដារ‟ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​មេមត់​ជាប់​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ​ជាមួយ​ខេត្ត​តៃនិញ​នៃ​ប្រទេស​វៀតណាម​នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​អំឡុង​ខែមេសា ឆ្នាំនេះ។ នេះ​បើ​យោងតាម​មន្ត្រី​អ្នកនាំពាក្យ​នៃ​ក្រសួងពាណិជ្ជកម្ម។

លោក ឡុង កែម​វិចិត្រ អ្នកនាំពាក្យ​នៃ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា សំណង់​ផ្សារ​គំរូ ឬ​ហៅថា​ផ្សារ​ដារ​បាន​សាងសង់​រួច​ប្រមាណ​ជា 85ភាគរយ​ហើយ បើ​ផ្អែក​តាម​ចុះ​ត្រួតពិនិត្យ​សំណង់​ផ្សារ​កាលពី​ថ្ងៃទី11 ខែមករា នៅ​ខេត្ត​ត្បូងឃ្មុំ​កាលពីពេល​កន្លងទៅ។ លោក​បន្តថា បើតាម​ផែនការ ផ្សារ​នេះ​នឹងត្រូវ​បញ្ចប់​ក្នុងអំឡុង​ខែមីនា ឆ្នាំ2019 ខាងមុខនេះ ហើយនឹង​សម្ពោធ​បើក​ដំណើរការ​នៅ​ខែមីនា​ដដែល ឬ​មេសា ឆ្នាំ​ហ្នឹង​តែម្តង។

លោក វិចិត្រ បន្តថា នាពេលនេះ​មិនមាន​អា​ជីវករ​ណាមួយ​ត្រូវបាន​ផ្តល់​សិទ្ធិ​ក្នុង​ការជួល​តូប​សម្រាប់​លក់​ផលិតផល​របស់​ពួកគេ​ទេ ដោយសារតែ​ផ្សារ​កំពុងស្ថិត​ក្នុងការ​សាងសង់​នៅឡើយ។ លោក​បានបន្ថែមថា​បន្ទា​ប់​ពី​ផ្សារ​សាងសង់​រួច យើង​នឹង​ប្រកាសជូន​ដំណឹង​ដល់​គ្រប់​អាជីវករ​ដែលមាន​បំណង​ចង់​ទិញ​តូប​ដើម្បី​លក់​ផលិតផល​របស់​ពួកគេ​នៅក្នុង​ផ្សារ​ដារ​នេះ។

លោក វិចិត្រ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖“ផលិតផល​ដែល​នឹង​ដាក់លក់​នៅក្នុង​ផ្សារ​ដារ​នេះ​មានដូចជា ដំឡូង​មី និង​ផលិតផល​កសិកម្មផ្សេងៗ ឬ​ផលិតផល​កែច្នៃ​របស់​វៀតណាម‟។ លោក​បន្តថា៖“ផ្សារ​គំរូ​នេះ​នឹង​ក្លាយជា​កន្លែង​សម្រាប់​លក់ទំនិញ​កសិផល​របស់​ប្រទេស​កម្ពុជា និង​វៀតណាម វា​នឹង​ដើរតួនាទី​ក្នុងការ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម ហើយ​ប្រជាជន​ដែល​រស់​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម​នឹងមាន​ជីវ​ភាពល្អ​ប្រសើរឡើង ម្យ៉ាងវិញទៀត ផ្សារ​គំរូ​មួយ​នេះ​នឹង​ជួយ​ឱ្យ​ប្រទេស​ទាំង2ទទួលបាន​ប្រយោជន៍​ពី​សក្តានុពល​យ៉ាង​ពេញលេញ​ពី​ប្រជាជន​រស់នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា និង​វៀតណាម‟។

បើតាម​ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ផ្សារ​គំរូ​នៅ​ចំណុច​ព្រំដែន​កម្ពុជា-វៀតណាម​ដែលមាន​ឈ្មោះថា “ផ្សារ​ដារ‟ នេះ មាន​ទីតាំង​នៅក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​ផ្សារ​នេះ​មាន​ទំហំ​ជិត 20,000ម៉ែត្រការ៉េ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ថា​រី​ត្បូងឃ្មុំ។

ឯកឧត្តម ម៉ៅ ថូ​រ៉ា មានប្រសាសន៍ថា ផ្សារ​នេះ​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជា 2ហិកតា ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ​ជា 2លាន​ដុល្លារ ជាការ​ផ្តល់ជំនួយ​សាងសង់​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម។ សំណង់​ផ្សារ​ដារ​បានចាប់ផ្តើម​សាងសង់​កាលពី​ខែមករា ឆ្នាំ2018 ដែល​ត្រូវ​ចំណាយពេល​ប្រមាណ 12ខែ។

គួរ​បញ្ជាក់ដែរថា តាម​គម្រោង ផ្សា​ដារ​នេះ​ត្រូវបាន​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង2 ឯកភាពគ្នា​ថា​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ2013 ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​ជា​ច្រើនដង​រហូតដល់​ឆ្នាំ2016។ ដោយឡែក​នៅ​ឆ្នាំ2017 មន្ត្រី​របស់​កម្ពុជា និង​វៀតណាម​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការសាងសង់​ផ្សារ​ដារ​នេះ​ឡើង។

ឯកឧត្តម ម៉ៅ ថូ​រ៉ា លើកឡើងថា ផ្សារ​គំរូ​នេះ​នឹង​ជួយ​សម្រួល​ទំនិញ​ដែល​ដឹក​តាម​ផ្លូវគោក រវាង​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា។ វា​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​បណ្តោយ​ព្រំដែន និង​ជួយ​ដល់​ពាណិជ្ជករ​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំង2 ឱ្យ​កសាង​បណ្តាញ​ឱ្យបាន​កាន់​រឹងមាំ។

ឯកឧត្ដម​បន្តថា ផ្សារ​គំរូ​នេះ​នឹង​ក្លាយជា​កន្លែង​បោះ​ដុំ​ទំនិញ​គ្រប់​ប្រភេទ​រវាង​កម្ពុជា និង​វៀតណាម​តាម​បណ្តោយ​ព្រំដែន។ ពាណិជ្ជករ​វៀតណាម​អាច​នាំ​ទំនិញ​មក​លក់​នៅ​កម្ពុជា​ដោយ​យក​ផ្សារ​នេះ​ជាទី​តាំង ដោះដូរ​ទំនិញ​ជាមួយ​ភាគី​កម្ពុជា ខណៈ​ពាណិជ្ជករ​កម្ពុជា​អាច​នាំយក​ទំនិញ​ពី​កម្ពុជា​មក​លក់​ឱ្យ​វៀតណាម តាមរយៈ​ផ្សារ​ដារ​នេះ​ដូចគ្នា ដោយ​ទំនិញ​កម្ពុជា​ភាគច្រើន​ជា​ប្រភេទ​ផលិតផល​កសិផល ដោយឡែក​ទំនិញ​វៀតណាម​ជា​ប្រភេទ​ផលិតផល​ឧស្សាហកម្ម និង​ម្ហូបអាហារ ជាដើម។

នៅពេល​សួរថា តើ​ភាគី​ខាង​ណាមួយ​បាន​ចំណេញ​ច្រើន​ពី​ផ្សារ​មួយ​នេះ ឯកឧត្តម ម៉ៅ ថូ​រ៉ា មានប្រសាសន៍ថា៖ “ភាគី​ទាំង2 នឹង​ចំណេញ​ទាំងអស់គ្នា ដោយសារ​ផលិតផល​កសិកម្មរប​ស់​កម្ពុជា​អាច​ត្រូវបាន​ពាណិជ្ជករ​វៀតណាម​ទិញយក​ធ្វើជា​វត្ថុធាតុដើម​សម្រាប់​កែច្នៃ ឬ​ទិញ​យកទៅ​វេច​ខ្ចប់​ដើម្បី​នាំចេញ​បន្តទៅ​ប្រទេស​ផ្សេង ហើយ​នាពេល​អនាគតកម្ពុជា​ក៏មាន​ទំនិញ​ប្រភេទ​ឧស្សា​ហកម្មនេះ​ផងដែរ​នៅក្នុង​ផ្សារ​នេះ‟។

លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា ធ្លាប់មាន​ប្រសាសន៍​ក្នុង​ពិធី​បុកគ្រឹះ​សាងសង់​ផ្សារ​ដារ​នេះ​ថា គោលបំណង​នៃ​ការបង្កើត​ផ្សារ​នេះ គឺ​ដើម្បី​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​នៅតាម​បណ្តោយ​ព្រំដែន​ដើម្បី​លើកកម្ពស់ ជំរុញ​សេដ្ឋកិច្ច ការដោះដូរ​ពាណិជ្ជកម្ម និង​បង្កើន​កម្រិតជីវភាពរ​ស់​នៅ​របស់​ប្រជាជន​នៅក្នុង​ស្រុក​ដែលជា​ប់​តាម​បណ្តា​យ​ព្រំដែន​នៃ​ប្រទេស​ទាំង2។

លោក​ថា វា​ជាទី​កន្លែង​សម្រាប់​ទិញ-លក់ និង​ចរាចរណ៍​ទំនិញ​ឆ្លងកាត់ ដែល​ផលិត​នៅ​ខេត្តក្រចេះ កំពង់ចាម រតនគិរី មណ្ឌលគិរី ដើម្បី​បំពេញតម្រូវការ​នៅ​ប្រទេស​វៀតណាម។ ដូចគ្នានេះដែរ វា​ជាទី​តាំង​ងាយស្រួល​សម្រាប់​ប្រជាជន​រស់នៅ​តាម​បណ្តោយ​ព្រំដែន​ដើម្បីឱ្យ​ពួកគេ​អាច​ទៅ​ផ្សារ​ដើម្បី​ទិញ-លក់ទំនិញ។

លោក​បាន​បន្តថា ផ្សារ​ដារ​នឹង​ជួយ​ធ្វើឱ្យ​ការរស់នៅ​របស់​ប្រជាជន​វៀតណាម​កាន់តែ​ប្រសើរឡើង ជាពិសេស​ប្រជាជន​ដែល​រស់នៅក្នុង​ខេត្ត​តៃនិញ និង​ខេត្ត​ត្បូងឃ្មុំ​របស់​កម្ពុជា។ លោក​សង្ឃឹមថា ផ្សារ​ដារ​នឹង​ក្លាយជា​ភ័ស្តុតាង​ក្នុងការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​ទាំងមូល និង​ក្លាយជា​គំរូ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កា​រត​ភ្ចា​ប់រ​វាង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង2។

សូមបញ្ជាក់ថា ការនាំចេញ​របស់​ប្រទេស​វៀតណាម និង​កម្ពុ​ជាមាន​ប្រមាណ​ជា 3.4ពាន់​លាន​ដុល្លារ​គិត​ត្រឹម​រយៈពេល 11ខែ​ក្នុង​ឆ្នាំ2018។ ដោយឡែក​វៀតណាម​ជា​ប្រភព​វិនិយោគ​ទី5 របស់​កម្ពុជាជាមួយ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជា 3ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​ចំនួន 206គម្រោង ខណៈ​ការវិនិយោគ​របស់​កម្ពុ​ជា​ទៅ​វៀតណាម​មាន​ប្រមាណ​ជា 18គម្រោង​មាន​ទឹកប្រាក់ 58លាន​ដុល្លារ​អាមេរិក៕

Advertisement