គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅតែ​បន្ត​រក្សាបាន​ភាព​គ្រប់គ្រាន់​នៃ​ដើមទុន និង​សន្ទនីយ​ភាព​យ៉ាងរឹងមាំ

ក្នុង​រយៈពេល 8ឆ្នាំ​ចុង​ក្រោយនេះ គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅតែ​បន្ត​រក្សាបាន​ភាព​គ្រប់គ្រាន់​នៃ​ដើមទុន និង​សន្ទនីយ​ភាព​យ៉ាងរឹងមាំ។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លងទៅនេះ។

របាយការណ៍​បានឱ្យដឹងថា អនុ​បាត​សោធន​ភាព និង​អនុ​បាត​សន្ទនីយ​ភាព ជា​មធ្យម​សម្រាប់​គ្រឹះស្ថាន​ធនាគារ​មាន 25ភាគរយ និង168ភាគរយ(ធៀប​នឹង​កម្រិត​កំណត់ 15ភាគរយ និង80ភាគរយ​តាម​លំដាប់) និង​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន 21ភាគរយ និង188ភាគរយ។

ដោយឡែក សន្ទនីយ​ភាព​ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​បន្ត​ស្ថិតក្នុង​កម្រិត​ខ្ពស់ ដោយ​សន្ទនីយ​ភាព​លើស​ជា​ដុល្លារ​អាមេរិក​មាន​ចំនួន 1.9ប៊ី​លាន​ដុល្លារ​អាមេរិក (កើន 8ភាគរយ) ស្មើនឹង 61ភាគរយ នៃ​ប្រាក់​បម្រុង កាតព្វកិច្ច​ជា​ដុល្លារ​អាមេរិក។ សន្ទនីយ-​ភាព​លើស​ជា​ប្រាក់រៀល​មាន​ចំនួន 1.4ទ្រី​លាន (ថយ 5ភាគរយ) ស្មើនឹង 2.5ដង​នៃ​ប្រាក់​បម្រុង​កាតព្វកិច្ច​ជា​រៀល។

របាយការណ៍​ដដែល​បាន​បញ្ជាក់ថា៖“ការរក្សា​កម្រិត​ខ្ពស់​នៃ​សន្ទនីយ​ភាព​លើស​នេះ បាន​ពង្រឹង​ភាព​ធន់​នៃ​ប្រព័ន្ធ​ធនាគារ​ទប់ទល់​នឹង​ហានិភ័យ​សន្ទនីយ​ភាព​ដែល​អាច​កើតឡើង​ជាយថាហេតុ ហើយក៏​បានបង្ហាញ​ពី​សក្តានុពល​នៃ​ប្រភព​ទុន​ដែល​នៅ​ទំនេរ​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​សេដ្ឋកិច្ច​ផងដែរ‟។ បន្ថែម​លើ​នេះ គ្រឹះស្ថាន​បាន​គ្រប់គ្រង​ឥណទាន​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​អនុ​បាត​ឥណទាន​មិន​ដំណើរការ​មាន​ប្រមាណ 2.8ភាគរយ​សម្រាប់​គ្រឹះស្ថាន​ធនាគារ និង1ភាគរយ​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ នេះ​បើ​យោងតាម​របាយការណ៍។

លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែងថា វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​បាន​បន្ត​អភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព​រឹងមាំ ដោយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​សុខ​ភាពល្អ ហើយ ហានិភ័យ​នានា​ត្រូវបាន​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព។

លោកស្រី សិរី បន្តថា បច្ចុប្បន្ន​ប្រភព​មូលនិធិ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​សមាសធាតុ​ជា ដើមទុន (21ភាគរយ) មូលនិធិ​កម្ចី(14ភាគរយ) និង​ប្រាក់​បញ្ញើ​របស់​អតិថិជន(65ភាគរយ)។ ដើមទុន​របស់​គ្រឹះស្ថាន​ភាគច្រើន​បានមកពី​លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស ហើយ​មូលនិធិ​កម្ចី​ទទួលបាន​ពី​បរទេស​ប្រមាណ 2ភាគ3 មាន​ឥណប្រតិទាន​រយៈពេល​វែង​លើសពី 1ឆ្នាំ និង​ភាគច្រើន​ទទួលបាន​ពី​ធនាគារ​មេ ភាគ​ទុ​និក និង​ដៃគូ​អភិវឌ្ឍន៍។

លោកស្រី សិរី បាន​បញ្ជាក់ថា៖“ដើមទុន​របស់​វិស័យ​ធនាគារ​មាន​ស្ថានភាព​រឹងមាំ ដែល​ឆ្លុះ​ប​ញ្ជាំ​ង​តាមរយៈ​អនុ​បាត​សោធន​ភាព​ខ្ពស់​នៃ​គ្រឹះស្ថាន​ធនាគារ 21ភាគរយ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ 25ភាគរយ ខ្ពស់ជាង​កម្រិត​អប្បបរមា 15ភាគរយ‟។

លោកស្រី​បាន​បន្តថា៖“គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បាន​រក្សា​អនុ​បាត​សន្ទនីយ​ភាព​ខ្ពស់​ប្រមាណ 168ភាគរយ និង188ភាគរយ ធៀប​នឹង​កម្រិត​អប្បបរមា 80ភាគរយ ហើយ​អនុ​បាត​ឥណទាន​មិន​ដំណើរការ​របស់​គ្រឹះស្ថាន​ធនាគារ​បាន​កើនឡើង​បន្តិច​ត្រឹម 2.8ភាគរយ និង​មីក្រូហិរញ្ញវត្ថុ​បាន​ថយចុះ​ពី 2ភាគរយ​នៅ​ឆ្នាំ2017 មក​ក្នុង​កម្រិត​ទាប​ប្រមាណ 1ភាគរយ‟។

លោកស្រី ជា សិរី បានឱ្យដឹង​ទៀតថា ការអភិវឌ្ឍ​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច។ លោកស្រី​ថា អត្រា​ការប្រាក់​ឥណទាន​ជា​រៀល និង​ជា​ដុល្លារ​អាមេរិក​បាន​ថយចុះ​មក 14.79ភាគរយ និង10.96ភាគរយ​តាម​លំដាប់​នៅ​គ្រឹះស្ថាន​ធនាគារ ហើយ​អត្រា​ការប្រាក់​ឥណទាន​ចំពោះ​មីក្រូហិរញ្ញវត្ថុ​មាន​និន្នាការ​ថយចុះ ដោយ​ការប្រាក់​ជា​រៀល​ថយ​ចុះមក 17.58ភាគរយ និង​ជា​ដុល្លារ​ថយចុះ​មក 15.92ភាគរយ។

លោកស្រី សិរី ថា ចំនួន​អ្នក​ដាក់​ប្រាក់​បញ្ញើ​បាន​កើន​ដល់ 6លាន​នាក់ កើន 13ភាគរយ (ឆ្នាំ​លើ​ឆ្នាំ) និង​ចំនួន​អ្នក​ខ្ចីប្រាក់​បាន​កើន​បន្តិច​ដល់ 2.85លាន​នាក់ (កើន 3ភាគរយ)។

បើ​យោង​របាយការណ៍​របស់​ធនាគារជាតិ ឥណ-ទាន​របស់​គ្រឹះស្ថាន​ធនាគារ​នៅ​ឆ្នាំ2018 បែងចែក​ទៅ​វិស័យសេដ្ឋកិច្ចចម្បងៗ មាន៖ ពាណិជ្ជកម្ម​លក់ដុំ និង​រាយ 28ភាគរយ សំណង់ និង​អចលនទ្រព្យ 16ភាគរយ អង្គភាព​គ្រួសារ 17ភាគរយ និង​កសិកម្ម 9.4ភាគរយ។ ដោយឡែក​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បែងចែក​ទៅ​អង្គភាព​គ្រួសារ 33ភាគរយកសិកម្ម 22ភាគរយ ពាណិជ្ជកម្ម 22ភាគរយ និង​សេវាកម្ម 11ភាគរយ។

របាយការណ៍​ដដែលរ​បស់​ធនាគារជាតិ​ក៏បាន​បញ្ជាក់ដែរថា ការរីកចម្រើន​សកម្ម​ភាព​សេដ្ឋកិច្ច​បាន​ជំរុញ​កំណើន​ប្រាក់​បញ្ញើ​ដែលជា​ប្រភព​ទុន​ដ៏មាន​ចីរភាព សម្រាប់​អន្តរការី​យ​កម្ម​ហិរញ្ញវត្ថុ និង​ធានាបាន​នូវ​លទ្ធភាព​សង​ត្រឡប់មកវិញ​របស់​អតិថិជន និង​ការទូទាត់​នានា ជាពិសេស​បាន​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហរិញ្ញវត្ថុ​លើកកម្ពស់​គុណភាព និង​ផលិតផល​ហិរញ្ញវត្ថុ​ជា​បន្តបន្ទាប់។ ស្ថិរភាព​នយោបាយ ការរីកចម្រើន​គ្រប់ផ្នែក​នៃ​វិស័យសេដ្ឋកិច្ច និង​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ធនាគារ គឺជា​កម្លាំងចលករ យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មកលើ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា។

យ៉ាងណាក៏ដោយ លោកស្រី ជា សិរី បាន​ថ្លែង​បញ្ជាក់ថា ស្ថិរភាព​ហិរញ្ញវត្ថុ​កម្ពុជា​បន្ត​មាន​ភាពរឹងមាំ ដូច្នេះ​ហានិភ័យ​ម៉ាក្រូសេដ្ឋកិច្ច និង​ហានិភ័យ​វិស័យ​ធនាគារ​ស្ថិតក្នុង​កម្រិត​ទាប​អាច​គ្រប់គ្រង​បាន។ ការធ្វើ​ស្ថិតិ​លើ​ភាព​គ្រប់គ្រាន់​នៃ​ដើមទុន និង​សន្ទនីយ​ភាព​របស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បង្ហាញថា​គ្រឹះស្ថាន​មាន​ភាព​ធន់​ខ្ពស់​ទៅនឹង​ហានិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ។ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ត​តាមដាន​វឌ្ឍនភាព​វិស័យ​ធនាគារ​យ៉ាង​ប្រុងប្រយ័ត្ន ជាពិសេស​ទៅលើ​កំណើន​នៃ​ឥណទាន ឥណទាន​មិន​ដំណើរការ ឥណទាន​ទៅកាន់​វិស័យ​អចលនទ្រព្យ លំហូរ​ទុន​បរទេស​មក​ក្នុង​វិស័យ​ធនាគារ។

បើ​យើង​តាម​ទិន្នន័យ​របស់​ធនាគារជាតិ​នៃ​កម្ពុជាទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​កើនឡើង 19.4ភាគរយ(ឆ្នាំ​លើ​ឆ្នាំ) ដល់ 40ប៊ី​លាន​ដុល្លារ​អាមេរិក​ដែល​គាំទ្រ​ដោយ​កំណើន​មូលនិធិ​កម្ចី ដើមទុន​របស់​គ្រឹះស្ថាន និង​ប្រាក់​បញ្ញើ​អតិថិជន។ មូលនិធិ​កម្ចី​បាន​កើនឡើង 23ភាគរយ ដល់ 4.1ប៊ី​លាន​ដុល្លារ​អាមេរិក ដើមទុន​មាន​កំណើន 23.8ភាគរយ ដល់ 4.8ប៊ី​លាន​ដុល្លារ​អាមេរិក។

ដោយឡែក​ប្រាក់​បញ្ញើ​អតិថិជន​បាន​កើនឡើង15.3ភាគរយ ដល់ 22.1ប៊ី​លាន​ដុល្លារ​អាមេរិក និង​ឥណទាន​បាន​កើន​ឡើងដល់ 18.8ភាគរយ ដល់ 24.5ប៊ី​លាន​ដុល្លារ​អាមេរិក ហើយ​ចំនួន​អ្នក​ដាក់​ប្រាក់​បញ្ញើ​កើន​ដល់ 6.2លាន​គណនី និង​អ្នក​ខ្ចីប្រាក់​កើន​ដល់ 2.6លាន​គណនី។

គួរ​បញ្ជាក់ថា រហូតមកទល់​បច្ចុប្បន្ន​នេះ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ រួមមាន ធនាគារពាណិជ្ជ43(ធនាគារ​ក្នុងស្រុក15 បុត្រ​សម្ព័ន្ធ​ធនាគារ15 និង​សាខា​ធនាគារ​បរទេស13) ធនាគារ​ឯកទេស14(ធនាគារ​រដ្ឋ1 និង​ធនាគារឯកជន13) គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន7 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ73 គ្រឹះស្ថាន​ឥណទាន​ជនបទ273 ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ15 អ្នកដំណើរ​កា​រត​តិ​យ​ភាគី5 គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់14 ក្រុមហ៊ុន​ក្រេ​ឌី​ត​ប៊ុ​យ​រ៉ូ​កម្ពុជា1 ការិយាល័យ​តំណាង​ធនាគារ​បរទេស5 និង​អាជីវករ​ប្តូរប្រាក់2,737៕

Advertisement