ការទិញ​ផ្ទះ​បង់​រំលស់​មាន​ប្រាក់​កក់ និង​មិនមាន​ប្រាក់​កក់​មួយណា​ប្រសើរ​ជាង?

និន្នាការ​នៃ​ការទិញ​ផ្ទះ​បង់​រំលស់​នាពេល​បច្ចុប្បន្នកំពុង​មាន​សកម្មភាព​ផុលផុស​ជាខ្លាំង នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​មួយចំនួនទៀត ដោយសារ​តម្រូវការ​នៃ​ការចង់បាន​ផ្ទះ​រស់នៅ​របស់​ខ្លួនឯង​ត្រូវបាន​គេ​គិតថា​វា​មាន​លក្ខណៈ​ងាយស្រួល​ជាង​ជួល​ផ្ទះ​គេ​នៅ តែ​នៅក្នុង​ការទិញ​ផ្ទះ​នាពេល​បច្ចុប្បន្ននេះ មាន​លក្ខខណ្ឌ​ច្រើនបែប​ច្រើន​សណ្ឋាន ដូចជា ទិញ​ដោយមាន​ប្រាក់​កក់ មិនមាន​ប្រាក់​កក់​ជាដើម។ល។ ដូច្នេះ​សួរថា តើ​ការទិញ​ផ្ទះ​បង់​រំលស់​មាន​ប្រាក់​កក់ និង​មិនមាន​ប្រាក់​កក់​មួយណា​ប្រសើរ​ជាង?

លោក សេង វិសុទ្ធ ដែលជា​អតិថិជន​ទិញ​ផ្ទះល្វែង​ក្នុង​បុរី​មួយ​នៅ​សង្កាត់​អូ​ដឹ​ម ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​និយាយថា កន្លងមក​លោក​គ្រាន់តែ​ជា​និស្សិត​ធ្វើ​ចំណាកស្រុក​មក​រៀន​បន្ត​ថ្នាក់​បរិញ្ញាបត្រ​នៅក្នុង​ភ្នំពេញ។ អំឡុងពេល​កំពុង​បន្ត​ការសិក្សា​នោះ លោក​បាន​ជួល​បន្ទប់​ក្នុងផ្ទះ​របស់គេ​នៅ​ជាមួយ​និស្សិត​ដទៃទៀត ដោយ​បន្ទប់​នោះ​មាន​លក្ខណៈ​តូចចង្អៀត មិនមាន​ផាសុកភាព​គ្រប់គ្រាន់​សម្រាប់​រស់នៅ​ទេ តែដោយសារ​ជីវភាព​មានការ​ខ្វះខាត មិនមាន​ជម្រើស​ណា​ប្រសើរ​ជាង​នេះ​ទេ។ ក្រោយពី​រៀន​ចប់​ថ្នាក់​បរិ​ញ្ញា មានការ​ងារ​ធ្វើ​ត្រឹមត្រូវ លោក​ក៏បាន​រៀបការ ហើយក៏​បានសម្រេច​ចិត្ត​ទិញ​ផ្ទះ​បង់​រំលស់​ដោយ​មិនមាន​ប្រាក់​កក់​នោះទេ ដើម្បី​រស់នៅ​មាន​ផាសុកភាព​ជាមួយ​ក្រុមគ្រួសា​រ។ លោក​បន្តថា លោក​មាន​លុយ​ខ្លះ​ដែរតែ​មិន​កក់​ទៅឱ្យ​ម្ចាស់​បុរី​លំនៅឋាន​នោះទេ ដោយសារ​ទុក​ប្រាក់​បម្រុង​សម្រាប់ធ្វើ​អាជីវកម្ម​នៅផ្ទះរកប្រាក់​ចំណេញ​ពី​ផ្ទះ​នោះមក​វិញ។ ហើយ​មកទល់ពេលនេះ លោក​បាន​បើក​អាជីវកម្ម​បោកគក់​មួយ​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​គួរសម​ពី​អតិថិជន ដែល​ធ្វើឱ្យ​លោក​អាច​រកប្រាក់​ចំណូល​ចូល​គ្រួ-​សារបាន​មួយចំណែក​ធំ​ទៀត​ដែរ​សម្រាប់​ការបង់​រំលស់​ផ្ទះ​ប្រចាំខែ។

ចំណែក​អ្នកស្រី រិ​ន លី​តា ជា​អ្នកទិញ​ផ្ទះល្វែង​បង់​រំលស់​មាន​ប្រាក់​កក់​នៅ​បុរី​ចំការ​ដូង ខណ្ឌដង្កោ​វិញ​បាន​និយាយថា ការទិញ​ផ្ទះ​មាន​ប្រាក់​កក់​វា​នឹង​ជួយ​កាត់បន្ថយ​ថ្លៃដើម និង​ការប្រាក់​បាន​ច្រើន ដែល​ធ្វើឱ្យ​ការបង់​រំលស់​ប្រចាំខែ​មាន​ភាព​ធូរស្រាល​ជាង​ការទិញ​ផ្ទះ​ដោយ​មិនមាន​ប្រាក់​កក់​ទាល់តែសោះ។ អ្នកស្រី​បញ្ជាក់ថា ដោយសារតែ​ស្វាមី​របស់​អ្នកស្រី​ធ្វើការ​មាន​ប្រាក់ខែ​ច្រើន​សមរម្យ និង​អ្នកស្រី​មាន​មុខរបរ​ផ្សេង​អាច​រកប្រាក់​បាន​ច្រើន​គួរសម​ដែរនោះ ធ្វើឱ្យ​អ្នកស្រី​អាច​ទិញ​ផ្ទះ​ក្នុង​បុរី​បាន​ចំនួន 2ល្វែង​ដែល​សុទ្ធ​តែមាន​ប្រាក់​កក់30%មុន​ទាំងអស់ ហើយបច្ចុប្បន្ន​ផ្ទះ​ទាំង 2ល្វែង​នោះបាន​ជួល​ឱ្យគេ​នៅ​បន្ត​អស់ហើយ ដោយ​ក្នុង 1ល្វែង​ជួល​បាន​តម្លៃ 200ដុល្លារ​អាមេរិក​សម្រាប់​យកមក​សម្រាល​បន្ទុក​ថ្លៃបង់​រំលស់​ផ្ទះ​នោះ​ប្រចាំខែ​ទៅវិញ។ អ្វីដែល​ធ្វើឱ្យ​អ្នកស្រី​សម្រេច​ទិញ​ផ្ទះ​នៅក្នុងបុរីចំនួន 2ល្វែង ដោយ​មិន​យកប្រាក់​ដែលមានទាំងអស់​ទៅ​ទិញ​ផ្តាច់ 1ល្វែង​នោះ ដោយសារ​គិតថា ទោះជា​ត្រូវ​បង់ 2ត្រួតគ្នា​ក៏ដោយ នៅពេលដែល​យើង​ដាក់​ជួល ក៏បាន​ប្រាក់​មួយចំណែក​ខ្លះ​ដើម្បី​បង់​រំលស់​ទៅវិញ​ដែរ និង​លុះ​បង់យូរៗទៅ វា​នឹង​ក្លាយជា​ទ្រព្យសម្បត្តិ​ផ្តាច់មុខ​របស់​យើង​ទាំង 2ល្វែង។

ពាក់ព័ន្ធ​នឹង​ករណីនេះ​លោក គង់ តារា ប្រធាន​ផ្នែក​លក់​នៃ​បុរី​ចតុមុខ​ស៊ី​ធី មាន​ទីតាំងនៅ​ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​មានប្រសាសន៍ថា ការទិញ​ផ្ទះ​បង់​រំលស់​មាន​ប្រាក់​កក់ និង​មិនមាន​ប្រាក់​កក់ មិនមាន​មួយណា​ប្រសើរ​ជាង​មួយណា​នោះទេ អាស្រ័យទៅលើ​អតិថិជន​ថា តើ​គាត់​មានលទ្ធភាព​បង់ប្រាក់​កក់​ដែរ​ឬ​អត់? ហើយ​បើ​មាន​ប្រាក់​កក់ គឺ​បាន​កាត់បន្ថយ​ថ្លៃដើម និង​ការប្រាក់​បាន​មួយចំណែក​ធំ ដែល​បាន​ជួយ​សម្រួល​ដល់​ការបង់​រំលស់​ប្រចាំខែ។

យ៉ាងណា​នោះ សម្រាប់​អតិថិជន​មួយចំនួន​ដែលមាន​ប្រាក់​ដែរ ប៉ុន្តែ​គាត់​មិនបាន​យកទៅ​កក់​ទេ ព្រោះ​គិតថា ទិញ​ផ្ទះ​ចំ​កន្លែង​រកស៊ី​បាន ក៏​សុខចិត្ត​ទុក​ប្រាក់​មួយចំនួន​នោះ​សម្រាប់​បើក​អាជីវកម្ម​រកស៊ី​ដោយ​ខ្លួនឯង​ក្នុង​បុរី​វិញ​ក៏​អាច​រកប្រាក់​ចំណេញ​បាន​ច្រើនជាង​យកទៅ​កក់​ថ្លៃ​ផ្ទះ​នោះដែរ តែ​គ្រាន់តែ​ថា ការទិញ​ផ្ទះ​បង់​រំលស់​មិនមាន​ប្រាក់​កក់ ត្រូវ​ចំណាយ​បង់​ប្រចាំខែ​រាង​ច្រើនជាង​អ្នក​ដែលមាន​ប្រាក់​កក់​ប៉ុណ្ណោះ។

យ៉ាងណា​នោះ អ្នកជំនាញ​ផ្នែក​លក់​ដ៏​មាន​ប្រជាប្រិយភាព​ខាងលើនេះ បានផ្តល់​អនុសាសន៍​ទៅដល់​ប្រជាពលរដ្ឋ​ថា គួរតែ​ទិញ​ផ្ទះ​នៅ​ដោយ​ខ្លួនឯងជាជាង​ជួល​ផ្ទះ​គេ​នៅ ទោះ​ជាមាន​ប្រាក់​កក់ ឬ​មិនមាន​ប្រាក់​កក់​ក៏ដោយ តែ​វា​គ្រាន់តែ​ទាមទារ​ឱ្យមាន​ការគិត​គួរឱ្យ​បាន​ច្បាស់​បន្តិច​ថា តើ​ខ្លួន​មានលទ្ធភាព​គ្រប់គ្រាន់​ដែរឬទេ​សម្រាប់​ការបង់ប្រាក់​រំលស់​ប្រចាំខែ​នោះ​ប៉ុណ្ណោះ។ ជាមួយគ្នានេះ លោក​ក៏បានផ្តល់​អនុសាសន៍​ប​ន្ថែ​ម​ទៀតថា អតិថិជន​ពុំគួ​រង់ចាំ​សន្សំ​លុយ​គ្រប់​ទើប​ទិញ​ផ្ទះ​នៅ​នោះទេ បើ​មាន​លុយ​ខ្លះ​អាច​បង់​រំលស់​បាន គួរតែ​ទិញ​ផ្ទះ​បង់​រំលស់​ទៅ ព្រោះ​បើ​រង់ចាំ​មាន​លុយ​គ្រប់​នោះ នឹងមាន​ការលំបាក​ខ្លាំង​ព្រោះថា ផ្ទះ ឬ​ដីធ្លី​មានការ​ឡើងថ្លៃ​ឥតឈប់ឈរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ៕

Advertisement