អ្នកវិភាគ​សេដ្ឋកិច្ច​ជំ​រុញឱ្យ​ប្រជាជន​វ័យក្មេង​ចេះ​ចាត់ចែង​ប្រាក់ចំណូលដែល​ខ្លួនមាន

បច្ចុប្បន្ននេះ​ដោយសារតែ​ការទិញ​ផ្ទះ និង​សម្ភារទំនើបៗកាន់​តែមាន​ភាពងាយស្រួល​ឡើង ប្រជាជនខ្មែរ​ជាច្រើន ជាពិសេស​អ្នក​ទើប​បង្កើត​គ្រួសារ​ថ្មី​អាច​ទិញ​ផ្ទះថ្លៃៗ និង​ឧបករណ៍ប្រើប្រាស់ទំនើបៗប្រើប្រាស់​បាន​យ៉ាង​ងាយ បើទោះបីជា​មិនចាំបាច់​មាន​លុយ​គ្រប់​ក៏ដោយ។ ការទិញ​សម្ភារ​បង់​រំលស់​នេះ ពេលខ្លះ​ត្រូវបាន​គេ​មើលឃើញថា ជា​និន្នាការ​វិជ្ជមាន​មួយ​សម្រាប់​ប្រជាជន​ដែលមាន​ចំណូល​មធ្យម​ដើម្បី​ទទួលបាន​លំនៅឋាន​សមរម្យ និង​ការរស់នៅ​ល្អប្រសើរ តែ​សម្រាប់​អ្នកវិភាគ​សេដ្ឋកិច្ច​ខ្លះ​យល់ឃើញថា វា​អាចធ្វើឱ្យ​អ្នកទិញ​បាត់បង់​ឱកាស​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​សហគ្រិន​ប្រសិនបើ​ទិញ​ដោយ​មិន​ពិចារណា​ឱ្យបាន​ច្បាស់លាស់។

លោក ង៉ែត ជូ អ្នកសេដ្ឋកិច្ច និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​វិនិយោគ បាន​បញ្ជាក់ថា យុវជន ឬ​អ្នកធ្វើការងារ​ដែលមាន​ចំណូល​មធ្យម​គួរ​ចាប់ផ្តើម​មើល​ពី​ឱកាស​ក្នុងការ​បង្កើន​ប្រាក់ចំណូល​អកម្ម​ឱ្យបាន​ច្រើន ជាជាង​ការទិញ​សម្ភារ​ប្រើប្រាស់ទំនើបៗដែល​ហួស​ពី​លទ្ធភាព​ខ្លាំងពេក។ លោក​បាន​បញ្ជាក់ថា មេរៀន​ពិត​ជាក់ស្តែង​មួយ​ដែល​ប្រជាជន​មិនគួរ​មើលរំលង គឺ​យើង​គួរ​មើល​ពី​ស្ថានភាព​របស់​ប្រជាជន​នៃ​ប្រទេស​សិង្ហ​បុរី ដែលជា​ប្រទេស​មាន GDP រាប់ម៉ឺន​ដុល្លារ​សម្រាប់​មនុស្សម្នាក់ៗ តែ​មនុស្សតចាស់​នៅ​ប្រទេស​នេះ​ត្រូវធ្វើ​ការងារ​ច្រើន​ក្រោយ​ចូលនិវត្តន៍ ព្រោះ​បើ​ឈប់​ធ្វើ​ការងារ ពួកគេ​នឹង​បាត់បង់​ប្រភព​ហិរញ្ញវត្ថុ​ភ្លាម​តែម្ដង។ សម្រាប់​កម្ពុជា​ត្រូវបាន​គេ​រកឃើញថា មាន​មនុស្ស​តិច​ណាស់​ដែលមាន​ទម្លាប់​សន្សំ​ប្រាក់ និង​មាន​សេរីភាព​ហិរញ្ញវត្ថុ ហេតុនេះហើយ​ទើប​ពួកគេ​ត្រូវ​ធ្វើការងារ​ច្រើន និង​យូរ បើទោះបីជា​ពួកគេ​មាន​ចំណូល​ច្រើន​គួរសម​ក៏ដោយ ព្រោះ​បញ្ហា​ត្រង់​ថា​ចំណូល​ច្រើន តែ​ចំណាយ​ក៏​ច្រើន​ដូចគ្នា។

លោក ង៉ែត ជូ បាន​និយាយថា៖ “មុននឹង​ទិញ​ផ្ទះ​បង់​រំលស់ អ្នក​ទាំងអស់គ្នា​គួរ​គិត​ឱ្យ​ច្បាស់​សិន​ថា​តើ​យើង​អាចមាន​លទ្ធភាព​បង់​រំលស់​ត្រឹម​កម្រិតណា។ មាន​អ្នកខ្លះ​ចាប់ផ្តើម​បង់​រំលស់​ផ្ទះ​នៅ​អាយុក្បែរ 30ឆ្នាំ បើ​គិត​ទៅ​ទម្រាំ​បង់​ផ្ទះ​អស់ ត្រូវ​ចំណាយពេល 17ឆ្នាំ។ ពេលនោះ​គាត់​មាន​អាយុ​ក្បែរ​នឹង50ឆ្នាំ​ទៅហើយ វា​អាច​ហួសពេល​សម្រាប់​ការកសាង​មុខ​ជំនួញ”។

អ្នកវិភាគ​សេដ្ឋកិច្ច​ខាងលើ​បានលើកឡើង​ផងដែរថា មាន​អ្នកខ្លះ​គាត់​ចូលចិត្ត​ទិញ​ផ្ទះ​បង់​រំលស់​ក្នុងតម្លៃ​ថ្លៃ ហើយ​ស្របពេលនោះ​គាត់​យកលុយ​សេសសល់​ពី​ការបង់​លើផ្ទះ​ទាំង​ប៉ុន្មាន ទៅ​បង់​រំលស់​សម្ភារ​ទំនើបផ្សេងៗទៀត ដូចជា​ទូរស័ព្ទដៃ​ទំនើប និង​រថយន្ត​ទំនើប​ជាដើម ដែល​ធ្វើឱ្យ​គាត់​បន្ត​ជំពាក់​គេ​ពេញ​មួយជីវិត។ ស្ថានភាព​បែបនេះ​មិនល្អ​នោះទេ​សម្រាប់​មនុស្សម្នាក់ៗ ព្រោះ​ពេល​យើង​ឈឺ ឬ​មាន​បញ្ហា​ត្រូវ​ដោះស្រាយ​បន្ទាន់ យើង​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ស្ថាន​ភាពលំបាក​ទាំងអស់នោះ​ដែល​ធ្វើឱ្យ​យើង​លំបាក​ខ្លាំង​នោះឡើយ។

ជា​ដំណោះស្រាយ លោក ង៉ែត ជូ ជំ​រុញឱ្យ​ប្រជាជន​ត្រូវ​ពិចារណា​ក្នុងការ​សន្សំសំចៃ​ឱ្យបាន​ច្រើនជាង​ការចំណាយ​ធំ​ហួសមាឌ។ ការទិញ​ផ្ទះ គួរ​ទិញ​ផ្ទះ​តូច​ល្មម​តាម​តម្រូវការ កុំឱ្យ​ជំពាក់​គេ​យូរពេកហើយ​សម្ភារ​ទំនើប គួរ​ទិញ​ប្រើប្រាស់​ក្រោយ​ពេលដែល​យើង​មានលទ្ធភាព​គ្រប់គ្រាន់ កុំ​បង្ខំ​ពេក។ ពេលខ្លះ​មនុស្ស​មួយចំនួន​មើលឃើញ​គិតថា អ្នក​ដែលមាន​សម្ភារទំនើបៗ និង​ផ្ទះល្អៗទាំងនោះ​កំពុង​រស់នៅ​យ៉ាង​ល្អប្រសើរ តែបើ​ពិនិត្យមើល​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់គាត់​វិញ គាត់​អាចមាន​បញ្ហា​ច្រើនណាស់​ដែល​យើង​មិនបានដឹង ព្រោះ​ការបង់​រំ​លស់​ឧបករណ៍​ខ្លះ ដូចជា​ឧបករណ៍​អេឡិចត្រូនិក និង​រថយន្ត គឺមាន​ការប្រាក់​ខ្ពស់​ដែល​ធ្វើឱ្យ​គាត់​ត្រូវ​ប្រើប្រាស់​ចំណូល​ប្រចាំថ្ងៃ​ទៅ​ចិញ្ចឹម​របស់​ទាំងអស់នោះ។

លោក ង៉ែត ជូ បាន​បន្ថែម​ផងដែរ​ថា ប្រសិនបើ​ចង់​ទទួលបាន​សេរីភាព​ហិរញ្ញវត្ថុ មនុស្សម្នាក់ៗគួរ​ព្យាយាម​កាត់បន្ថយ​ការចំណាយ ហើយ​សន្សំ​ចំណូល​ទុក​ដើម្បី​បង្កើន​ចំណូល​អកម្ម ដូចជា​ចំណូល​ពី​អចលនទ្រព្យ និង​ពី​ការវិនិយោគ ឬ​អាជីវកម្ម​ជាដើម ដើម្បី​ធានាថា យើង​អាច​រស់នៅ​ដោយ​សុខ​ស្រួល ហើយ​មិន​ខ្វល់​ខ្លាំង​ពី​បញ្ហា​ហិរញ្ញវត្ថុ។ ចំណូល​ដែល​បានមកពី​អចលនទ្រព្យ គឺមាន​ដូចជា​ការជួល​ផ្ទះ ជួល​បន្ទប់ ជួល​ឃ្លាំង ឬ​ជួល​ដី​ដែល​យើង​បាន​យកលុយ​សន្សំ​ទៅ​ទិញ។ ចំពោះ​ចំណូល​ពី​ការវិនិយោគ ឬ​អាជីវកម្ម យើង​អាច​ទទួលបាន​ពី​ការដាក់ទុន​ជាមួយ​ក្រុមហ៊ុន​នានា ការដាក់​លុយ​ចូល​ហ៊ុន​ជាមួយ​ក្រុម​វិនិយោគ ឬ​ដាក់​ក្នុង​ធនាគារ និង​ការប្រើប្រាស់​លុយ​ដើម្បី​រកលុយ​ជាច្រើន​ផ្សេងទៀត ដូចជា​ការចង​ការប្រាក់ ឬ​ទិញ​បណ្ណ​ភាគហ៊ុន​ជាដើម ដែល​វា​អាចធ្វើឱ្យ​យើង​ទទួលបាន​ថវិកា​បើទោះបីជា​មិនបាច់​ធ្វើការ​ក៏ដោយ។ នៅពេល​យើង​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​ល្អប្រសើរ​ហើយ ពេលនោះ​គឺជា​ពេលដែល​យើង​ចាប់ផ្តើម​យក​ពេលវេលា​មក​គិតគូរ​ពី​ការរកស៊ី​វិញ​ម្តង នេះហើយ​ដែលជា​ហេតុ​ធ្វើឱ្យ​អ្នកមាន ចេះតែមាន​ទៅ ឯ​អ្នកធ្វើការ​ឱ្យគេ​ខ្លះ នៅតែ​ធ្វើការ​ឱ្យគេ​ត​ទៀត​ជា​យូរអង្វែង​នោះ៕

Advertisement