អ្នកជំនាញ​ថា វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​គួរប្រើស្តង់ដារ​គណនេយ្យ IFRS 17

រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​ធានារ៉ាប់រង​ជា​សសរស្តម្ភ​មួយ​នៃ​វិស័យ​ហិរញ្ញវត្ថុ នៅក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ2016-2025 ដែល​ក្នុងនោះ​សកម្មភាព​អាទិភាពចម្បងៗមួយចំនួន​ត្រូវបាន​ដាក់ចេញ​យ៉ាងច្បាស់ ដូចជា​ការលើកកម្ពស់​បរិស្ថាន បទ​ប្បញ្ញត្តិ​កាន់តែ​ប្រសើរ ការពង្រឹង​យន្តការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ទីផ្សារ​ឱ្យ​កាន់​តែមាន​ស្តង់ដារ​ខ្ពស់ ស្របតាម​ភាពចាំបាច់​នៃ​ការអភិវឌ្ឍ​ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា។

ឯកឧត្តម ងី តា​យី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណនេយ្យ​ជាតិ បាន​ជំរុញ​គ្រឹះស្ថាន​ធានារ៉ាប់រង​នានា​ឱ្យ​បង្កើន​ការយល់ដឹង​ដល់​សាធារណជន និង​ពង្រីក​ទីផ្សារ​ធានារ៉ាប់រង​តាមរយៈ​ការជំរុញ​ការផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​នៃ​ការធានារ៉ាប់រង​ជូន​ប្រជាពលរដ្ឋ និង​ការលើកកម្ពស់​សមត្ថភាព​វិជ្ជាជីវៈ ទាំង​និយតករ ទាំង​ប្រតិបត្តិ​ករ។

ឯកឧត្តម​ក៏បាន​លើកទឹកចិត្ដដល់​គ្រឹះស្ថាន​ធានារ៉ាប់រង​ទាំងអស់​ឱ្យ​បង្កើន​ការគាំទ្រ និង​ចូលរួមចំណែកដល់​ការលើកកម្ពស់​សមត្ថភាព​វិជ្ជាជីវៈ​របស់​បុគ្គលិក​ជំនាញ​របស់ខ្លួន​ឱ្យបាន​កាន់តែច្រើន ដែល​នេះ​ជា​កត្តា​គន្លឹះ​មួយ​ដែល​មិន​ត្រឹមតែ​នាំទៅរក​ភាពជោគជ័យ​នៃ​ធុរកិច្ច​របស់​គ្រឹះស្ថាន​ធានារ៉ាប់រងនីមួយៗប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ដល់នូវ​មូលដ្ឋាន​រឹងមាំ​សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​ធានារ៉ាប់រង ប្រកបដោយ​ចីរភាព និង​ជំរុញ​អានុភាព​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ចកម្ពុជា​ដែល​មិន​គាំទ្រ​ដល់​កំណើន​នៃ​សេដ្ឋកិច្ចជាតិ។

លោក យក់ ចំរើន​រិ​ទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ័​រ​តេ បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា ការអនុវត្ត​ស្តង់ដា​គណនេយ្យ IFRS 17(International Financial Report section)version17 ក្នុង​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា ជា​កម្មវិធី​ថ្មី​មួយ​សម្រាប់​កម្ពុជា ព្រោះ​ជា​ស្តង់ដាបាយការណ៍​ហិរញ្ញវត្ថុ​ខ្នាត​អន្តរជាតិ​ដែល​ទើប​កែសម្រួល។

លោក​អគ្គនាយក​បា​នប​ន្ត​ថា កាលណា​ក្រុមហ៊ុន​ធានារ៉ាប់រង និង​ធនាគារ​ដែល​បានទទួល​ស្គាល់​ឬ​អនុវត្ត​ស្តង់ដា​គណនេយ្យ IFRS 17 ក្រុមហ៊ុន​ធានារ៉ាប់រង​នោះ​នឹងមាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ​ផ្នែក​ហិរញ្ញវត្ថុ​ទាំងអស់ ដូចនេះ​មិនអាច​ក្លែងបន្លំ ឬ​បំភ័ន្ត​ចំណុច​ណាមួយ​នៃ​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​បានឡើយ។ ឧទាហរណ៍ ដូចជា​ក្រុមហ៊ុន​អ​សោធន​ភាព បានន័យថា ក្រុមហ៊ុន​ខ្វះ​ធន គឺ​វា​ចេញ​បង្ហាញ​នៅក្នុង​របាយការណ៍​នោះ​តែម្តង។

លោក ចំរើន​ឫទ្ធិ បាន​ពន្យល់ថា៖“ការអនុវត្ត​ស្តង់ដាបាយការណ៍​គណនេយ្យ​អន្តរជាតិ ​IFRS​ 17 ក្នុង​វិស័យ​ធានារ៉ាប់រង​វា​ផ្តល់​ផលប្រយោជន៍ ព្រោះ​វា​ជា​ស្តង់ដា​នៃ​រង្វាស់រង្វាល់​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ធានា​រា់ប់​រង​ថា តើ​ក្រុមហ៊ុន​នោះ​មាន​តាម​ស្តង់ដា​អន្តរជាតិ​ដែរ​ឬ​អត់? ព្រោះ​សព្វថ្ងៃ​អ្វីដែល​យើង​នៅ​ប្រើ​នៅឡើយ គឺ​ស្តង់ដាគណនេយ្យ​កម្ពុជា​ដែល​កម្មវិធី​នេះ​មិនទាន់​លម្អិត​ពី​បញ្ហា​អស់​ទេ។ សព្វថ្ងៃ​ប្រទេស​ជាច្រើន​ដែល​ប្រកាន់យក​របប​សេដ្ឋកិច្ច​ទីផ្សារ​បាន​ប្រើប្រាស់​គណនេយ្យ IFRS 17 នេះហើយ”។

លោក​បាន​បញ្ជាក់ថា យើង​បានរៀបចំ​ប្រើប្រាស់​ក្នុងឆ្នាំនេះ តែ​វា​អាច​នឹងមាន​ផលប៉ះពាល់​ដល់​ក្រុម-ហ៊ុន​មួយចំនួន​ដែល​ពុំទាន់​បាន​ត្រៀមខ្លួន ដូច្នេះ​ដើម្បីឱ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងអស់​ដែល​នៅ​ប្រើ​ស្តង់ដា​គណនេយ្យ​កម្ពុជា​កែសម្រួល​មក​ប្រើ​ស្តង់ដា​ថ្មី គួរតែ​ងាក​មក​ប្រើ​គណនេយ្យ IFRS 17នេះ តែ​វា​ក៏​អាច​ប៉ះពាល់​ដល់​របាយការណ៍​ហិរញ្ញវត្ថុ​របស់គាត់​ដែរ។

លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា បាន​មានប្រសាសន៍ថា ផលប៉ះពាល់​នៃ​ការអនុវត្ត​ស្តង់ដា​គណនេយ្យ IFRS 17 ក្នុង​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា ត្រូវបាន​ចាត់ទុកថា​ជា​បញ្ហា​ចម្បងដែល​បានលើកឡើង​នៅក្នុង​សិក្ខាសាលា​ស្ដីពី ការអនុវត្ត​ស្តង់ដា​គណនេយ្យ IFRS 17 ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​ព័ត៌មាន ចំណេះដឹង និង​បញ្ហា​ប្រឈម​នៃ​ការអនុវត្ត​ស្តង់ដា​ថ្មី​នេះ ព្រមទាំង​ផលប៉ះពាល់​ដែល​អាច​កើតមានឡើង​សម្រាប់​ជា​មូលដ្ឋានជួយ​ដល់​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងអស់​ឱ្យ​ត្រៀម​រៀបចំខ្លួន​អនុវត្ត​ឱ្យបាន​រលូន។

លោក​ប្រធាន​សមាគម​បានបញ្ជាក់​បន្ថែមថាវិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​មានការ​រីកចម្រើន​យ៉ាងខ្លាំង និង​ជា​វិស័យ​ដែល​កំពុង​ទទួលបាន​នូវ​ទំនុកចិត្ត​កាន់តែខ្លាំង​ពី​សាធារណជន​លើ​ការ-ធានារ៉ាប់រង​អាយុជីវិត និង​ទ្រព្យសម្បត្តិ ជាពិសេស​ទំនុកចិត្ត​ចំពោះ​ក្រុមហ៊ុន​ធានារ៉ាប់រងនីមួយៗក្នុង​ការផ្តល់សេវា និង​អត្ថប្រយោជន៍​ធានារ៉ាប់រង ជូន​អតិថិជន​ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព។

លោក​ក៏បាន​លើកឡើង​ដែរ​ថា ភាពជឿនលឿន​គួរឱ្យកត់សម្គាល់​នៃ​ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា ក្នុង​រយៈពេល 3ឆ្នាំ​ចុង​ក្រោយនេះ(2014-2017) ក្នុងនោះ​ចំនួន​ក្រុមហ៊ុន​ធានារ៉ាប់រង​មានការ​កើនឡើង​ជាង 2ដង គឺ​កើន​ពី 12ក្រុមហ៊ុន​នៅ​ឆ្នាំ2014 ទៅ26ក្រុមហ៊ុន​នៅ​ឆ្នាំ2017។ បុព្វលាភ​សរុប​នៃ​ទីផ្សារ​ធានារ៉ាប់រង​ក៏បាន​កើន​ឡើងជា​ទ្វេដង​ផងដែរ ពោលគឺក្នុង​រយៈពេល​នេះ​បាន​កើន​ពី 61លាន​ដុល្លារ​នៅ​ឆ្នាំ2014 ដល់​ប្រមាណ 152,5លាន​ដុល្លារ​នៅ​ឆ្នាំ2017៕

Advertisement