វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មានការ​រីកចម្រើន​បង្គួរ ខណៈ​ការប្រើសេវា​នេះ​នៅមានកម្រិត

បើទោះបីជា​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល 2 – 3ឆ្នាំ​ចុង​ក្រោយនេះ​ក្តី តែ​ការអភិវឌ្ឍ​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ការប្រើប្រាស់​សេវា​មួយ​នេះ​ក៏​ហាក់​នៅ​មិនទាន់មាន​ភាពទូលំទូលាយ​នៅឡើយ។ នេះ​បើ​យោងតាម​មន្ត្រី​ជំនាញ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ។

លោក អ៊ុក សា​រ៉ា​ត ប្រធាន​នាយកដ្ឋាន​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​ក្នុងឱកាស​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ2018 របស់​ធនាគារជាតិ​នៃ​កម្ពុជា​កាលពីពេលថ្មីៗនេះ ថា ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ដែល​រួមមានទូរស័ព្ទ​ចល័ត​ឆ្លាត​វៃ ប្រព័ន្ធ​អុីន​ធើ​ណិ​ត បច្ចេកវិទ្យា​ប្លុក​ឆេន បញ្ញា​សិប្បនិម្មិត ឃ្លាំង​ទិន្នន័យ ការវិភាគ​ទិន្នន័យ បច្ចេកវិទ្យា​ជីវមាត្រ រួមទាំង​បច្ចេកវិទ្យា​សម្រួល​ដល់​ការត្រួតពិនិត្យផ្សេងៗ បាន​ជំរុញឱ្យមាន​ការរីកចម្រើន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដែល​ការណ៍​នេះ​ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា ជា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ។

លោក សា​រ៉ា​ត បាន​បន្តថា បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការរីកចម្រើន​បង្គួរ​នៅក្នុង​សេវា មួយចំនួន​ដូចជា ប្រព័ន្ធ​ទូទាត់ ការផ្ទេរ​ប្រាក់​ឆ្លងដែន និង​ការផ្តល់​ឥណទាន​ជាដើម ប៉ុន្តែ​សេវា​ផ្សេងទៀត​មានការ​លូតលាស់​តិចតួច​ប៉ុណ្ណោះ។

លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖“សេវាកម្មផ្សេងៗទៀត​នៅក្នុង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដូចជា បញ្ញា​សិប្បនិម្មិត និង​ឃ្លាំង​ទិន្នន័យ នៅតែ​មិនទាន់មាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ទេ”។ លោក​បន្តថា៖“ទោះជា​ស្មា​ត​ហ្វូ​ន និង​អុីន​ធើ​ណិ​ត​ដែល​បម្រើ​ដល់​បច្ចេកវិទ្យា​រីកចម្រើន​ខ្លាំង​ក៏ដោយ តែ​យើង​មិនទាន់​ឃើញ​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដទៃទៀត​នៅឡើយ។ ខ្ញុំ​មិនទាន់​ឃើញ​មានការ​រីកចម្រើន​ខ្លាំង​ទេ នៅពេលដែល​យើង​និយាយ​ពី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ”។

លោកប្រធាននាយកដ្ឋានបាន​បន្ថែមថា ជាទូទៅ​ការយល់ដឹង​របស់​ប្រជាជន​កម្ពុជា​នៅមានកម្រិត​នៅឡើយ​ទៅលើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ខណៈដែល​វា​មាន​សារៈសំខាន់​ដើម្បី​ជំរុញ និង​លើកកម្ពស់​ការយល់ដឹង​ផ្នែក​បច្ចេកវិទ្យា​ និង​ការប្រើប្រាស់​អ្វី​ទាំងអស់នោះ។

លោក​បន្តថា៖ “មាន​ប្រជាជន​កម្ពុជា​ជាច្រើន​ប្រើបាស់​ស្មា​ត​ហ្វូ​ន ហើយ​ភាគច្រើន​នៅក្នុង​ទីក្រុង និង​ទីប្រជុំជន ប៉ុន្តែ​ពួកគេ​មានការ​ខ្វះខាត​ការយល់ដឹង​លើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ខណៈពេលដែល​វិនិយោគិន​ក្នុងស្រុក មិន​ចាប់អារម្មណ៍​នៅក្នុង​ការវិនិយោគ​លើ​វិស័យនេះ”។

លោក គីម​ទី កោ​ម​លី អគ្គនាយករង​បច្ចេកទេស​ទី1 នៃ​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា ការដាក់ចេញ​នូវ​បច្ចេកវិទ្យា​ទាំងនេះ​បានផ្តល់​នូវ​កាលានុវត្តភាព​ក្នុងការ​ជំរុញឱ្យមាន​ប្រសិទ្ធភាព​ថែម​ឡើង​ទៀត​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​ការចំណាយ​ថ្លៃដើមល្បឿន សុវត្ថិភាព និង​តម្លាភាព ការជំរុញ​លទ្ធភាព​ក្នុងការ​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ ក៏ដូចជា​ការជំរុញឱ្យ​មាន​បរិវត្តន៍​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ទូទាត់​ជា​អេឡិចត្រូនិក និង​កាត់បន្ថយ​ការចំណាយ​លើ​ប្រតិបត្តិការ​សម្រាប់​អតិថិជន។

លោក​បន្តថា៖“បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អនុញ្ញាតឱ្យ​ធនាគារ​កាត់បន្ថយ​តម្លៃ និង​បញ្ជូន​សេវាកម្ម​របស់​ពួកគេ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន”។

លោក អុិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា បាន​និយាយថា បច្ចេកវិទ្យា-​ហិរញ្ញវត្ថុ និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ធនាគារ​ក្នុងស្រុក និង​ឧស្សាហកម្មផ្សេងៗទៀត​នៅក្នុង​ប្រទេស​កម្ពុជា។

លោក ចាន់នី បន្តថា៖ “បច្ចេកវិទ្យា​អាច​កាត់បន្ថយ​ហានិភ័យ​សម្រាប់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ជួយ​បង្កើន​ភាពងាយស្រួល​ដល់​អតិថិជន”។

បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល​ដំបូង​នៅឡើយ ដោយ​ប្រតិបត្តិការ​ភាគច្រើន​មានដូចជា កាបូប​អេឡិចត្រូនិក ការទូទាត់​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ និង​ការទូទាត់​ឆ្លង​ប្រទេស ជាដើម។

របាយការណ៍​ដដែល​ប​ន្ត​ថា ធនាគារកណ្តាល​កំពុង​តែ​រៀបចំ​ក្របខណ្ឌ​បទ​ប្ប​ញ្ញ​តិ្ត និង​គោលនយោបាយផ្សេងៗទៀត​ដើម្បី​ជំរុញ​វិស័យនេះ តែ​ទោះជា​យ៉ាងនេះ​ក្តី បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក៏​ជំរុញឱ្យមាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​ពាក់ព័ន្ធ​នឹង​បទល្មើស​តាម​ប្រព័ន្ធ​អុីន​ធើ​ណិ​ត កិច្ចការពារ​អតិថិជន និង​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម។

ម្យ៉ាងវិញទៀត បច្ច័យ និង​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ចំពោះ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ និង​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ធនាគារកណ្តាល មិនទាន់មាន​ភាពច្បាស់​លាស់​នៅឡើយ តែ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ខិតខំ​ដាក់ចេញ​នូវ​គោលនយោបាយ​សមស្រប ដើម្បី​លើកកម្ពស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក៏ដូចជា​បន្ធូរបន្ថយ​ហានិភ័យ​នានា​ដែល​អាច​កើតមានឡើង។

ជាមួយគ្នានេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការកសាង​បរិស្ថាន​សមស្រប​មួយ​សម្រាប់​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

បើ​យោងតាម​របាយការណ៍ ធនាគារជាតិ​នៃ​កម្ពុជា​បាននិងកំពុង​ខិតខំ​អភិវឌ្ឍ​លើ​គម្រោង“បាគង ឬ​រូបិយបណ្ណ​ឌីជីថល” ដែលជា​ផ្នែក​មួយ​ក្នុងការជំរុញ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក្នុង​គោលដៅ​លើកកម្ពស់​សុវត្ថិភាព និង​ប្រសិទ្ធភាព​ប្រព័ន្ធ​ទូទាត់​សង​ប្រា​ក់នៅ​ប្រទេស​កម្ពុជា។ គោលបំណង​នៃ​ការអភិវឌ្ឍ​ប្រព័ន្ធ​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នាពេល​បច្ចុប្បន្ន កាត់បន្ថយ​ការប្រើប្រាស់​សាច់ប្រាក់​ក្នុង​ទីផ្សារ និង​ចូលរួម​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ។

គួរ​រំឭក​ដែរ​ថា នៅក្នុង​ឆ្នាំ2018 គ្រឹះស្ថាន​ធនាគារ និង​ហរិញ្ញវត្ថុ​ចំនួន24 បានផ្តល់​សេវាកម្ម​ធនាគារ​តាម​អន​ឡាញ (Internet Banking) និង 19គ្រឹះស្ថាន​ទៀត​បានផ្តល់​សេវា Mobile Banking ដល់​អតិថិជន។ ទំហំ​ប្រតិបត្តិការទូទាត់​ធ្វើឡើង​តាម Internet banking មាន​ចំនួន​សរុប 80ម៉ឺន​ប្រតិបត្តិការ គិត​ជា​ទឹកប្រាក់​ស្មើនឹង 3.9ប៊ី​លាន​ដុល្លារ​អាមេរិក ចំណែកឯ​ប្រតិបត្តិការ Mobile Banking មាន​ចំនួន 12.3លាន​ប្រតិបត្តិការ គិត​ជា​ទឹកប្រាក់​ស្មើ 5.7ប៊ី​លាន​ដុល្លារ​អាមេរិក៕

Advertisement