កម្ពុជា​ត្រូវការ​បន្លែ​ចំនួន​ ​543តោន​ក្នុង​ ​1ថ្ងៃ​ ​ខណៈ​ក្រសួង​ជំរុញ​បង្កើន​ផលិតកម្ម​បន្លែ​សុវត្ថិភាព​

របាយការណ៍​ថ្មី​មួយ​ពី​ក្រសួង​កសិកម្ម​បានឱ្យ​ដឹង​ថា​ ​ប្រជាជន​កម្ពុជា​បាន​ប្រើប្រាស់​បន្លែ​ជាមធ្យម​ ​543តោន​ក្នុង​ ​1ថ្ងៃ​ក្នុង​ឆ្នាំ2018​ ​និង​បាន​ជំរុញ​ឱ្យ​កសិករ​បង្កើន​ផលិតកម្ម​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក​ដែល​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​នេះ​ទៀតផង​ ​ព្រោះថា​ ​កម្ពុជា​អាច​ផលិត​បន្លែ​បាន​ត្រឹមតែ​ ​400​ ​តោន​ប៉ុណ្ណោះ​ក្នុង​ ​1ថ្ងៃ​កាលពី​ឆ្នាំ2018​ ​ដោយ​ចំនួន​ប្រហែល​ ​143តោន​ទៀត​ត្រូវ​បាន​នាំចូល​ជា​រៀងរាល់ថ្ងៃ​ ​ដែល​ភាគច្រើន​មក​ពី​ប្រទេស​វៀតណាម​ ​ថៃ​ ​និង​ប្រទេស​ចិន​។​

​ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​មានប្រសាសន៍​ថា​៖​ ​“​ផលិតកម្ម​បន្លែ​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ ​ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​ ​យើង​នៅតែ​ពឹងផ្អែក​លើ​ការនាំចូល​”​។​ ​លោក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ផង​ដែរ​ឱ្យ​មានការ​ផលិត​បន្លែ​ក្នុង​ស្រុក​ដែល​ត្រឹមត្រូវ​តាម​ស្តង់​ដា​គុណភាព​ ​និង​សុវត្ថិភាព​ឱ្យ​បាន​កាន់តែ​ច្រើនឡើង​ ​ដោយសារតែ​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ ​ការ​ប្រសើរ​ឡើង​នៃ​ជីវភាពរស់នៅ​ ​និង​ការ​ហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ​បាន​ធ្វើ​ឱ្យ​តម្រូវការ​បន្លែ​ដែល​មានគុណ​ភាព​ ​និង​សុវត្ថិភាព​កើនឡើង​យ៉ាង​ឆាប់រហ័ស​”​។​

​ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​

​ឯកឧត្តម​បញ្ជាក់​ថា​ ​ដោយសារ​កំណើន​សេដ្ឋកិច្ច​ ​ប្រជាជន​ ​ភ្ញៀវ​ទេសចរ​ ​និង​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ឡើង​នោះ​ ​ធ្វើ​ឱ្យ​និន្នាការ​នៃ​ការ​បរិភោគ​បន្លែ​ចាំបាច់​ត្រូវ​មានការ​ប្រែប្រួល​ដោយ​ស្វ័យប្រវត្តិ​ពីអ​សុវត្ថិភាព​ ​ទៅជា​សុវត្ថិភាព​ ​គុណភាព​ ​និង​អនាម័យ​ ​ដើម្បី​សុខភាព​ល្អ​។​ ​ហេតុផល​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​ថ្នាក់ដឹកនាំ​អគ្គនាយក​ដ្ឋាន​មន្ទីរ​ ​មន្ត្រី​បង្គោល​អនុវត្ត​គម្រោង​ ​អ្នក​ផលិត​ ​អាជីវករ​ ​និង​អ្នក​បរិភោគ​ ​ឱ្យ​យកចិត្ត​ទុកដាក់​ ​និង​ខិតខំ​អនុវត្ត​បន្ថែម​ទៀត​លើ​ចំណុច​គន្លឹះ​សំ​ខាន់​ៗ​ដូចជា​ ​1​-​បន្ត​ជំរុញ​ការផលិត​បន្លែ​ ​និង​ផលិតផល​អា​ហារ​ផ្សេង​ៗ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់​ដា​ទីផ្សារ​ដើម្បី​បង្កើន​ឧត្តមភាព​ ​ប្រកួតប្រជែង​ ​និង​លើកកម្ពស់​តម្លៃបន្ថែម​។​ ​2​-​ជំរុញ​ការ​ធ្វើ​ពាណិជ្ជ​នី​យក​ម្មសិ​កម្ម​តាមរយៈ​ការ​បន្ត​ពង្រឹង​ប្រព័ន្ធ​ភូតគាម​អនាម័យ​។​ ​3​-​លើកកម្ពស់​ការកែច្នៃ​ ​វេច​ខ្ចប់​ ​និង​រក្សាទុក​ផលិតផល​ក្នុង​ម៉ាស៊ីន​ត្រជាក់​តាម​ស្តង់ដារ​ឱ្យ​បាន​សមស្រប​តាម​តម្រូវការ​អ្នក​បរិភោគ​ ​និង​ទីផ្សារ​។​ ​4​-​ជំរុញ​ ​និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​ ​កសិដ្ឋាន​ ​និង​កសិករ​គំរូ​ ​តាម​រយ:ការរៀបចំ​ផែនការ​ផលិតកម្ម​ ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ផ្គត់ផ្គង់​មាន​និរន្តរភាព​ ​ជាពិសេស​ជំរុញ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ ​តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការអនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ផ្តោត​សំខាន់​ទៅលើ​ការផលិត​ពូជស្រូវ​ក្រអូប​ ​និង​ផលិត​បន្លែ​សុវត្ថិភាព​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុង​ស្រុក​ ​និង​ឈាន​ទៅកាត់​បន្ថយ​បរិមាណ​បន្លែ​នាំចូល​ពី​ប្រទេសជិតខាង​។​

​ឯកឧត្តម​ ​ងិន​ ​ឆាយ​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ​បាន​ថ្លែង​ក្នុង​ពិធី​បើក​ផ្សារណាត់​បន្លែ​ ​និង​ផលិតផល​សុវត្ថិភាព​ថា​ ​បច្ចុប្បន្ន​ការអនុវត្ត​គម្រោង​ស្តី​ពី​ការជំរុញ​ផលិតកម្ម​ស្បៀង​នៅ​ទូទាំង​ខេត្ត​គោលដៅ​ ​ជា​គម្រោង​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ចំនួន​ទឹកប្រាក់​ ​20.25លាន​ដុល្លារ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​យក​មក​អនុវត្ត​ក្នុង​ខេត្ត​គោលដៅ​ចំនួន11​ ​មាន​ខេត្តតាកែវ​ ​កណ្តាល​ ​ព្រៃវែង​ ​កំពង់ស្ពឺ​ ​កំពង់ធំ​ ​កំពង់ចាម​ ​ពោធិ៍សាត់​ ​កំពង់ឆ្នាំង​ ​បាត់ដំបង​ ​សៀមរាប​ ​និង​ខេត្ត​ត្បូងឃ្មុំ​។​

​លោក​ ​ស្រី​ ​វុទ្ធី​ ​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ថា​ ​គម្រោង​ជំរុញ​កំណើន​នេះ​បាន​ទទួលផល​រួច​ទៅ​ហើយ​ ​ដោយ​បង្កើន​ផលិតកម្ម​បន្លែ​ក្នុង​ស្រុក​ ​និង​ជួយ​កាត់បន្ថយ​ការនាំចូល​។​ ​លោក​បាន​មានប្រសាសន៍​ថា​៖​ ​“​ក្នុងរយៈពេល​ ​5ឆ្នាំ​ទៀត​យើង​មាន​គម្រោង​បង្កើន​ផលិតកម្ម​បន្លែ​ប្រហែល​ពី​ ​20​%​ ​ទៅ30​%​។​ ​យើង​កំពុង​ផ្តោត​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ធារាសាស្ត្រ​ ​ដើម្បី​ឱ្យ​យើង​អាច​ផលិត​បន្លែ​បាន​ពេញ​មួយឆ្នាំ​”​។​

​ក្រសួង​កសិកម្ម​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ចាប់ផ្តើម​យុទ្ធ​សា​ស្ដ្​រ​គ្រាប់ពូជ​ជាតិ​ ​ដែល​មាន​គោលបំណង​កំណត់​ ​និង​ធ្វើ​ឱ្យ​មាន​ស្តង់​ដា​នៃ​ឧស្សាហកម្ម​គ្រាប់ពូជ​ដើម្បី​ការពារ​កសិករ​ ​និង​ជំរុញ​ទីផ្សារ​គ្រាប់ពូជ​។​ ​យុទ្ធសាស្ត្រ​គ្រាប់ពូជ​ជាតិ​ ​ដែល​ជា​ប្រភេទ​ដំបូង​គេ​សម្រាប់​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ពី​សកម្មភាព​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការផលិត​ ​និង​ការ​ធ្វើ​ទីផ្សារ​គ្រាប់ពូជ​ស្រូវ​ ​និង​ដំណាំ​កសិកម្ម​សំ​ខាន់​ៗ​ដទៃទៀត​៕​

Advertisement