NBC​ ​និង​ធនាគារកណ្ដាល​ថៃ​ ​នឹង​សាកល្បង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​ ​QR​ ​code​ ​ដើម្បី​បន្ថយ​ចំណាយ​លើ​ការផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​

ធនាគារជាតិនៃកម្ពុជា​(​NBC​)​ ​និង​ធនាគារ​កណ្តាល​ថៃ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ ​QR​ ​code​ ​ដើម្បី​ជួយ​សម្រួល​ដល់​សេវា​ទូទាត់​រាយ​នៅ​កម្ពុជា​ ​និង​នៅ​ប្រទេស​ថៃ​។​

​ការ​ចុះ​អនុស្សរណៈ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​នវានុវត្តន៍​នៃ​ការ​ទូទាត់​ ​និង​ហិរញ្ញវត្ថុ​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង2​ ​ប្រកបដោយ​ចីរភាព​។​

​អនុស្សរណៈ​យោគយល់​នេះ​សំដៅ​គាំទ្រ​ដល់​កិច្ចសហការ​ក្នុង​ការ​អភិវឌ្ឍ​អន្តរ​ប្រតិបត្តិ​ការ​នៃ​ស្តង់​ដា​ប្រព័ន្ធ​ ​QR​ ​code​ ​សម្រាប់​ការ​ទូទាត់​ក្នុង​ប្រទេស​ ​និង​ក្រៅប្រទេស​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​មាន​សុវត្ថិភាព​ ​ព្រមទាំង​ជំរុញ​ដល់​ការប្រើ​ប្រាស់​រូបិយវត្ថុ​ជាតិ​ ​និង​នវានុវត្តន៍​នៃ​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ទាំង2​។​

​អនុស្សរណៈ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​នវានុវត្តន៍​នៃ​ការ​ទូទាត់​ ​និង​ហិរញ្ញវត្ថុ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ឯកឧត្ដម​ ​ជា​ ​ចាន់​តូ​ ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ ​និង​លោកVeerathai​ ​Santiprabhob​ ​ទេសាភិបាល​នៃ​ធនាគារ​កណ្តាល​ថៃ​។​ ​ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ប្រចាំឆ្នាំ​រវាង​ធនាគារ​កណ្តាល​ទាំងពីរ​ ​នៅ​រាជធានី​ភ្នំពេញ​ ​កាលពីដើម​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​កន្លងទៅ​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​កិច្ចប្រជុំ​ទ្វេភាគី​ប្រចាំឆ្នាំ​នេះ​មាន​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​បង្កើន​ទំនាក់ទំនង​ជា​មិត្តភាព​រវាង​ធនាគារ​កណ្តាល​នៃ​ប្រទេស​ទាំង2ឱ្យ​កាន់តែ​ជិតស្និទ្ធ​។​ ​កន្លងមក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នេះ​បាន​រួមចំណែក​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង2​ ​ប្រកបដោយ​ចីរភាព​។​

​ឯកឧត្ដម​ ​ជា​ ​ចាន់​តូ​ ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​នេះ​ជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រវាង​ធនាគារ​កណ្តាល​នៃ​ប្រទេស​ទាំងពីរ​ ​ដែល​កាលពី​ឆ្នាំ​កន្លងទៅ​យើង​បាន​ធ្វើឡើង​នៅ​ទី​ក្រុង​ឈៀង​ម៉ៃ​ ​ប្រទេស​ថៃ​ ​ដោយឡែក​នៅ​ឆ្នាំ2019​ ​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​។​

​ឯកឧត្ដម​ទេសាភិបាល​បាន​មានប្រសាសន៍​ថា​៖​ ​“​វត្តមាន​របស់​ទេសាភិបាល​ថៃ​នៅ​កម្ពុជា​ ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិ​រវាង​ធនាគារ​កណ្តាល​នៃ​ប្រទេស​ទាំងពីរ​ ​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ល្អ​នេះ​ដែល​សម្រេច​បាន​ ​និង​បន្ត​នូវ​ស្មារតី​កិច្ច​សហប្រតិបត្តិ​ការ​”​។​ ​ឯកឧត្ដម​បន្ត​ថា​ ​ធនាគារ​កណ្តាល​ថៃ​បាន​ជួយ​ចែករំលែក​បទ​ពិសោធ​ដល់​មន្ត្រី​ធនាគារ​កណ្តាល​កម្ពុជា​ ​ដូចជា​ការ​ត្រួតពិនិត្យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​ប្រព័ន្ធ​ទូទាត់​ ​និង​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ជាដើម​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ ​QR​ ​code​ ​នេះ​ ​គឺ​ដើម្បី​ជួយ​សម្រួល​ដល់​សេវា​ទូទាត់​រាយ​នៅ​កម្ពុជា​ ​និង​រវាង​ប្រទេស​ថៃ​ ​និង​កម្ពុជា​ ​ដោយ​ប្រព័ន្ធ​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​។​

​លោក​ ​Apisak​ ​Tantivorawong​ ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេស​ថៃ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​របស់​ប្រទេស​ថៃ​ថា​ ​ធនាគារ​កណ្តាល​ថៃ​បាន​ផ្តួចផ្តើម​ការផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​ជាមួយ​កម្ពុជា​ ​ឡាវ​ ​និង​វៀតណាម​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ ​QR​ ​Code​ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើស​មា​ហរ​ណ​កម្មវិស័យ​ធនាគារ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នៅក្នុង​តំបន់​។​

​លោក​ ​Tantivorawong​ ​ ​បាន​បន្ត​ថា​៖​“​សេវាកម្ម​ទូទាត់​តាមរយៈ​ប្រព័ន្ធ​ ​QR​ ​code​ ​នេះ​នឹង​មានការ​ចំណាយ​តិច​ក្នុង​ការផ្ទេរ​ប្រាក់​នៅក្នុង​តំបន់​ ​ជាពិសេស​សម្រាប់​ជួយ​ដល់​កម្មករ​ចំណាកស្រុក​មក​ពី​ប្រទេស​កម្ពុជា​ ​ឡាវ​ ​មីយ៉ាន់ម៉ា​ ​និង​វៀតណាម​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ ​ដែល​សព្វថ្ងៃ​ពួកគេ​ត្រូវ​បាន​គិតថ្លៃ​សេវា​ផ្ទេរ​ប្រមាណ​ជា​ ​10ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​ដែល​ផ្ទេរ​សម្រាប់​សេវាកម្ម​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​មួយដង​”​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​កាលពី​ពេល​កន្លងទៅ​លោកស្រី​ ​ជា​ ​សិរី​ ​អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ ​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ​អ្នកប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​តម្រូវ​ឱ្យ​មាន​គណនី​ធនាគារ​ជា​ប្រាក់​រៀល​ ​ហើយ​គេ​អាច​ធ្វើការ​ទូទាត់​ទំនិញ​នៅ​ប្រទេស​ថៃ​បាន​នៅពេល​ទិញទំនិញ​ ​ខណៈ​ដែល​ជនជាតិ​ថៃ​ធ្វើដំណើរ​មក​កម្ពុជា​ ​ក៏​គេ​អាច​ធ្វើការ​ទូទាត់​ជា​លុយ​បាត​ថៃ​ផង​ដែរ​នៅ​កម្ពុជា​។​

​លោកស្រី​អគ្គ​នាយិកា​បាន​ថ្លែង​ថា​៖​ ​“​យើង​មាន​សុទិដ្ឋិនិយម​ថា​ ​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​ ​ប្រព័ន្ធ​នេះ​នឹងអាច​ប្រើប្រាស់​បាន​ ​នេះ​ជា​ជំហាន​មួយទៀត​នៃ​ផែនការ​របស់​យើង​សម្រាប់​ធ្វើស​មា​ហរ​ណ​កម្ម​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ ​យើង​មាន​គម្រោង​ពង្រីក​ប្រព័ន្ធ​នេះ​ទៅ​បណ្តា​ប្រទេស​ដទៃទៀត​នៅ​អាស៊ាន​”​។​

​លោកស្រី​បន្ត​ថា​ ​ប្រព័ន្ធ​ ​QR​ ​Codeនេះ​នឹង​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បើក​គណនី​ធនាគារ​ជា​ប្រាក់​រៀល​ ​ដោយសារតែ​ពួកគេ​គិតថា​ ​វា​មាន​អត្ថ​ប្រយោជន៍​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​។​

​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិនៃកម្ពុជា​ ​ប្រព័ន្ធ​ ​QR​ ​code​ ​នេះ​មាន​ភាព​ងាយស្រួល​ ​លឿន​ ​រហ័ស​ ​និង​សន្សំសំចៃ​ខ្ពស់​ ​ហើយ​ប្រជាជន​កម្ពុជា​នឹង​មិន​ខ្លាច​ក្នុង​ការខាតបង់​នូវ​អា​ត្រា​ប្តូរ​ប្រាក់​នៅពេល​ដែល​ពួកគេ​ចាយ​លុយ​រៀល​នៅក្នុង​ប្រទេស​ថៃ​ឡើយ​។​ ​ម្យ៉ាងវិញទៀត​ ​អ្នកប្រើ​ប្រាស់​នឹង​មិន​បារម្ភ​ពី​ការ​ខ្វះខាត​លុយ​បាត​នៅក្នុង​កាបូប​នៅពេល​ដែល​ពួកគេ​ទៅ​ទស្សនា​ប្រទេស​ថៃ​ឡើយ​៕​

Advertisement