អាជ្ញាធរ​ខេត្តកណ្តាល​ប្រកាស​ឱ្យ​ទប់ស្កាត់​ការ​ពុះ​ដី​ឡូត៍​ដែល​មិន​គោរពច្បាប់​

ដើម្បី​កុំឱ្យ​អតិថិជន​ជួប​បញ្ហា​ផ្នែក​ផ្លូវច្បាប់​ទៅ​ថ្ងៃខាងមុខ​ ​អាជ្ញាធរ​ខេត្តកណ្តាល​បាន​ប្រកាស​ស្នើ​ឱ្យ​អ្នក​វិនិយោគ​ពុះ​ដី​ឡូត៍​លក់​ ​និង​សាងសង់​ផ្ទះ​លក់​ទាំងអស់​ត្រូវតែ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ ​ហើយ​ក្នុងករណី​មិន​គោរពច្បាប់​ ​អាជ្ញាធរ​នឹង​មិន​ធ្វើការ​ចុះហត្ថលេខា​ផ្ទេរ​កម្មសិទ្ធិ​ជូន​ឡើយ​។

​យោង​តាម​ឯកសារ​ដែល​ទើប​ចុះហត្ថលេខា​កាលពី​ពេល​ថ្មី​ៗ​ ​ដោយ​ឯកឧត្តម​បណ្ឌិត​ ​ម៉ៅ​ ​ភិរុណ​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​ដែល​បាន​ជម្រាប​ទៅ​អាជ្ញាធរ​ស្រុក​ ​និង​ឃុំ​ដែល​មានខ្លឹមសារ​ថា​ ​បច្ចុប្បន្ន​នេះ​ខេត្តកណ្តាល​បាន​និង​កំពុង​មានការ​អភិវឌ្ឍ​ ​និង​រីកចម្រើន​យ៉ាង​ខ្លាំង​លើ​ផ្នែក​សេដ្ឋកិច្ច​ ​ជាពិសេស​លើ​វិស័យ​ដីធ្លី​ ​និង​សំណង់​ ​ជាមួយគ្នា​នៃ​ដំណើ​ការលូតលាស់​យ៉ាង​ប្រសើរ​នេះ​ ​វា​ក៏បាន​និង​កំពុង​មាន​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ដែរ​ ​ជុំវិញ​អាជីវកម្ម​លើ​ដីធ្លី​ដោយ​ការ​ពុះ​ជា​ឡូត៍​លក់​ ​ឬ​សាងសង់​សំណង់ផ្ទះ​សំបែង​ជាច្រើន​កន្លែង​ដែល​ពុំ​មានច្បាប់​ត្រឹមត្រូវ​។​

ការ​ពុះ​ដី​ជា​ឡូត៍​ ​ឬ​សាងសង់​សំណង់ផ្ទះ​សំបែង​មិន​ត្រឹមត្រូវ​នេះ​មាន​ដូចជា​ ​ពុះ​ដី​ជា​ឡូត៍​លក់​ដោយ​មិន​កាត់ឈ្មោះ​ ​និង​មិន​ធ្វើ​ប្លង់​បំបែក​ក្បាលដី​ជូន​អ្នកទិញ​ឱ្យ​បាន​ស្របច្បាប់​ ​ដោយពេល​ខ្លះ​អ្នក​ពុះ​ដី​ឡូត៍​លក់​នោះ​ ​មិន​មាន​ប្លង់​កម្មសិទ្ធិ​ខ្លួនឯង​ត្រឹមត្រូវ​ ​និង​លក់​ដី​ឡូត៍​ដែល​មិន​ស្របច្បាប់​ទៅ​ឱ្យ​អ្នកទិញ​ ​ហើយ​អ្នក​ពុះ​ដី​ឡូត៍​លក់​ ​ឬ​សាងសង់​ផ្ទះ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ ​និង​អង្គភាព​ពាក់ព័ន្ធ​ត្រឹមត្រូវ​មួយចំនួន​បាន​បង្ក​ទៅជា​ការ​ពុះ​ដី​ឡូត៍​លក់​ ​និង​សាងសង់​ដោយ​អនាធិបតេយ្យ​ដោយ​មិនបាន​គោរព​តាម​ប្លង់​គោល​(​ប្លង​មេ​)​ ​នៃ​ផែនការ​ប្រើប្រាស់​ដី​ ​និង​បទប្បញ្ញត្តិ​នគរូបនីយកម្ម​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ​។​

ដើម្បី​ពង្រឹងគុណភាព​នៃ​ការប្រើ​ប្រាស់​ដីធ្លី​ ​ការគ្រប់គ្រង​ដីធ្លី​ ​និង​សំណង់​ឱ្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​សុវត្ថិភាព​ខ្ពស់​ ​សូម​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​ល្អ​ ​និង​រាយការណ៍​ពី​ស្ថានភាព​បទល្មើស​ជាក់ស្តែង​ឱ្យ​បាន​ទាន់ពេល​វេលា​។​ ​ក្រៅពី​នេះ​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹង​ ​និង​ណែនាំ​ឱ្យ​បាន​ច្បាស់លាស់​ដល់​អ្នក​ដែល​មានបំណង​ ​ឬ​អ្នក​កំពុង​ពុះ​ដី​ឡូត៍​ ​ឬ​សាងសង់​សំណង់ផ្ទះ​សំបែង​ដើម្បី​លក់​ ​ជួល​ ​ឬ​សម្រាប់​រស់នៅ​ដោយខ្លួនឯង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ​ចាំបាច់​ត្រូវ​គោរព​តាម​គោលការណ៍​មួយចំនួន​ដូចជា​ ​1​.​ត្រូវ​សុំច្បាប់​អនុញ្ញាត​ជាមុន​សិន​ ​មុននឹង​សាងសង់​សំណង់​ ​ឬ​ធ្វើការ​ពុះ​ដី​ឡូត៍​របស់​ខ្លួន​ដើម្បី​លក់​ ​ឬ​ដោះដូរ​។​ ​ចំពោះ​នីតិវិធី​ ​ឬ​បែបបទ​នៃ​ការ​សុំច្បាប់​អនុញ្ញាត​ ​ម្ចាស់​សំណើ​ត្រូវ​មក​ទាក់ទង​ជាមួយ​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​ ​ចំណុះ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​សំណង់​ ​និង​សុរិយោដី​ខេត្ត​ ​ឬ​អង្គភាព​ចំណុះ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុសត្រូវ​ ​ដោយ​យោង​តាម​លក្ខណៈ​នៃ​ករណី​ដីធ្លី​ជាក់ស្តែង​ ​ដើម្បី​រៀបចំ​សុំ​ការអនុញ្ញាត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​។​ ​2​.​ដាច់ខាត​ត្រូវ​បិទ​ស្លាក​ ​ឬ​ដាក់​តាំង​បង្ហាញ​ឱ្យ​បាន​ច្បាស់លាស់​អំពី​ទីតាំង​ដី​ឡូត៍​នៅ​លើ​ទីតាំង​ដី​-​ផ្ទះ​ជាក់ស្តែង​ ​និង​នៅ​ការិយាល័យ​លក់​ដី​ ​ឬ​ការដ្ឋាន​តែម្តង​នូវ​ឯកសារ​ស្របច្បាប់​ ​ដែល​បាន​ទទួលការ​អនុញ្ញាត​ឱ្យ​ពុះ​ដី​ឡូត៍​លក់​ ​ឬ​សាងសង់​។​ ​3​.​ ​ត្រូវ​ប្រគល់​ជូន​អតិថិជន​នូវ​ឯកសារ​បញ្ជាក់​ចម្លង​ពី​ច្បាប់ដើម​នៃ​លិខិតអនុញ្ញាត​ស្របច្បាប់​ពី​អង្គភាព​ទទួលខុសត្រូវ​ឱ្យ​ពុះ​ដី​ឡូត៍​លក់​ ​ឬ​ឱ្យ​សាងសង់​នៅ​លើ​ដី​ ​ឬ​ផ្ទះ​នោះ​ ​ដូចជា​អាជ្ញាប័ណ្ណ​ ​ឬ​លិខិតអនុញ្ញាត​ច្បាប់​ ​និង​បណ្ណ​-​កម្មសិទ្ធិ​ដីធ្លី​ ​ព្រមទាំង​លិខិតស្នាម​ ​ឬ​ឯកសារ​ពាក់ព័ន្ធ​ចាំ​បាច់​ផ្សេង​ៗ​ទៀត​។

​លោក​ ​នឹម​ ​នី​រ៉ា​ដេ​ត​ ​អភិបាលស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​ជាទី​តាំង​ជាយក្រុង​ដែល​កំពុង​មាន​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​យ៉ាង​ផុលផុស​នោះ​បាន​មានប្រសាសន៍​ថា​ ​កន្លងមក​មិន​មាន​ករណី​ពុះ​ដី​ឡូត៍​លក់​ខុសច្បាប់​នោះ​ទេ​ ​គ្រាន់តែ​ថា​ ​ម្ចាស់ដី​ឡូត៍​មួយចំនួន​ ​គាត់​ពុះ​ដី​ខ្លួនឯង​ច្រៀក​ជា​ឡូត៍​ដោយ​វាស់​ម៉ែត្រ​ខ្លួនឯង​ ​ហើយ​យក​ឯកសារ​មក​ឱ្យ​សាលាស្រុក​ចុះហត្ថលេខា​ទទួលស្គាល់​ ​ដូច្នេះ​ស្រុក​មិន​ហ៊ាន​ចុះហត្ថលេខា​ទទួលស្គាល់​នោះ​ទេ​ ​ដែល​ការណ៍​នេះ​តម្រូវ​ឱ្យ​អ្នក​ពុះ​ដី​ឡូត៍​ត្រូវ​សុំច្បាប់​អនុញ្ញាត​ជាមុន​ ​ហើយ​ស្រុក​នឹង​បញ្ជូន​មន្ត្រី​សុរិយោដី​ឱ្យ​ចុះទៅ​ពិនិត្យ​និយាម​ការ​បាញ់​ប្លង់​ដោយ​បច្ចេកទេស​ប្រព័ន្ធGPS​ ​ដើម្បី​ឱ្យ​ការ​ពុះ​ដី​ជា​ឡូត៍​នោះ​មាន​ភាព​សុក្រឹត​តាម​ស្តង់ដារ​ច្បាប់​ច្បាស់លាស់​។​ ​លោក​បន្ត​ថា​ ​សម្រាប់​ការិយាល័យភូមិបាល​ស្រុក​មានសមត្ថកិច្ច​ផ្តល់​ច្បាប់​អនុញ្ញាត​ត្រឹម5,000ម៉ែត្រការ៉េ​ចុះក្រោម​ ​ចំណែក​ខេត្ត​មានសមត្ថកិច្ច​ផ្តល់​ច្បាប់​អនុញ្ញាត​ត្រឹម​ ​30,000​ ​ម៉ែត្រការ៉េ​ចុះក្រោម​ ​លើស​ពីនេះ​ត្រូវ​សុំច្បាប់​អនុញ្ញាត​ពី​ក្រសួង​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ស្នើសុំ​ឱ្យ​អ្នក​ពុះ​ដី​ឡូត៍​ ​ឬ​សាងសង់​សំណង់ផ្ទះ​លក់​ ​ត្រូវ​គោរព​អនុក្រឹត្យ​នៃ​ការ​អភិវឌ្ឍ​ដី​ ​ពិសេស​ដី​ឡូត៍​ទំហំ​ធំ​លើស​ពី5ហិ​ក​តា​ឡើង​ទៅ​ ​ត្រូវ​ធ្វើ​សួនច្បារ​ ​និង​មានផ្លូវ​ធំ​ទូលាយ​ ​ជាពិសេស​ត្រូវ​ទុក​ផ្លូវ​នៅ​ចំ​ច្រក​ឌឿងហែម​ឱ្យ​បាន​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរ​ណ៍​ផ្សេង​ៗ​ផង​។

​រាល់​ករណី​ដែល​អ្នកប្រើ​ប្រាស់​ដី​ប្រព្រឹត្ត​ល្មើស​ខុសពី​ការណែនាំ​ខាងលើ​ ​ឬ​ធ្វើការ​ធ្វេសប្រហែស​ដោយ​មិន​យកចិត្ត​ទុកដាក់​ ​ឬ​ការ​ឱ្យដៃ​ពីសំណាក់​អាជ្ញាធរ​ ​ឬ​អង្គភាព​ពាក់ព័ន្ធ​ណាមួយ​ជាមួយនឹង​ម្ចាស់ដី​ ​ឬ​អ្នកទទួល​សិទ្ធិ​ប្រើប្រាស់​ដី​ក្នុង​ការ​ពុះ​ដី​ឡូត៍​លក់​ ​ឬ​សាងសង់​សំណង់​លំនៅឋាន​ដោយ​មិន​ស្របច្បាប់​នោះ​ ​នឹង​ត្រូវ​ចាត់វិធានការ​ពិន័យ​ ​ឬ​ទទួលទោស​តាមច្បាប់​ជាធរមាន​។​

លោក​ ​ភឿង​ ​ប៊ន​ ​អ្នក​ពុះ​ដី​ឡូត៍​លក់​នៅ​ស្រុក​អង្គស្នួល​មានប្រសាសន៍​គាំទ្រ​ទៅ​នឹង​សេចក្តី​ប្រកាស​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​ក៏ដូចជា​ស្រុក​-​ខណ្ឌ​ដែរ​ដោយ​លោក​អះអាង​ថា​ ​ការប្រកាស​រឹត​បន្តឹង​ច្បាប់​នេះ​ធ្វើឡើង​ក្នុង​គោលការណ៍​ការពារ​ច្បាប់​ទាំងសងខាង​ ​ទាំង​អ្នកលក់​ ​និង​អ្នកទិញ​ ​ចៀសវាង​បង្ក​បញ្ហា​ទៅ​ថ្ងៃ​អនាគត​៕

Advertisement