ផ្លែក្រូច​ពោធិ៍សាត់​ចង់​ស្វែងរក​ការ​ក្លាយជា​ផ្លែឈើ​សម្គាល់​ភូមិសាស្ត្រ

ជាមួយនឹង​ការសិក្សា​មួយ​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​ដើម្បី​កំណត់​ថា​ តើ​ពួកគេ​សមនឹង​ទទួល​បានការ​កំណត់​ ឬយ៉ាងណា​នោះ​ ផ្លែក្រូច​ពោធិ៍សាត់​ដែល​បាន​ដាំដុះ​នៅ​ខេត្តពោធិ៍សាត់​ និង​ខេត្តបាត់ដំបង​អាច​នឹង​ក្លាយជា​ផលិតផល​កសិកម្ម​កម្ពុជា​បន្ទាប់​ ដើម្បី​ទទួល​បាន​នូវ​ចំណាត់ថ្នាក់​ជា​ផ្លែឈើ​សម្គាល់​ភូមិ​សា​ស្ដ្រ (Geographical​ Indication​ ឬ GI​)។

ក្រុម​អ្នកឯកទេស​បាន​និយាយ​ថា​ ការ​ទទួល​បាន​ផ្លាក​សញ្ញា​ GI​ នឹងអាច​ការពារ​កេរ្តិ៍ឈ្មោះ​ និង​រសជាតិ​របស់​ផលិតផល​ផ្លែក្រូច​ ខណៈ​ដែល​ផ្លែក្រូច​ពោធិ៍សាត់​នេះ​ត្រូវ​បាន​ដាំដុះ​យ៉ាងច្រើន​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​នៅក្នុង​ខេត្តពោធិ៍សាត់​ និង​ខេត្តបាត់ដំបង​ដែល​បាន​ជួយ​បង្កើន​ប្រាក់ចំណូល​ដ៏​ច្រើន​ដល់​កសិករ​ដែល​បាន​ដាំដំណាំ​នេះ​។

ចំពោះ​បំណង​នេះ​ក្រសួង​ពាណិជ្ជកម្ម​ និង​អ្នក​ដាំដុះ​ដំណាំ​ក្រូច​កំពុង​ពិចារណា​លើ​ការបង្កើត​ជាស​មា​គម​មួយ​ឈ្មោះថា​ “សមាគម​ផ្លែក្រូច​ពោធិ៍សាត់​ – បាត់ដំបង​” ហើយ​សង្ឃឹមថា​ នឹង​ទទួល​បាន​ជា​ផ្លែឈើ​ចុះបញ្ជី​ផលិតផល​ GI​។

តាមពិត​ផលិតផល​ទាំងអស់​នេះ​មាន​សក្តា​នុ​ពល​ ប៉ុន្តែ​ពួកគេ​មិនដឹង​ថា​ តើ​ក្រសួង​ពាណិជ្ជកម្ម​នឹង​គាំទ្រ​បេក្ខភាព​សម្រាប់​ GI​ ដែរ​ឬទេ​?។ ជាអាទិភាព​សមាគម​នេះ​ត្រូវ​សិក្សា​ពី​លទ្ធភាព​ដែល​ពួកគេ​កំពុង​ធ្វើ​។ ដោយសារ​កេរ្តិ៍ឈ្មោះ​នៃ​ផ្លែក្រូច​ និង​ការ​គាំទ្រ​ពី​ក្រសួង​ពាណិជ្ជកម្ម​ ក្រូច​ពោធិ៍សាត់​ដែល​ដាំដុះ​នៅ​ពោធិ៍សាត់​ និង​បាត់ដំបង​ គឺ​អាច​នឹង​ក្លាយជា​បេក្ខជន​ដ៏​ខ្លាំងក្លា​ក្នុង​ការ​ទទួល​បានការ​ចុះបញ្ជី​ជា​ផលិតផល​ GI​ នេះ​។ អ្នកឯកទេស​ស្តង់​ដា​គុណភាព​ផលិតផល​កសិកម្ម​បានឱ្យ​ដឹង​ថា​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​ the​ World​ Intellectual​ Property​ Organisation​ (WIPO​) ទំនងជា​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ក្រ​សួង​ការបរទេស​ផង​ដែរ​ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ GI​ សម្រាប់​ផ្លែឈើ​កម្ពុជា​។

លោក​ ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរ​កសិកម្ម​ ខេត្តពោធិ៍សាត់​បាន​មានប្រសាសន៍​ប្រាប់​កាសែត​ឡា​រ៉ែ​នថា​៖ “កាលពី​អំឡុង​ខែមុន​ មានការ​ធ្វើ​សិក្ខាសាលា​មួយ​របស់​កសិករ​អ្នក​ដាំដំណាំ​ក្រូច​ពោធិ៍សាត់​ និង​បាត់ដំបង​ ដោយមាន​ការ​អញ្ជើញ​ពី​ក្រុម​អ្នក​ផលិត​ និង​ជា​សមាគម​ចាស់​មួយ​។ សមាគម​នោះ​ចង់​ផ្លាស់​ឈ្មោះ​តែ​មិន​អាច​ធ្វើការ​សម្រេចចិត្ត​លើ​ការ​ចុះឈ្មោះ​ផលិតផល​ក្រូច​ពោធិ៍សាត់​បានទេ​”។

លោក​ប្រធានមន្ទីរ​បានឱ្យ​ដឹង​ថា​៖ ក្រូច​របស់​យើង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ និង​ទទួល​បានផល​ប្រយោជន៍​ពី​ការ​រីកចម្រើន​ដ៏​ធំ​ដោយ​សារ​គ្មាន​សារធាតុគីមី​ ដោយ​បច្ចុប្បន្ន​នៅក្នុង​ខេត្តពោធិ៍សាត់​យើង​មាន​ចម្ការ​ក្រូច​ប្រមាណ​ជា​ 5,000​ ហិ​កតា​ដែល​កំពុង​ទទួលផល​។លោក​វិសិដ្ឋ​បាន​បញ្ជាក់​ថា​ “ប្រសិនបើ​ការ​ទទួល​បាន​វិញ្ញាបនបត្រ​ GI​ ផលិតផល​ក្រូច​ពោធិ៍សាត់​នឹង​ជួយ​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​របស់​ផ្លែក្រូច​ខ្មែរយើង​នៅ​បរទេស​ ទោះបីជា​ផ្លែក្រូច​របស់​យើង​ភាគច្រើន​ត្រូវ​បាន​គេ​លក់ដូរ​តែ​នៅក្នុង​ស្រុក​ក៏​ពិតមែន​ តែ​យើង​ក៏បាន​នាំចេញ​ទៅ​ប្រទេស​ថៃ​ខ្លះ​ៗដែរ​”។

លោក​ ឡាយ​ វិសិដ្ឋ​ បាន​មានប្រសាសន៍​ទៀត​ថា​៖ “បញ្ហា​ប្រឈម​ធំ​បំផុត​ក្នុង​ការ​ទទួល​បានការ​ចុះបញ្ជី​ GI​ នេះ​ គឺ​ត្រូវ​សម្រេច​លើ​ឈ្មោះ​ដែល​ត្រូវ​ប្រើ​ដើម្បី​ចុះបញ្ជី​ជាមុន​សិន​”។ លោក​បាន​បន្ត​ថា​ ក្នុងអំឡុងពេល​សិក្ខាសាលា​ជាមួយ​អ្នក​ដាំ​ក្រូច​ពោធិ៍សាត់​ និង​បាត់ដំបង​កាលពី​ខែមុន​ ពួកគេ​មិនទាន់​អាច​ធ្វើការ​សម្រេចចិត្ត​លើ​ឈ្មោះ​ផលិតផល​នេះ​បាន​នៅឡើយ​ ព្រោះ​អ្នក​ដាំ​ក្រូច​មក​ពី​ខេត្តពោធិ៍សាត់​ទាមទារ​ថា​ គួរតែ​ដាក់ឈ្មោះ​ថា​“ក្រូច​ពោធិ៍សាត់​”ខណៈ​ដែល​អ្នក​ដាំ​មក​ពី​ខេត្តបាត់ដំបង​ចង់​ហៅថា​“ផ្លែក្រូច​ពោធិ៍សាត់​-បាត់ដំបង​”។ លោក​បាន​បន្ថែម​ថា​ ការសម្រេច​ចិត្ត​ចុងក្រោយ​នៅ​លើ​ប្រធានបទ​នេះ​នឹង​ធ្វើឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​”។

ឯកឧត្តម​ ស៊ាង​ ថៃ​ អនុរដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ឡា​រ៉ែ​នថា​៖ “លោក​សុំ​បញ្ជាក់​ជូន​ថា​ ការ​សុំ​ចុះបញ្ជី​នេះ​ទាល់តែ​មាន​គ្រប់​លក្ខខណ្ឌ​ដែលគេ​បាន​កំណត់​យ៉ាង​ត្រឹមត្រូវ​ មិនមែន​គ្រាន់តែ​ដាក់ពាក្យ​ស្នើសុំ​ ហើយ​គេ​ចុះបញ្ជី​ឱ្យ​ទេ​។ ឧទាហរណ៍​ដូចជា​ម្រេច​កំពត​ ដែល​យើង​បាន​ចុះGIហើយ​ ក្រូចថ្លុង​កោះទ្រង់​ខេត្តក្រចេះ​ ស្ករត្នោត​ខេត្ត​កំពង់ស្ពឺ​ដែល​ក្រសួង​ផ្តល់GI​ នោះ​ សុទ្ធតែ​មា​នភា្ជប់​លក្ខខណ្ឌ​ទាំងអស់​”។

ឯកឧត្តម​អនុរដ្ឋ​លេខា​បាន​បញ្ជាក់​ដែរ​ថា​ ដូច្នេះ​ក្រូច​ពោធិ៍សាត់​ដែល​គាត់​នឹង​ដាក់​មក​ក្រសួង​នេះ​ត្រូវ​កំណត់​ថា​ វា​ស្ថិតនៅ​ភូមិសាស្ត្រ​តំបន់​ណា​ ខេត្ត​ណា​ ជា​លក្ខណៈ​បច្ចេកទេស​ដែល​ត្រូវការ​សិក្សា​វិភាគ​ពី​ស្ថានភាព​ដី​ និង​ទីតាំង​តំបន់​ជាដើម​។ តែម​កដល់ពេល​នេះ​ក្រសួង​ពុំ​ទាន់បាន​ទទួលពាក្យ​សុំ​ពី​សមាគម​ដែល​មាន​គម្រោង​ស្នើសុំ​នោះ​នៅឡើយ​ទេ​៕

Advertisement