ដី​ក្នុង​ឃុំ​ចំនួន20​ ​ដែល​បាន​កាត់​ចូល​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ​កំពុង​ឡើង​ថ្លៃ​ក្រឺត​ៗ​

ដី​នៅក្នុង​ឃុំ​ចំនួន20​ ​ដែល​ស្ថិត​ក្នុង​ស្រុក​ចំនួន5​ ​របស់​រដ្ឋបាល​ខេត្តកណ្តាល​ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ចូលក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ​កំពុង​មានតម្លៃ​កើនឡើង​គួរ​កត់សម្គាល់​ ​ខណៈ​ដែល​សំណង់​អគារ​ផ្ទះល្វែង​ ​និង​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​កំពុងតែ​ហៀរ​ទៅកាន់​តំបន់​ទាំងនោះ​។​

​យោង​តាម​ទិន្នន័យ​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​បង្ហាញថា​ ​ឃុំ​ទាំង20​ ​ក្នុង​ស្រុក​ទាំង5​ ​របស់​ខេត្តកណ្តាល​ដែល​ត្រូវ​កាត់​ចូល​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នោះ​រួមមាន​៖​ ​1​.​ឃុំ​ចំនួន3ដែល​ត្រូវ​កាត់ចេញ​ពី​ភូម​សាស្ត្រ​ស្រុក​ពញាឮ​ចូល​មក​ខណ្ឌ​សែនសុខ​ ​រួមមាន​ ​ឃុំ​ពញា​ពន់​ ​ឃុំ​ព្រែកព្នៅ​ ​និង​ឃុំ​សំរោង​។​ ​2​.​ ​ឃុំ​ចំនួន2​ ​កាត់ចេញ​ពី​ស្រុក​មុខកំពូល​ ​បញ្ចូល​មក​ក្នុង​ខណ្ឌ​ឬស្សី​កែវ​ ​រួមមាន​ ​ឃុំ​កោះដាច់​ ​និង​ឃុំ​បាក់ខែង​។​ ​3​.​ ​ឃុំ​ចំនួន4​ ​ដែល​ត្រូវ​កាត់ចេញ​ពី​ស្រុក​កៀនស្វាយ​ ​ត្រូវ​បាន​បញ្ចូល​មក​ក្នុង​ខណ្ឌមានជ័យ​ ​រួមមាន​ឃុំ​វាលស្បូវ​ ​ឃុំ​ព្រែកឯង​ ​ឃុំ​ក្បាលកោះ​ ​ឃុំ​ព្រែកថ្មី​។​ ​4​.​ ​ឃុំ​ចំនួន11​ ​ដែលកាត់​ចេញពី​ស្រុក​កណ្តាល​ស្ទឹង​ ​និង​ត្រូវ​បញ្ចូល​មករ​ដ្ឋ​បាល​ខណ្ឌដង្កោ​ ​រួមមាន​ឃុំ​ព្រែក​កំពឹស​ ​ឃុំ​ស្ពានថ្ម​ ​ឃុំ​ទៀន​ ​ឃុំ​រលួស​ ​ឃុំ​គង​នយ​ ​និង5​.​ ​ឃុំ​ចំនួន5​ ​ត្រូវ​កាត់ចេញ​ពី​ស្រុក​អង្គស្នួល​ ​ចូល​មក​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​រួមមាន​ឃុំ​ពន្សាំង​ ​ឃុំ​ស្នោ​ ​ឃុំ​ឪឡឹក​ ​ឃុំ​បឹងធំ​ ​ឃុំ​កំបូល​ ​និង​ឃុំ​កន្ទោក​។​

លោក​ ​ឌឹត​ ​ចណ្ណា​ ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី​ ​បាន​មានប្រសាសន៍​ថា​ ​ដី​នៅ​តំបន់​ជាយក្រុង​មានតម្លៃ​កើនឡើង​គ្រប់ទិស​ទាំងអស់​ ​មិនថា​ទិសខាងលិច​ ​ខាងកើត​ ​ឬ​ខាងត្បូង​ ​និង​ខាងជើង​នោះ​ទេ​ ​គ្រាន់តែ​ថា​ ​តំបន់​ខ្លះ​ឡើង​លឿន​ ​និង​តំបន់​ខ្លះ​ឡើង​យឺត​ប៉ុណ្ណោះ​។​ ​លោក​បន្ត​ថា​ ​តំបន់​ដែល​ឡើង​លឿន​ជាងគេ​ ​គឺជា​តំបន់​ដែល​មា​នប​ណ្តុំ​រោងចក្រ​ឧស្សាហកម្ម​ច្រើន​ ​ដូចជា​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ3​ ​និង​ផ្លូវជាតិ​លេខ4​ ​ចំណែក​ឯ​ដី​នៅ​តាមផ្លូវ​ជាតិ​លេខ6​ ​និង​ដី​នៅ​តាមផ្លូវ​ជាតិ​លេខ1​ ​និង​លេខ2​ ​វិញ​ក៏​តម្លៃ​មានការ​កើនឡើង​ខ្លាំង​ផង​ដែរ​ ​ខណៈ​ដែល​សំណង់​អគារ​ផ្ទះល្វែង​កំពុង​រីក​ដុះដាល​ខ្លាំង​ទៅ​ទីនោះ​។​

​លោក​បញ្ជាក់​ថា​ ​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ពិសេស​ដី​នៅ​តាមផ្លូវ​ក្រវាត់ក្រុង​ទី3​ ​តម្លៃ​ដី​កំពុង​មាន​សម្ទុះ​កើនឡើង​ ​ដោយសារតែ​អាជ្ញាធរ​រាជធានី​កំពុង​រៀបចំផែនការ​រំកិល​រោងចក្រ​ចេញពី​ក្នុង​ក្រុង​ទៅ​នៅ​តំបន់​ជាយក្រុង​វិញ​ ​ជាពិសេស​នៅ​តាមផ្លូវ​ក្រវាត់ក្រុង​ទី3​ ​ផ្លូវជាតិ​លេខ3​ ​និង​ផ្លូវជាតិ​លេខ4​ ​តែម្តង​ ​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​កំពង់ផែ​ ​សមុទ្រ​ដើម្បី​នាំចេញ​ទៅក្រៅ​ប្រទេស​។​ ​ចំណែក​ផ្លូវជាតិ​លេខ6​ ​សំណង់​លំនៅឋាន​ខ្នាត​ធំៗ​ ​បាន​កើតឡើង​ព្រោងព្រាត​ចាប់ពី​គល់​ស្ពាន​ជ្រោយ​ចង្វា​រ​រហូតដល់​ផ្សារ​ព្រែកអញ្ចាញ​ក្បែរ​ស្ពាន​ព្រែកតាមាក់​ឯណោះ​។​

​បើ​ក្រឡេក​មើលផ្លូវ​ជាតិ​លេខ1វិញ​ ​សំណង់​លំនៅឋាន​បាន​កើតឡើង​ច្រើន​ចាប់តាំងពី​គល់​ស្ពាន​ច្បារអំពៅ​ ​រហូត​ជិតដល់​សាលាស្រុក​កៀនស្វាយ​ឯណោះ​ ​និង​ផ្លូវជាតិ​លេខ2​ ​ក៏​កើតមាន​សំណង់ផ្ទះ​ល្វែង​ច្រើន​ដូចគ្នា​ដែរ​ ​គឺ​ចាប់ពី​ផ្សារ​តាខ្មៅ​ចាស់​ ​រហូតដល់​ស្រុក​ស្អាង​ឯណោះ​។​

​កត្តា​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅ​ទីកន្លែង​ទាំងអស់​នោះ​កើនឡើង​ ​គឺ​ដោយសារ​អ្នក​វិនិយោគ​ជាច្រើន​ ​មិនថា​អ្នក​វិនិយោគ​ក្នុង​ ​ឬ​ក្រៅប្រទេស​នោះ​ទេ​ ​ពួកគេ​បាន​បោះទុន​វិនិយោគ​ក្នុងទឹក​ប្រាក់​ជាច្រើន​ដើម្បី​ទិញ​ដី​សង់ផ្ទះ​ល្វែង​ ​សង់​ខុន​ដូ​ ​ឬ​ទិញ​ដី​ពុះ​ជា​ឡូត៍​លក់​ដើម្បី​បាន​ប្រាក់​ត្រឡប់មកវិញ​លឿន​ ​ព្រោះ​ពួកគាត់​គិតថា​ ​សង់​សំណង់​លំនៅ​ដ្ឋាន​នៅ​ជាយក្រុង​មានតម្លៃ​ធូរ​ថ្លៃ​ ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ទិញ​ច្រើន​ ​លក់​ឆាប់​ដាច់​ ​ហើយ​ចំណេញ​ប្រាក់​ត្រឡប់មកវិញ​បាន​លឿន​ទៀតផង​។

​ម្យ៉ាងទៀត​រដ្ឋាភិបាល​ ​បាន​កំពុង​យកចិត្ត​ទុកដាក់​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ​កសាង​ជួសជុល​ឡើងវិញ​នូវ​ផ្លូវជាតិ​សំ​ខាន់​ៗ​ ​និង​រៀបចំផែនការ​ពង្រីក​ផ្លូវ​ចាក់​បេតុង​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​ ​លើស​ពីនេះ​ដោយសារតែ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​មានការ​កើនឡើង​កាន់តែ​ប្រសើរ​ ​ដែល​ធ្វើ​ឱ្យ​ពួកគាត់​មានលទ្ធភាព​ទិញ​ដី​នៅ​ជាយក្រុង​ដែល​មានតម្លៃ​សមរម្យ​ ​ឬ​ធូរ​ថ្លៃ​ ​មានលទ្ធភាព​ក្នុង​ការសាងសង់​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន​ជា​ជាង​ជូល​ផ្ទះ​គេ​នៅ​។​ ​

​ចំពោះ​ទស្សនវិស័យ​ទៅ​ថ្ងៃ​អនាគត​ ​តម្លៃ​ដី​នៅតែ​មាន​កំណើន​ឡើងជា​និច្ច​ ​ប្រសិនបើ​សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​បែបនេះ​។​ ​លោក​ ​ចណ្ណា​ ​បញ្ជាក់​ថា​ ​ការ​កើនឡើង​នូវ​តម្លៃ​ដី​ ​គឺ​អាស្រ័យ​ទៅលើ​ការប្រែប្រួល​នៃ​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ផង​ដែរ​ ​បើសិនជា​សេដ្ឋកិច្ច​កើនឡើង​ ​វា​នឹង​រុញច្រាន​ឱ្យ​វិស័យ​អចលនទ្រព្យ​កើនឡើង​ដែរ​ ​ប៉ុន្តែ​បើ​សេដ្ឋកិច្ច​នៅ​ទ្រឹង​តម្លៃ​អចលនទ្រព្យ​ក៏​នឹង​នៅ​ទ្រឹង​ទៅតាម​នោះ​ដែរ​៕​

Advertisement