ដាំ​ដើម​អម្ពិល​យក​ត្រួយ​លក់​ ងាយស្រួល​ថែទាំ​ ហើយ​រក​ប្រាក់ចំណូល​បាន​រាល់ថ្ងៃ​

ការ​ដាំដំណាំ​កសិកម្ម​ កសិករ​មិន​ត្រូវ​ធ្វើតាម​ទម្លាប់​តៗ​គ្នា​បែប​សម័យ​បុរាណ​នោះ​ទេ​ ពោល​គឺ​ មុន​ដាំដុះ​ដំណាំ​ប្រភេទ​ណាមួយ​ កសិករ​គួរតែ​ក្រ​ឡេ​កមើល​តម្រូវការ​ទីផ្សារ​ជាមុន​សិន​ ទើប​ងាយ​ស្រួល​លក់​កសិផល​របស់​ខ្លួន​ និង​រកចំណូល​ចូល​គ្រួសារ​បាន​ច្រើន​ផង​។ ចៀសវាង​ដាំដំណាំ​បន្លែ​ដូច​ៗគ្នា​ ហើយ​បានផល​ក្នុង​ពេល​តែមួយ​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​បន្លែ​នោះ​មានការ​ចាល់​ច្រើន​នៅក្នុង​ទីផ្សារ​ ធ្វើ​ឱ្យ​តម្លៃ​ធ្លាក់ចុះ​ និង​ជួនកាល​ផលិតផល​កសិកម្ម​នោះ​ត្រូវ​ចាក់​គរ​ចោល​ លក់​មិន​ចេញ​នៅ​លើ​ទីផ្សារ​ទៀតផង​។

ដោយឡែក​លោកអ៊ំ​ ប្រាក់​ សុ​មុ​ន្នី​ កសិករ​វ័យ​ចំណាស់​ រស់នៅ​ក្នុង​ភូមិ​កោះ​គរ​ ឃុំ​រកា​រខ្ពស់​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ដែល​បាន​ដាំ​ដើម​អម្ពិល​ដើម្បី​បេះ​យក​ត្រួយ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​ 40អា​ បាន​មានប្រសាសន៍​ថា​ មុននឹង​ចាប់ផ្តើម​ប្រកបរបរ​ដាំ​ដើម​អម្ពិល​បេះ​យក​ត្រួយ​លក់​នេះ​ លោកអ៊ំ​មិនមែន​ចេះ​តែ​ដាំដុះ​តាម​ការ​នឹកឃើញ​ តាមចំណង់​ចំណូលចិត្ត​ ឬដាំ​តៗ​គ្នា​នោះ​ទេ​ ពោល​គឺ​ដោយសារ​លោកអ៊ំ​មើល​ឃើញ​ពី​តម្រូវការ​ទីផ្សារ​ត្រួយ​អម្ពិល​ដែល​មាន​ជា​ប្រចាំ​ និង​មាន​អ្នក​បរិភោគ​ជាប់​រហូត​នោះ​ ទើប​លោក​អ៊ំ​សម្រេចចិត្ត​ដាំដំណាំ​បន្លែ​ម្ជូរ​នេះ​នៅ​លើ​ផ្ទៃដី​ដែល​មាន​ទំហំ​ដូច​ខាងលើ​កាលពី​ជាង​ 2ឆ្នាំមុន​។

លោកអ៊ំ​បាន​រៀបរាប់​ថា​ ដោយសារ​ឃើញ​មាន​តម្រូវការ​លើ​ទីផ្សារ​ច្រើន​ និង​ស្រប​ពេល​ដែល​វ័យ​កាន់តែ​ចាស់​ផង​នោះ​ លោកអ៊ំ​ក៏​ចាប់ផ្តើម​បណ្តុះ​កូនដើម​អម្ពិល​ប្រមាណ​ជាង​ 1,500ដើម​ រួច​យក​ទៅ​ដាំ​នៅ​លើ​ដី​ដែល​មាន​ទំហំ​ 40អា​នៅ​ក្បែរ​ផ្ទះ​ រហូត​ដល់​ដើម​អម្ពិល​ទាំងនោះ​អាយុ​បាន​ 2ឆ្នាំ​កន្លះ​ វា​ក៏​ចាប់ផ្តើម​ឱ្យ​ផល​យ៉ាង​ពេញដៃ​ ដោយ​អាច​បេះ​បាន​រាល់ថ្ងៃ​ចន្លោះ​ពី8​ ទៅ10គីឡូក្រាម​ក្នុង​មួយថ្ងៃ​ដើម្បី​យក​បោះ​ឱ្យ​ម៉ូយ​នៅ​តាម​ផ្សារ​ផ្សេង​ៗ ដូចជា​ផ្សារ​តាខ្មៅ​ ផ្សារ​ឈូក​លាភ​ ផ្សា​រសិ​ត្បូរ​ និង​ផ្សារ​ព្រែ​កឡុង​ក្នុង​ស្រុក​ស្អាង​ជាដើម​ ដែល​ក្នុង1គីឡូក្រាម​លោកអ៊ំ​អាច​លក់​បោះ​ដុំ​បាន​តម្លៃ​ចាប់ពី​ 8,000​ ទៅ10,000រៀល​ ដូច្នេះ​បើ​គិតទៅ​ក្នុង​ 1ថ្ងៃ​លោកអ៊ំ​អាច​រកចំណូល​ចូល​គ្រួសារ​បាន​ចាប់ពី​ 8ម៉ឺន​រៀល​ ទៅដល់10ម៉ឺន​រៀល​ឯណោះ​។

ដោយសារតែ​មាន​វ័យ​ចំណាស់​ អាយុ​ជាង​ 60​ប្លាយ​ទៅ​ហើយ​នោះ​ លោកអ៊ំ​មិនបាន​ដាំដំណាំ​ណា​ដែល​តម្រូវ​ឱ្យ​មានការ​ថែទាំ​ខ្លាំង​នោះ​ទេ​ ពោល​គឺ​លោកអ៊ំ​ជ្រើសរើស​ធ្វើ​របរ​កសិកម្ម​ដាំ​ដើម​អម្ពិល​យក​ស្លឹក​ត្រួយ​ៗលក់​នេះ​ដោយសារតែ​ដំណាំ​នេះ​មិនបាន​តម្រូវ​ឱ្យ​មានការ​ថែទាំ​ច្រើន​ មិន​មានការ​លំបាក​ក្នុង​ការ​ការពារ​សត្វល្អិត​ចង្រៃ​នោះ​ទេ​ គឺ​គ្រាន់​តែ​រៀបចំ​ប្រព័ន្ធ​ទុយោ​ទឹក​ដើម្បី​ទុក​ស្រោចស្រព​នៅ​រដូវប្រាំង​ពេល​ដែល​មេឃ​រាំងភ្លៀង​ ដើម្បី​ឱ្យ​ដើម​អម្ពិល​អាច​លាស់​ត្រួយ​ជាប្រចាំ​ និង​បេះ​លក់​បាន​រាល់ថ្ងៃ​ ហើយ​ការងារ​ប្រភេទ​នេះ​ ហាក់បីដូចជា​ការហាត់ប្រាណ​ផង​ដែរ​ ដោយ​ត្រូវ​ដើរ​បេះ​ត្រួយ​អម្ពិល​លក់​រាល់ថ្ងៃ​ ឱន​ងើប​ៗ ធ្វើ​ឱ្យ​សរសៃសសូង​ និង​រាងកាយ​មនុស្សចាស់​ដំណើរការ​បាន​ល្អ​ សុខ​ភាពរឹងមាំ​មិនសូវ​ឈឺថ្កាត់​ទៀតផង​។

កសិករ​វ័យ​ចំណាស់​ខាងលើ​បាន​រៀបរាប់​ថា​ កសិករ​មួយចំនួន​ គាត់​យក​គ្រាប់អម្ពិល​ទៅ​បាច​នៅ​លើ​ដី​ដើម្បី​ឱ្យ​កូន​អម្ពិល​លូតលាស់​ឡើង​រួច​កាត់​យក​ត្រួយ​ទៅ​លក់​តែម្តង​។ តែ​សម្រាប់​ចម្ការ​អម្ពិល​របស់​លោកអ៊ំ​វិញ​ មាន​បច្ចេកទេស​ដាំដុះ​ផ្សេង​ពីនោះ​ និង​មិន​ដាំ​ដូច្នេះ​ទេ​។ មុនដំបូង​លោកអ៊ំ​យក​គ្រាប់​អម្ពិល​ទៅ​សាប​នៅ​លើ​ថ្នាល​ ដាក់ជី​ស្រោចទឹក​រាល់​ថ្ងៃ​ដើម្បី​ឱ្យ​វា​ដុះ​កូន​ឡើង​។ លុះ​បណ្តុះ​បាន​រយៈពេល​3ខែ​ កូន​អម្ពិល​មាន​កម្ពស់​ប្រហែល​ 3ទៅ​ 4តឹក​ហើយ​លោកអ៊ំ​ចាប់ផ្តើម​យកកូន​អម្ពិល​ទៅ​ដាក់ដាំ​នៅ​លើ​រង​នី​មួយ​ៗ ដែល​មាន​គម្លាត​ឆ្ងាយ​ពីគ្នា​ប្រមាណ​ជា​ 2ម៉ែត្រ​ 4ជ្រុង​ក្នុង​ 1ដើម​(2ម៉ែត្រ​មួយ​) ដើម្បី​ឱ្យ​វា​ងាយ​ស្រួល​លូតលាស់​ឡើង​។ លោកអ៊ំ​បន្ត​ថា​ ក្រោយពី​ដាក់ដាំ​រួច​ កសិករ​មិន​ចាំបាច់​លំបាក​ថែទាំ​ទេ​ គ្រាន់តែ​ស្រោចទឹក​ឱ្យ​កូន​អម្ពិល​ចាប់​ឫស​ដំបូង​ ដើម្បី​ឱ្យ​វា​លូតលាស់​ល្អ​រួចហើយ​ បន្ទាប់មក​ទើប​រយៈពេល​ 1សប្តាហ៍​ ទៅ10ថ្ងៃ​សឹម​ស្រោចទឹក​ម្តង​ ដើម​អម្ពិល​នឹង​ចាប់ផ្តើម​លូតលាស់​ធំឡើង​បន្តិច​ម្តង​ៗ រហូត​ដល់​មាន​កម្ពស់​ត្រឹម​ដើមទ្រូង​ ទើប​គេ​ត្រូវ​កាត់​ត្រួយ​ចោល​ម្ដង​ដើម្បី​កុំឱ្យ​វា​លូត​កម្ពស់​ខ្ពស់​ពេក​ នាំ​ឱ្យ​លំបាក​ឈោង​បេះ​ត្រួយ​យក​ទៅ​លក់​។ លុះដល់​អាយុ​បាន​ 2ឆ្នាំ​កន្លះ​ ដើម​អម្ពិល​នឹង​ចាប់ផ្ដើម​ចេញ​ត្រួយ​ច្រើន​ អាច​បេះ​លក់​បា​នប​ណ្តើរៗ​ ដែល​ពេល​នោះ​យើង​អាច​ប្រមូល​ផល​បាន​រាល់ថ្ងៃ​ និង​អាច​រក​ចំណូល​ចូល​គ្រួសារ​បាន​ជា​រៀងរាល់ថ្ងៃ​មិន​ចេះ​រីងស្ងួត​ឡើយ​។

លោក​ ឈឿង​ ឆូ​ មេឃុំ​រកាខ្ពស់​បាន​ថ្លែង​កោត​សរសើរ​ ចំពោះ​កសិករ​ដែល​ចេះ​មានគំនិត​ច្នៃប្រឌិត​ដាំដំណាំ​ដែល​ងាយស្រួល​ថែទាំ​ ហើយ​ថែមទាំង​មាន​តម្រូវការ​ទីផ្សារ​ច្រើន​គួរសម​ ដែល​ធ្វើ​ឱ្យ​អាច​រក​ចំណូល​ចូល​គ្រួសារ​បាន​ច្រើន​ជាប្រចាំ​ទៀតផង​។ លោក​មានប្រសាសន៍​ថា​ កុំថាឡើយ​មួយថ្ងៃ​ 10ម៉ឺន​រៀល​ សូម្បីតែ​មួយថ្ងៃ​បានតែ​ 3ម៉ឺន​រៀល​ ក៏​រាប់​ថា​រកចំណូល​បាន​ច្រើនក្រែល​ទៅ​ហើយ​សម្រាប់​កសិករ​រស់នៅ​តំបន់ជនបទ​នោះ​។

គួរ​រំឭក​ផង​ដែរ​ថា​ នៅ​ទូទាំង​ស្រុក​ស្អាង​ ឬអាច​និយាយ​ក្នុង​ក្របខ័ណ្ឌ​ខេត្តកណ្តាល​ទាំងមូល​ក៏បាន​ កសិករ​ដែល​ដាំ​ដើម​អម្ពិល​ដើម្បី​បេះ​ត្រួយ​លក់​ប្រចាំថ្ងៃ​បែបនេះ​ ប្រហែលជា​មានតែ​កសិករ​ខាងលើ​តែមួយ​គ្រួសារ​(លោកអ៊ំ​ ប្រាក់​ សុ​មុ​ន្នី​)ប៉ុណ្ណោះ​ ខណៈ​ដែល​កសិករ​មួយចំនួន​ទៀត​ដាំ​អម្ពិល​យក​ស្លឹក​ត្រួយ​លក់​ដែរ​ តែ​ភាគច្រើន​លើសលុប​គឺ​ដាំដុះ​របៀប​បណ្តុះ​កូន​បាន​មួយ​ចង្អាម​ រួច​ក្តិច​ត្រួយ​យក​ទៅ​លក់​តែម្តង​ ដែល​ការ​ដាំដុះ​ដំណាំ​បែបនេះ​មិន​អាច​ប្រមូល​បាន​យូរអង្វែង​ឡើយ​៕

Advertisement