រូប​គំរូ​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ព្រះសីហនុ​ ត្រូវ​បាន​ដាក់​បង្ហាញ​!

រូប​គំរូ​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ព្រះសីហនុ​ ប្រវែង​ជាង​ 190​គីឡូម៉ែត្រ​ ត្រូវ​បាន​ដាក់​បង្ហាញ​ដោយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ នៅ​ថ្ងៃទី​4 ខែមីនា​ ឆ្នាំ​2019​ នេះ​ ខណៈ​ដែល​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​22​ ខែមីនា​ ឆ្នាំ​2019​ ខាងមុខនេះ​។

ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា​ ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ​នឹង​រួមចំណែក​កាន់តែ​ខ្លាំង​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ព្រោះថា​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ​នេះ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​រវាង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់2​ គឺ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​។

ជាពិសេស​ការ​ដឹកទំនិញ​ពី​បណ្តា​រោងចក្រ​នានា​ទៅកាន់​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ សម្រាប់​ការនាំចេញ​ទៅក្រៅ​ប្រទេស​ ក៏ដូចជា​ការ​ដឹកទំនិញ​ពី​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​មក​តំបន់​ដទៃទៀត​ក្នុង​កម្ពុជា​ដែរ​។

គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​ ឆ្លងកាត់​ 4រាជធានី​-ខេត្ត​ រួមមាន​ រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ ខេត្ត​កំ​ពង់​ស្ពី​ ខេត្ត​ព្រះសីហនុ​ ក្នុង​នោះ​គឺ​ឆ្លងកាត់​ 6ស្រុក​ 1ខណ្ឌ​ 2ក្រុង​ 31​ឃុំ​/សង្កាត់​ និង​110​ភូមិ​។

ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ 190​.365​គីឡូម៉ែត្រ​។ សាងសង់​ជា​ 4គន្លង​ផ្លូវ​ សម្រាប់​រថយន្ត​ (2ទៅ​ 2មក​) និង​ 2គន្លង​សម្រាប់​ម៉ូតូ​ (1ទៅ​ 1មក​)។ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ​ (AC​) កម្រាស់​ 10​ស.ម​ និង​ថ្ម​លាយ​កៅស៊ូ​ (ATB​)12​ស.ម​។ ពង្រីក​ទទឹង​ផ្លូវ​ដល់​ 24.5​ម៉ែត្រ​ ខណ្ឌ​ដោយ​សួនច្បារ​នៅ​កណ្ដាល​ទ្រូងផ្លូវ​ និង​មាន​របាំង​អម​សងខាង​ផ្លូវ​ ការពារ​សត្វ​ ឬមនុស្ស​ឆ្លងកាត់​។ មាន​កន្លែង​សម្រាប់​ឈប់សម្រាក​ចំនួន​ 4កន្លែង​ និង​ស្ថានីយ​ប្រេងឥន្ធនៈ​ 3កន្លែង​។ រយៈពេល​សាងសង់​ 48​ខែ​។

លោក​ វ៉ា​ ស៊ី​មសូរិ​យា​ អ្នកនាំពាក្យ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី22​ ខែមីនា​ខាងមុខនេះ​។

លោក​បាន​បន្ត​ថា​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុង​ព្រះសីហនុ​នេះ​មាន​ប្រវែង​ជាង​ 190​គីឡូម៉ែត្រ​(190​.365​គ.ម​) ដែល​ចេញពី​ម្តុំ​ផ្លូវ​រថភ្លើង​នៃ​តំបន់​ទំនប់​កប់​ស្រូវ​ ស្ថិតនៅ​ខាងស្តាំ​ដៃ​ផ្លូវជាតិ​លេខ​4 និង​សាងសង់​ស្របគ្នា​នឹង​ផ្លូវជាតិ​នេះ​ រហូត​ជិតដល់​ទីរួមខេត្ត​កំពង់ស្ពឺ​ ទើប​ផ្លូវ​នេះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​4ងាក​មក​ខាងឆ្វេង​ដៃ​វិញ​ ហើយ​បន្ត​រហូតដល់​ស្រុក​ព្រៃនប់​ ទើប​ផ្លូវ​នេះ​ងាក​មក​ស្តាំ​ដៃ​ រហូតដល់​មាត់សមុទ្រ​នៃ​ក្រុង​ព្រះសីហនុ​តែម្ដង​។

អ្នកនាំពាក្យ​រូប​នេះ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា​ ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​មានការ​ធ្វើ​របង​អម​សងខាង​ផ្លូវ​ លើកលែងតែ​ចំណុច​ឆ្លងកាត់​មួយចំនួន​ដែល​មាន​ស្ពាន​អាកាស​ និង​ស្ថានីយ​ឈប់​សំចត​ ព្រោះ​វា​ជា​ផ្លូវ​លឿន​ដែល​អាច​បើកបរ​ក្នុង​ល្បឿន​ពី​120​ ទៅ​160​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហេតុនេះ​ទើប​ផ្លូវ​នេះ​មិន​តម្រូវ​ឱ្យ​មាន​ចំណុច​ឆ្លងកាត់​ច្រើន​ទេ​៕

Advertisement