កម្ពុជា​៖ អាស៊ាន​-ឥណ្ឌា​ រួមគ្នា​ធ្វើ​កំណែទម្រង់​លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ក្នុង​វេទិកា​ពិភាក្សា​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-ឥណ្ឌា​ លើក​ទី4​ ថា​ ការកាត់បន្ថយ​របាំង​ពន្ធគយ​ ការកាត់បន្ថយ​អត្រាពន្ធ​ និង​ការកាត់បន្ថយ​របាំង​ផ្សេង​ៗដែល​មិនមែន​ពន្ធគយ​ចំពោះ​ពាណិជ្ជកម្ម​ គឺជា​ធាតុ​សំខាន់​ក្នុង​ការ​ធ្វើ​សេរី​ភាវូបនីយកម្ម​ពាណិជ្ជ​ទំនិញ​ក្រោម​កិច្ច​ព្រមព្រៀង​ Trade​ liberalization​ under​ the​ Agreement​ ATIGA​ នឹងជា​ការ​បង្កើន​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។

ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​ពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​លំហូរ​វិនិយោគ​ដោយ​ផ្ទាល់​ Direct​ Investment​ Flows​ (FDI​) ពី​ឥណ្ឌា​ចូល​មក​អាស៊ាន​ មានការ​កើនឡើង​ 3ដង​ ចាប់តាំងពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-ឥណ្ឌា​ The​ ASEAN​-India​ Free​ Trade​ Agreement​ (AIFTA​)បាន​ចូលជាធរមាន​នៅ​ថ្ងៃទី1​ ខែមករា​ ឆ្នាំ2010​។

ជាក់ស្តែង​ក្នុងអំឡុងពេល​ដូចគ្នា​នេះ​ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​)ទឹកប្រាក់​វិនិយោគ​ផ្ទាល់​ពី​ឥណ្ឌា​មកកាន់​អាស៊ាន​បាន​កើនឡើង​ពី​ 1.47ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2015​ ដល់​ 1.73ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ2017​។ ទន្ទឹមគ្នា​នេះ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាស៊ាន​ និង​ឥណ្ឌា​ សម្រេច​បាន​ទឹកប្រាក់​ 73.59ពាន់​លាន​ដុល្លារ​ គឺ​កើនឡើង​ 25.5​%ធៀប​នឹង​ឆ្នាំ2016​ ដែល​មានត្រឹមតែ​ 58.6​ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

ទន្ទឹម​នឹង​មានការ​វិវឌ្ឍ​ទៅមុខ​ជានិច្ច​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​សមាជិក​អាស៊ាន​ និង​ឥណ្ឌា​ លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​អំពី​គន្លឹះ​សំ​ខាន់​ៗសម្រាប់​ធ្វើ​ឱ្យ​អាស៊ាន​ក្លាយជា​ទីផ្សារ​តែមួយ​ និង​ជា​មូលដ្ឋាន​ផលិតកម្ម​តាមរយៈ​ការ​ធ្វើ​សេរី​ភាវូបនីយកម្ម​លើ​ទំនិញ​ សេវាកម្ម​ និង​ការ​វិនិយោគ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា​ បើ​ទោះបីជា​មានការ​កាត់បន្ថយ​នូវ​របាំង​មិនមែន​ពន្ធគយ​ យ៉ាងណាក៏ដោយ​ ក៏​នៅតែ​មាន​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ត្រូវ​បាន​គេ​សង្កេតឃើញ​ថា​ បាន​និង​កំពុង​បន្ត​ដាក់​របាំង​មិនមែន​ពន្ធគយ​ដែល​មាន​ដូចជា​ SPS​ និង​ TBT​ ដែល​ទាំងនេះ​ជា​ឧបសគ្គ​រារាំង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ជាពិសេស​សម្រាប់​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ ដូចជា​ប្រទេស​កម្ពុជា​ ឡាវ​ និង​មីយ៉ាន់ម៉ា​។

ឯកឧត្តម​បាន​លើកឡើង​ថា​ ដើម្បី​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​មានការ​-រីកចម្រើន​ទាំង​ក្នុង​តំបន់​ និង​សកលលោក​ គ្រប់​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន​ និង​បណ្តា​ប្រទេស​ដៃគូ​ផ្សេងទៀត​ គួរ​យកចិត្ត​ទុកដាក់​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការកាត់បន្ថយ​ ឬលុបបំបាត់​នូវ​របាំង​មិនមែន​ពន្ធគយ​ ក៏ដូចជា​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ លំហូរ​នៃ​ព័ត៌មាន​ សុខដុម​នី​យក​ម្ម​ និង​ការ​ទទួលស្គាល់​កម្រិត​ស្តង់​ដា​គ្នា​ទៅវិញទៅមក​ ដើម្បី​ឈាន​ឆ្ពោះទៅ​រក​ការកាត់បន្ថយ​របាំង​ពាណិជ្ជកម្ម​ ជាពិសេស​របាំង​មិនមែន​ពន្ធគយ​។

ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ តាម​ទូរស័ព្ទ​ថា​ នៅក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​ វា​មិនមែន​ត្រឹមតែ​ជា​ការដោះដូរ​ទូទាត់​ទំនិញ​ដូច​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​ធម្មតា​នោះ​ទេ​។

ជា​លក្ខណៈ​អន្តរជាតិ​ ការ​ដោះ​ពាណិជ្ជកម្ម​ មហាជន​តែង​មានការ​ផ្តោត​លើ​ពន្ធ​នាំចូល​ដែលគេ​បាន​ចរចា​គ្នា​រួចហើយ​ដែរ​ នៅក្នុង​តំបន់​អាស៊ាន​ គឺ​ពន្ធ​នាំចូល​ 0%ទាំងអស់​ ដែល​បច្ចុប្បន្ន​យើង​មាន​ទំនិញ​រាប់​លាន​មុខ​ តែ​គេ​បាន​រៀប​ជាលំដាប់​ថ្នាក់​ និង​បែងចែក​ជា​ប្រភេទ​របស់​វា​ ដោយ​គេ​ធ្វើជា​តារាង​ពន្ធ​ទៅតាម​លំដាប់​ថ្ងៃ​ ខែ​ ដែល​បាន​កំណត់​ តែ​វា​មិន​មាន​បញ្ហា​ធំ​ទៀត​ទេ​។ ប្រទេស​សមាជិក​អាស៊ាន​បាន​ធ្វើ​កិច្វកា​រនេះ​រួចស្រេច​ហើយ​ ដូចជា​នៅ​ប្រទេស​សិង្ហបុរី​ជាដើម​ ការនាំចូល​ ពន្ធគយ​គឺ​សូន្យ​ តែ​គេ​នៅ​យក​លើ​មុខទំនិញ​ខ្លះ​ ដូចជា​រថយន្ត​ ប្រេងឥន្ធនៈ​ និង​ស្រា​ ជាដើម​ ដូច​ប្រទេស​យើង​ដែរ​។

ឯកឧត្តម​អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​៖ “ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ វា​នៅ​មាន​របាំង​មិនមែន​ពន្ធ​ផ្សេងទៀត​ដែលគេ​ហៅថា​ វិធានការ​មិនមែន​ពន្ធ​ Non​-tariff​ measures​ NTM​ និងNon​-tariff​ barriers​ NTB​ ដែល​ក្នុង​នោះ​មាន​ផ្នែក​តូច​ៗទៀត​ ដូចជា​ SPS​ ដែល​និយាយ​ពី​រឿង​អនាម័យ​ ជាដើម​ ឧទាហរណ៍​ ដូចជា​ការនាំចូល​ផ្លែស្វាយ​ ដល់ពេល​នាំចូល​ទៅ​ គេ​ថា​មិន​ឱ្យ​ចូល​ ព្រោះ​ខុស​បច្ចេកទេស​ ដោយសារ​ដាក់ជី​គីមី​ច្រើន​ ជាដើម​”។

ចំណែក​ TBT​ Technical​ Barrier​ toTrade​ របាំង​ពន្ធ​បច្ចេកទេស​(ពាក់ព័ន្ធ​នឹង​បញ្ហា​បច្ចេកទេស​)ឬឧទាហរណ៍​ទំនិញ​មួយ​ដែល​យើង​នាំចូល​ ការ​ដាំ​មិនមែន​បញ្ហា​ទេ​ តែ​គេ​មិន​ចង់ឱ្យ​នាំចូល​ គេ​បាន​ឃាត់​ថា​ វា​មាន​បញ្ហា​នេះ​ បញ្ហា​នោះ​-ល- ត្រូវការ​ត្រួតពិនិត្យ​បន្ថែម​ បង្ក​ធ្វើ​ឱ្យ​មានការ​លំបាក​ជា​ឧបសគ្គ​ ទោះ​មាន​ពន្ធ0​%ក៏​មិន​អាច​នាំចូល​កើត​ដែរ​ដែល​របាំង​មិនមែន​ពន្ធ​ទាំងនេះ​ ត្រូវតែ​មាន​វិធានការ​បន្ថែម​ទៀត​ ព្រោះ​ជា​រឿង​ពិបាក​”។

ឯកឧត្តម​ ស៊ាង​ ថៃ​ បានឱ្យ​ដឹង​ដែរ​ថា​ ដូច្នេះហើយ​ទើប​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​នៅ​ក្ន​ងវេទិកា​អាស៊ាន​-ឥណ្ឌា​ដោយ​ស្នើសុំ​ឱ្យ​ដក​របាំង​មិនមែន​ពន្ធ​នេះ​ ដោយ​ឱ្យ​លុបចេញ​ពី​ក្នុង​តារាង​ពន្ធ​ដែល​មាន​ក្រុម​អ្នកសម្របសម្រួល​ការងារ​អាស៊ាន​បាន​ធ្វើរួចហើយ​ តែ​នៅ​មានការ​យឺតយ៉ាវ​ ទើប​គាត់​បាន​ជំរុញ​បន្ថែម​។

ក្នុងនាម​ជា​ប្រទេស​សមាជិក​អាស៊ាន​ កម្ពុជា​បាន​ធ្វើ​កំណែទម្រង់​លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​សំ​ខាន់​ៗជាច្រើន​ ដើម្បី​ពង្រឹង​ និង​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​នៅ​កម្ពុជា​ក៏ដូចជា​នៅក្នុង​តំបន់​ ដែល​កំណែទម្រង់​ទាំងនោះ​រួមមាន​៖ 1-យន្តការ​ច្រកចេញ​ចូល​តែមួយ​។ 2-ព័ត៌មាន​ពាណិជ្ជកម្ម​។ 3-ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​(C/O online​)។ 4-ការចុះបញ្ជី​ពាណិជ្ជកម្ម​ និង​ម៉ាក​សញ្ញា​តាម​ប្រព័ន្ធ​ online​។ 5-ការសម្រប​សម្រួល​នីតិវិធី​បញ្ចេញ​ទំនិញ​ និង​កាត់បន្ថយ​ថ្លៃ​ចំ​ណាយ​ផ្សេង​ៗនៅ​តាម​ព្រំដែន​ និង6​-កំណែ​ទម្រង់​ផ្សេង​ៗទៀត​នៅ​តាម​បណ្តា​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​លើ​វិស័យ​ពាណិជ្ជកម្ម​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​នៅ​កម្ពុជា​។

ដោយឡែក​ តំណាង​វិស័យ​ឯកជន​នៃ​ប្រទេស​ឥណ្ឌា​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​សំ​ខាន់​ៗចំនួន4​ នៅក្នុង​ប្រទេស​កម្ពុជា​ រួមមាន​៖ វិទ្យាសាស្ត្រ​ និង​បចេ្ច​កវិទ្យា​ ទេសចរណ៍​ ហេដ្ឋារចនាសម្ព័ន្ធ​ (ផ្លូវថ្នល់​ ផ្លូវដែក​ និង​ស្ពាន​) និង​កសិ​-ឧស្សាហកម្ម​ ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំង2​ ឱ្យ​បាន​ខ្លាំងក្លា​ថែមទៀត​។

នៅក្នុង​ឱកាស​នោះ​លោក​ សាន់​ឌិប​ សូ​ម៉ា​នី​ បាន​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ឥណ្ឌា​ និង​រដ្ឋ​ជាស​មា​ជិ​កអាស៊ាន​ ព្រមទាំង​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ការពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ ដែល​បច្ចុប្បន្ន​នៅ​មាន​ទំហំ​តិចតួច​នៅឡើយ​ បើ​ធៀប​ជាមួយ​ប្រទេស​ផ្សេង​ៗនៅក្នុង​តំបន់​។

ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​ខាងលើ​ និង​បាន​ជម្រាប​ជូន​លោក​ សាន់​ឌិប​ សូ​ម៉ា​នី​ អំពី​លក្ខណៈ​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា​ គោលនយោបាយ​បើកចំហ​ និង​គោលការណ៍​លើកទឹកចិត្ត​វិ​និ​យោ​គផ្សេង​ៗរបស់​រាជរដ្ឋាភិបាល​ ព្រមទាំង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ Industrial​ Development​ Strategy​(IDP​)ឆ្នាំ2015​-2025​ ដែល​មាន​គោលដៅ​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការប្រើ​ប្រាស់​កម្លាំង​ ទៅជា​ប្រើប្រាស់​ជំនាញ​នៅ​ឆ្នាំ2030​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​សំណូមពរ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​ ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ វប្បធម៌​ និង​កិច្ច​សហប្រតិបត្តិ​ការ​ធុរកិច្ច​រវាង​ប្រទេស​ទាំង2ថែមទៀត​៕

Advertisement