ការអនុវត្ត​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​គោក​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ ត្រូវការ​ពេល2ឆ្នាំ​ទៀត​

បើ​ទោះបីជា​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ (GMS​-CBTA​) ត្រូវ​បាន​ចុះហត្ថលេខា​ និង​ចូលជាធរមាន​តាំងពី​ឆ្នាំ2015​ រួចរាល់​ក៏​ពិតមែន​ តែ​ការអនុវត្ត​ពេញលេញ​លើ​កិច្ច​ព្រមព្រៀង​នេះ​ហាក់​ត្រូវ​បាន​អូស​បន្លាយពេល​ជាង​ 2ឆ្នាំ​ទៀត​។

កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ក្រោម​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ (GMS​-CBTA​) មាន​ប្រទេស6​ ជាស​មា​ជិ​ក ក្នុង​នោះ​រួមមាន​ វៀតណាម​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ ថៃ​ និង​ចិន​។ កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​លុបបំបាត់​ឈ្មួញ​កណ្តាល​ បង្កើន​ និង​លើកកម្ពស់​សកម្មភាព​ពាណិជ្ជកម្ម​ដោយ​កាត់បន្ថយ​ចំនួន​ពេលវេលា​ដែល​ចំណាយ​ក្នុង​ការ​ឆ្លងកាត់​ព្រំដែន​។ កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ (GMS​-CBTA​) នឹង​អនុ​ញាត​ឱ្យ​ប្រទេស​ជាស​មា​ជិ​កនី​មួយ​ៗ អាច​ប្រើប្រាស់​រថយន្ត​បាន​ចំនួន​ 500គ្រឿង​ សម្រាប់​ការ​ដឹកជញ្ជូន​ឆ្លងកាត់​គ្នា​ទៅវិញទៅមក​តាម​ច្រកព្រំដែន​ដែល​បាន​កំណត់​។

លោក​ វ៉ា​ ស៊ី​មសូរិ​យា​ ​អ្នកនាំពាក្យ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ថា​ ការអនុវត្ត​កិច្ច​ព្រមព្រៀង​ GMS​-CBTA​ នេះ​មិនទាន់​អាច​ធ្វើ​បាន​ទាំងស្រុង​នៅឡើយ​ទេ​ ពោល​គឺ​ប្រទេស​មួយចំនួន​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ ដូចជា​ ឡាវ​ និង​មីយ៉ាន់ម៉ា​ មិនទាន់​បើក​ច្រកព្រំដែន​របស់​ខ្លួន​ចំពោះ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​នៅឡើយ​ ដោយ​ប្រទេស​ទាំង2​ នេះ​ស្នើសុំ​រយៈពេល​ 2ឆ្នាំ​ទៀត​។

យ៉ាងណាមិញ​ ប្រទេស​កម្ពុជា​ដែល​ប្រកាស​ថា​ ខ្លួន​បាន​ត្រៀម​រួចរាល់​អស់ហើយ​ក្នុង​ការ​បើក​ច្រកព្រំដែន​ ដើម្បី​ឱ្យ​មានការ​ដឹកជញ្ជូន​ឆ្លងកាត់​ពី​បណ្តា​ប្រទេស​នៅក្នុង​មហា​អនុ​តំបន់​មេគង្គ​នោះ​ ក៏​មិនទាន់​មាន​រថយន្ត​គ្រប់គ្រាន់​ចំនួន​ 500គ្រឿង​ដើម្បី​ដឹកជញ្ជូន​ទំនិញ​ និង​អ្នកដំណើរ​ទៅកាន់​ប្រទេស​ក្នុង​មហា​តំបន់​មេគង្គ​នោះ​ដែរ​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងសាធារណការ​។

លោក​ សូ​រិយា​ បាន​ថ្លែង​ថា​៖ “ឥឡូវ​ប្រទេស​ថៃ​វៀតណាម​ និង​ប្រទេស​ចិន​ អាច​អនុវត្ត​កិច្ច​ព្រមព្រៀង​បាន​ដោយ​គេ​មាន​រថយន្ត​គ្រប់​ចំនួន​ 500គ្រឿង​ ប៉ុន្តែ​កម្ពុជា​ បើ​ទោះបីជា​បាន​ត្រៀម​រួចរាល់​ហើយ​ក្ដី​ តែ​មិន​មាន​រថយន្ត​គ្រប់​ចំនួន​ 500គ្រឿង​នោះ​ក្នុង​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេស​ទាំងនោះ​ទេ​ ខណៈ​ពេល​ដែល​ប្រទេស​មីយ៉ាន់ម៉ា​សុំ​ពិចារណា​ 2ឆ្នាំ​ទៀត​ដើម្បី​អនុ​ញាត​ឱ្យ​មាន​កា​រដឹក​ញ្ជូន​ឆ្លងកាត់​ប្រទេស​របស់​ខ្លួន​ ខណៈ​ប្រទេស​ឡាវ​ក៏​សុំ​ពេល​ពិចារណា​ 2ឆ្នាំ​ទៀត​ដែរ​ ដោយ​លើក​ហេតុផល​ថា​ ផ្លូវ​ខូច​ ត្រូវការ​ថវិ​កា​ជុស​ជុល​ផ្លូវ​ខូច​ និង​គិត​សេវា​ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេស​ឡាវ​”។

លោក​ សូ​រិយា​ បន្ត​ថា​ កម្ពុជា​បាន​ត្រៀម​រួចរាល់​អស់ហើយ​ និង​កំពុងតែ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ដោយ​អនុញ្ញាត​ឱ្យ​រថយន្ត​របស់​ថៃ​ចំនួន​ 500គ្រឿង​ និង​វៀតណាម​ 500គ្រឿង​ដឹក​ញ្ជូន​ទំនិញ​ និង​អ្នកដំណើរ​ចូល​មក​ និង​ឆ្លងកាត់​កម្ពុជា​ជា​រៀងរាល់ថ្ងៃ​។

លោក​បាន​បន្ត​ទៀត​ថា​ ប្រទេស​កម្ពុជា​ស្ថិតនៅ​ចំ​កណ្តាល​នៃ​មហា​អនុ​តំបន់​មេគង្គ​ ដូច្នេះ​កម្ពុជា​ជា​ប្រទេស​ ដែល​មានការ​ដឹកជញ្ជូន​ឆ្លងកាត់​ច្រើន​ពី​ប្រទេសជិតខាង​ ដូចជា​វៀតណាម​ និង​ថៃ​ជាដើម​។ លោក​បន្ថែម​ថា​ ក្រៅពី​កិច្ច​ព្រមព្រៀង​ GMS​-CBTA​ នេះ​ កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដោយឡែក​មួយទៀត​ជា​លក្ខណៈ​ទ្វេភាគី​ ជាមួយ​ប្រទេស​វៀតណាម​ និង​ថៃ​។

លោក​បន្ថែម​ទៀត​ថា​ អនុស្សរណៈ​យោគយល់​គ្នា​មួយទៀត​ជា​លក្ខណៈ​ទ្វេភាគី​រវាង​ថៃ​ និង​កម្ពុជា​ គឺ​មាន​រថយន្ត​ចំនួន​តែ​ 150គ្រឿង​ប៉ុណ្ណោះ​ដែល​អាច​ឆ្លងកាត់​ទៅវិញទៅមក​រវាង​កម្ពុជា​ និង​ថៃ​ ដោយ​ប្រើប្រាស់​ច្រកព្រំដែន​ដែន​តែមួយ​ប៉ុណ្ណោះ​ គឺ​ច្រកព្រំដែន​អន្តរជាតិ​ ប៉ោយប៉ែត​។ ដោយឡែក​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ជាមួយ​ប្រទេស​វៀតណាម​ ដោយ​បើកចំហ​ឱ្យ​មាន​រថយន្ត​ 500គ្រឿង​ទៅវិញទៅមក​ ហើយ​ប្រើប្រាស់​ និង​បើក​ច្រកព្រំដែន​ 6កន្លែង​។

លោក​ ស៊ីន​ ចន្ធី​ ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​មានប្រសាសន៍​ថា​ បណ្តា​ប្រទេស​នៅក្នុង​ មហា​អនុ​តំបន់​មេគង្គ​បាន​ចុះ​កិច្ច​ព្រមព្រៀង​រួចរាល់​អស់ហើយ​ស្តី​ពី​ការ​ដឹកជញ្ជូន​ឆ្លងកាត់​តាម​បណ្តា​ប្រទេស​នៅក្នុង​ GMS​ នេះ​ តែ​ដោយឡែក​ប្រទេស​នី​មួយ​ៗមិនទាន់​បាន​អនុវត្ត​ពេញលេញ​នូវ​កិច្ច​ព្រមព្រៀង​នេះ​នៅឡើយ​ ហើយ​ប្រទេស​ខ្លះ​មិន​ចង់​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ទៀតផង​។

លោក​ថា​ ប្រទេស​វៀតណាម​ និង​ ប្រទេស​ថៃ​មាន​ច្បាប់​រៀង​ៗខ្លួន​ ដែល​ធ្វើជា​រនាំង​ឧបសគ្គ​ ពីព្រោះ​ប្រទេស​នី​មួយ​ៗមិន​ចង់​ឲ្យ​រថយន្ត​ ឆ្លងកាត់​ប្រទេស​របស់​ខ្លួន​ ដោយសារ​គេ​គិតថា​ ខួច​ផ្លូវ​ ខាត​នេះ​ ខាត​នោះ​ ប៉ុន្តែ​ជា​រួម​រដ្ឋាភិបាល​នៃ​ប្រទេស​ ជាស​មា​ជិ​ក GMSបាន​ចុះ​កិច្ច​ព្រមព្រៀង​រួចរាល់​ហើយ​។

លោក​ ចន្ធី​ បាន​បន្ត​ថា​៖ “ខ្ញុំ​គិតថា​ បើសិនជា​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ក្នុង​បណ្តា​ប្រទេស​ GMS​ បាន​ វា​ជា​រឿង​ល្អ​ណាស់​ ដូចជា​នៅ​សហគមន៍​អឺរ៉ុប​ដែល​អាច​ធ្វើ​ឱ្យ​មានការ​ដឹកជញ្ជូន​ឆ្លងកាត់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​បាន​ ជាពិសេស​វា​ល្អ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​”។

លោក​ ចន្ធី​ បញ្ជាក់​ថា​៖ “ប្រទេស​នី​មួយ​ៗនៅតែ​បង្ក​នូវ​ឧប​សគ្គ​រៀង​ៗខ្លួន​ ដោយ​លើក​ពី​បញ្ហា​លើច្បាប់​ទម្លាប់​អ្នកបើកបរ​ជាដើម​ តែ​ជាគោល​ការណ៍​រួម​ បើ​អាច​ធ្វើ​ទៅ​បាន​ ចំពោះ​សេដ្ឋកិច្ច​គឺ​ ពិតជា​ល្អ​ ប៉ុន្តែ​ប្រទេស​មួយចំនួន​មិន​មាន​ឆន្ទៈ​ធ្វើ​នោះ​ទេ​ ដូច្នេះ​វា​នឹង​មិន​អាច​ទៅរួច​ទេ​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​”។

គួរ​បញ្ជាក់​ថា​ កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ និង​ធ្វើជា​ប្រធាន​បន្តវេន​តាមលំដាប់​តួអក្សរ​ឡាតាំង​នូវ​កិច្ចប្រជុំ​លើក​ទី7​ នៃ​គណៈកម្មាធិការ​រួម​សម្រាប់​អនុវត្ត​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ក្រោម​ក្របខណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​សម្រួលការ​ដឹកជញ្ជូន​ឆ្លងដែន​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី12​-13​ ខែមីនា​ ឆ្នាំ2019​ ខាងមុខ​ នៅ​ទីក្រុង​សៀមរាប​ ខេត្តសៀមរាប​។

កិច្ចប្រជុំ​នៅ​ខែក្រោយ​នេះ​នៅ​សៀមរាប​ យើង​នឹង​ជជែក​ពី​កិច្ច​ព្រមព្រៀង​ GMS​ ដែល​បាន​ធ្វើ​តាំងពី​ឆ្នាំ2015​ ប្រទេស​ទាំងអស់​ផ្តល់​សច្ចាប័ន​ហើយ​ តែ​ប្រទេស​មួយចំនួន​ត្រូវ​បង្ហើយ​ ជាពិសេស​នៅ​លើ​ច្រករបៀង​ឆ្លងកាត់​ និង​ច្រក​ទ្វារ​ព្រំដែន​ និង​និ​តិ​វិធី​ផ្សេង​ និង​ធ្វើពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយទៀត​ ដើម្បី​បន្ថែម​ច្រករបៀង​ ច្រក​ទ្វារ​ថែមទៀត​៕

Advertisement