ការអនុវត្ត​ស្តង់​ដា​គណនេយ្យ​អន្តរជាតិ​ IFRS​ 17​ ជា​ជំហាន​ថ្មី​មួយ​នៃ​វិស័យ​ហិរញ្ញវត្ថុ​

ការអនុវត្ត​ស្តង់ដារ​បាយ​ការណ៍​គណនេយ្យ​អន្តរជាតិ​ IFRS​ 17​ ក្នុង​វិស័យ​ធានារ៉ាប់រង​ និង​ធនាគារ​នឹង​ជួយ​ដល់​ក្រុមហ៊ុន​ និង​ធនាគារ​ទាំងនោះ​ឱ្យ​មាន​លក្ខណៈ​ស្តង់​ដា​អន្តរជាតិ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ផ្តល់​ផលប្រយោជន៍​ដ៏​សំខាន់​ដល់​លំនឹង​នៃ​ការ​រីកចម្រើន​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។

លោក​ យក់​ ចំរើន​ឬទ្ធិ​ អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ហ្វ័​រតេ​បាន​ប្រាប់​ឡា​រ៉ែ​នថា​ ការអនុវត្ត​ស្តង់ដារ​គណនេយ្យ​ IFRS​ 17​(International​ Financial​ Report​ section​ version17​) ក្នុង​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ ជា​កម្មវិធី​ថ្មី​មួយ​សម្រាប់​កម្ពុជា​ ព្រោះ​ជា​ស្តង់ដារ​បាយ​ការណ៍​ហិរញ្ញវត្ថុ​ខ្នាត​អន្តរជាតិ​ដែល​ទើប​កែសម្រួល​ថ្មី​។

លោក​អគ្គនាយក​បាន​បញ្ជាក់​ថា​ កាលណា​ក្រុមហ៊ុន​ធានារ៉ាប់រង​ និង​ធនាគារ​ដែល​បាន​ទទួលស្គាល់​ ឬអនុវត្ត​ស្តង់​ដា​គណនេយ្យ​ IFRS17​ ក្រុមហ៊ុន​ធានារ៉ាប់រង​នោះ​នឹង​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ផ្នែក​ហិរញ្ញវត្ថុ​ទាំងអស់​ ដូចនេះ​មិន​អាច​ក្លែងបន្លំ​ ឬបំភ័ន្ត​ចំណុច​ណាមួយ​នៃ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​បាន​ឡើយ​។

លោក​ ចំរើន​ឬទ្ធិ​ បាន​ពន្យល់​ថា​៖ “ព្រោះ​វា​ជា​ស្តង់​ដា​នៃ​រង្វាស់​រង្វាល់​ខាង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ធា​នា​រា់ប់​រង​ ឬធ​នាគា​រថា​ តើ​ក្រុមហ៊ុន​ ឬធ​នាគា​រទាំង​នោះ​មាន​ស្តង់ដារ​គណនេយ្យ​ស្របតាម​ស្តង់​ដា​អន្តរជាតិ​ដែរ​ឬអត់​? ព្រោះ​សព្វថ្ងៃ​ដែល​យើង​នៅ​ប្រើ​នៅឡើយ​ គឺ​ស្តង់​ដា​គណនេយ្យ​កម្ពុជា​ដែល​កម្មវិធី​នេះ​មិនទាន់​លម្អិត​ពី​បញ្ហា​អស់​ទេ​ ដោយសារ​វា​មាន​ version​ ទាប​នៅឡើយ​។ សព្វថ្ងៃ​ប្រទេស​ជាច្រើន​ដែល​ប្រកាន់យក​របប​សេដ្ឋកិច្ច​ទីផ្សារ​ បាន​ប្រើប្រាស់​គណនេយ្យ​ IFRS​ 17​ នេះ​ហើយ​”។

លោក​ ប៊ូ​ ចន្ទ​ភី​រូ​ អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ ស្តង់​ដា​គណនេយ្យ​អន្តរជាតិ​ IFRS​ នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ស្រប​ទៅតាម​ស្តង់​ដា​គណនេយ្យ​ជាតិ​របស់​យើង​ ហើយ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ស្តង់​ដា​គណនេយ្យ​អន្តរជាតិ​ IFRS​ នេះ​ ស្តង់​ដា​គណនេយ្យ​ជាតិ​នា​ពេល​បច្ចុប្បន្ន​បាន​អនុវត្ត​ទៅតាម​ស្តង់​ដា​គណនេយ្យ​អន្តរជាតិ​ IFRS​ 4។

លោក​អគ្គនាយករង​បាន​បញ្ជាក់​ថា​៖ “សម្រាប់​ប្រព័ន្ធ​ស្តង់​ដា​គណនេយ្យ​ IFRS​ 17​ នេះ​ គេ​បាន​ផ្តល់​ឱ្យ​យើង​ពិចារណា​សិន​ តែ​ការអនុវត្ត​នឹង​ចាប់ផ្តើម​នៅ2ឆ្នាំក្រោយ​។ ចង់​បញ្ជាក់​ថា​ ចំពោះ​ស្តង់​ដា​គណនេយ្យ​ជាតិ​របស់​យើង​ តែ​កាលណា​អន្តរជាតិ​គេ​ធ្វើអ្វី​ថ្មី​ យើង​នឹង​អនុវត្ត​ទៅតាម​គេ​ គឺ​ទទួលយក​ ដើម្បី​ឱ្យ​ទាន់​សភាពការណ៍​អន្តរជាតិ​ តែ​ចំពោះ​ស្តង់​ដា​គណនេយ្យ​ IFRS​ 17​ នេះ​ អន្តរជាតិ​គេ​ទើប​រក​ឃើញ​ គេ​ទើបនឹង​ដាក់​ឱ្យ​ប្រើប្រាស់​”។

លោក​បាន​បន្ត​ថា​ ដូច្នេះ​ប្រទេស​នី​មួយ​ៗ បើ​មុននឹង​ត្រូវ​អនុវត្ត​ ត្រូវតែ​កែសម្រួល​សិន​ដែរ​ ហេតុនេះ2ឆ្នាំ​ទៀត​ បើ​ត្រូវ​អនុវត្ត​ IFRS17​ នេះ​ទើប​យើង​ជូនដំណឹង​ទៅ​ក្រុមហ៊ុន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​ធ្វើ​សិក្ខាសាលា​ដើម្បី​៖ ទី1​-ផ្សព្វផ្សាយ​ពី​កាលបរិច្ឆេទ​ថា​ នឹង​ត្រូវ​អនុវត្ត​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​។ ទី2​-គឺជា​ការ​ជូនដំណឹង​ឱ្យ​ក្រុមហ៊ុន​នី​មួយ​ៗរៀបចំខ្លួន​ឱ្យ​បាន​ទាន់​សភាពការណ៍​។លោក​បាន​បន្ត​ទៀត​ថា​ ការសម្រេច​ចិត្ត​អនុវត្ត​ប្រព័ន្ធ​ស្តង់​ដា​គណនេយ្យ​ IFRS​ 17​ នេះ​ ទី1​-ដោយសារ​យើង​ចូល​ជាស​មា​ជិ​ករបស់​គេ​ហើយ​ បើ​គេ​អនុវត្ត​ស្តង់​ដា​គណនេយ្យ​នេះ​ យើង​ត្រូវតែ​អនុវត្ត​ដែរ​។ ទី2​-ចំពោះ​ក្រុមហ៊ុន​បរទេស​ ដែលគេ​មក​វិនិយោគ​នៅ​ប្រទេស​យើង​ គេ​មើលទៅ​តាម​ស្តង់​ដា​អន្តរជាតិ​ស្តង់​ដា​គណនេយ្យ​ IFRS17​ នេះ​។ ដូច្នេះ​ក្រុមហ៊ុន​ភាគច្រើន​ផ្នែក​ធានារ៉ាប់រង​ជា​ក្រុមហ៊ុន​របស់​បរទេស​ បើ​គេ​អនុវត្ត​ប្រព័ន្ធ​នេះ​ គឺ​មិនជា​លំបាក​ទេ​សម្រាប់​គេ​ ហើយ​គេ​ចង់បាន​ស្តង់​ដា​អន្តរជាតិ​នេះ​ ព្រោះ​វា​មាន​តម្លាភាព​។ ហេតុនេះ​ការអនុវត្ត​ទៅតាម​បទដ្ឋាន​អន្តរជាតិ​នេះ​ចាំបាច់​ត្រូវតែ​ទៅតាម​ហ្នឹងហើយ​ ប៉ុន្តែ​សម្រាប់​យើង​ យើង​ត្រូវការ​ពេលវេលា​។

សម្រាប់​លោក​ យក់​ ចំរើន​ឬទ្ធិ​ បាន​មើលឃើញ​អំពី​ប្រព័ន្ធ​ស្តង់​ដា​គណនេយ្យ​ IFRS​ 17​ នេះ​ចំនួន7ចំណុច​ដែល​ល្អ​៖
ទី1​- វា​ឆ្លុះបញ្ចាំង​ពី​តថភាព​ និង​ស្ថានភាព​ហិរញ្ញវត្ថុ​ជាក់ស្តែង​របស់​ក្រុមហ៊ុន​។

ទី2​- IFRS17នៅ​លើ​ពិភពលោក​នឹង​ក្លាយជា​ប្រព័ន្ធ​មួយ​ដូចគ្នា​ទាំងអស់​ ដោយ​មិន​ចាំបាច់​អ្នកពិនិត្យ​ មើលទៅ​ស្តង់​ដា​គណនេយ្យ​របស់​ប្រទេស​ណាមួយ​ទេ​ ព្រោះ​ប្រទេស​នី​មួយ​ៗមាន​ស្តង់​ដា​គណនេយ្យ​ផ្សេងគ្នា​។ ដូចនេះ​វា​ជួយ​ឱ្យ​របាយការណ៍​ហិរញ្ញវត្ថុ​មាន​តម្លាភាព​។

ទី3​- IFRS​ 17​ ជួយ​ដល់​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​ច្រើន​ ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៅ​តាម​ក្រុមហ៊ុន​។ វា​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​ដឹងពី​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​មួយ​ថា​មាន​សក្តា​នុ​ពល​ត្រឹមណា​? ទិសដៅ​ក្រុមហ៊ុន​ដល់ណា​ ឬអាច​ក្ស័យធន​? រដ្ឋាភិបាល​មាន​ប្រព័ន្ធ​នេះ​គឺ​អាច​គ្រប់គ្រង​បាន​ស្រួល​។

ទី4​- ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​កាលណា​មាន​ IFRS​ 17​ គឺ​អ្វី​ៗមាន​ស្តង់​ដា​ ជា​អត្ថ​ប្រយោជន៍​ដល់​អតិថិជន​ឱ្យ​មានទំនុក​ចិត្ត​ ព្រោះ​នៅពេល​គាត់​បានឃើញ​ថា​ ក្រុមហ៊ុន​មាន​ស្តង់​ដា​ដែល​ឆ្លុះបញ្ចាំង​តថភាព​ជាក់ស្តែង​ ដូចនេះ​អតិថិជន​គាត់​ដឹង​ថា​ ក្រុមហ៊ុន​ដែល​គាត់​រកស៊ី​ជាមួយ​នោះ​ខ្លាំង​ ឬខ្សោយ​កម្រិត​ណា​។

ទី5​- ការប្រើ​ប្រព័ន្ធ​ IFRS17​ គឺ​ឥត​កេងបន្លំ​ប្រាក់ចំណេញ​ និង​មិន​បំប៉ោង​តួលេខ​ប្រាក់ចំណេញ​ ព្រោះ​មាន​ស្តង់​ដា​ហ្នឹង​ គាត់​មិន​អាច​បន្លំ​ក្នុង​ការ​បង់ពន្ធ​បានទេ​ វា​បាន​ឆ្លុះបញ្ចាំង​នូវ​ប្រាក់ចំណេញ​ជាក់ស្តែង​។

ទី6​- បង្ក​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​។ ក្រុមហ៊ុន​ ឬធ​នាគា​រដែ​លប្រើ​ IFRS​ 17​ នឹង​ធ្វើ​ឱ្យ​វិនិយោគិន​ចង់​វិនិយោគ​ជាមួយ​ធនាគារ​នោះ​ ដោយ​គាត់​មានទំនុក​ចិត្ត​ ព្រោះ​វា​បង្ហាញ​នូវ​ភាព​ច្បាស់លាស់​។

ទី7​- កត្តា​សំខាន់​មួយ​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ គឺជា​ក្រុមហិរញ្ញវត្ថុ​ដែល​ធ្វើ​ពិពិធ​កម្ម​ហិរញ្ញវត្ថុ​។ ការ​គិត​ពី​ភាព​ច្បាស់លាស់​នៃ​តម្លៃ​ដែល​យក​ពីអ​តិថិ​ជន​ថា​ តើ​យើង​មានលទ្ធភាព​ធ្វើ​សំណង​ទៅ​អតិថិជន​វិញ​ឬអត់​? ដូច្នេះ​ក្រុម​ពិពិធ​កម្ម​ហិរញ្ញវត្ថុ​ គាត់​មាន​កិច្ចសហការ​គ្នា​ដើម្បី​ឆ្លុះបញ្ចាំង​ ថា​តើ​ស្ថានភាព​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ តើមាន​លទ្ធភាព​ធ្វើ​សំណង​ខាងលើ​ដែរ​ឬទេ​?។

លោក​ ប៊ូ​ ចន្ទ​ភី​រូ​ ក៏បាន​បញ្ជាក់​ពី​ចំណុច​ល្អ​ និង​ចំណុច​មិនល្អ​របស់​ប្រព័ន្ធ​ស្តង់​ដា​គណនេយ្យ​ IFRS​ 17​ ដែរ​ថា​ ចំណុច​ល្អ​របស់​ប្រព័ន្ធ​ស្តង់​ដា​គណនេយ្យ​ IFRS​ 17​ នេះ​ ជាទូទៅ​ គឺ​ពេល​គេ​អនុវត្ត​ដល់ណា​ យើង​ក៏​នឹង​អនុវត្ត​ដល់​នោះ​ដែរ​ គឺ​យើង​ក៏​ចូលចុះ​នឹង​ស្តង់​ដា​របស់​គេ​ដែរ​។ ឯចំណុច​មិនល្អ​ របស់​ប្រព័ន្ធ​ស្តង់​ដា​គណនេយ្យ​ IFRS17​ នេះ​ គឺ​ការជំរុញ​ឱ្យ​ក្រុមហ៊ុន​ដែល​មិនទាន់​មាន​ស្តង់​ដា​នេះ​ឱ្យ​គាត់​ខំប្រឹង​ បើ​គាត់​លំបាក​ខ្លាំង​ ត្រូវ​ខំប្រឹង​ឱ្យ​ខ្លាំង​ដើម្បី​ឱ្យ​ទាន់​គេ​។

លោក​អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ហ្វ័​រតេ​បាន​បញ្ជាក់​ថា​៖ “ក្រុម​ហ៊ុន​ហ្វ័​រតេយើ​ងបាន​រៀបចំ​ ប្រើប្រាស់​គណនេយ្យ​ IFRS​ 17​ នៅក្នុង​ឆ្នាំ2019​ នេះ​។ ប្រសិនបើ​ស្តង់​ដា​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ វា​អាច​នឹង​មានផល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​មួយចំនួន​ដែល​ពុំ​ទាន់បាន​ត្រៀមខ្លួន​។ ដូច្នេះ​ការ​ត្រៀមខ្លួន​ក្នុង​ការប្រើ​ប្រព័ន្ធ​នេះ​ គឺ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងអស់​ដែល​នៅ​ប្រើ​ស្តង់ដារ​គណនេយ្យ​មិន​មាន​ភាព​ត្រឹមត្រូវ​ ត្រូវតែ​កែសម្រួល​មក​ប្រើ​ស្តង់​ដា​ថ្មី​ ឬត្រូវតែ​ងាក​មក​ប្រើ​ IFRS​ 17នេះ​ បើ​ពុំ​ដូច្នោះ​ទេវា​អាច​នឹង​ប៉ះពាល់​ដល់​របាយការណ៍​ហិរញ្ញវត្ថុ​របស់​គាត់​ ដែល​នាំ​ឱ្យ​មានផល​លំបាក​ដល់​ក្រុមហ៊ុន​ជាមិនខាន​”៕

Advertisement