កម្ពុជា​គ្រោង​ដំឡើង​ប្រព័ន្ធ​អុីន​ធើ​ណិ​ត WiFi​ នៅ​តាម​តំបន់​ទេសចរណ៍​ទូទាំង​ប្រទេស​

រដ្ឋាភិបាល​កម្ពុជា​ កាលពី​ពេល​ថ្មី​ៗនេះ​បាន​ប្រកាស​ពី​គម្រោង​ដំឡើង​ប្រព័ន្ធ​អុីន​ធើ​ណិ​តគ្មាន​ខ្សែ​ (WiFi​) នៅ​តាម​តំបន់​ទេសចរណ៍​ទូទាំង​ប្រទេស​ដើម្បី​សម្រួល​ដល់​អ្នកទេសចរ​ក្នុង​ស្រុក​ និង​បរទេស​ដែល​បាន​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​គម្រោង​នេះ​ត្រូវ​ធ្វើ​យ៉ាងណា​បញ្ចប់​ឱ្យ​បាន​មុន​ឆ្នាំ2023​។

នៅក្នុង​ពិធី​ “ទិវា​ជាតិ​ទីក្រុង​ស្អាត​” លើក​ទី7​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី25​ ខែកុម្ភៈ​ ឆ្នាំ2019​ នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រាប់​ឱ្យ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​រៀបចំ​ដំឡើង​ប្រព័ន្ធ​អុីន​ធើ​ណិ​តគ្មាន​ខ្សែ​ ឬWiFi​ នៅ​តាម​បណ្ដា​តំបន់​ទេសចរណ៍​ទូទាំង​ប្រទេស​ ពិសេស​រាជធានី​ភ្នំពេញ​ ខេត្តសៀមរាប​ និង​ខេត្ត​ព្រះសីហនុ​ជាដើម​។ សម្តេច​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ គម្រោង​នេះ​ត្រូវតែ​ធ្វើ​ឱ្យ​បាន​មុន​ឆ្នាំ2023​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​ប្រាប់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ឱ្យ​តាមពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ទៅលើ​បញ្ហា​ ប្រព័ន្ធ​អុីន​ធើ​ណិ​តគ្មាន​ខ្សែ​ ឬ WiFi​ នេះ​ ព្រោះ​ការប្រើ​ WiFi​ ពេលខ្លះ​ហាក់​មិនទាន់​មានប្រសិទ្ធភាព​នៅឡើយ​ទេ​ ដោយជួន​កាល​មិន​អាច​តភ្ចាប់​ជាមួយ​នឹង​អុីន​ធើ​ណិ​តបាន​។

សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ “ទន្ទឹម​នឹង​នេះ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ត្រូវ​បំពាក់​ឱ្យ​មាន​ប្រព័ន្ធ​ Free​ WiFi​ នៅ​តាម​គោលដៅ​ទេសចរណ៍​នី​មួយ​ៗ ពិសេស​នៅ​រាជធានី​ភ្នំពេញ​ ខេត្តសៀមរាប​ ខេត្ត​ព្រះសីហនុ​ ខេត្តបាត់ដំបង​ត្រូវ​ដំឡើង​ឱ្យ​បាន​មុន​ឆ្នាំ2023​។ ចំណុច​នេះ​ ខ្ញុំ​ក៏​សូម​ទាក់ទាញ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ ព្រោះ​ស្ថានភាព​ដែល​យើង​បាន​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​ប៉ុន្មាន​កន្លែង​នេះ​ហាក់ដូចជា​មិនទាន់​មានប្រសិទ្ធភាព​នៅឡើយ​ទេ​”។

លោក​ ​ហូ​ វណ្ឌី​ អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​គម្រោង​ទាក់ទង​នឹង​ការដំឡើង​ប្រព័ន្ធ​អុីន​ធើ​ណិ​តគ្មាន​ខ្សែ​(WiFi​) នៅ​តាម​បណ្ដា​តំបន់​ទេសចរណ៍​ទូទាំង​ប្រទេស​នេះ​។ លោក​បាន​លើកឡើង​ថា​ គម្រោង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​គិតគូរ​ប្រមាណ​ 5ឆ្នាំ​មក​ហើយ​។ លោក​ វណ្ឌី​ សង្ឃឹមថា​ ប្រព័ន្ធ​អុីន​ធើ​ណិ​តគ្មាន​ខ្សែ​ (WiFi​) នៅ​តាម​បណ្ដា​តំបន់​ទេសចរណ៍​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នកទេសចរ​ជាតិ​ និង​អន្តរជាតិ​ដើម្បី​ស្វែងរក​ទី​តំបន់​ទេសចរណ៍​នានា​ ស្វែងរក​កន្លែង​សម្រាក​ និង​ប្រើប្រាស់​សម្រាប់​មធ្យោ​យបាយ​ផ្សេង​ៗទៀត​។

លោក​ វណ្ឌី​ បាន​បន្ត​ថា​៖“ប្រព័ន្ធ​អុីន​ធើ​ណិ​តគ្មាន​ខ្សែ​ WiFi​ នេះ​ នៅ​តាម​បណ្ដា​តំបន់​ទេសចរណ៍​ទូទាំង​ប្រទេស​នឹង​ទាក់ទាញ​ទេសចរ​ឱ្យ​ស្នាក់នៅ​កម្ពុជា​កាន់តែ​យូរថ្ងៃ​ឡើង​ ដោយសារតែ​គេ​ចូលចិត្ត​សេវាកម្ម​ជាច្រើន​ដែល​យើង​បាន​ផ្តល់​ជូន​គេ​”។

ដោយឡែក​កាលពី​ពេល​ថ្មី​ៗនេះ​ដែរ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​សម្របសម្រួល​រៀបចំ​ដំឡើង​ប្រព័ន្ធ​អុីន​ធើ​ណិ​តគ្មាន​ខ្សែ​ WiFi​ (5G​)នៅ​តំបន់​អង្គរ​ផង​ដែរ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​សម្រាប់​ការប្រើ​ប្រាស់​សេ​វា​អុីន​ធើ​ណិ​តដល់​ភ្ញៀវ​ទេសចរ​ និង​បម្រើសេវា​សាធារណ:ផ្សេង​ៗទៀត​ សំដៅលើ​កកម្ពស់​សុខុមាលភាព​ និង​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​។

គួរ​បញ្ជាក់​ថា​ កាលពី​ខែឧសភា​ ឆ្នាំ2018​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​សហការ​ជាមួយ​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ WiFi​ នៅ​តាម​ទី​សាធារណៈ​ នៅ​សួនច្បារ​សម្តេច​ហ៊ុន​សែន​ និង​នៅ​តាម​សាលារៀន​មួយចំនួន​ ដូចជា​នៅ​ខេត្ត​កំពង់ឆ្នាំង​ និង​កំពង់ស្ពឺ​។ល។ ប្រព័ន្ធ​ WiFi​ សាធារណៈ​នេះ​ត្រូវ​បាន​ផ្តត់​ផ្គង់​ដោយ​ទូរគមនាគមន៍​កម្ពុជា​។

ប្រព័ន្ធ​នេះ​ ដំបូង​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​បរិវេណ​សួនច្បារ​សម្តេច​ហ៊ុន​សែន​ ហើយ​ក្រសួង​នឹង​ពិចារណា​លើ​ទី​តាំង​ផ្សេង​ៗទៀត​ ដូចជា​នៅ​វត្តភ្នំ​ សួនច្បារ​មុខ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ និង​សួនច្បារ​វត្ត​បទុម​ ព្រម​ជា​មួយ​ៗសួនច្បារ​នៅ​តាម​បណ្តា​ខេត្ត​នានា​ផង​ដែរ​។

បើ​យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​ ក្នុង​ឆ្នាំ2018​ វិសយ​ទេសចរណ៍​រកចំណូល​បាន​ប្រមាណ​ 4.3ប៊ី​លាន​ដុល្លារ​អាមេរិក​ កើន​ប្រមាណ​ជា​ 20ភាគរយ​។ ដោយឡែក​ ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​មាន​ប្រមាណ​ 6.2លាន​នាក់​កាលពី​ឆ្នាំមុន​ ដែល​កើនឡើង​ 10.7ភាគរយ​។

កម្ពុជា​រំពឹង​ថា​ នឹង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ 6.7លាន​នាក់​ក្នុង​ឆ្នាំ2019​ នេះ​ ហើយ​នៅ​ឆ្នាំ2020កម្ពុជា​រំពឹង​ថា​ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​បាន​ប្រមាណ​ 7លាន​នាក់​ និង​បង្កើត​ប្រាក់ចំណូល​ជាង​ 5ប៊ី​លាន​ដុល្លារ​អាមេរិក​ និង​បង្កើត​ការងារ​បាន​ប្រមាណ​ជា​ 1លាន​នាក់​៕

Advertisement