ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចសង្គម កម្ពុជាត្រូវជំរុញ​វិស័យ​ទេសចរណ៍​

វិស័យ​ទេសចរណ៍​ គឺជា​វិស័យ​មួយ​ដែល​ចូលរួម​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​-សង្គម​ បង្កើត​ការងារ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ជា​ការនាំចេញ​នៅនឹង​កន្លែង​ព្រមទាំង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​ថែរក្សា​ និង​អភិរក្ស​បរិស្ថាន​ រួម​ទាំង​ឆ្លើយតប​នឹង​បម្រែបម្រួល​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធភាព​ ដោយហេតុ​ដូច្នេះហើយ​ ទើប​រាជរដ្ឋាភិបាល​បាន​ចាត់ទុក​វិស័យ​នេះ​ថា​ជា​ មាស​បៃតង​។

ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅក្នុង​ “ទិវា​ជាតិ​ទីក្រុង​ស្អាត​” លើក​ទី7​ ក្រោម​ប្រធានបទ​ “ទីក្រុង​ស្អាត​៖ ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ​” បាន​ថ្លែង​បញ្ជាក់​ថា​៖ “នៅ​ឆ្នាំ2018កន្លងទៅ​ វិស័យ​ទេសចរណ៍​យើង​សម្រេច​បាន​កំណើន​ក្នុង​អត្រា10.7​% ជាមួយនឹង​ការ​មកដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​ 6.2លាន​នាក់​ និង​នាំ​ប្រាក់ចំណូល​ប្រមាណ​ 4,356លាន​ដុល្លារ​អាមេរិក​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ​” ដែល​ជា​ការ​កើនឡើង​ប្រហែល​ 20​%។

ឯកឧត្តម​រដ្ឋមន្ត្រី​ បន្ត​ថា​ នៅ​ឆ្នាំ2019​ កម្ពុជា​រំពឹង​ថា​ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ6លាន​ 7សែន​នាក់​ ហើយ​នៅ​ឆ្នាំ2020​ នឹង​ទទួល​បាន​ប្រមាណ​ជាជាង​ 7លាន​នាក់​ និង​នាំមក​នូវ​ចំណូល​ប្រមាណ​ 5ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​នឹង​បង្កើត​ឱកាស​ការងារ​បាន​ប្រមាណ​ជិត​ 1លាន​នាក់​ និង​នៅ​ឆ្នាំ2030​ អាច​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ 15លាន​នាក់​ ដែល​នឹង​នាំមក​នូវ​ចំណូល​ប្រមាណ​ 10ពាន់​លាន​ដុល្លា​អាមេរិក​ ដោយ​នឹង​បង្កើត​ឱកាស​ការងារ​បាន​ប្រមាណ​ជិត​ 2លាន​នាក់​។

ឯកឧត្តម​ បន្ត​ថា​ ដើម្បី​ត្រៀម​ទទួលស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដូចដែល​បាន​ជម្រាប​ជូន​ខាងលើ​ ជា​យុទ្ធសាស្ត្រ​ គឺ​ត្រូវ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ​តាមរយៈ​ការបង្កើត​ឱ្យ​មាន​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ប្រកបដោយ​ភាព​វៃឆ្លាត​ ស្អាត​ និង​បៃតង​ (Smart​, Clean​ &​ Green​)។ឯកឧត្តម​ ថោង​ ខុន​ បាន​បញ្ជាក់​ទៀត​ថា​៖ “ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃទី27​ ខែកុម្ភៈ​ ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ប្រារព្ធ​ពិធី​អបអរសាទរ​ “ទិវា​ជាតិ​ទីក្រុង​ស្អាត​” ហើយ​ផ្តើម​ចេញពី​ចលនា​ប្រឡងប្រណាំង​នេះ​ គឺ​ដើម្បី​លើកទឹកចិត្ត​ និង​ទទួលស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​ផ្នែកឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ និង​វិស័យ​ពាក់ព័ន្ធ​ដែល​មាន​ស្នាដៃ​ល្អ​ចូលរួម​ទ្រទ្រង់​ដល់​ចលនា​ប្រឡងប្រណាំង​“ទីក្រុង​ស្អាត​ រមណីយដ្ឋាន​ស្អាត​ សេវា​ល្អ​ បដិសណ្ឋារ​កិច្ច​ល្អ​” និង​ជា​ការ​លើកកម្ពស់​ភាព​ស្អាត​ និង​បៃតង​នៅ​កម្ពុជា​”។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ថា​៖“បើ​ធ្វើជា​អ្នកជំនួញ​ ឬអ្នកលក់​ដូរ​វិញ​ ការ​រក​អតិថិជន​ម្នាក់​មក​ទិញ​របស់​យើង​នោះ​ គឺជា​រឿង​លំបាក​ហើយ​ តែ​រឿង​ដែល​ពិបាក​ជាង​ហ្នឹង​ទៀត​នោះ​គឺ​ អ្នកលក់​ត្រូវ​ធានា​យ៉ាងណា​ដល់​អតិថិជន​ដែល​ជា​អ្នកទិញ​ទំនិញ​របស់​យើង​នោះ​ឱ្យ​ថ្ងៃក្រោយ​គេ​មក​ទិញ​ទៀត​”។

សម្តេច​តេជោ​បន្ត​ថា​៖ “មិន​ត្រឹមតែ​គេ​មក​ទិញ​ខ្លួនឯង​ទេ​ គេ​ថែមទាំង​ហៅ​មិត្តភក្តិ​របស់​គេ​ឱ្យមក​ជួយ​ទិញ​ថែមទៀត​ ទើប​ជា​បញ្ហា​ជោគជ័យ​នៃ​មុខ​ជំនួញ​ កុំឱ្យ​គេ​មក​ទិញ​ម្តង​ហើយ​រាងចាល​ មុខ​គេ​មិន​មើល​ ដោយសារតែ​ការ​កាត់​តម្លៃ​ខ្ពស់​ សម្តី​គំរោះគំរើយ​ អ៊ីចឹង​ថ្ងៃក្រោយ​រកស៊ី​ខាត​ កុំ​ថាម​កពី​រដ្ឋាភិបាល​ត្រូវ​ពិនិត្យមើល​ឡើងវិញ​”។សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ក៏បាន​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​ត្រូវ​មានការ​ផ្សារភ្ជាប់​ ឬទាញ​ផលប្រយោជន៍​ពី​វិស័យ​កសិកម្ម​ តាមរយៈ​ការជំរុញ​ឱ្យ​កសិករ​ ម្ចាស់​រមណីយដ្ឋាន​ និង​ភោជនីយដ្ឋាន​ បង្កើន​ការ​ដាំដុះ​ដំណាំ​កសិកម្ម​បែប​ធម្មជាតិ​ឱ្យ​បាន​ច្រើន​ ដើម្បី​បំពេញ​តម្រូវការ​បរិភោគ​របស់​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​។

បន្ថែម​លើ​នេះ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖“ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ត្រូវ​រៀបចំ​ដាក់​ Free​ WiFi​ នៅ​តាម​គោលដៅ​តំបន់​ទេសចរណ៍​ទូទាំង​ប្រទេស​ ពិសេស​រាជធានី​ភ្នំពេញ​ ខេត្តសៀមរាប​ ខេត្តបាត់ដំបង​ និង​ខេត្ត​ព្រះសីហនុ​ ជាដើម​ ឱ្យ​បាន​មុន​ឆ្នាំ2023​។

សម្ដេច​ក៏បាន​ក្រើន​រំឭក​ដល់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ត្រូវ​តាមពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ទៅលើ​បញ្ហា​ Free​ WiFi​ ព្រោះ​ស្ថានភាព​ការប្រើ​ WiFi​ ដែល​យើង​បាន​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​ មិនទាន់​មានប្រសិទ្ធភាព​នៅឡើយ​ទេ​ ពោល​មាន​ WiFi​ តែ​អត់​មាន​អុីន​ធើ​ណិ​ត”។

លោកស្រី​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​ប្រតិបត្តិ​ករ​ទេសចរណ៍​ និង​រដ្ឋាភិបាល​បាន​កំណត់​ទិសដៅ​សម្រាប់​អ្នកទេសចរ​អន្តរជាតិ​ ជាពិសេស​អ្នកទេសចរ​ចិន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​ ដែល​នេះ​ជា​មូលហេតុ​ចម្បង​ដែល​ពួកគេ​បាន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​។

លោកស្រី​បាន​មានប្រសាសន៍​ថា​ ៖“ដោយសារតែ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ប្រទេស​ ក្នុង​វិស័យ​ទេសចរណ៍​ដើម្បី​ឱ្យ​អ្នកទេសចរ​កាន់តែ​ច្រើន​បាន​មក​ធ្វើ​ទស្សនាចរ​នៅ​កម្ពុជា​ នឹង​នាំ​ឱ្យ​គោលនយោបាយ​របស់ក្រ​សួង​ទេសចរណ៍​ បាន​ទទួលជោគជ័យ​ និង​មានប្រសិទ្ធភាព​”។ លោកស្រី​បាន​បន្ត​ថា​បច្ចុប្បន្ន​អ្នក​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ទេសចរណ៍​គួរតែ​រួមគ្នា​ក្នុង​គោលបំណង​តែមួយ​ដើម្បី​បង្កើត​ឱ្យ​មាន​កំណើន​ប្រកបដោយ​ចីរភាព​នៅក្នុង​វិស័យ​នេះ​៕

Advertisement