តើ​គួរ​ទិញ​ដី​នៅ​ក្បែរ​ព្រលា​នយន្តហោះ​ ឬមិន​គួរ​ទិញ​?

ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​បង្កើត​គណៈកម្មការ​សិក្សា​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ថ្មី​នៅក្នុង​ទឹកដី​នៃ​ខេត្តកណ្តាល​រួចមក​ គេ​សង្កេតឃើញ​ថា​ ដី​នៅ​តំបន់​នោះ​បាន​ និង​កំពុងតែ​មានតម្លៃ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ហើយ​ប្រជាពលរដ្ឋ​ទូទៅ​ ក៏ដូចជា​ឈ្មួញ​មួយចំនួន​កំពុង​នាំគ្នា​សម្រុក​ទិញ​ដី​នៅ​តំបន់​នោះ​ផង​ដែរ​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​មានប្រសាសន៍​ថា​ គួរ​មានការ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន​ មុននឹង​សម្រេច​ទិញ​ដី​វិនិយោគ​នៅ​ក្បែរ​ព្រលា​នយន្តហោះ​ ព្រោះថា​ ការសាងសង់​អគារ​នៅ​ក្បែរ​ព្រលា​នយន្តហោះ​អាច​មាន​ទាំង​ផល​វិជ្ជមាន​ និង​អវិជ្ជមាន​ទន្ទឹមគ្នា​។ ផល​វិជ្ជមាន​គឺ​ស្ថិតនៅ​ត្រង់ថា​ បើ​យើង​ទិញ​ដី​សង់​ខុន​ដូ​ សណ្ឋាគារ​ ផ្ទះសំណាក់​ ឬភោជនីយដ្ឋាន​នៅ​ឆ្ងាយ​ពី​ព្រលា​នប​ន្តិច​ វា​មិនសូវ​ឮសំឡេង​យន្តហោះ​ប៉ុន្មាន​ទេ​ ហើយ​អាច​មាន​ភ្ញៀវ​មក​ស្នាក់នៅ​ ឬចូល​ទទួលទាន​អាហារ​ច្រើន​ផង​ដែរ​ ដោយសារ​ភ្ញៀវ​ដែល​ទើប​ចុះពី​យន្តហោះ​ ជួនកាល​យប់ជ្រៅ​ មិន​មាន​បងប្អូន​មក​ទទួលយក​ ឬមកដល់​នៅពេល​យប់​ មិន​ហ៊ាន​ធ្វើដំណើរ​ទៅផ្ទះ​ គាត់​ត្រូវ​ស្នាក់នៅ​ និង​ទទួលទាន​អាហារ​នៅក្នុង​សណ្ឋាគារ​បណ្តោះអាសន្ន​សិន​ ដូច្នេះ​ការទិញ​ដី​នៅ​ក្បែរ​ព្រលា​នយន្តហោះ​ ក៏អាច​ធ្វើអាជីវកម្ម​ទទួល​បានផល​ចំណេញ​ និង​រក​ប្រាក់ចំណូល​ប្រចាំថ្ងៃ​បាន​ផង​ដែរ​។ ចំណែក​ផល​អវិជ្ជមាន​វិញ​ បើសិនជា​ទិញ​ដី​នៅ​កៀក​នឹង​របង​ព្រលា​នយន្តហោះ​ ឬទិញ​ដី​សង់ផ្ទះ​នៅ​ក្បែរផ្លូវ​យន្តហោះ​ឡើង​-ចុះ​ នោះ​ប្រាកដជា​លំបាក​ក្នុង​ការរស់នៅ​មិនខាន​ ដោយសារតែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​សង់ផ្ទះ​ខ្ពស់​ច្រើន​ជាន់​ទេ​ ហើយ​អ្វី​ដែល​សំខាន់​ខ្លាំង​ជាង​នេះ​ទៀត​នោះ​ គឺ​ការរស់នៅ​ជិ​តព្រលា​នយន្តហោះ​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​សំឡេង​យន្តហោះ​ មិនថា​យប់​ ឬថ្ងៃ​នោះ​ទេ​ គឺ​ព្រលា​នយន្តហោះ​អន្តរជាតិ​ប្រាកដជា​មាន​យន្តហោះ​ចុះ​-ឡើង​ឥត​ឈប់ឈរ​មិនខាន​ សូម្បី​តែ​ព្រលា​នយន្តហោះ​បច្ចុប្បន្ន​(អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​)ក៏​មាន​ជើង​យន្តហោះ​ឡើង​-ចុះ​ដល់ទៅ​ជិត​ 60ជើង​ដែរ​ក្នុង​មួយថ្ងៃ​។

លោក​ ពុជ​ វណ្ណៈ​ អាជីវករ​សង់ផ្ទះ​ល្វែង​លក់​នៅ​ខេត្តកណ្តាល​ក៏​មានប្រសាសន៍​ទទួលស្គាល់​ក្រោយពី​រដ្ឋាភិបាល​ប្រកាស​ឱ្យ​សិក្សា​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ឡើងវិញ​នោះ​ដែរ​ថា​ តម្លៃ​ដី​នៅក្នុង​ស្រុក​កណ្តាល​ស្ទឹង​រហូត​ទៅដល់​ភូមិសាស្ត្រ​ស្រុក​ស្អាង​ ពិតជា​កំពុង​មាន​សម្ទុះ​កើនឡើង​គួរ​កត់សម្គាល់​ ហើយ​បាន​បង្ក​ជា​ទំនាស់​រវាង​ឈ្មួញ​ និង​ប្រជាពលរដ្ឋ​ទៀតផង​។

លោក​បាន​លើក​ជា​ឧទា​ហរហ៍​ថា​ ដូចជា​ដី​បឹង​ជាប់​ព្រំប្រទល់​រវាង​ស្រុក​កណ្តាល​ស្ទឹង​ និង​ស្រុក​ស្អាង​ កាលពី​មិនទាន់​ប្រកាស​សាង​សង់​ព្រលា​នយន្តហោះ​ ប្រជាពលរដ្ឋ​ប្រកាស​លក់​មួយ​ម៉ែត្រការ៉េ​ក្នុង​តម្លៃ​តែ​ 4ដុល្លារ​ក៏​មិន​មាន​ឈ្មួញ​ណា​ទិញ​ផង​ ប៉ុន្តែ​មកទល់​ពេលនេះ​ ទីតាំង​នោះ​ឈ្មួញ​សុំ​ទិញ​ដោយ​ឱ្យ​តម្លៃ​ដល់ទៅ​ 20ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ក៏​ប្រជាពលរដ្ឋ​មិន​លក់​ដែរ​។

លោក​បន្ត​ថា​ តម្លៃ​ដី​ក្បែរ​គម្រោ​ងព្រលា​ននោះ​បាន​ឡើង​ថ្លៃ​ក្រឺត​ៗទាំងអស់​ គ្រាន់តែ​ថា​តំបន់​ខ្លះ​ឡើងថ្លៃ​ខ្លាំង​ហើយ​តំបន់​ខ្លះ​ឡើង​តិចតួច​ ទៅតាម​ទីតាំង​ដែល​មាន​សក្តា​នុ​ពល​ខ្លាំង​ និង​ទីតាំង​មិនសូវ​មាន​សក្តា​នុ​ពល​ប៉ុណ្ណោះ​ និង​ឡើងថ្លៃ​ក្នុង​ចន្លោះ​ពី​ 20ដុល្លារ​ទៅដល់​ជាង100ដុល្លារ​ក្នុង​ 1ម៉ែត្រការ៉េ​ក៏​មាន​ ជាពិសេស​ឡើងថ្លៃ​ខ្លាំង​នៅក្នុង​ឃុំ​កណ្តោ​ក ឃុំ​អំពៅព្រៃ​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល​ ជា​ដី​ដែល​មាន​ទីតាំងនៅ​កៀក​នឹង​ព្រលា​នជាងគេ​ ឬមាន​ទីតាំង​ដី​នៅ​ជាប់​ផ្លូវ60ម៉ែត្រ​ ស្របតាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី3​។

គួរ​បញ្ជាក់​ដែរ​ថា​ កាលពី​សប្តាហ៍​មុន​នេះ​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​សម្រេច​ថ្មី​មួយ​ ដើម្បី​បង្កើត​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ថ្មី​ ដើម្បី​៖ 1.ពិនិត្យ​ និង​កំណត់​និយាម​ការ​ទីតាំង​ សម្រាប់​គម្រោង​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ថ្មី​។ 2.សិក្សា​វាយតម្លៃ​ថ្លៃ​ដី​នៅ​តំបន់​គម្រោង​សាងសង់​អាកាសយាន​ដ្ឋាន​ថ្មី​។ 3.សម្របសម្រួល​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ទីតាំង​ដី​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ដំណើ​ការ​គម្រោង​សាងសង់​អាកាសយាន​ដ្ឋាន​ថ្មីនេះ​។ 4.សម្របសម្រួល​ជាមួយ​ក្រសួង​ ស្ថាប័ន​ និង​អង្គភាព​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ដើម្បី​ដំណើរការ​អនុវត្ត​ឱ្យ​គម្រោង​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​។ 5.ផ្តល់​អនុសាសន៍​ដល់​ក្រុមហ៊ុន​ក្នុង​ការ​បំពេញ​បែប​បទ​ផ្សេង​ៗ ដើម្បី​ឆ្លើយតប​បាន​តាម​តម្រូវការ​ សម្រាប់​អនុវត្ត​គម្រោង​ ក៏ដូចជា​សំណូម​ពរ​ផ្សេង​ៗរបស់​ក្រុមហ៊ុន​។ 6.ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​ផែនការមេ​ របស់​គម្រោង​ ក៏ដូចជា​សំណូម​ពរ​ផ្សេង​ៗរបស់​ក្រុមហ៊ុន​ តាមដាន​ និង​ត្រួតពិនិត្យ​ការអនុវត្ត​គម្រោង​ សាងសង់​អាកាសយាន​ដ្ឋាន​ថ្មី​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ និង​ទី7​.ធ្វើ​របាយការណ៍​អំពី​លទ្ធផល​ជូន​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ពិនិត្យ​ និង​សម្រេច​៕

Advertisement