ស្ពានមិត្តភាពកម្ពុជា-ជប៉ុនគ្រោងបើកដំណើរការបណ្តោះអាសន្នមុនចូលឆ្នាំខ្មែរ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ​ក្រសួងគ្រោងដាក់ឱ្យដំណើរការឡើងវិញនូវស្ពាន​​​មិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារ)នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ក្រោយពីធ្វើការជួសជុល សម្រេចបា97% លឿនជាងការគ្រោងទុកចំនួន 11% មុន​ផែនការ​រំពឹង​ទុកដែល​នឹង​បញ្ចប់​មុន​ពេល​កំណត់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យមើលវឌ្ឍនភាពនៃការជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) (ថ្ងៃទី6 ខែមីនា ឆ្នាំ2019) ដោយមានការចូលរួមពីមន្ត្រីក្រសួង តំណាងក្រុមហ៊ុនជួសជុលសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណបច្ចេកទេស។

រាជរដ្ឋាភិបាល​បានប្រកាស​ជួសជុល​ស្ពាន​នេះ​ជាថ្មី​ស្ទើរ​ទាំង​ស្រុងហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់ ស្ពាននេះបានតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទានក្រោម​ជំនួយ​ហិរញ្ញ​ប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដោយ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ 3,343លានយ៉េន ស្មើនឹងប្រមាណជា30លាន​ដុល្លារ​អាមេរិក និង​ប្រើ​រយៈពេល​ប្រមាណ2ឆ្នាំ

គម្រោងស្តារស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារទី១)ឡើងវិញ ជាហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី31 ខែមីនា ឆ្នាំ2016 គម្រោង​​េះបានចាប់ផ្តើមបើកការដ្ឋានជួសជុលនៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2017 ដោយមានក្រុមហ៊ុន Obayashi ជាក្រុមហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។

ផ្អែកលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំង2 គម្រោងនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី14 ខែមិថុនា ឆ្នាំ2019 ប៉ុន្តែដោយសារការអនុវត្តគម្រោងនេះលឿនជាងការគ្រោងទុក ស្ពាននេះនឹង បើកឱ្យដំណើរការធ្វើចរាចរជាបណ្តោះអាសន្ន នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូនបានឱ្យដឹងថា ការងារ​សំខាន់ៗ​នៃ​ការ​ជួស​ជុល​ស្ពាន​នេះ គឺ​បាន​បញ្ចប់​រួច​រាល់​អស់​ហើយ នៅ​សល់តែ​ការងារ​តូចៗ ដូចជា សម្អាត និង​ការ​លាប​ពណ៌ រៀបចំ​សណ្តាប់​ធ្នាប់​ជុំវិញ​ស្ពាន​នេះ​ប៉ុណ្ណោះ។ ការ​ជួស​ជុល​បញ្ចប់​មុន​ផែនការ​នេះ ដោយសារ​ក្រុម​បច្ចេកទេស​ទាំង​កម្ពុជា និង​ជប៉ុនបាន​សហការ​គ្នា​បាន​ល្អ​ដែល​ធ្វើ​ឱ្យ​ការ​ជួស​ជុល​រួច​រាល់​មុន​កាល​កំណត់។

ក្រសួងបានបញ្ជាក់​បន្ថែមថា ការដាក់​ដំណើរការ​ឱ្យ​ប្រើប្រាស់​ស្ពាន​នេះ​ឡើងវិញ​ មុន​ពិធី​ចូល​ឆ្នាំថ្មី វា​ជា​វិធានការ​មួយក្នុង​ការ​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍ ដែល​តែង​កើត​មាន​ឡើង​ជា​រៀងរាល់​ឆ្នាំ ព្រោះ​ក្នុង​ពេល​នោះប្រជា​ពលរដ្ឋ​នាំ​គ្នា​សម្រុក​ចេញ​ពី​រាជធានី​ទៅ​ស្រុក​កំណើត​ច្រើន។ ដូច្នេះ​​បញ្ហា​​​កកស្ទះ​ចរាចរណ៍នឹងត្រូវកាត់បន្ថយ ដូច្នេះការ​បើកឱ្យដំណើរការបណ្ដោះអាសន្ន​នេះ គឺ​នឹង​ជួយ​សម្រួល​បញ្ហា​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ជា​រួម ការ​បើក​ឱ្យ​ដំណើរការ​ស្ពាន​នេះ​ឡើង​វិញ គឺជា​ការ​ប្រសើរដែល​ចូលរួម​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ ខណៈ​អាជ្ញាធរ​ក្រុងត្រៀម​រៀបចំ​សណ្តាប់​ធ្នាប់ឱ្យ​បាន​ល្អនៅ​ជុំវិញ​ស្ពាន​នេះ ជា​ពិសេស​គឺ​ក្នុង​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាងមុខ។ ដោយ​ឡែក​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​នៅ​តាម​ផ្លូវជាតិ6 និង​លេខ5 នឹង​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន​ទៀត ពីព្រោះ​យើង​មាន​ស្ពាន​ដល់​ទៅ 3សម្រាប់​ឱ្យ​ពលរដ្ឋ​ឆ្លង​កាត់»

ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន (ជ្រោយចង្វារ) មានប្រវែង 971ម៉ែត្រទទឹង 13ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6A ក្នុងភូមិសាស្ត្រទឹកដីរាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ពោដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ1963 ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។ ស្ពាននេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ1992 ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុនដោយព្រះមហាវីរក្សត្រសម្ដេចព្រះបាទ ព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ៕

Advertisement