កិច្ច​ព្រមព្រៀង​ RCEP​ រំពឹង​ថា​ នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​ ខណៈ​ការចរចា​សម្រេច​បាន​ 90ភាគរយ​

ការចរចា​លើ​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់​ (RCEP​) សម្រេច​បាន​ 90ភាគរយ​ហើយ​ ហើយ​កិច្ច​ព្រមព្រៀង​នេះ​ ត្រូវ​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ដែល​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី7​ ស្តី​ពី​ “កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់​ចប់​សព្វគ្រប់​នៅ​ខេត្តសៀមរាប​កាលពី​ទី2​ ខែមីនា2019​”។

ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​ថា​ កិច្ច​ព្រមព្រៀង​នេះ​បាន​ចរចា​គ្នា​អស់​រយៈពេល​ជាង​ 6ឆ្នាំ​មក​ហើយ​ ដោយ​លោក​បញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​នេះ​ គឺជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយសេរី​ក្នុង​តំបន់​ ដែល​ជួយ​លើកកម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោះដូរ​ទំនិញ​ សេវាកម្ម​ និង​ការ​វិនិយោគ​ក្នុង​តំបន់​។

ឯកឧត្ដម​បាន​បន្ត​ថា​៖ “កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី7​ ស្តី​ពី​“កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់​នេះ​ ដូច្នេះ​យើង​នឹង​ជំរុញ​ឱ្យ​កិច្ច​ព្រមព្រៀង​នេះ​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។ រដ្ឋមន្ត្រី​ RCEP​ ទាំងអស់​បាន​បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​បញ្ចប់​ការងារ​ចរចា​នេះ​នៅ​ខែវិច្ឆិកា​ ឆ្នាំនេះ​ និង​ដាក់​ជូន​ថ្នាក់ដឹកនាំ​ RCEP​ ដើម្បី​សម្រេច​ជាចុងក្រោយ​។ បន្ទាប់ពី​កិច្ចប្រជុំ​នៅ​សៀមរាប​ រដ្ឋមន្ត្រី​ RCEP​ មាន​ផែនទី​បង្ហាញផ្លូវ​ និង​កាលវិភាគ​ដើម្បី​ជួបគ្នា​ពិភាក្សា​គ្នា​រហូតដល់​ខែវិច្ឆិកា​ និង​បញ្ចប់​កិច្ច​ព្រមព្រៀង​ទាំងស្រុង​នៅ​ចុងឆ្នាំ​នេះ​”។

ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​លើកឡើង​ទៀត​ថា​ ការចរចា​ និង​ពិភាក្សា​ បានសម្រេច​ប្រមាណ​ជា​ 90ភាគរយ​ហើយ​ ដោយឡែក​ចំណុច​សេសសល់​ប្រមាណ​ជាង​ 10ភាគរយ​ទៀត​កំពុង​ស្ថិត​ក្នុង​ការចរចា​ដ៏​តានតឹង​ ដែល​ក្នុង​នោះ​វិស័យ​សេវាកម្ម​ ទំនិញ​ និង​ការ​វិនិយោគ​ត្រូវ​បាន​ចរចា​ និង​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​ ជាពិសេស​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​។

ឯកឧត្ដម​រៀបរាប់​ថា​៖ “បញ្ហា​ដែល​សេសសល់​ 10ភាគរយ​នោះ​នឹង​មានការ​ពិភាក្សា​ដ៏​តានតឹង​ និង​តម្រូវ​ឱ្យ​មាន​ឆន្ទៈ​ពី​ថ្នាក់ដឹកនាំ​ប្រទេស​ RCEP​ ដើម្បី​បញ្ចប់​កិច្ច​ព្រមព្រៀង​នៅក្នុង​ឆ្នាំនេះ​ ពីព្រោះ​ថា​ 10ភាគរយ​នេះ​មិន​ស្ថិត​ក្នុង​ដំណាក់កាល​បច្ចេកទេស​នោះ​ទេ​”។

ឯកឧត្ដម​បន្ត​ថា​ កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​ទាក់ទាញ​រោងចក្រ​ជាច្រើន​មក​កែច្នៃ​វត្ថុធាតុដើម​ ជាពិសេស​កសិផល​កម្ពុជា​ដើម្បី​ធ្វើការ​នាំចេញ​ និង​បង្កើន​ជញ្ជីង​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ឱ្យ​ស្មើគ្នា​ជាមួយ​ប្រទេស​ផ្សេង​ៗក្នុង​តំបន់​។

សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មានប្រសាសន៍​ថា​ គោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន​ បាន​និង​កំពុង​ឈាន​ដល់​ចំណុច​របត់​ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​មាន​លក្ខណៈ​សេរី​ និង​បើកចំហ​ ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​ និង​គំរាមកំហែង​ដោយសារ​ប្រទេស​មួយចំនួន​ រួម​ទាំង​បណ្តា​ប្រទេស​មហា​អំ​ណាច​ធំៗ​បាន​ និង​កំពុង​ដោះស្រាយ​បញ្ហា​ដោយ​ប្រកាន់​គោលនយោបាយ​ឯកតោភាគី​ និង​ទេ្វ​ភាគី​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បន្ត​ថា​៖ “គោលនយោបាយ​ប្រកួតប្រជែង​របស់​ប្រទេស​មហាអំណាច​ និង​និន្នាការ​ផ្លាស់​ប្តូរ​ប្រឆាំង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ និង​ប្រឆាំង​គំនិត​សកល​ភា​វូ​នី​យក​ម្ម​ បាន​និង​កំពុង​ទាញ​ប្រទេស​នី​មួយ​ៗឱ្យ​មាន​ទស្សនវិស័យ​ជា​យុទ្ធសាស្ត្រ​ និន្នាការ​នយោបាយ​ និង​គិត​ពី​ផលប្រយោជន៍​ជាតិ​រៀងខ្លួន​”។

ទោះបីជា​យ៉ាងនេះ​ក្តី​ សម្តេច​តេជោ​បាន​មានប្រសាសន៍​ថា​ កម្ពុជា​ក៏ដូចជា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ដែរ​ គឺ​នៅតែ​អាច​ធ្វើការ​ជាមួយគ្នា​ និង​សហការ​ស្វែងរក​មូលដ្ឋាន​រួម​ ទិសដៅ​រួម​ ក៏ដូចជា​ផលប្រយោជន៍​រួម​បាន​ជានិច្ច​។ សម្តេច​បន្ត​ថា​ ការប្រែប្រួល​ភូមិសាស្ត្រ​ នយោបាយ​ និង​សេដ្ឋកិច្ច​ពិភពលោក​ ព្រមទាំង​ការ​លេចចេញ​នូវ​គំនិត​ផ្តួចផ្តើម​តំបន់​ថ្មី​ៗ នឹង​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ប៉ូល​សេដ្ឋកិច្ច​សកលលោក​ផង​ដែរ​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា​ ការបង្កើត​តំបន់​ពាណិជ្ជកម្ម​ តំបន់​សេរី​ RCEP​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ក្លាយទៅជា​ប៉ូល​សេដ្ឋកិច្ច​ស្នូល​ដែល​អាច​ជួយ​រក្សា​សិ្ថរ​ភាព​នយោបាយ​ និង​សេដ្ឋកិច្ច​សកលលោក​ ព្រមទាំង​អាច​ជួយ​ទប់ស្កាត់​នូវ​នយោបាយ​គាំពារ​និយម​ និង​ការ​រីក​រាលដាល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។

សម្តេច​តេជោ​មានប្រសាសន៍​បញ្ជាក់​ថា​៖ “ខ្ញុំ​បាន​ជំរុញ​រដ្ឋមន្ត្រី​ និង​ក្រុម​អ្នកចរចា​ខិតខំ​ពុះពារ​ឧបសគ្គ​តាម​វិស័យ​នី​មួយ​ៗ ឱ្យ​បញ្ចប់​ការចរចា​តាម​អាណត្តិ​ដែល​ផ្តល់​ដោយ​ថ្នាក់ដឹកនាំ​ RCEP​ ទោះបីជា​កម្ពុជា​ត្រូវ​ធ្វើការ​កែទម្រង់​លិខិត​បទដ្ឋាន​ច្បាប់​មួយចំនួន​ និង​ផ្តល់​នូវ​ការសម្រប​សម្រួល​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​ដទៃទៀត​ក៏ដោយ​។ បើសិនជា​កម្ពុជា​ត្រូវការ​កែ​ច្បាប់​ និង​បទប្បញ្ញត្តិ​ដើម្បី​ឱ្យ​ស្របតាម​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់​ (RCEP​)នោះ​ កម្ពុជា​គួរតែ​ធ្វើ​”។

លោក​បណ្ឌិត​ ម៉ី​ កល្យាណ​ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បានឱ្យ​ដឹង​ថា​ រាល់​កិច្ច​ព្រមព្រៀង​ណាក៏ដោយ​ គឺ​សុទ្ធសឹងតែ​ជា​ប្រយោជន៍​ល្អ​ និង​សំខាន់​ចំពោះ​ប្រទេស​កម្ពុជា​ទាំងអស់​។ វា​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ ព្រោះ​ RCEP​ ជាផ្នែក​មួយ​ក្នុង​ការជំរុញ​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​។

លោក​បណ្ឌិត​បាន​បន្ថែម​ថា​៖ “យើង​ពិបាក​និយាយ​ថា​ RCEP វា​ជំនួស​ឱ្យ​ទីផ្សារ​ដែល​មានស្រាប់​របស់​កម្ពុជា​ ប៉ុន្តែ​វា​អាច​ជួយ​កម្ពុជា​ឱ្យធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​ ក្រៅពី​ទីផ្សារ​ដែល​មានស្រាប់​។ ខ្ញុំ​ជឿ​ថា​ RCEP​ មិន​ជំនួស​ឱ្យ​ទីផ្សារ​ដែល​កម្ពុជា​មានស្រាប់​ទេ​ ប៉ុន្តែ​វា​នឹង​បើក​ទីផ្សារ​បន្ថែម​ និង​អាច​ទាក់ទាញ​វិនិយោគិន​ មក​ដំឡើង​រោងចក្រ​បន្ថែម​នៅ​កម្ពុជា​ដើម្បី​ផលិត​នូវ​ផលិត​ផល​សក្តា​នុ​ពល​ផ្សេងទៀត​ ដើម្បី​នាំចេញ​ទៅ​ក្នុង​ប្រទេស​នៅក្នុង​តំបន់​”។

ទន្ទឹមគ្នា​នោះ​ដែរ​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ផ្តល់​នូវ​អនុសាសន៍​សំ​ខាន់​ៗចំនួន3​ ដល់​រដ្ឋមន្ត្រី​នៃ​ប្រទេស​ចរចា​ RCEP​ ទាំង16​ ដើម្បី​បញ្ចៀស​ការ​ខ្វែងគំនិត​គ្នា​នៅក្នុង​វិស័យ​មួយចំនួន​ សំដៅ​ពន្លឿន​ការបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ RCEP​ ដ៏​ពេញលេញ​មួយ​ ទៅតាម​ចង់បាន​របស់​ប្រទេស​ចូលរួម​។

សម្តេច​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​ថា​ ភាគី​ទាំងអស់​ត្រូវ​ចាត់ទុក​កិច្ចចរចា​ទាំងនេះ​ជា​ដំណើរការ​ឈ្នះ​ឈ្នះ​ដែល​លទ្ធផល​ចុងក្រោយ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ភាគី​ទាំងអស់​ទោះជា​ក្នុង​កម្រិត​ខុសគ្នា​ក៏ដោយ​ ហើយ​បើ​ទោះជា​មាន​របៀបវារៈ​សេដ្ឋ​កិ​ច្ច​ផ្សេង​ៗគ្នា​ ភាគី​ចរចា​ទាំងអស់​ត្រូវ​នាំគ្នា​ពិនិត្យមើល​ទិដ្ឋភាព​រួម​នៃ​សក្តា​នុ​ពល​ និង​អត្ថ​ប្រយោជន៍​ដ៏​ធំ​នៃ​កិច្ច​ព្រមព្រៀង​ RCEP​ ដើម្បី​ឱ្យ​ដំណើរការ​នៃ​កិច្ចចរចា​នេះ​អាច​ជម្នះ​បាន​ឧបសគ្គ​។ រដ្ឋមន្ត្រី​នៃ​ប្រទេស​ចូលរួម​ទាំងអស់​ត្រូវ​គោរព​ឆន្ទៈ​នយោបាយ​ និង​ផ្តល់​ការណែនាំ​ដល់​សមាជិក​នៃ​គណៈកម្មការ​ចរចា​ពាណិជ្ជកម្ម​របស់​យើង​នូវ​ភាព​ទន់ភ្លន់​ និង​ការយោគយល់​គ្នា​ ស្របតាម​គោលការណ៍​ណែនាំ​ដែល​បាន​ឯកភាព​គ្នា​កាលពី​ឆ្នាំ2012​។

កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់​ (RCEP​) ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​ (Regional​ FTA​) ដែល​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​នៃ​ការចរចា​ ដែល​ចូលរួម​ដោយ​ប្រទេស​ចំនួន16​ រួមមាន​៖ ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ទាំង10​ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន6​ គឺ​អូស្ត្រាលី​ ចិន​ ឥណ្ឌា​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ និ​ងនូ​វែ​លសេ​ឡង់​។

កិច្ច​ព្រមព្រៀង​នេះ​ ជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន​ដែល​ផ្អែកលើ​កុងសង់ស៊ីស​សម្រាប់​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ដែល​បាន​ប្រកាស​ឱ្យ​ចាប់ផ្តើម​ចរចា​ក្នុង​ឆ្នាំ2012​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ RCEP​ មាន​ទំហំ​ GDP​ ជិត​ 30ភាគរយ​នៃ​ GDP​ ពិភពលោក​ នៅ​ឆ្នាំ2014​ មាន​ប្រជាជន​ស្ទើរតែ​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ពិភពលោក​ និង​ផលិតកម្ម​សរុប​ប្រមាណ​ជា​ 31.6​%៕

Advertisement