វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​នៅ​បន្ត​កំណើនថេរ​ តែ​នៅ​លំបាក​ផ្នែក​បច្ចេកវិទ្យា​បែប​ទំនើប​

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា​ វិស័យ​ហិរញ្ញវត្ថុ​បែប​ទំនើប​បាន​ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ប៉ុន្តែ​វិស័យ​នេះ​ក៏​នៅតែ​ជួប​ការ​លំបាក​ដោយសារ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ ចំណេះដឹង​ពាក់ព័ន្ធ​នឹង​វិស័យ​ហិរញ្ញវត្ថុ​ឌីជីថល​ បើ​ទោះបីជា​វិស័យ​មួយ​នេះ​កន្លងមក​នៅ​មាន​កំណើនថេរ​ក៏ដោយ​។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

លោកជំទាវ​ ងួន​ សុខា​ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បញ្ជាក់​ថា​ ការយល់​ដឹង​របស់​អតិថិជន​នៅ​មានកម្រិត​ ព្រមទាំង​ភាព​ស្មុគស្មាញ​នៃ​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​បែប​ទំនើប​ដែល​ជា​មូលហេតុ​ចម្បង​បាន​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ត្រូវតែ​គិតគូរ​ឡើងវិញ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​បែប​ទំនើប​ ដែល​ជា​បដិវត្តន៍​ឧស្សាហកម្ម​ទី4.0នៅ​កម្ពុជា​ឱ្យ​មានការ​រីកចម្រើន​តាមរយៈ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ2016​-2025​ និង​ឯកសារ​ទស្សនទាន​ស្តី​ពី​សារពើពន្ធ​អេឡិចត្រូនិក​ ដើម្បី​ជួយ​គាំទ្រ​ដល់​វិស័យ​ហិរញ្ញវត្ថុ​បែប​ទំនើប​ក្នុង​ការពង្រីក​អា​ជី​កម្ម​ និង​លើកទឹកចិត្ត​ការបង្កើត​ថ្មី​ (Startup​) ផង​ដែរ​។

តាម​ការ​អះអាង​លោកជំទាវ​បាន​បញ្ជាក់​ថា​ ការ​ព្យាករ​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅក្នុង​ឆ្នាំ2019នេះ​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹងអាច​រក្សា​បាន​ក្នុងរង្វង់​ 7% ដដែល​ដែល​គាំទ្រ​ដោយ​កំណើន​រឹងមាំ​នៃ​វិ​ស័យ​ធំៗ​ ដូចជា​វិស័យ​សំណង់​ កាត់ដេរ​ កសិកម្ម​ វិស័យ​ទេសចរណ៍​ និង​ការ​លក់ដុំ​-លក់រាយ​ជាដើម​។

លោកជំទាវ​រដ្ឋលេខាធិការ​ បាន​មានប្រសាសន៍​ទៀត​ថា​ នៅក្នុង​អំឡុង​ពេល​ជាង​ 2ទសវត្សរ៍​ចុងក្រោយ​នេះ​ ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ គឺ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​ក្នុងរង្វង់​ 7% ប្រកប​ដោយ​បរិ​យា​ប័ន្ន និង​សមធម៌​ ក្នុង​នោះ​ថែមទាំង​សម្រេច​បាន​ជា​ប្រវត្តិសាស្ត្រ​ដោយ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាន​ឆ្លងផុត​ពី​ឋានៈ​ប្រទេស​មាន​ចំណូល​ទាប​ ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​នៅ​ឆ្នាំ2015​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ចាត់ទុក​កម្ពុជា​ “ជា​ខ្លា​សេ​ដុ្ឋ​កិច្ច​ថ្មី​ក្នុង​អាស៊ី​”នៅ​ឆ្នាំ2016​ ទៀតផង​។

លោកជំទាវ​បាន​បន្ត​ថា​៖ “នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ រាជរដ្ឋាភិបាល​ទទួលស្គាល់​ថា​ វិស័យ​ធនាគារ​ និង​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ មាន​តួនាទី​យ៉ាង​សំខាន់​ ជាពិសេស​ក្នុង​ការបង្កើត​កំណើន​សេដ្ឋកិច្ច​។ វិស័យ​នេះ​នឹង​បាន​បំពេញ​តួនាទី​របស់​ខ្លួន​កាន់តែ​ប្រសើរ​ថែមទៀត​ ប្រសិនបើ​វិស័យ​នោះ​អាច​ចាប់​យក​នូវ​កាលានុវត្តន៍​នៃ​បច្ចេកវិទ្យា​ទំនើប​”។

លោកជំទាវ​បាន​បន្ដ​ទៀត​ថា​ បន្ថែម​លើ​នេះ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក៏បាន​ដាក់ចេញ​នូវ​វិធានការ​លើកទឹកចិត្ត​ និង​អភិ​ឌ្ឍ​ន៍​ SMEs​ នៅក្នុង​វិស័យ​មូលបត្រ​ ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​គុណវុឌ្ឍិ​របស់​ធុរ​កិ​ច្ច​ថ្មី​ៗឱ្យ​មានលទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ក្នុង​លក្ខខណ្ឌ​ប្រកួតប្រជែង​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​។

លោក​ ង៉ែត​ ជូ​ ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន​ Emerging​ Markets​ Consulting​ (EMC​) បាន​ពន្យល់​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ “ជា​រួម​យើង​កុំ​ច្រឡំ​ថា​ ក្នុង​កំណើន​សេដ្ឋកិច្ច​មិនមែន​មានន័យថា​ បច្ចេកទេស​រឹងមាំ​ទេ​ ពីព្រោះ​ថា​ វិស័យ​សេដ្ឋកិច្ច​វា​មាន​ប្រភព​ច្រើន​ ទាក់ទង​នឹង​ការ​វិនិយោគ​ក្នុង​ស្រុក​-ក្រៅ​ស្រុក​ ជាដើម​ ហើយ​ដូចជា​ទាក់ទង​នឹង​ការនាំចេញ​ វា​មិន​ទាក់ទង​នឹង​បច្ចេកវិទ្យា​ទេ​ ដូច្នេះ​ផ្នែក​បច្ចេកវិទ្យា​យើង​នៅ​ទន់ខ្សោយ​ជា​រឿង​ត្រឹមត្រូវ​”។

លោក​ ង៉ែត​ ជូ​ បាន​បន្ត​ទៀត​ថា​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​បែប​ទំនើប​ឱ្យ​មានការ​រីកចម្រើន​ ​; វា​មាន​ភាព​ស្មុគស្មាញ​ច្រើន​ ដែល​រាជរដ្ឋាភិបាល​គួរ​គិតគូរ​ឡើងវិញ​ក្នុង​លើកទឹកចិត្ត​ការពង្រីក​អាជីវកម្ម​។ ដើម្បី​ជួយ​គាំទ្រ​ដល់​វិស័យ​ហិរញ្ញវត្ថុ​បែប​ទំនើប​នេះ​លោក​បញ្ជាក់​ថា​៖ “បច្ចុប្បន្ន​ យើង​មានតែ​បច្ចេកវិទ្យា​បែប​ប្រើប្រាស់​ប៉ុណ្ណោះ​ ដូចជា​ការប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​បែប​ទំនើប​ បែប​ហៅ​ Pass​ app​ ឬទូរស័ព្ទ​ដែល​ប្រើ​ Skyp​ តែ​យើង​មិន​មាន​រោងចក្រ​ផលិត​កុំព្យូទ័រ​ ឬរថយន្ត​ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើប​ទេ​។ ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ យើង​មានតែ​ការនាំចូល​ និង​ពឹងផ្អែក​លើ​ការនាំចេញ​សម្លៀកបំពាក់​ និង​ការ​ជួយ​ជំរុញ​ផ្នែក​កសិកម្ម​ប៉ុណ្ណោះ​”៕

Advertisement