អាស៊ាន​ និង​ជប៉ុន​ ចុះហត្ថលេខា​លើ​ពិធីសារ​ទី1​ ធ្វើ​វិសោធនកម្ម​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ (AJCEP​)

ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម សេវាកម្ម និង​ការវិនិយោគ​ក្នុង​តំបន់ បណ្តា​ប្រទេស​អាស៊ាន និងជប៉ុន​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ទី1 ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ឬ​ហៅ​កាត់​ថា AJCEP។

ពិធីសារ​ទី1 ត្រូវបាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម ថា​រ៉ូ កូ​ណូ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន កាលពី​ថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2019 នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុនដែលមាន​ដាក់បញ្ចូល​ក្នុង​កិច្ចព្រមព្រៀង AJCEP ដើម្បី​ធ្វើឱ្យ​ជំពូក​ទាំងអស់​ស្តីពី​ពាណិជ្ជកម្ម សេវាកម្ម​កាន់តែ​មាន​ភា​ព​ទូលំទូលាយ សម្រួល​ដល់​ការ​បំផ្លាស់​ទី​រូបវ័ន្ត​បុគ្គល និង​វិនិយោគ ព្រមទាំង​កំណត់​គោលដៅ​សំខាន់​ក្នុងការ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​អាស៊ាន និង​ជប៉ុន។

ពិធីសារ​ទី1 ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ឬ​ហៅ​កាត់​ថា AJCEP នេះ អាស៊ាន និង​ជប៉ុន​បាន​ចុះហត្ថលេខា​កាលពី​រសៀល​ថ្ងៃទី2 ខែមីនា ឆ្នាំ2019 កន្លងទៅ ដំណាលគ្នា​នឹង​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី7 ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (7th RCEP ISSL MM) នៅ​ទីក្រុង​សៀមរាប។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងថា ការដាក់បញ្ចូល​គ្នា​នូវ​ជំពូក​ទាំងអស់នេះ នឹង​បម្រើ​ជា​កាតាលីករ​ដើម្បី​ពង្រឹង និង​ពង្រីក​ពាណិជ្ជកម្ម សេវាកម្ម និង​វិនិយោគ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​ឡើង។

ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ បាន​មានប្រសាសន៍ថា៖ “ពិធីសារ​ទី1 ដើម្បី​ធ្វើ​វិសោធនកម្កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ សំដៅ​កែប្រែ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន និង​ជប៉ុន ទៅជា​ការលើកកម្ពស់និង​គាំទ្រ​ដល់​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច នៅក្នុង​តំបន់​អាស៊ី​ភាគ​ខាងកើត”។

ដោយឡែក លោក Ramon M. Lopez លេខាធិការ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៃ​ប្រទេស​ហ្វីលីពីន​បាន​ស្វាគមន៍​ទៅនឹង​ការចុះហត្ថលេខា​លើ​ពិធីសារ​ទី1 ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ឬ​ហៅ​កាត់​ថា AJCEP នេះ។ លោក​មានប្រសាសន៍ថា កិច្ចព្រមព្រៀង​នេះ​នឹង​ពង្រីក​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយរួមមាន​ពាណិជ្ជកម្ម សេវាកម្ម និង​វិនិយោគ​រវាង​អាស៊ាន និង​ជប៉ុន។

លោក Lopez បាន​លើកឡើងថា៖ “តាមរយៈ​ពិធីសារ​ទី1 នៃ​កិច្ចព្រមព្រៀង​នេះ មាន​ចំណុច​ជាច្រើន​ដែល​ត្រូវបាន​ឯកភាព​ជារួម ទី1 ទាក់ទង និង​ពាណិជ្ជកម្ម សេវាកម្ម ទី2 ទាក់ទង​នឹង​ការសម្រួល​ដល់​ការ​បំ​ផ្លាស់​ទី​រូបវ័ន្ត​បុគ្គល សម្រួល​ដល់​ការ​បំ​ផ្លាស់​ទី​ទំនិញ និង​អ្នកផ្គត់ផ្គង់​ក្នុង​តំបន់ និង​ទី3 ការវិនិយោគ ដែល​នឹង​ពង្រឹង​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច ដែលមាន​ការការពារ សេ​វី​ភាវូបនីយកម្ម ការផ្សព្វផ្សាយ និង​ការសម្រួល​ការវិនិយោគ​ដែល​នឹង​ជួយ​ពង្រឹង​នូវ​ទំនាក់​ទង​សេដ្ឋកិច្ច​រវាង​ភាគី​ជប៉ុន និង​អាស៊ាន​ទៅលើ​ទិដ្ឋភាព​ផ្នែក​វិនិយោគ”។

លោក Lopez បាន​បន្តទៀតថា ការផ្តួចផ្តើម​រវាង​ជប៉ុន និង​អាស៊ាន​នេះ​នឹង​បន្ត​ឡើងវិញ​នូវ​យុទ្ធសាស្ត្រ​ផែនទី​បង្ហាញផ្លូវ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រយៈពេល 10ឆ្នាំ​របស់​ជប៉ុន ដើម្បី​ធានាថា ជប៉ុន​នៅតែ​បន្ត​ជា​គ្រឹះ​យ៉ាងរឹងមាំ​ចំពោះ​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ជា​ដៃគូ​យ៉ាងសំខាន់​នៅក្នុង​តំបន់​អាស៊ាន។

លោក Hiroshige Seko រដ្ឋមន្ត្រី​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៃ​ប្រទេស​ជប៉ុន បាន​ថ្លែងថា ពិធីសារ​ទី1 ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ឬ​ហៅ​កាត់​ថា AJCEP គឺមាន​សារៈសំខាន់ ដោយ​លោក​លើកឡើងថា អាស៊ាន និង​ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏​ធំ​មួយ។

លោក Seko មានប្រសាសន៍ថា បច្ចុប្បន្ន​វិស័យសេវាកម្ម​នៅ​ជប៉ុន​ដូចជា ការវិនិយោគ​វិស័យ​លក់រាយ និង​ចែកចាយ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​តំបន់​អាស៊ាន ដោយ​បង្កើតបាន​នូវ​ការងារ​ដែលមាន​គុណភាព ហើយ​ក្រៅពីនេះ ចង្វាក់​ផលិតកម្ម​នៃ​ការផ្គត់ផ្គង់​រវាង​អាស៊ាន និង​ជប៉ុន​បាន​ចាក់ឫស​យ៉ាងជ្រៅ ខណៈពេលដែល​ក្រុមហ៊ុន​ជប៉ុន​នឹងមាន​ការកើនឡើង​ផងដែរ​នាពេល​អនាគត​នៅក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ាន។

លោក Hiroshige Seko មានប្រសាសន៍ថា៖“ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការចូល​ជាធរ​មាននៃ ពិធីសារ​ទី1 ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ឬ​ហៅ​កាត់​ថា AJCEP នេះ នឹង​ធ្វើឱ្យ​ប្រសើរឡើង និង​បន្ថែម​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​អាស៊ាន និង​ជប៉ុន តាមរយៈសេ​វី​ភាវូបនីយកម្ម ការសម្រួល​ដល់​ពាណិជ្ជកម្ម លើ​សេវាកម្ម ការ​បំ​ផ្លាស់​ទី​នៃ​រូបវ័ន្ត​បុគ្គល និង​ការវិនិយោគ”។

សូមជម្រាបថា កិច្ចព្រមព្រៀង AJCEP ត្រូវបាន​ចុះហត្ថលេខា​ដោយ​អាស៊ាន និង​ជប៉ុន កាលពី​ថ្ងៃទី14 ខែមេសា ឆ្នាំ2008 ហើយ​ត្រូវបាន​ចូល​ជា​ធរមាន នៅ​ថ្ងៃទី1 ខែធ្នូ នៃ​ឆ្នាំ​ដដែល។

តាមរយៈ AJCEP នេះ បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​អាស៊ាន និង​ជប៉ុន មានការ​កើន​ឡើងជា​លំដាប់។ បច្ចុប្បន្ន ប្រទេស​ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ទី4 របស់​អាស៊ាន និង​ជា​ប្រភព​ដៃគូ​ដ៏​ធំ​បំផុត​ទី2 សម្រាប់​វិនិយោគ​ដោយផ្ទាល់​ពី​ខាងក្រៅ។

កាលពី​ឆ្នាំ2017 ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​ជប៉ុន បាន​កើន​ឡើងដល់ 219.3ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក គឺ​ស្មើនឹង 8.5%នៃ​ពាណិជ្ជកម្ម​អាស៊ាន​សរុប ខណៈដែល​លំហូរ​វិនិយោគ​ដោយផ្ទាល់​ពី​ជប៉ុន មាន​ប្រមាណ 13.4ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ស្មើនឹង 9.9% នៃ​លំហូរ​វិនិយោគ​សរុប​ចូលមក​កាន់​ប្រទេស​អាស៊ាន៕

Advertisement