តើ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ថ្មី​របស់​កម្ពុជា​ អាច​ប្រកួតប្រជែង​ជា​មួយ​ព្រលា​នយន្តហោះ​ក្នុង​ប្រទេស​អាស៊ាន​បានទេ​?

អាកាសយាន​ដ្ឋាន​អន្តរជាតិ​ថ្មី​ នឹង​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​អាកាសយាន​ដ្ឋាន​នៅ​ប្រទេស​ថៃ​ និង​ប្រទេស​សិង្ហបុរី​ ដែល​អាច​ប្រើប្រាស់​សម្រាប់​ឱ្យ​យន្តហោះ​ធុន​ធំ​ហោះហើរ​ផ្លូវ​ឆ្ងាយ​ រយៈពេល​ពី12ដល់​ 16ម៉ោង​ ដូចជា​ទៅ​បារាំង​ រុស្ស៊ី​ ឬសហរដ្ឋអាមេរិក​ ជាដើម​អាច​ហោះហើរ​ចេញ​ ឬចុះចត​បាន​។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​អ្នកនាំពាក្យ​របស់​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា​។

ឯកឧត្តម​ ជា​ អូន​ អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា​បានឱ្យ​ដឹង​ថា​ ការបង្កើត​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​ខ្នាត​ 4F​ លើ​ផ្ទៃដី​ទំហំ​ 2,600ហិ​កតា​ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ និង​ខេត្តតាកែវ​ គឺ​មាន​ស្តង់ដារ​ប្រហាក់​ប្រហែល​នឹង​អាកាសយាន​ដ្ឋាន2​ នៃ​ប្រទេស​ក្នុង​អាស៊ាន​។ឯកឧត្ដម​ឱ្យ​បានដឹង​ទៀត​ថា​ ការហោះហើរ​ចន្លោះ​ពី15​ ទៅ16ម៉ោង​ ចេញពី​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​នេះ​ ទោះ​ទៅ​ទិសខាងកើត​ក៏ដោយ​ខាងលិច​ក៏ដោយ​ គឺ​ស្មើ​ពាក់កណ្តាល​ផែនដី​ហើយ​វា​នឹងអាច​ឱ្យ​អ្នកដំណើរ​មកដល់​កម្ពុជា​ដោយ​ផ្ទាល់​ ដោយ​មិនបាច់​ចុះចត​នៅ​ប្រទេស​ណាមួយ​ មុន​មកដល់​កម្ពុជា​ ដែល​ជា​ការ​ខាតពេល​វេលា​នោះ​ទេ​។

លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល

ឯកឧត្តម​បញ្ជាក់​ថា​៖ “យើង​អត់​ចាញ់​គេ​ទេ​ អត់​ចាញ់​ព្រលា​នយន្តហោះ​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ ឬក៏​សិង្ហបុរី​ទេ​ បើ​ធ្វើ​ទំហំ​ 2,600ហិ​កតា​នេះ​ គឺ​សើ្ម​សិង្ហបុរី​ ថៃ​សុវណ្ណភូមិ​ ហើយ​វា​នឹង​ក្លាយទៅជា​ការ​ប្រឡងប្រណាំង​ផ្នែក​អាកាសចរណ៍​ស៊ីវិល​ គឺ​យើង​ប្រដំប្រសង​នឹងគេ​ហើយ​“។

ឯកឧត្តម​ ជា​ អូន​ បន្ថែម​ថា​ នៅពេល​អាកាសយាន​ដ្ឋាន​នេះ​ដំណើរការ​ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​នឹង​មានការ​ងារ​ធ្វើ​ច្រើន​ នៅពេល​មាន​ជើងហោះហើរ​ត្រង់​ជាមួយ​ប្រទេស​ក្នុង​តំបន់​ និង​ពិភពលោក​ ដែល​ទាំងអស់​នេះ​ ផ្តើម​ចេញពី​ការ​វិនិយោគ​អាកាសយាន​ដ្ឋាន​ថ្មីនេះ​ឯង​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បានឱ្យ​ដឹង​ថា​ គម្រោង​សាងសង់​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​នេះ​ទទួល​បាន​លទ្ធផល​ចំនួន​ 9ចំណុច​ដែល​ក្នុង​នោះ​ មាន​ចំណុច2ដែល​សំខាន់​ គឺ​ត្រង់​ចំណុច​ទី2​-ប្រគល់​ភារកិច្ច​ជូន​លោក​ ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ រៀបចំ​កិច្ច​ព្រមព្រៀង​ដាក់​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ និង​អង្គភាព​ពាក់ព័ន្ធ​ និង​សុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល​ ដើម្បី​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ ខេម​បូ​ឌា​ អ៊ែរ​ផត​ អុិ​នវេ​សមិន​ និង​សិក្សា​កំណត់​តំបន់​សុវត្ថិភាព​នៃ​ការហោះហើរ​ និង​ចំណុច​ទី6​-រដ្ឋបាល​ខេត្តកណ្តាល​ រដ្ឋបាល​ខេត្តតាកែវ​ និង​អគ្គនាយក​ដ្ឋាន​សុរិយោដី​ និង​ភូមិសាស្ត្រ​មាន​ភារកិច្ច​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​នៅក្នុង​ទីតាំង​គម្រោង​ឱ្យ​បាន​ច្បាស់លាស់​ ដោយ​ផ្អែក​ទៅតាម​ការ​កាន់កាប់​ជាក់ស្តែង​ និង​ឯកសារ​ពាក់ព័ន្ធ​ ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​។ ជំហាន​បន្ទាប់​តាម​ការចាំបាច់​ ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ធ្វើ​ចរន្ត​ការ​ដី​ស្ថិត​ក្នុង​ទីតាំង​ដែល​បង្ក​ការ​លំបាក​ និង​រាំងស្ទះ​ដល់​ដំណើរការ​អនុវត្ត​គម្រោង​។

​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​

បើ​តាម​អ្នកជំនាញ​ខាង​វិស័យ​អាកាសចរណ៍​បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ ឈ្មោះ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​“ភ្នំពេញថ្មី​” គឺជា​ការ​ដាក់​បណ្តោះអាសន្ន​ទេ​ ថ្ងៃក្រោយ​អាច​នឹង​មានការ​ប្តូរ​ឈ្មោះ​ថ្មី​ យើង​នៅ​មិនទាន់​ដឹង​ទេ​ ព្រោះ​មិនទាន់​មានការ​ណែនាំ​ថ្មី​។ រី​ឯខ្នាត​ 4F​ បើ​គិតទៅ​តាម​លក្ខណៈ​បច្ចេកទេស​ គឺ​អាស្រ័យ​ទៅតាម​ប្រភេទ​យន្តហោះ​អក្សរF​ វា​សម្គាល់​ប្រភេទ​យន្តហោះ​ធំ​ ដូចជា​ Airbus​ A380​ ជាដើម​។

អ្នកជំនាញ​ខាងលើ​បាន​ឆ្លើយ​បញ្ជាក់​ចំពោះ​សំណួរ​ដែល​ថា​ បើ​គិត​តាម​ស្តង់ដារ​ តើ​អាកាសយាន​ដ្ឋាន​ថ្មីនេះ​អាច​ស្មើ​នឹង​ព្រលា​នយន្តហោះ​នៅ​ប្រទេស​ថៃ​ ឬសិង្ហបុរី​ឬទេ​? ចម្លើយ​គឺ​ យើង​មិន​អាច​កំណត់​បានទេ​ថា​ វា​អាច​ធំជាង​ ឬប៉ុនគ្នា​? វា​អាស្រ័យ​លើ​ក្រាហ្វិក​ ព្រោះ​ការ​សាង​សង់​ព្រលា​នយន្តហោះ​ ដំបូង​គេ​ត្រូវ​សិក្សា​ពី​ចំនួន​ក្រាហ្វិក​(ចរាចរណ៍​ចេញ​-ចូល​ផ្លូវអាកាស​)។ ដូច្នេះ​របស់​វា​មាន​ដំណាក់កាល​ទី1​ ទី2និង​ទី3​(រយៈពេល​ខ្លី​ មធ្យម​ និង​វែង​)តែបើ​មាន​តម្រូវការ​ខ្ពស់​ ជា​ផែនការ​យូរអង្វែង​គេ​ត្រូវ​គិតគូរ​ពីអ​នាគ​ត ឬក៏​រយៈពេល​ 50ឆ្នាំទៅ​មុខ​ យើង​ត្រូវ​ធ្វើធំ​តែ​គេ​ក៏អាច​ធំ​ដែរ​ ដោយ​តម្រូវការ​វាស់វែង​តាម​ក្រាហ្វិក​ទើប​អាច​បញ្ជាក់​បាន​ ពីព្រោះ​តាម​ការ​បញ្ជាក់​ថា​ធំ​ឬតូច​នោះ​ អាស្រ័យ​លើ​កំណើន​នៃ​ចរាចរណ៍​។

អ្នកជំនាញ​បាន​បន្ថែម​ទៀត​ថា​៖ “បើ​គិត​ពី​ការដែល​យើង​ធ្វើ​ក្នុង​ដំណាក់កាល​ដំបូង​ យើង​អាច​ថា​ប្រហាក់​ប្រហែល​នឹងគេ​ដែរ​ នេះ​បើ​គិត​តាម​ផ្ទៃដី​បម្រុង​ដែល​យើង​បាន​គ្រោងទុក​តាម​គម្រោង​។ យើង​ក៏អាច​ហៅថា​ ជា​ការប្រកួត​ប្រជែង​បាន​ដែរ​ បើ​គិត​តាម​ស្តង់ដារ​នៅក្នុង​តំបន់​អាស៊ាន​។ ប៉ុន្តែ​ក្រាហ្វិក​យើង​មិនទាន់​កំណត់​បាន​នៅឡើយ​ឥឡូវ​ តែ​ប្រហែលជា​ឆ្នាំ2030​ យើង​នឹង​កំណត់​ចំនួន​អ្នកធ្វើ​ដំណើរ​បាន​គឺ​ប្រមាណ​ជា​ 12លាន​នាក់​។ ចំពោះ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ប្រទេសជិតខាង​ គេ​មាន​អ្នកដំណើរ​ចេញ​-ចូល​ប្រមាណ​ជិត​ 100លាន​នាក់​ទៅ​ហើយ​ (ថៃ​ 80លាន​នាក់​ និង​សិង្ហបុរី​ 90លាន​នាក់​)អុីចឹ​ងយើង​ឃើញថា​ យើង​ពិបាក​ធំជាង​គេ​ដែរ​តែ​ទំហំដី​ដែល​យើង​បម្រុងទុក​អភិ​វឌ្ឍ​ព្រលា​នយន្តហោះ​ថ្មីនេះ​មាន​ទំហំ​ធំ​”។

រូបគំនូរបង្ហាញពីអាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី

អ្នកជំនាញ​ខាង​វិស័យ​អាកាសចរណ៍​រូប​នេះ​ក៏បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ដែរ​ថា​ ទំហំ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​នេះ​ បើ​ប្រៀបធៀប​នឹង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​របស់​ថៃ​ គឺ​ថៃ​មាន​ប្រមាណ​ត្រឹមតែ​ 1,000ហិ​កតា​ទេ​ តែ​គេ​អាច​ពង្រីក​បាន​តទៅទៀត​ តែ​យើង​ក៏​បម្រុងទុក​សម្រាប់​ការ​អភិវឌ្ឍ​ដែរ​ដោយ​យើង​មានផ្ទៃ​ដីស​រុ​បទាំង​អស់​ដល់ទៅ​ 2,600ហិ​កតា​។

អ្នកជំនាញ​រូប​នេះ​បាន​បន្ត​ថា​ ការ​ធ្វើ​ព្រលា​នយន្តហោះ​(AIRPORT​)មិនមែន​អាច​ធ្វើ​ដោយឡែក​តែឯង​ដោយ​មិន​មាន​សេវា​គាំទ្រ​ផ្សេងទៀត​បានទេ​ ជាពិសេស​ម៉ូដែល​ថ្មី​ យើង​សាង​សង់​ព្រលា​នថ្មី​ផង​យើង​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្សេង​ៗផង​ ដោយ​ត្រូវ​មាន​តំបន់ឧស្សាហកម្ម​ តំបន់​សេដ្ឋកិច្ច​ពិសេស​តំបន់​ពាណិជ្ជកម្ម​ ដើម្បី​គាំទ្រ​សេវាកម្ម​ AIRPORT​។ ចំពោះ​ការសាងសង់​វិញ​ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ការកំណត់​ថា​ ការសាងសង់​ត្រូវ​ចំណាយ​រយៈពេល​យូរ​ប៉ុនណា​នោះ​ យើង​មិន​អាច​បញ្ជាក់​បានទេ​(ជា​បទ​ពិសោធ​ ចាប់តាំងពី​សិក្សា​គម្រោង​ រហូតដល់​បញ្ចប់​ការសាងសង់​ ត្រូវ​ចំណាយពេល​ប្រមាណ​ជា​ 30ឆ្នាំ​) តែ​សម្រាប់​ព្រលា​នយន្តហោះ​ថ្មីនេះ​ យើង​មិនទាន់​កំណត់​ថា​ ត្រូវ​សាងសង់​ក្នុងរយៈពេល​ប៉ុន្មាន​ទេ​ព្រោះ​កំពុងតែ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ និង​សង្គម​៕

Advertisement