ព័ត៌មាន​ច្បាស់ការ​ ​ស្អែកនេះ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​នឹង​បើក​ការដ្ឋាន​សាងសង់​ជាផ្លូវការហើយ​

​ក្រោយពេល​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​សម្ពោធ​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​ ​ភ្នំពេញ​-​ព្រះសីហនុ​ ​ក្រសួង​បាន​ប្រកាស​ថា​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​ ​22​ ​ខែមីនា​ ​ឆ្នាំ​ ​2019​ ​ខាងមុខនេះ​។​ ​

​ទីតាំង​នៃ​ពិធីសម្ពោធ​ដែល​មានការ​ចូលរួម​ពី​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​គឺ​ស្ថិតនៅ​ឃុំ​វល្លិ៍ស​ ​ស្រុក​សំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ​39​ ​ផ្លូវជាតិ​លេខ4​។​ ​

​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​បានឱ្យ​ដឹង​ថា​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​មាន​ប្រវែង​ ​190.36គីឡូម៉ែត្រ​ ​ចំណាយ​ថវិកា​អស់​ប្រមាណ​ ​1900លាន​ដុល្លារ​ ​ដែល​សាងសង់​ដោយក្រុម​ហ៊ុន​ចិន​ ​ក្រោម​រូបភាព​វិនិយោគ​សាងសង់​-​ធ្វើអាជីវកម្ម​-​ផ្ទេរ​ ​(​BOT​)​។​ ​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ត្រូវ​ ​ឆ្លងកាត់​ ​រាជធានី​ ​ខេត្ត​ចំនួន4​ ​គឺ​មាន​ ​រាជធានី​ភ្នំពេញ​ ​ខេត្តកណ្តាល​ ​ខេត្ត​កំពង់ស្ពឺ​ ​និង​ ​ខេត្ត​ព្រះសីហនុ​ ​ក្នុង​នោះ​គឺ​ឆ្លងកាត់​ ​6ស្រុក​ ​1ខណ្ឌ​ ​2ក្រុង​ ​31ឃុំ​/​សង្កាត់​ ​និង​ ​110ភូមិ​។​ ​ផ្លូវ​ល្បឿន​លឿន​នេះ​ ​ក្រាល​បេតុង​កៅស៊ូ​ ​AC​ ​មាន​ប្រវែង​សរុប​ជាង​ ​190គីឡូម៉ែត្រ​ ​(​គិត​រួម​ទាំង​ស្ពាន​ ​និង​លូ​ទាំងអស់​)​ ​ហើយ​មាន​ទទឹង​សរុប​ ​24.5​ ​ក្នុង​នោះ​មាន​គន្លង​ផ្លូវ​រថយន្ត​ ​(​2×3.75ម៉ែត្រ​)​ ​សងខាង​ ​ជាយ​ផ្លូវ​កៅស៊ូ2​ ​(​2×2.5ម៉ែត្រ​)​ ​សម្រាប់​ម៉ូតូ​ ​ជាយ​ផ្លូវ​ដីក្រហម​ ​2​(​2×0.75​)​ ​សម្រាប់​ថ្មើរជើង​ ​និង​សួន​នៅ​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ​ ​3ម៉ែត្រ​ ​ព្រមទាំង​មាន​ស្ពាន​ ​89កន្លែង​។​ ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ​ ​មាន​កន្លែង​ឈប់សម្រាក​ចំនួន4កន្លែង​ ​និង​ ​ស្ថានីយ​ប្រេងឥន្ធនៈ​ ​3កន្លែង​ ​ហើយក៏​មាន​របង​អម​សងខាង​ផ្លូវ​នោះ​ដើម្បី​ការពារ​សត្វពាហនៈ​ឆ្លងកាត់​ផង​ដែរ​ ​៕​

Advertisement