កម្ពុជា​ចាប់ផ្តើម​រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​

កម្ពុជា​ត្រូវការ​រយៈពេល​ប្រមាណ​ជា​ 10ឆ្នាំ​ទៀត​ ឬអាច​ច្រើនជាង​នេះ​ ដើម្បី​បង្កើត​សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ​មួយ​ និង​ប្រែក្លាយ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យទៅ​ជា​សេដ្ឋកិច្ច​ដែល​មាន​កំណើន​ដឹកមុខ​ដោយ​បច្ចេកវិទ្យា​។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ថា្នក់​ជាតិ​ ស្តី​ពី​គោលនយោបាយ​ និង​ទិសដៅ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​កាលពី​ថ្ងៃពុធ​ថា​ កម្ពុជា​កំពុង​ចាប់ផ្តើម​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​របស់​ខ្លួន​ ដើម្បី​ធានា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកប​ដោយ​បរិ​យា​ប័ន្ន ឈាន​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នៃ​ការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ នៅក្នុង​ឆ្នាំ2030​ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​។

ឯកឧត្ដម​បាន​ថ្លែង​បន្ត​ថា​ រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្លាំងក្លា​ថែមទៀត​ក្នុង​ការជំរុញ​ធ្វើ​ពិពិធ​កម្ម​ និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​ជាតិ​ ក្នុង​នោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ គឺជា​មុខសញ្ញា​ដ៏​សំខាន់​មួយ​។

ឯកឧត្ដម​បានឱ្យ​ដឹង​ថា​ ជាក់ស្តែង​នៅ​កម្ពុជា​ សេដ្ឋកិច្ច​ឌីជីថល​កំពុង​លេច​រូបរាង​ជា​បណ្តើរ​ៗ ស្រប​ពេល​ដែល​មានការ​បង្កើត​សកម្មភាព​អាជីវកម្ម​កម្សាន្ត​អន​ឡាញ​ សកម្មភាព​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ ហើយ​ជាមួយគ្នា​នេះ​ផង​ដែរ​ចំនួន​អ្នកប្រើ​ប្រាស់​ក៏​កំពុង​កើនឡើង​ និង​កំពុងតែ​សម្រប​ខ្លួន​ទៅ​នឹង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ទាំងនោះ​។

ផ្នែក​លើ​បទ​ពិសោធ​អន្តរជាតិ​ ប្រទេស​ដែល​អាច​ក្តាប់​យក​អត្ថ​ប្រយោជន៍​ពី​សេដ្ឋកិច្ច​ឌីជីថល​បាន​គឺជា​ប្រទេស​ដែល​មានលទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ ហើយ​ចេះ​សម្រប​ខ្លួន​ទៅតាម​ការ​ផ្លាស់​ប្តូរ​ទាំងនេះ​ បាន​ទាន់ពេល​វេលា​។

ឯកឧត្តម​បន្ត​ឱ្យ​ដឹង​ថា​ បច្ចេក​វិទ្យា​ថ្មី​ៗដើរតួ​ជា​គំនាស់​ថ្មី​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ តាមរយៈ​ការជំរុញ​ភាព​ប្រកួតប្រជែង​ និង​ផលិតភាព​សេដ្ឋកិច្ច​ និង​ដើម្បី​ចាប់​យក​សក្តា​នុ​ពល​នេះ​សម្រាប់​ពន្លឿន​កិច្ច​អភិវឌ្ឍ​ជា​រួម​។ កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ប្រកបដោយ​ជវភាព​ក្នុង​ការ​ក្តាប់​យក​កាលានុវត្ត​ភាព​ ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី4​។ ឯកឧត្ដម​បាន​បន្ត​ទៀត​ថា​ សេដ្ឋកិច្ច​ឌីជីថល​ឈរ​លើក​ត្តា​ចំនួន4​ ៖

ទី1​ ភាព​អំណោយផល​ផ្នែក​ប្រជាសាស្ត្រ​ ដោយសារ​ចំនួន​នៃ​វត្តមាន​យុវជន​ច្រើន​ ហើយ​មានការ​អប់រំ​ខ្ពស់​ ងាយ​ទទួលយក​នូវ​បច្ចេកវិទ្យា​ឆាប់រហ័ស​។ ទី2​ ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ ឧបករណ៍​វៃឆ្លាត​។ ទី3​ ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ផ្នែក​បច្ចេកវិទ្យា​ តាមរយៈ​លំហូរ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និង​ទី4​ ឥទ្ធិពល​ដ៏​លឿន​នៃ​ឌីជីថល​ភា​វូ​នី​យក​ម្ម​ដែល​កំពុង​កើតមាន​ក្នុង​គ្រប់​វិស័យ​សំ​ខាន់​ៗនៃ​សេដ្ឋកិច្ច​ជាតិ​។

លោកស្រី​ សូ​ ផនណា​រី​ អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេ​ស៊ី​លីដា​ បាន​ស្វាគមន៍​ទៅ​នឹង​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​ ដោយ​លោកស្រី​បាន​លើកឡើង​ថា​ ធនាគារ​អេ​ស៊ី​លីដា​បាន​រៀបចំ​នូវ​យុទ្ធ​សាស្រ្ត​ខ្លី​ មធ្យម​ និង​វែង​សម្រាប់​ការ​គាំទ្រ​ដល់​ការ​វិវឌ្ឍ​នៃ​វិស័យ​សេដ្ឋកិច្ច​ឌីជីថល​។ ធនាគារ​អេ​ស៊ី​លីដា​បាន​បង្កើត​ប្រព័ន្ធ​ឌីជីថល​ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​លឿន​រហ័ស​សម្រាប់​អតិថិជន​ និង​អ្នកប្រើ​ប្រាស់​ ហើយ​ធនាគារ​អេ​ស៊ី​លីដា​គាំទ្រ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែប្រែ​សេដ្ឋកិច្ច​កម្ពុជា​ ទៅជា​សេដ្ឋកិច្ច​ឌីជីថល​។

លោកស្រី​ ផនណា​រី​ មានប្រសាសន៍​ថា​៖“ដោយសារតែ​ធនាគារ​ដើរតួ​នាទី​ក្នុង​ការ​ទូទាត់​ អ៊ីចឹង​សេដ្ឋកិច្ច​ឌីជីថល​សំខាន់ណាស់​ ហើយ​ចំពោះ​ខ្ញុំ​ ខ្ញុំ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​ដែល​មាន​គោលនយោបាយ​នេះ​ និង​មានការ​ប្តេជ្ញា​ខ្ពស់​ដើម្បី​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ ឈាន​ពី​សេដ្ឋកិច្ច​ធម្មតា​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​ ពីព្រោះ​វា​លឿន​ រហ័ស​ សុវត្ថិភាព​ អ៊ីចឹង​រដ្ឋាភិបាល​នឹង​គាំទ្រ​ផ្នែក​ច្បាប់​ ហើយ​យើង​ជា​វិស័យ​ឯកជន​ជា​អ្នកធ្វើ​ និង​អនុវត្ត​”។

សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​ជោគជ័យ​ និង​រីកចម្រើន​ដោយសារ​ពឹងផ្អែក​លើ​ការ​បើកចំហ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ ការ​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ និង​កម្លាំង​ពលកម្ម​ដែល​មាន​ប្រាក់ឈ្នួល​ទាប​។ នេះ​បើ​តាម​លោកស្រី​ ELLEN​ GOLDSTEIN​ នាយិកា​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​។ លោកស្រី​ថ្លែង​ថា​ ទាំងអស់​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​មានការ​រីកចម្រើន​លឿន​ ប៉ុន្តែ​ការ​កើនឡើង​នូវ​ប្រាក់ឈ្នួល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​ពិបាក​ប្រកួតប្រជែង​ដោយសារ​កម្ពុជា​ផលិត​សម្ភារ​ ឬផលិតផល​ដែល​មានតម្លៃ​ទាប​ ដូចជា​ស្រូវ​ និង​សម្លៀកបំពាក់​ ផលិតផល​មិនទាន់​កែច្នៃ​ មិន​តែប៉ុណ្ណោះ​កម្ពុជា​ចាប់ផ្តើម​ទទួល​បាន​កាន់តែ​តិច​ទៅៗ​នូវ​ហិរញ្ញប្បទាន​ និង​ជំនួយ​សប្បុរសធម៌​ និង​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ដែល​ត្រូវ​បាន​រំពឹង​ថា​ នឹង​បាត់បង់​ជាយថាហេតុ​ ដូច្នេះ​កម្ពុជា​ត្រូវ​ស្វែងរក​មធ្យោបាយ​ថ្មី​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ដោយសារតែ​កម្ពុជា​នឹង​មិន​អាច​ពឹងពាក់​ទាំងស្រុង​លើ​មធ្យោបាយ​ដែល​ធ្លាប់​ជោគជ័យ​កាលពី​អតីតកាល​បានទេ​។

លោកស្រី​បន្ត​ថា​ បច្ចេកវិទ្យា​ឌីជីថល​នឹង​ក្លាយជា​គ្រឹះ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​នូវ​មធ្យោបាយ​ថ្មី​ដើម្បី​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​ ហើយ​នៅពេលអនាគត​ កម្ពុជា​ត្រូវតែ​បង្កើន​ និង​លើកកម្ពស់​សហគ្រិន​ក្នុង​ស្រុក​ និង​ប្រជាជន​ជាមួយនឹង​សមត្ថភាព​ និង​មាន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ និង​ឌីជីថល​។

លោកស្រី​ ELLEN​ GOLDSTEIN​ បញ្ជាក់​ថា​៖“ដើម្បី​ឈាន​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ត្រូវតែ​ដាក់​គោលដៅ​ និង​គោលនយោបាយ​ដើម្បី​ពង្រឹង​ឡើងវិញ​នូវ​មូលដ្ឋាន​គ្រឹះ​ដែល​អាច​សម្រេច​បាន​សេដ្ឋកិច្ច​ឌីជីថល​”។

លោកស្រី​បាន​លើក​បង្ហាញ​នូវ​អាទិ​ភាព​ធំៗ​ចំនួន2​ ដែល​អាច​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ​។ ទី1​ គឺ​បំពេញ​គម្លាត​ឌីជីថល​ដែល​តម្រូវ​ឱ្យ​អនុវត្ត​ និង​ធ្វើ​កំណែទម្រង់​នៃ​ការគ្រប់គ្រង​ ការចែក​រំលែក​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​បើកចំហ​។ ទាំងអស់​នេះ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​ជំនាញ​ឌីជីថល​។

ទី2​ ដាក់ចេញ​នូវ​បរិយាកាស​អំណោយផល​ផ្នែក​ច្បាប់​ ដែល​រួមមាន​បទប្បញ្ញត្តិ​ការពារ​ទិន្នន័យ​ ឯកជន​ភាព​ទិន្នន័យ​ សន្តិសុខ​ផ្នែក​បច្ចេកវិទ្យា​ និង​អុីន​ធើ​ណិ​តដើម្បី​បង្កើន​ភាព​ជឿ​ទុកចិត្ត​ពីសំណាក់​ប្រជាជន​ និង​វិស័យ​ឯកជន​ ដើម្បី​មាន​ចរន្ត​នៃ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​ និង​ទី3​ គឺ​អភិវឌ្ឍ​ និង​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​ឌីជីថល​ឱ្យ​មានប្រសិទ្ធភាព​ ដែល​តម្រូវ​ឱ្យ​មានការ​ពង្រឹង​នូវ​ការសម្រប​សម្រួល​ពី​ក្រសួង​មួយ​ទៅ​ក្រសួង​មួយ​ និង​ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ​ព្រម​ជាមួយនឹង​ការសម្រប​ខ្លួន​ និង​ប្រើប្រាស់​ផ្លេត​ហ្វ​មផ្តល់​សេវា​តែមួយ​ និង​រួមគ្នា​។

លោកស្រី​បន្ត​ថា​ ធនាគារពិភពលោក​នៅតែ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​គាំទ្រ​ រៀបចំ​ និង​អនុវត្ត​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ តាមរយៈ​ការវិភាគ​ ផ្តល់​ប្រឹក្សា​យោបល់​ ព្រមទាំង​លើកឡើង​ពី​ហិរញ្ញប្បទាន​សម្រាប់​ការ​វិនិយោគ​ជាអាទិភាព​។

ដោយឡែក​ ឯកឧត្ដម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ និង​ហរិ​ញ្ញ​វត្ថុ​ ក៏បាន​គូសបញ្ជាក់​ដែរ​ថា​ បច្ចេកវិទ្យា​ឌីជីថល​ ដែល​ជាផ្នែក​មួយ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ កំពុងតែ​ក្លាយជា​កាតាលីករ​ថ្មី​មួយ​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តាមរយៈ​ការចូលរួម​បង្កើន​ផលិតភាព​ និង​ប្រសិទ្ធភាព​ការងារ​ ព្រមទាំង​ការ​ផ្តល់​លទ្ធភាព​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ស្រុក​អាច​ភ្ចាប់​ខ្លួន​ទៅ​នឹង​ខ្សែ​ចង្វាក់​ផលិតកម្ម​តំបន់​ និង​សកល​ ក៏ដូចជា​ស្វែងរក​ភាព​ច្នៃប្រឌិត​ក្នុង​ផលិតកម្ម​ទំនិញ​ និង​សេវាកម្ម​ផង​ដែរ​។

ឯកឧត្ដម​បាន​មានប្រសាសន៍​បន្ត​ថា​៖“សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចាប់ផ្តើម​លូតលាស់​។ កម្ពុជា​អាច​នឹង​ត្រូវការ​រយៈពេល​ 5ឆ្នាំ​ទៀត​ ដើម្បី​បង្កើត​នូវ​មូលដ្ឋាន​ត្រឹមត្រូវ​គ្រប់ជ្រុងជ្រោយ​មួយ​ ឬ ដើម្បី​ត្រៀមខ្លួន​រួចរាល់​នូវ​ផ្នែក​ឌីជីថល​”។

ឯកឧត្ដម​បញ្ជាក់​ថា​ ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​ទន់​ និង​រឹង​ គឺជា​បុរេ​លក្ខខណ្ឌ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ ក្របខណ្ឌ​ច្បាប់​ និង​បទប្បញ្ញត្តិ​នានា​ ចាំបាច់​ត្រូវ​បាន​រៀបចំ​ដើម្បី​អាចប​ង្កើត​សេដ្ឋកិច្ច​ឌីជីថល​មួយ​ដែល​មាន​លក្ខណៈ​រឹងមាំ​ និង​ភាព​ចាំបាច់ក្នុង​ការ​ពង្រឹង​សមត្ថភាព​ និង​អក្ខរកម្ម​ឌីជីថល​ ដើម្បី​ទាញ​ប្រយោជន៍​ពី​សេដ្ឋកិច្ច​ឌីជីថល​។ឯកឧត្តម​រដ្ឋមន្ត្រី​មាន​សុទិដ្ឋិនិយម​ថា​៖“កម្ពុជា​ប្រាកដជា​អាច​សម្រប​ខ្លួន​នឹង​យុគសម័យ​ឌីជីថល​បាន​ ហើយ​ថែមទាំង​អាច​សម្រេច​បាន​យ៉ាង​ល្អ​ទៀតផង​”។

ឯកឧត្ដម​បន្ត​ថា​ កម្ពុជា​មិន​មាន​គោលដៅ​ប្រែក្លាយ​ខ្លួន​ទៅជា​ ស៊ី​លី​ខុន​ វ៉ាល​ឡេយ៍​ (Silicon​ Valley​) ឬបង្កើត​ក្រុមហ៊ុន​ យូនី​ខន​ សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​នោះ​ទេ​។ ផ្ទុយទៅវិញ​ ទិសដៅ​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ គឺ​បង្កើត​នូវ​បរិយាកាស​ឌីជីថល​មួយ​ប្រកប​ជវភាព​ និង​មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ​ ដែល​ផ្តល់​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​ទាំង​តូច​ទាំង​ធំ​នៅក្នុង​ស្រុក​អាច​ភ្ចាប់​ខ្លួន​ទៅ​នឹង​ខ្សែ​ចង្វាក់​តម្លៃ​សកល​នៃ​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​តំបន់​ និង​ក្នុង​ពិភពលោក​ និង​អាច​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ទៅ​នឹង​ហា​និ​ភ័យ​ផ្សេង​ៗបាន​៕

Advertisement