វិធានការ​រឹត​បន្តឹង​ច្បាប់​នាំចូល​សត្វ​ជ្រូក​មាន​ជំងឺ​ត្រូវ​បាន​អនុវត្ត​?

ទោះបីជា​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​អះអាង​ថា​ មិនទាន់​រក​ឃើញ​មាន​ករណី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ (African​ Swine​ Feverឬ​ AFS​) នៅ​កម្ពុជា​នៅឡើយ​ក៏ដោយ​ និង​ស្រប​ពេល​ដែល​មានការ​រាតត្បាត​របស់​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ប្រទេស​ចិន​ និង​វៀតណាម​ខាងជើង​នោះ​ ក្រសួង​បាន​ពង្រឹង​ការ​ត្រួតពិនិត្យ​លើ​សត្វ​ជ្រូក​នៅ​តាម​ព្រំដែន​ និង​បាន​ធ្វើ​លិខិត​ទៅ​ក្រសួង​ពាក់ព័ន្ធ​ដូចជា​ក្រសួងមហាផ្ទៃ​ ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​ជួយ​ទប់ស្កាត់​ការ​នាំ​-ចូល​សត្វ​ជ្រូក​ខុសច្បាប់​។

ក្រសួង​កសិកម្ម​ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ដោយ​លើកឡើង​ថា​ ក្នុង​គោលដៅ​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​សត្វ​ លើកកម្ពស់​គុណភាព​សាច់សត្វ​ និង​ការពារ​សុខុមាលភាព​សាធារណៈ​ប្រកបដោយ​សុវត្ថិភាព​នោះ​ ក្រសួង​នឹង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ និង​អាជីវករ​ដែល​ទទួល​បានការ​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​សត្វ​ជ្រូក​ និង​សត្វ​គោ​-ក្របី​ត្រូវ​អនុវត្ត​ពេល​នាំចូល​ និង​ឆ្លងកាត់​ប្រទេស​កម្ពុជា​ ត្រូវ​គោរព​គោលការណ៍​ស្តង់ដារ​អនាម័យ​ដើម្បី​ឱ្យ​អាជីវកម្ម​នោះ​គ្មាន​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​សត្វ​។

ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​បញ្ជាក់​លើ​ករណីនេះ​ថា​៖“សម្រាប់​ក្រុមហ៊ុន​ ឬអាជីវកម្ម​ដែល​នាំ​សត្វ​ឆ្លងកាត់​ប្រទេស​កម្ពុជា​ត្រូវ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​សត្វ​នៃ​ប្រទេស​នាំចេញ​ជា​ភាសាអង់គ្លេស​ក្នុង​ពេល​ដឹកជញ្ជូន​”។

ឯកឧត្តម​ តាន់​ ផាន់​ណា​រ៉ា​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​បាន​មានប្រសាសន៍​ថា​ ការ​ជូនដំណឹង​របស់ក្រ​សួង​ គឺ​សំដៅលើ​ការនាំចូល​ ឬការ​ដឹកជញ្ជូន​សត្វ​ជ្រូក​ និង​សត្វ​គោ​-ក្របី​ពី​ប្រទេស​ថៃ​ទៅដល់​ប្រទេស​វៀតណាម​ដោយ​ឆ្លងកាត់​ប្រទេស​កម្ពុជា​ ក្រសួង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ ឬអាជីវករ​ដែល​ដឹកជញ្ជូន​សត្វ​ ត្រូវ​មានការ​បញ្ជាក់​វិញ្ញាបនបត្រ​សុខភាព​សត្វ​ពី​ប្រទេស​ដើម​ដែល​នាំចេញ​ ការពារ​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​សត្វ​។

ឯកឧត្តម​បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ “មន្ត្រី​របស់​យើង​បាន​តាមដាន​ការងារ​ជាប់​ជាប្រចាំ​ចំពោះ​ក្រុមហ៊ុន​ ឬអាជីវករ​ដែល​ដឹក​សត្វ​ជ្រូក​ និង​សត្វ​គោក្របី​ពី​ប្រទេស​ថៃ​ទៅ​ប្រទេស​វៀតណាម​ហើយ​ឆ្លងកាត់​ប្រទេស​កម្ពុជា​ យើង​បាន​តាមដាន​នៅ​តាម​ច្រករបៀង​នានា​ដើម្បី​កុំឱ្យ​មានការ​នាំចូល​ ឬឆ្លងកាត់​ប្រទេស​ដោយ​ខុសច្បាប់​”។

ឯកឧត្តម​បន្ត​ថា​៖ “យើង​មើល​ពី​ស្ថានភាព​សុខភាព​សត្វ​ជាក់ស្ដែង​ដែរ​ មុននឹង​ដឹក​តាមឡាន​មក​កម្ពុជា​ ថា​តើ​សត្វ​ហ្នឹង​ដង្ហក់​ ឬអត់​?(ធម្មតា​ជំងឺ​ហ្នឹង​វា​ក្ដៅ​ ធ្វើ​ឱ្យ​សត្វ​ក្ដៅ​ដង្ហក់​) និង​មាន​រោគសញ្ញា​ពណ៌ស្វាយ​នៅ​លើ​ពោះ​ឬទេ​? បើ​មាន​ គឺ​ត្រូវ​ធ្វើតេស្ដ​ឈាម​លើ​សត្វ​ដែល​ត្រូវ​នាំចូល​ ដោយ​យក​មក​ពិសោធ​នៅ​មន្ទីរពិសោធន៍​របស់​អគ្គនាយក​ដ្ឋាន​”។

ឯកឧត្តម​បន្ថែម​ថា​ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ ជា​ជំងឺ​ថ្មី​ដែល​មិនទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ ហើយ​វា​ចម្លង​តាមរយៈ​ការ​ហើរ​មក​ទំ​លើ​សម្លៀកបំពាក់​របស់​មនុស្ស​ និង​សាច់សត្វ​ជ្រូក​ ហើយ​ប្រសិនបើ​វា​ឆ្លង​ដល់​កសិដ្ឋាន​ណាមួយ​ហើយ​ ជ្រូក​ក្នុង​កសិដ្ឋាន​នោះ​នឹង​ឆ្លង​ជំងឺ​នោះ​ និង​ងាប់​ស្ទើរតែ​ទាំងអស់​ ដែល​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ខាតបង់​អស់​ជាច្រើន​។

សូម​បញ្ជាក់​ថា​ កាលពី​ខែសីហា​ ឆ្នាំ2018​ កន្លងទៅ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​រីក​រាលដាល​ក្នុង​ខេត្ត​ និង​តំបន់​ចំនួន25​ នៅ​ប្រទេស​ចិន​ ដែល​ពេលនោះ​អាជ្ញាធរ​ចិន​បាន​សម្លាប់​ជ្រូក​ចោល​អស់​រាប់​ម៉ឺន​ក្បាល​។

ក្រោយ​ផ្ទុះ​ជំងឺ​នេះ​ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ ហៅ​កាត់​ថា​ FAO​ បាន​ព្រមាន​ថា​ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​កើតឡើង​នៅ​ចិន​នោះ​ អាច​រីក​រាលដាល​មកដល់​ប្រទេស​ផ្សេងទៀត​នៅ​តំបន់​អាស៊ី​។ អង្គការ​នេះ​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ មេរោគ​នេះ​ធន់​ខ្លាំង​ណាស់​ និង​អាច​រស់នៅ​បាន​យូរ​ទៀតផង​ ពោល​គឺ​វា​អាច​ស៊ាំ​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង​ ត្រជាក់​ខ្លាំង​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ វា​ថែមទាំង​អាច​រស់នៅ​បាន​យូរ​ក្នុង​ផលិតផល​សាច់​ជ្រូក​ក្រៀម​ទៀតផង​។

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ បាន​ផ្ទុះ​ខ្លាំង​កាលពី​ទសវត្សរ៍​ឆ្នាំ1960​ នៅ​អឺរ៉ុប​ និង​អាមេរិក​។ ដោយសារតែ​មាន​ប្រវត្តិ​នៃ​ការ​ផ្ទុះ​ និង​ការ​សាយភាយ​នៅ​តំបន់​ផ្សេង​ៗគ្នា​បែបនេះ​ ទើប​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​យល់ថា​ ជំងឺ​នេះ​អាច​រីក​រាលដាល​ដល់​ប្រទេសជិតខាង​ ជាពិសេស​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ឧបទ្វីប​កូរ៉េ​ ព្រោះ​ប្រទេស​ក្នុង​តំបន់​ទាំងនេះ​មាន​តម្រូវការ​សាច់​ជ្រូក​ខ្ពស់​។

កាលពី​ចុងខែ​កុម្ភៈ​ លោក​ឧកញ៉ា​ ម៉ុង​ ឬទ្ធី​ ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ធ្លាប់​បាន​លើកឡើង​ពី​ក្តី​បារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​ ហើយក៏​បាន​ជំរុញ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ផ្សេងទៀត​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ និង​ចូលរួម​រាយការណ៍​ពី​ករណីនេះ​ផង​ដែរ​ ប្រសិនជា​សង្ស័យ​ ឬឃើញ​មានការ​ចរាចរ​ជ្រូក​មាន​ជំងឺ​។

ទីប្រឹក្សា​អ្នកបច្ចេកទេស​សមាគម​អ្នកចិញ្ចឹមសត្វ​បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ ​“គ្មាន​អ្នកណា​ម្នាក់​អាច​ធ្វើ​រឿង​ហ្នឹង​ម្នាក់ឯង​បានទេ​ ​ហើយ​កុំ​ចាំតែ​រដ្ឋាភិបាល​ ​ព្រោះ​សមត្ថកិច្ច​របស់​រដ្ឋ​តិច​ជាង​អ្នក​ដែល​រត់ពន្ធ​ហើយ​ច្រករបៀង​ច្រើនណាស់​។ ទាល់តែ​ទាំងអស់គ្នា​រួមគ្នា​ការពារ​ ​ទើប​អាច​ទប់ស្កាត់​បាន​ ​កុំ​ចាំតែ​បន្ទោស​ ​សូម​ជួយ​ទាំងអស់គ្នា​ ទើបបាន​ទៅរួច​”។

លោក​ ជេត​ ភិរម្យ​ ទីប្រឹក្សា​អ្នកបច្ចេកទេស​ចិញ្ចឹមសត្វ​បាន​បញ្ជាក់​ថា​ យើង​ឃើញ​មានការ​បិទ​ចរាចរណ៍​នាំចូល​សត្វ​ជ្រូក​ពី​វៀតណាម​ ជា​វិធានការ​របស់ក្រ​សួង​ ហើយក៏​មាន​សិក្ខាសាលា​ណែនាំ​ដល់​កសិដ្ឋាន​ និង​អាជីវកម្ម​ចិញ្ចឹម​ជ្រូក​ ដោយ​ក្រសួង​បាន​ធ្វើជា​មួយ​ឯកជន​ជាច្រើន​លើ​បញ្ហា​នេះ​ តែ​ក៏​នៅ​មាន​ច្រករបៀង​នាំចូល​ជាច្រើន​ទៀត​ដែល​គួរ​ឱ្យ​មានការ​បារម្ភ​ដែរ​។ ដូច្នេះ​យើង​គួរតែ​ផ្សព្វផ្សាយ​ឱ្យ​បាន​ច្រើន​ថែមទៀត​ចំពោះ​ការនាំចូល​ទ្រង់​ទ្រា​យតូចៗ​ ហើយ​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក​ក៏​ត្រូវតែ​ប្រយ័ត្ន​ពី​ការ​នាំ​ជំងឺ​ និង​មេរោគ​ចូល​កសិដ្ឋាន​របស់​ខ្លួន​ដែរ​។

លោក​ ស្រ៊ុ​ន ពៅ​ ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា​បាន​លើកឡើង​ពី​ក្តី​បារម្ភ​ពី​ការ​លួច​នាំចូល​សត្វ​ជ្រូក​នៅ​តាម​ច្រករបៀង​ ដែល​ពុំ​មានសមត្ថកិច្ច​យាមកាម​តឹងរ៉ឹង​នោះ​ ដោយ​លោក​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“សមាគម​បាន​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​ដល់​អ្នកចិញ្ចឹមសត្វ​ក្នុង​ស្រុក​រាប់​ខែ​មក​ហើយ​ មិនមែន​ទើបតែ​ឥឡូវ​ទេ​ ​តែ​ដោយសារតែ​ឥឡូវ​មានការ​ផ្ទុះ​នៅ​វៀតណាម​ ដែល​ធ្វើ​ឱ្យ​ពួក​យើង​កាន់តែ​មានការ​បារម្ភ​បន្ថែម​ទៀត​”។ លោក​បាន​ស្នើ​ដល់​អាជ្ញាធរ​ ជាពិសេស​ពេទ្យសត្វ​ត្រូវ​ចុះ​ធ្វើសកម្មភាព​ឱ្យ​បាន​ខ្លាំងក្លា​ ដើម្បី​ធានា​ថា​ គ្មាន​ជ្រូក​មាន​ជំងឺ​នេះ​ឆ្លង​ចូល​មក​ក្នុង​កម្ពុជា​។

លោក​ ស្រ៊ុ​ន ពៅ​ បាន​បញ្ជាក់​ថា​៖“យើង​គិត​មើល​ថា​ ជំងឺ​ប៉េស្ត​ជ្រូក​នេះ​បាន​កើតឡើង​នៅ​ប្រទេស​ចិន​ តែ​វា​អាច​ឆ្លង​ដល់​ប្រទេស​វៀតណាម​បាន​ ចុះបើ​ឥឡូវ​វា​កើត​នៅ​ប្រទេស​វៀតណាម​ វា​អាច​ឆ្លង​ដល់​ប្រទេស​យើង​ដែរ​ទេ​? ខ្ញុំ​មិន​អាច​ឆ្លើយ​បានទេ​”។ លោក​បន្ត​ថា​ “តែ​ជំងឺ​នេះ​មិនជា​សាហាវ​ពេក​ទេ​ វា​ឆ្លងតាម​ការ​ប៉ះពាល់​ សូម្បីតែ​នៅ​ប្រទេស​ថៃ​ដែល​មិន​មាន​ផ្ទុះ​នូវ​ជំងឺ​នេះ​មែន​ តែ​ ប្រទេស​ជប៉ុន​បាន​រក​ឃើញ​មេរោគ​ជំងឺ​ប៉េស្ត​ជ្រូក​នៅ​លើ​សាច់ក្រក​ដែល​នាំចូល​ពី​ប្រទេស​ថៃ​ទៅ​”។

ទោះជាយ៉ាងណា​ បើ​ទោះជា​ជំងឺ​ប៉េស្ត​ជ្រូក​មិន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ក៏ដោយ​ក៏​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោក​ លី​ សូ​វ៉ាន់​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ត្រូវ​បរិភោគ​សាច់​ជ្រូក​ ឬសាច់សត្វ​ដែល​ឈឺ​ ឬងាប់​ដោយ​ពុំ​ដឹង​មូលហេតុ​ឡើយ​ ព្រោះ​អាច​នាំ​ឱ្យ​ឆ្លង​ជំ​ងឺ​ផ្សេង​ៗដូចជា​ជំងឺ​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​នេះ​ជាដើម​។

លោក​ ពៅ​ បាន​បញ្ជាក់​ទៀត​ថា​ សម្រាប់​យើង​បាន​បិទ​ការនាំចូល​សត្វ​ជ្រូក​ពី​ប្រទេស​វៀតណាម​ហើយ​ បើ​មានការ​នាំចូល​ គឺ​ត្រូវ​កម្ទេច​ចោល​តែម្តង​ ក៏ប៉ុន្តែ​យើង​នៅ​បារម្ភ​ពី​ច្រករបៀង​ដែល​មានការ​ដឹកជញ្ជូន​តាម​ម៉ូតូ​ ម្ដង2​-3ក្បាល​ ដែល​ជា​ការ​លួច​នាំចូល​។ ដូច្នេះ​ នរណា​ទៅ​ការពារ​បាន​? ហើយ​នៅ​មាន​ផលិតផល​សម្រេច​ ដូចជា​សាច់ក្រក​ ហត់​ដក​ និង​ប្រហិត​ ទៀត​ជាដើម​។ល។

លោក​បាន​បន្ថែម​ថា​ ចំពោះ​សមាគម​ គឺ​បាន​ធ្វើ​នៅ​តាម​កសិដ្ឋាន​ មានការ​ចាក់ថ្នាំ​អនាម័យ​សម្លាប់​មេរោគ​ និង​ការពារ​មិន​ឱ្យ​យក​កាកសំណល់​ឆ្លង​ពី​កសិដ្ឋាន​មួយ​ទៅ​កសិដ្ឋាន​មួយ​។ សមាគម​ក៏បាន​ចូលរួម​ធ្វើ​សិក្ខាសាលា​ណែនាំ​ដល់​អាជីវករ​អ្នកលក់​ និង​កសិដ្ឋាន​ចិញ្ចឹម​ ឯក្រសួង​ជា​អ្នកការពារ​តាម​ព្រំដែន​ ទើប​យើង​អាច​ទប់ស្កាត់​ និង​ការពារ​បញ្ហា​នេះ​បាន​។របាយការណ៍​ក្រសួង​កសិកម្ម​បានឱ្យ​ដឹង​ថា​ ប្រជាជន​កម្ពុជា​ម្នា​ក់ៗ​បាន​បរិភោគ​សាច់សត្វ​ប្រមាណ​ជាជាង​ 17គីឡូក្រាម​ជាមធ្យម​នៅក្នុង1ឆ្នាំ​ ដោយ​ក្នុង​នោះ​បរិភោគ​សាច់​ជ្រូក​ច្រើនជាង​គេ​បំផុត​។

របាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ ក្នុងចំណោម​នោះ​មនុស្ស​ម្នា​ក់ៗ​បាន​បរិភោគ​សាច់​ជ្រូក​ប្រមាណ​ 9.29គីឡូក្រាម​ សាច់គោ​ ឬក្របី​ប្រមាណ​ 5គីឡូក្រាម​ សាច់​បក្សី​ប្រហែល​ 3.3គី​ឡួ​ក្រាម​ និង​សាច់​សត្វ​ផ្សេង​ៗទៀត​ប្រមាណ​ 0.01គី​ឡួ​ក្រាម​។

នៅ​ឆ្នាំ2018​ ប្រជាជន​កម្ពុជា​បរិភោគ​សាច់សត្វ​ចំនួន​ប្រមាណ​ 285,000តោន​។ ចំណែក​ផលិតកម្ម​ក្នុង​ស្រុក​មានលទ្ធភាព​អាច​ផ្គត់ផ្គង់​បាន​ត្រឹមតែ​ 231,000តោន​ ឬស្មើនឹង​ 81​%ប៉ុណ្ណោះ​។ ដូច្នេះ​ដើម្បី​បំពេញ​ឱ្យ​គ្រប់​តម្រូវការ​ កាលពី​ឆ្នាំ2018​ កម្ពុជា​បាន​នាំចូល​ជ្រូក​ចំនួន​ 630,770ក្បាល​ មាន់​រស់​ចំនួន​ 981,300ក្បាល​ និង​សាច់​ចម្រុះ​ចំនួន​ 2,440តោន​៕

Advertisement