កម្ពុជា​នឹង​នាំចេញ​ផ្លែស្វាយ​ទៅកាន់​ប្រទេស​កូរ៉េ​នៅ​ខែតុលា​ខាងមុខនេះ​

ក្រុមហ៊ុន​ Hyundai​ Corporation​ Cambodia​ នឹង​នាំ​ផ្លែស្វាយ​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េ​ជាលើកដំបូង​នៅ​ចុងខែ​តុលា​ ឆ្នាំនេះ​ បន្ទាប់ពី​រោងចក្រ​វេច​ខ្ចប់​ និង​កែច្នៃ​ផលិតផល​ផ្លែឈើ​ ព្រម​ជាមួយនឹង​ឡចំហាយទឹក​ក្តៅ​ ​;បាន​សាងសង់​ និង​បាន​ដំឡើង​រួចរាល់​កាលពី​ខែមុន​នេះ​។

លោក​ Lee​ Chang​-Hoon​ អគ្គនាយក​នៃ​ក្រុមហ៊ុន​ Hyundai​ Corporation​ (Cambodia​) បានឱ្យ​ដឹង​ថា​ នា​ពេលនេះ​កម្ពុជា​មាន​ផ្លែស្វាយ​ដែល​មាន​សុវត្ថិភាព​គ្មាន​សារធាតុពុល​ និង​ប្រកបដោយ​សុវត្ថិភាព​ ដែល​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ​ និង​អាច​នាំទៅ​កូរ៉េ​ និង​បណ្តា​ប្រទេស​ផ្សេង​ៗបាន​ហើយ​។លោក​ប្រកាស​ថា​ នៅ​ចុងខែ​តុលា​នេះ​ ក្រុមហ៊ុន​លោក​នឹង​ធ្វើការ​នាំចេញ​ផ្លែស្វាយ​ទៅកាន់​ប្រទេស​កូរ៉េ​ជាលើកដំបូង​ ដោយ​លោក​រំពឹង​ថា​ ផ្លែស្វាយ​ប្រមាណ​ប្រមាណ​ 2 ទៅ​ 3ពាន់​តោន​នឹង​នាំចេញ​ទៅ​ប្រទេស​កូរ៉េ​។

លោក​ Lee​ បន្ត​ថា​ ឆ្នាំមុន​ កូរ៉េ​នាំចូល​ផ្លែស្វាយ​ស្រស់​ប្រមាណ​ 14,000តោន​ពី​បណ្តា​ប្រទេស​ផ្សេង​ៗក្នុង​នោះ​ 50ភាគរយ​នាំចូល​ពី​ប្រទេស​ថៃ​ ជាង​ 30ភាគរយ​ពី​ហ្វីលីពីន​ និង​ពី​វៀតណាម​ជាង​ 10ភាគរយ​។ ដូច្នេះ​ លោក​នឹង​ទាញ​យក​ចំណែក​ទីផ្សារ​ប្រមាណ​ 20ទៅ​ 30ភាគរយ​ពីទី​ផ្សារ​ទាំង3​ នេះ​ ដើម្បី​ឱ្យ​ផ្លែស្វាយ​កម្ពុជា​អាច​ចូល​ទៅ​ទីផ្សារ​កូរ៉េ​បាន​ ពីព្រោះ​ស្វាយ​កម្ពុជា​ បច្ចុប្បន្ន​បាន​អនុលោម​តាម​និ​តិ​វិធី​បទប្បញ្ញត្តិ​ច្បាប់​ទាក់ទង​នឹង​ភូតគាម​អនាម័យ​ និង​សុវត្ថិភាព​ចំណីអាហារ​របស់​កូរ៉េ​បាន​ហើយ​។លោក​បន្ត​ទៀត​ថា​ រសជាតិ​ស្វាយ​របស់​កម្ពុជា​ឆ្ងាញ់​ និង​ទំហំ​ធំ​ល្អ​ បើ​ប្រៀបធៀប​ជាមួយ​ផ្លែស្វាយ​របស់​ ប្រទេស​ថៃ​ និង​វៀតណាម​។

លោក​បាន​បន្ត​ទៀត​ថា​ ដោយ​មើលឃើញ​ពី​សក្តា​នុ​ពល​នេះ​ហើយ​ ទើបHyundai​ Corporation​ (Cambodia​) សម្រេចចិត្ត​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ 10លាន​ដុល្លា​អាមេរិក​ក្នុង​ការសាងសង់​រោងចក្រ​វេច​ខ្ចប់​ កែច្នៃ​ផលិតផល​ផ្លែឈើ​ និង​ឡចំហាយទឹក​ក្តៅ​ដែល​បាន​សាងសង់​កាលពី​ខែកុម្ភៈ​ ឆ្នាំ2018​ នៅ​ឃុំ​ត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​។

លោក​ Lee​ បានឱ្យ​ដឹង​ថា​ នៅពេល​នេះ​ រោងចក្រ​ទើបតែ​បញ្ចប់​ការសាងសង់​ទាំងស្រុង​ និង​បាន​ចាប់ផ្តើម​ដំណើរការ​ជា​បណ្តើរ​ៗហើយ​ ដោយ​ចង្វាក់​ផលិតកម្ម​រោងចក្រ​របស់​លោក​អាច​ផលិត​ និង​វេច​ខ្ចប់​ផ្លែស្វាយ​បាន​ចំនួន​ 15តោន​ក្នុង​ 1ថ្ងៃ​ ប៉ុន្តែ​តម្រូវការ​វិញ​ គឺ​មាន​ច្រើនលើស​លុប​ ដូច្នេះ​តម្រូវ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​ទៅលើ​រោងចក្រ​កែច្នៃ​ និង​ឡចំហាយទឹក​ក្តៅ​។

លោក​ Lee​ បន្ត​ថា​៖“ឥឡូវ​យើង​មាន​ចម្ការ​ស្វាយ​ប្រមាណ​ 260ហិ​កតា​ ដែល​មាន​ដើម​ស្វាយ​ប្រមាណ​ជាង​ 4ពាន់​ដើម​ ដោយឡែក​ក្នុងចំណោម​ដើម​ស្វាយ​ទាំង​ 4ពាន់​ដើម​នេះ​ វា​អាច​ផ្តល់​ប្រភេទ​ស្វាយ​ល្អ​បំផុត​ដែល​ជា​តម្រូវការ​របស់​ទីផ្សារ​អន្តរជាតិ​ ឬហៅ​ថា​ កម្រិត​ A បាន​ប្រមាណ​ជា​ 800តោន​ ក្រៅពីនោះ​ជា​ប្រភេទ​កម្រិត​ B និង​ C”។

លោក​ Lee​ បាន​បន្ត​ទៀត​ថា​ លោក​កំពុងតែ​សិក្សា​លើ​ការផលិត​ស្វាយកែវ​រមៀត​ឱ្យ​បាន​ពេញ​ 1ឆ្នាំ​ ដើម្បី​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ​កូរ៉េ​ និង​ទីផ្សារ​ប្រទេស​ផ្សេងទៀត​ ដោយ​ភាគច្រើន​ប្រភេទ​ស្វាយកែវ​រមៀត​នេះ​ យើង​អាច​ប្រមូល​ផល​បាន​ចាប់ពី​ខែកញ្ញា​ដល់​ខែមិថុនា​ ដូច្នេះ​វា​មិន​អាច​ផ្គត់ផ្គង់​ចង្វាក់​ផលិតកម្ម​បាន​គ្រប់​ទេ​។ លោក​កំពុងតែ​សិក្សា​ស្វែងរក​បច្ចេកទេស​ក្នុង​ការផលិត​ស្វាយកែវ​រមៀត​បែប​ណា​ឱ្យ​បាន​ពេញ​ 1ឆ្នាំ​។

លោក​បានឱ្យ​ដឹង​ថា​ អ្នកបញ្ជា​ទិញ​ត្រូវការ​ផលិតផល​រៀងរាល់ថ្ងៃ​ និង​រៀងរាល់​សប្តាហ៍​ ដូច្នេះ​យើង​ត្រូវតែ​ផ្គត់ផ្គង់​ផ្លែស្វាយ​ឱ្យ​បាន​ពេញ​មួយឆ្នាំ​ មិនមែន​តែ​ក្នុង​មួយ​រដូវ​ប្រមូល​ផល​នោះ​ទេ​។ មួយទៀត​យើង​មាន​បច្ចេកទេស​ក្នុង​ការ​ស្តុក​ទុក​ផ្លែស្វាយ​របស់​យើង​រហូតដល់​ទៅ​ 1ខែ​ឯណោះ​។

លោក​ Lee​ បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ទិសដៅ​របស់​ក្រុមហ៊ុន​ គឺ​ចង់ឱ្យ​ផ្លែស្វាយ​កម្ពុជា​នាំទៅ​កូរ៉េ​ជំនួស​ឱ្យ​ទីផ្សារ​ផ្លែស្វាយ​របស់​ថៃ​ ហ្វីលីពីន​ និង​វៀតណាម​ ប៉ុន្តែ​ក្នុង​ជំហាន​ដំបូង​នេះ​ គឺ​លោក​ធ្វើការ​នាំចេញ​តែ​ប្រមាណ​ 2ពាន់​តោន​ ទៅ​ 3ពាន់​តោន​សិន​ក៏បាន​។

លោក​ Lee​ បញ្ជាក់​ថា​ បន្ទាប់ពី​ចាប់ផ្តើម​នាំចេញ​ទៅ​កូរ៉េ​ហើយ​ លោក​នឹង​សម្លឹង​មើល​ទីផ្សារ​ជប៉ុន​ ចិន​ ហុងកុង​ និង​សិង្ហបុរី​ ហើយ​នៅ​ឆ្នាំ2020​-2021​ ខាងមុខ​ លោក​នឹង​បោះទុន​វិនិយោគ​ប្រមាណ​ 6លាន​ដុល្លារ​ដើម្បី​សាងសង់​រោងចក្រ​កែច្នៃ​ផលិតផល​ចេញពី​ផ្លែស្វាយ​នៅ​ខេត្ត​កំពង់ស្ពឺ​ថែមទៀត​។

លោក​ Lee​ បន្ត​ថា​ ក្នុងរយៈពេល​ជាង​ 4ឆ្នាំ​កន្លងមក​នេះ​ លោក​បាន​ដក​បទ​ពិសោធ​ជាច្រើន​ពី​បណ្តា​ប្រទេស​មួយចំនួន​ ដូចជា​ប្រទេស​ថៃ​ វៀតណាម​ និង​កូរ៉េ​ដែល​ប្រទេស​ទាំងអស់​នេះ​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការនាំចេញ​ផលិតផល​កសិកម្ម​សម្រាប់​ទីផ្សារ​ក្រៅប្រទេស​ តែ​ឥឡូវ​កម្ពុជា​មាន​ផ្លែស្វាយ​ដែល​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ​ស្អាត​ និង​គ្មាន​សារធាតុគីមី​ហើយ​។

លោក​ ​គង់​ ភាជ​ ​ប្រធាន​នាយក​ដ្ឋាន​កសិ​-ឧស្សាហកម្ម​នៃ​ក្រសួង​កសិកម្ម​បានឱ្យ​ដឹង​ថា​ ផលិតផល​កសិកម្ម​ដែល​កម្ពុជា​នាំចេញ​សព្វថ្ងៃ​មាន​ អង្ករ​ ផ្លែស្វាយ​ ចេក​ ម្រេច​ ស្វាយចន្ទី​ និង​កៅស៊ូ​ ។ល។

លោក​បានឱ្យ​ដឹង​ថា​ ផលិតផល​កសិផល​របស់​កម្ពុជា​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេសជិតខាង​ និង​ប្រទេស​ទី3ហើយ​ភាគច្រើន​នាំចេញ​ជា​វត្ថុធាតុដើម​ ដោយ​មិនទាន់​កែច្នៃ​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​នូវ​តម្លៃបន្ថែម​ដែល​ទាមទារ​ឱ្យ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ពង្រឹង​ការកែច្នៃ​ដើម្បី​ទាញ​យក​តម្លៃបន្ថែម​ឱ្យ​បាន​ច្រើន​ និង​បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា​ផង​ដែរ​។

លោក​ ភាជ​ មានប្រសាសន៍​ថា​៖“ការ​វិនិយោគ​បាន​នាំ​យក​មក​ទាំង​បច្ចេកទេស​ បច្ចេកវិទ្យា​ និង​ទីផ្សារ​ដូច្នេះ​ទាមទារ​ឱ្យ​មានការ​វិនិយោគ​ និង​មានការ​ចូលរួម​ទាំងអស់គ្នា​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​លើ​វិ​ស័យ​កសិ​-ឧស្សាហកម្ម​”៕

គួរ​បញ្ជាក់​ដែរ​ថា​ ក្រុមហ៊ុន​ Hyundai​ Corporation​ Group​ បាន​សាងសង់​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​កសិកម្ម​ រោងចក្រ​វេច​ខ្ចប់​ និង​កែច្នៃ​ផលិតផល​ផ្លែឈើ​ ព្រម​ជាមួយនឹង​ឡចំហាយទឹក​ក្តៅ​ដោយមាន​ទុន​វិនិយោគ​សរុប​ចំនួន​ 10លាន​ដុល្លារ​អាមេរិក​ដែល​សហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ Mao​ Legacy​ និង​ Seowon​ Distribution​ នៅ​ប្រទេស​កូរ៉េ​។

បើ​តាម​ក្រុមហ៊ុន​ Hyundai​ Corporation​ Groupមជ្ឈមណ្ឌល​ចែកចាយ​កសិកម្ម​ និង​រោងចក្រ​វេច​-ខ្ចប់​និង​កែច្នៃ​ផលិតផល​ផ្លែឈើ​ ព្រម​ជាមួយគ្នា​នេះ​ ឡចំហាយទឹក​ក្តៅ​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​កសិកម្ម​ទំនើប​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​អាច​បាន​បំពេញ​តាម​ស្តង់ដារ​អន្តរជាតិ​៕

Advertisement