យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ2019​-2023​ ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវការ​

កម្ពុជា​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ2019​-2020​ ដើម្បី​ចាកចេញ​ពី​បញ្ជី​ប្រផេះ​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ​ពី​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ ស្តី​ពី​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។

យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ2019​-2020​ មាន​គោលបំណង​ផ្តល់​ការយល់​ដឹង​ និង​ការគ្រប់គ្រង​ហានិភ័យ​ ការ​ផ្តល់​អាជ្ញាប័ណ្ណ​ និង​ការ​ត្រួតពិនិត្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​មុខរបរ​ និង​វិជ្ជាជីវៈ​មិនមែន​ហិរញ្ញវត្ថុ​ និង​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ ការ​ពង្រឹង​តម្លាភាព​ស្ថាប័ន​ ការ​ប្រមូល​ ការវិភាគ​ និង​ការ​បញ្ជូន​របាយការណ៍​ស៊ើបការណ៍​ហិរញ្ញវត្ថុ​ដែល​មានគុណ​ភាព​ ការ​កាត់ទោស​សំអាង​បទល្មើស​ និង​បទ​សម្អាត​ប្រាក់​ប្រាកដ​ដោយ​ប្រសិទ្ធភាព​ ការ​រឹបអូស​ផល​នៃ​សំអាង​បទល្មើស​ និង​បទ​សម្អាត​ប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព​ កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ ការស្វែងរក​ និង​ការ​លុបបំបាត់​ចោល​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ហិរញ្ញប្បទាន​នៃ​ការ​រីកសាយ​ភាយ​ អាវុធ​មហា​ប្រល័យ​ និង​ការគ្រប់គ្រង​កម្មវិធី​ជាតិ​ស្តី​ពី​ការ​ប្រឆាំង​ ស.ប.ហ.ភ​។

រដ្ឋាភិបាល​បាន​កំណត់​គោលបំណង​ទាំងនេះ​ដើម្បី​ការពារប្រទេស​កម្ពុជា​កុំឱ្យ​ទទួលរង​គ្រោះ​ខូចខាត​ដោយសារ​ឧក្រិដ្ឋជន​ប្រព្រឹត្ត​បទល្មើស​ដើម្បី​កេងយក​ប្រាក់ចំណេញ​។ រដ្ឋាភិបាល​ក៏បាន​កំណត់​គោលបំណង​ទាំងនេះ​ដើម្បី​អនុវត្ត​តាម​កាតព្វកិច្ច​អន្តរជាតិ​ដែល​មាន​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ​នានា​ និង​អនុសាសន៍​ទាំង​ 40របស់​ក្រុមការងារ​ហិរញ្ញវត្ថុ​ (FATF​)។

បើ​យោង​តាម​របាយការណ៍​វាយតម្លៃ​ហានិភ័យ​ថ្នាក់​ជាតិ​ បាន​ចាត់​ថ្នាក់​ហានិភ័យ​សម្អាត​ប្រាក់​នៅ​ប្រទេស​កម្ពុជា​មានកម្រិត​មធ្យម​ខ្ពស់​។ កត្តា​ដែល​មាន​ទម្ងន់​ធ្វើ​ឱ្យ​ហានិភ័យ​សម្អាត​ប្រាក់​កើន​ខ្ពស់​រួមមាន​ សេដ្ឋកិច្ច​ដុល្លា​រូប​នី​យក​ម្ម​ និង​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ​ច្រើន​ ការប្រើ​ប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ​ច្រើន​ ការ​រីកចម្រើន​ខ្លាំង​នៃ​វិស័យ​អចលនទ្រព្យ​ និង​វិស័យ​ល្បែងស៊ីសង​ តាម​កាស៊ីណូ​ដែល​មាន​ទំហំ​ធំ​។

របាយការណ៍​វាយតម្លៃ​ហានិភ័យ​ថ្នាក់​ជាតិ​បាន​បង្ហាញថា​ បទល្មើស​ដែល​បង្កើត​ឱ្យ​មានផល​នៃ​បទល្មើស​ ច្រើនជាង​គេ​រួមមាន​ បទល្មើស​បោក​បញ្ជោត​ និង​បន្លំ​លួច​ដែល​បង្ក​ដោយ​ជនល្មើស​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ បទល្មើស​ពុករលួយ​ និង​ស៊ីសំណូក​សូកប៉ាន់​ បទល្មើស​ព្រៃឈើ​ និង​សត្វព្រៃ​ បទល្មើស​ជួញដូរ​មនុស្ស​ បទល្មើស​ជួញដូរ​គ្រឿងញៀន​ណា​កូ​ទិ​ក និង​សារធាតុ​ញៀន​ បទល្មើស​រត់ពន្ធ​ទំនិញ​ និង​សាច់ប្រាក់​ឆ្លងដែន​។

បន្ថែម​លើ​នេះ​ បទល្មើស​បោកបញ្ឆោត​ និង​បន្លំ​លួច​ និង​បទល្មើស​ពុករលួយ​ មានការ​គំរាមកំហែង​លើ​ការ​សម្អាត​ប្រាក់​ខ្ពស់​ជាងគេ​ គឺ​មានកម្រិត​ហានិភ័យ​ខ្ពស់​ និង​មធ្យម​ខ្ពស់​តាមលំដាប់​។ របាយការណ៍​វាយតម្លៃ​ហានិភ័យ​ថ្នាក់​ជាតិ​បាន​កំណត់​វិស័យ​ដែល​មាន​ភាព​ងាយ​រងគ្រោះ​ខ្លាំង​ជាងគេ​ រួមមាន​ វិស័យ​ធនាគារ​ វិស័យ​ផ្ទេរ​ប្រាក់​ វិស័យ​កាស៊ីណូ​ និង​វិស័យ​អចលនទ្រព្យ​។

គួរ​បញ្ជាក់​ថា​ តាមរយៈ​ការវាយតម្លៃ​អញ្ញមញ្ញភាព​ទៅលើ​គោលនយោបាយ​នៃ​ប្រទេស​កម្ពុជា​លើ​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ (គ.ស.ហ​) ឆ្នាំ2017​ ដោយក្រុម​ការងារ​ហិរញ្ញវត្ថុ​ (Financial​ Action​ Task​ Force​) បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ប្រផេះ​ ដែល​ជា​ប្រទេស​មានការ​លាង​លុយ​ខ្ពស់​ ដោយ​បាន​បង្ហាញថា​ ប្រព័ន្ធ​តុលាការ​កម្ពុជា​មានអំពើ​ពុករលួយ​ខ្ពស់​ ដែល​ខ្វះ​នូវ​ឆន្ទៈ​ក្នុង​ការស៊ើបអង្កេត​បទល្មើស​ហិរញ្ញវត្ថុ​។ របាយការណ៍​ក៏បាន​បញ្ជាក់​ដែរ​ថា​ គ្មាន​ករណី​លាង​លុយ​ណាមួយ​ត្រូវ​បាន​យក​មក​កាត់ទោស​ទេ​នៅ​កម្ពុជា​។

យ៉ាងណាក៏ដោយ​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់​ជាតិ​ ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ មានប្រសាសន៍​ថា​ ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ2019​-2020ថា​ ការ​ព្យា​ករថ្មីៗ​តាម​ការ​ប៉ាន់ស្មាន​របស់​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​ត្រួតពិនិត្យ​គ្រឿងញៀន​ និង​បទឧក្រិដ្ឋ​បាន​ប៉ាន់ស្មាន​ចំនួន​ទឹកប្រាក់​ដែល​ឧក្រិដ្ឋជន​បាន​សម្អាត​ផល​នៃ​បទល្មើស​មាន​ប្រមាណ​ពី2​ ទៅ​ 5ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់សកល​លោក​ ឬប្រមាណ​ពី​ 800ប៊ី​លាន​ ទៅ​ 3.5ទ្រី​លាន​ដុល្លារ​អាមេរិក​ក្នុង​ 1ឆ្នាំ​ៗ ពោល​គឺ​ប្រមាណ​ 10ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ 1ថ្ងៃ​។

ឯកឧត្ដម​បន្ត​ថា​ ទិន្នន័យ​នេះ​បង្ហាញ​ពី​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្ថិរភាព​សង្គម​ និង​សេដ្ឋកិច្ច​ ដែល​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ទាំងឡាយ​ត្រូវ​យកចិត្ត​ទុកដាក់​ ទប់ស្កាត់​ និង​បង្ក្រាប​ឱ្យ​បាន​ទាន់ពេល​វេលា​ តាមរយៈ​ការស្វែងរក​បទល្មើស​ ដើម្បី​បង្កក​ និង​រឹបអូស​ផល​ និង​ឧបករណ៍​នៃ​បទល្មើស​ទាំងនេះ​ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏បាន​និង​កំពុង​ដាក់ចេញ​នូវ​វិធានការ​ជាបន្តបន្ទាប់​ដើម្បី​ពង្រឹង​ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​ប្រឆាំង​បទល្មើស​ទាំងនេះ​ រួម​ទាំង​បទល្មើស​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។

ឯកឧត្តម​បន្ត​ទៀត​ថា​៖“កម្ពុជា​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​ក្របខ័ណ្ឌ​គតិ​យុត្ត​ជាបន្តបន្ទាប់​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​រាល់​សកម្មភាព​បទល្មើស​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ រួម​ទាំង​បទល្មើស​ឆ្លងដែន​ ឱ្យ​ប្រកបដោយ​ប្រសិទ្ធភាព​”។

ឯកឧត្ដម​បាន​បន្ត​ទៀត​ថា​៖“ក្នុង​បរិបទ​នៃ​បទល្មើស​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ តែងតែ​វិវឌ្ឍ​ជា​រូប​ភាព​ថ្មី​ៗ និង​កាន់​តែ​សាំ​ញុំា​ និង​បន្ទាប់ពី​ឯកសារ​យុទ្ធសាស្ត្រ​ជាតិ​ឆ្នាំ2013​-2017ផុត​កាលកំណត់​ ប្រទេស​កម្ពុជា​បាន​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ឯក​សារ​ផ្សេង​ៗទៀត​ដែល​កំពុង​គំរាម​គំ​ហែង​ដល់​សេដ្ឋកិច្ច​ និង​សង្គម​នៅ​កម្រិត​ជាតិ​ តំបន់​ និង​សកលលោក​”។

ឯកឧត្ដម​បញ្ជាក់​ថា​ យុទ្ធសាស្ត្រ​ជាតិនេះ​ កើត​ចេញពី​កិច្ចសហការ​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ចំនួន22​ និង​ការ​គាំទ្រ​បច្ចេកទេស​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ហើយ​គោលបំណង​ជា​យុទ្ធសាស្ត្រ​នេះ​ នឹង​បង្ហាញ​ពី​ផែនការ​សកម្មភាព​ជាអាទិភាព​ និង​ពេលវេលា​ច្បាស់លាស់​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​សហការ​ជាមួយ​វិស័យ​ឯកជន​ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឱ្យ​ទទួល​បាន​ជោគជ័យ​។

ឯកឧត្ដម​បន្ត​ថា​ យុទ្ធសាស្ត្រ​ជាតិនេះ​នឹង​ធ្វើ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​មុខរបរ​ និង​វិជ្ជាជីវៈ​មិនមែន​ហិរញ្ញវត្ថុ​ គេច​ផុត​ពី​ការប្រើ​ប្រាស់​ក្នុង​ការ​សម្អាត​ប្រាក់​ និង​ស្វែងរក​ផល​នៃ​បទល្មើស​ និង​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ធានា​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ទាំងអស់​រួមគ្នា​ធ្វើការ​ស៊ើបអង្កេត​ ចោទប្រកាន់​ដាក់ទណ្ឌកម្ម​ និង​រឹបអូស​ផល​ និង​ឧបករណ៍​នៃ​សំអាង​បទល្មើស​ និង​បទ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​។

ឯកឧត្តម​ទេសាភិបាល​បាន​បញ្ជាក់​ជាចុងក្រោយ​ថា​៖“គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចាំបាច់​ត្រូវ​បន្ត​សាមគ្គី​អនុវត្ត​ការងារ​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​កម្ពុជា​បាន​ចេញពី​បញ្ជី​ប្រផេះ​ក្នុង​ពេលវេលា​ដ៏​ឆាប់​បំផុត​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់​”។

លោក​បណ្ឌិត​ ប៊ុ​ន មុនី​ អគ្គនាយក​ វិថី​ម៉ា​យក្រូ​ហ្វា​យនែន​ ​;មានប្រសាសន៍​ថា​ កម្ពុជា​ស្ថិតនៅ​ក្នុង​បញ្ជី​ប្រផេះ​ ដែល​ពីមុន​ គឺ​ក្នុង​បញ្ជីខ្មៅ​ តែ​កម្ពុជា​ចង់​ក្លាយជា​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​ពណ៌ស​ ដូច្នេះ​ដើម្បី​ធ្វើ​ឱ្យទៅ​ជា​ពណ៌ស​បាន​ កម្ពុជា​ត្រូវ​មាន​វិធានការ​ត្រឹមត្រូវ​ដូច​ប្រទេស​គេ​។ លោក​បញ្ជាក់​ថា​ អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​ គឺ​នាំ​កម្ពុជា​ចូល​ទៅ​យ៉ាង​ពេញលេញ​ក្នុង​ទីផ្សារ​អន្តរជាតិ​។

លោក​ មុនី​ ថ្លែង​ថា​៖“យើង​ត្រូវ​ពង្រឹង​ខ្លួនឯង​ និង​បំពេញ​តម្រូវការ​របស់​អន្តរជាតិ​ ព្រោះ​ការ​ប្រឆាំង​សម្អាត​ប្រាក់​ គឺ​ល្អ​សម្រាប់​កម្ពុជា​ ដោយ​យើង​មិន​ចង់ឱ្យ​ការ​ធ្វើ​ហិរញ្ញប្បទាន​ភេរវកម្ម​ចូល​មក​កម្ពុជា​ដើម្បី​ការពារ​ សេដ្ឋ​កិ​ច្ច​កម្ពូ​ជា​។ ពីមុន​ហិរញ្ញវត្ថុ​របស់​យើង​ធ្វើមិនទាន់​ត្រឹមត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​មានតែ​សម្អាត​សាច់ប្រាក់​មួយ​ទេ​ ដោយឡែក​នៅ​មាន​ច្រើន​ទៀត​ដែល​យើង​មិនទាន់​បំពេញ​បាន​។ ប៉ុន្តែ​ពេលនេះ​យើង​បាន​ធ្វើ​អស់ហើយ​ គេ​រង់ចាំ​តែ​ដាក់​យើង​ក្នុង​បញ្ជី​សប៉ុ​ណ្ណោះ​ ដូច្នេះ​យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​”។

លោក​បន្ត​ថា​ គ្រប់​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​ចូលរួម​ប្រឆាំង​ការ​សម្អាត​សាច់ប្រាក់​នៅ​កម្ពុជា​ ដើម្បី​ធានា​ថា​ យើង​ធ្វើការ​អភិវឌ្ឍ​ទៅមុខ​ប្រកបដោយ​ជោគជ័យ​៕

Advertisement