វិស័យ​អចលនទ្រព្យ​នៅតែ​មាន​តម្រូវការ​ទីផ្សារ​ធម្មតា​ និង​កំពុង​ផ្ដោត​ការ​ពង្រឹង​លើ​ផ្លូវច្បាប់​

ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ នៅតែ​មាន​ភាព​ទាក់ទាញ​ ហើយ​ស្ថិតនៅ​ក្នុង​តម្រូវការ​ខ្ពស់​ដដែល​ ដោយ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​កំពុងតែ​មមាញឹក​ទាំង​នៅ​រាជធានី​ភ្នំពេញ​ និង​ទាំង​នៅ​បណ្តា​ខេត្ត​មួយចំនួន​ដែល​កំពុងធ្វើការ​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​ជាច្រើន​ប្រភេទ​ រួម​មានៈ​ ការ​អភិវឌ្ឍ​ចម្រុះ​ បុរី​លំនៅឋាន​ អា​ផា​តមិន​ សេវាកម្ម​ខុន​ដូ​ ការិយាល័យ​ សណ្ឋាគារ​ និង​នៅ​រមណីយដ្ឋាន​ដែល​មាននៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​ដឹងពី​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ (KFA​) បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ រាជធានី​ភ្នំពេញ​នៅតែ​ជា​តំបន់​អភិវឌ្ឍន៍​ដ៏​ធំ​បំផុត​។ គ្រប់​ខណ្ឌភាគ​កណ្តាល​នៃ​រដ្ឋធានី​បច្ចុប្បន្ន​មានការ​អភិវឌ្ឍ​ដែល​យ៉ាងហោចណាស់​ក៏​កំពុង​ត្រូវ​បាន​សាងសង់​ខុន​ដូ​ អា​ផា​តមិន​(Apartment​) និង​អគារ​ខ្ពស់​ធំៗ​ពិសេស​តំបន់​ក្រវាត់ក្រុង​ ដែល​មាន​គម្រោង​ជាច្រើន​កំពុង​ប្រជែង​គ្នា​ ខណៈ​តំបន់​ខាងក្រៅ​ក្រុង​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​សហគមន៍​ដែល​មាន​ជា​បុរី​ផ្ទះល្វែង​ និង​គម្រោង​សាងសង់​លំនៅឋាន​សមរម្យ​ជាដើម​។

លោក​ឧកញ៉ា​បាន​បង្ហើប​ឱ្យ​ដឹងពី​សម្ទុះ​ក្នុង​វិស័យ​នេះ​ថា​ គម្រោង​អចលនទ្រព្យ​នៅ​តាម​តំបន់​ក្រវាត់ក្រុង​ដែល​បាន​សម្ពោធ​ដោយ​រដ្ឋា​ភិ​បាល​ថ្មី​ៗនេះ​ មិន​បង្ហាញ​នូវ​ការ​កើនឡើង​នៃ​វិស័យ​អចលនទ្រព្យ​បែប​ពុះកញ្ជ្រោល​ខ្លាំង​នោះ​ទេ​ តែ​វា​នៅតែ​អភិវឌ្ឍ​ទៅមុខ​ជា​ធម្មតា​ក្នុង​អំឡុង​ 2ខែ​កន្លងមក​នេះ​។ តែ​ការជួល​ខុន​ដូ​ អា​ផា​តមិន​ដោយ​ជនបរទេស​នៅ​ស្ទើរគ្រប់​ប៉ូល​សេដ្ឋកិច្ច​នៅតែ​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​មើលទៅ​លើ​ចំនួន​ប្រជាជន​ចំនួន​ជនបរទេស​ និន្នាការ​រស់នៅ​ ចំនួន​អ្នកទិញ​ផ្គត់ផ្គង់​ និង​តម្រូវការ​ទិញ​-ជួល​ពីមុន​ និង​បច្ចុប្បន្ន​។

លោក​ឧកញ៉ា​បាន​បន្ត​ថា​ ពាក់ព័ន្ធ​នឹង​តំបន់​ក្រវាត់ក្រុង​ គេ​ឃើញ​មាន​សកម្មភាព​ផុលផុស​ចាប់ពី​រង្វង់​មូល​កួរស្រូវ​ និង​តំបន់​កំពង់កន្ទួត​ និង​មានការ​-ផ្គត់​ផ្គង់​ថ្មី​ៗនៅ​តំបន់​ស្រុក​មុខកំពូល​ក្នុង​គម្រោង​លំនៅឋាន​សមរម្យ​ ដែល​នៅ​កម្ពុជា​គម្រោង​បែបនេះ​កំពុង​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ហេតុដូច្នេះ​ហើយ​ទើប​អ្នក​វិនិយោគ​ក្នុង​ស្រុក​បាន​សម្លឹងឃើញ​ថា​ ទីផ្សារ​លំនៅឋាន​សមរម្យ​ គឺជា​គោលដៅ​ទាក់ទាញ​បំផុត​ និង​ងាយស្រួល​លក់​ ទើប​អ្នក​វិនិយោគ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​អ្នក​អភិវឌ្ឍន៍​តែម្ដង​ បាន​បោះទុន​វិនិយោគ​ទៅលើ​វិស័យ​មួយ​នេះ​ច្រើន​ដែរ​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ធ្លាប់​មានប្រសាសន៍​ឱ្យ​ដឹង​នា​ពេល​កន្លងមក​ថា​ អ្នក​វិនិយោគ​តែងតែ​សម្លឹង​មើល​ពី​ឱកាស​ដែល​ទទួល​បាន​ប្រាក់ចំណេញ​ ដូច្នេះ​នៅពេល​តម្រូវការ​មានការ​កើនឡើង​ខ្លាំង​នូវ​ប្រភេទ​សំណង់​ណាមួយ​ គេ​ត្រូវតែ​ពង្រីក​ការ​ផ្គត់ផ្គង់​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​។ ជាក់ស្តែង​កម្រិតជីវភាព​របស់​ប្រជាជន​កម្ពុជា​ភាគច្រើន​ មិនទាន់​មានលទ្ធភាព​អាច​ទិញ​លំនៅឋាន​ប្រណីត​ដែល​មានតម្លៃ​ខ្ពស់​នៅឡើយ​ទេ​ ដូច្នេះ​តម្រូវការ​ទីផ្សារ​សំណង់​ប្រភេទ​ខ្លះ​ ឬលំនៅឋាន​សមរម្យ​ គឺ​នៅតែ​មាន​ ហើយនឹង​យូរអង្វែង​ទៅមុខ​ទៀត​ ព្រោះ​វា​មិន​បង្ក​ហានិភ័យ​ដល់​អ្នក​វិនិយោគ​វិស័យ​សំណង់​បែប​នោះ​ទេ​។ ​

ប៉ុន្តែ​លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ក៏បាន​ប្រាប់​ឱ្យ​ដឹង​បន្ថែម​ដែរ​ថា​ ពាក់ព័ន្ធ​នឹង​បញ្ហា​ជួញដូរ​វិស័យ​អចលនទ្រព្យ​នេះ​ យើង​ឃើញថា​ ហាក់ដូចជា​នៅ​ទ្រឹង​បន្តិច​ដោយសារតែ​មានការ​រឹត​បន្តឹង​ប្រព័ន្ធ​ច្បាប់​ក្នុង​វិស័យ​អចលនទ្រព្យ​។ លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖ “ពោល​គឺ​មាន​ឧបសគ្គ​អ្វីខ្លះ​ក្នុង​ទីផ្សារ​? បច្ចុប្បន្ន​អចលនទ្រព្យ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​លំ​បា​កខ្លះ​ៗក្នុង​គោលនយោបាយ​គ្រប់គ្រង​ដីធ្លី​ និង​ច្បាប់​សំណង់​។ បញ្ហា​ប្រឈម​ធំៗ​នៅ​ទូទាំង​ក្រុមប្រឹក្សា​ភិបាល​ គឺ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ផ្លូវថ្នល់​ស្ពាន​អគ្គិសនី​ ការគ្រប់គ្រង​កាកសំណល់​ និង​ទឹក​។ ទោះជាយ៉ាងណា​ក៏ដោយ​ ក៏​រដ្ឋាភិបាល​មានការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ និង​លើកកម្ពស់​បរិយាកាស​វិនិយោគ​”។

លោកស្រី​ តាំង​ ហួរ​ អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ និង​ជា​នាយិកា​ក្រុមហ៊ុន​ Amatak​ Prorperty​ service​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ ក្នុងរយៈពេល​ 2ខែ​កន្លងមក​នេះ​ វិស័យ​អចលនទ្រព្យ​ ថ្វី​ដ្បិតតែ​ពុំ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្ដី​ តែ​វិស័យ​នេះ​ក៏​នៅតែ​មាន​សកម្មភាព​ផុលផុស​ដដែល​ ឯដីធ្លី​ និង​ដី​ឡូត៍​ក៏​នៅ​មាន​សម្ទុះ​ល្អ​ នៅតែ​បន្តសកម្មភាព​ទៅមុខ​ជា​ធម្មតា​ មាន​សមត្ថភាព​ និង​ជំនាញ​គ្រប់គ្រាន់​ដើម្បី​កសាង​ទំនុកចិត្ត​ជាមួយ​អ្នកទិញ​-អ្នកលក់​ និង​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ទាំងមូល​។លោកស្រី​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​៖ “អ្នក​វិនិយោគ​ គេ​ធ្វើឡើង​តម្រូវ​ទៅតាម​ទីផ្សារ​ និង​អតិថិជន​គោលដៅ​។ ចំពោះ​ទីផ្សារ​សំណង់​ ពិសេស​ការ​ពុះ​ឡូត៍​លក់​ គឺ​នៅ​មាន​ភាព​ទូលាយ​នៅឡើយ​ ដោយសារតែ​ពាក់ព័ន្ធ​ទៅ​នឹង​កម្រិតជីវភាព​របស់​អតិថិជន​”។

បច្ចុប្បន្ន​សម្ទុះ​នៃ​ការ​វិនិយោគ​លើ​ការ​ពុះ​ឡូត៍​លក់​ ភាគច្រើន​តាម​តំបន់​ជាយក្រុង​នៅតែ​មាននៅ​ឡើយ​ ព្រោះ​តំបន់​ទាំងនោះ​ទើបតែ​ចាប់ផ្តើម​រីកចម្រើន​ និង​ចាប់ផ្ដើម​អភិវឌ្ឍ​បន្ត​ចេញពី​ទីក្រុង​ ដូច្នេះ​តម្លៃ​ដី​នៅ​មានកម្រិត​ ដែល​អាច​ផ្តល់​ឱកាស​ចំណេញ​ដល់​អ្នក​វិនិយោគ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។ អ្នក​វិនិយោគ​មានឱកាស​ច្រើន​ក្នុង​ការ​ទទួល​បាន​ប្រាក់ចំណេញ​ ហើយ​អ្នកទិញ​អាច​មានលទ្ធភាព​ទទួល​បាន​ដី​ដែល​មាន​សុវត្ថិភាព​ពុំ​មាន​បញ្ហា​។

លោកស្រី​ តាំង​ ហួរ​ បាន​មាន​មតិ​ក្នុង​បញ្ហា​នេះ​ថា​៖“ដូចនេះ​ អ្នករក​ស៊ី​ពុះ​ដី​ឡូត៍​លក់​ត្រូវតែ​សិក្សា​គម្រោង​មេ​ ក្នុង​តំបន់​ដែល​យើង​ធ្វើការ​ជួញដូរ​ ព្រោះ​និន្នាការ​នៃ​ការ​ជួញដូរ​អចលនទ្រព្យ​នេះ​ បើ​យើង​សិក្សា​ទិដ្ឋភាព​ផ្នែក​ច្បាប់​មិនដល់​ វា​នឹង​នាំ​ឱ្យ​មាន​បញ្ហា​ដល់​អ្នកទិញ​ ដែល​ជា​ធម្មតា​នៅពេល​ទិញ​-លក់​តែង​មាន​ប្លង់​រឹង​ ឬមាន​លិខិត​បទដ្ឋាន​សម្រាប់​ជា​សំអាង​ក្នុង​ការ​ជួញដូរ​ ដើម្បី​ជា​ភាព​ស្របច្បាប់​”។

លោកស្រី​បាន​សង្កត់ធ្ងន់​ថា​៖“យើង​ចង់​មិន​ឱ្យ​មាន​បញ្ហា​ជាមួយនឹង​ព័ត៌មាន​ដែល​ថា​ ការ​ពុះ​ឡូត៍​លក់​មិន​មាន​ភាព​ស្របច្បាប់​ អនាធិបតេយ្យ​នោះ​ទេ​ ព្រោះ​អ្នកទិញ​ភាគច្រើន​ជា​អ្នកក្រ​ អ្នក​មធ្យម​ មិនជា​មាន​ប្រាក់​ប៉ុន្មាន​ទេ​ ប្រសិនបើ​គាត់​ទិញ​ទៅកាត់​ប្លង់​រឹង​ជូន​គាត់​មិនបាន​ នាំ​ឱ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​គម្រោង​ទាំងមូល​”។

លោកស្រី​បាន​បន្ថែម​ទៀត​ថា​៖“អ្វី​ដែល​យើង​ចង់បាន​នោះ​ គឺទី1​- កុំឱ្យ​ប៉ះពាល់​ដល់​គម្រោង​ដី​។ ទី2​-ពេល​លក់​ដី​ជូន​អតិថិជន​ យើង​មាន​ ឬអាច​កាត់​ប្លង់​រឹង​បាន​ស្របច្បាប់​ ទី3​-បើ​កាត់​ប្លង់​រឹង​ជូន​អតិថិជន​បាន​ នោះ​ជា​ការអនុវត្ត​ទៅតាមច្បាប់​ដីធ្លី​។ ទាំងនេះ​គឺ​ដើម្បី​សុ​វត្តិភាព​នៃ​ការ​ជួញដូរ​ដីធ្លី​ ឬការ​ពុះ​ឡូត៍​លក់​ ពោល​ការអនុវត្ត​ស្រប​ទៅតាមច្បាប់​ដីធ្លី​ដែល​ក្រសួង​បាន​ដាក់​ឱ្យ​អនុវត្ត​ និង​មិន​មាន​ហានិភ័យ​”។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បញ្ជាក់​បន្ថែម​ថា​ ដូច្នេះហើយ​ទើប​យើង​ឃើញថា​ វិស័យ​អចលនទ្រព្យ​សព្វថ្ងៃ​កំពុងតែ​ពង្រឹង​ខ្លួន​ ដោយ​ផ្តោត​ទៅលើ​ការអនុវត្ត​ប្រព័ន្ធ​ច្បាប់​ក្នុង​វិស័យ​អចលនទ្រព្យ​ ដើម្បី​ឱ្យ​វិស័យ​នេះ​អាច​រីកចម្រើន​ក្នុង​ការជំរុញ​ដល់​វិស័យ​សេដ្ឋកិច្ច​របស់​ជាតិ​មាន​លក្ខណៈ​ស្របគ្នា​។ ពោល​គឺ​ សេដ្ឋកិច្ច​មាន​កំណើន​ដោយ​ការ​ទទួល​បាន​ពី​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​ដោយ​ស្រប​ទៅ​នឹង​ប្រព័ន្ធ​ច្បាប់​វិនិយោគ​ ដែល​ចំណុច​នេះ​ហើយ​ទើប​វិនិយោគិន​បរទេស​មាន​ជំនឿ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ និង​ចូលរួម​អភិវឌ្ឍ​កាន់តែ​ច្រើនឡើង​៕

Advertisement