រដ្ឋមន្ត្រី​ឧស្សាហកម្ម​កោះ​ប្រជុំ​សហគមន៍​ផលិត​អំបិល​កំពត​-កែប​នៅ​ថ្ងៃនេះ​ទាក់ទង​នឹង​ការ​ស្នើសុំ​រំលាយ​សហគមន៍​

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​នឹង​ប្រជុំ​ជាមួយនឹង​សហគមន៍​ផលិត​អំបិល​ខេត្តកំពត​-កែប​ ដែល​ជា​អ្នក​ផលិត​ និង​ផ្គត់ផ្គង់​អំបិល​តែមួយគត់​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ចន្ទ​(ទី25​)នេះ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បន្ទាប់ពី​សហគមន៍​អ្នក​ផលិត​អំបិល​មួយ​នេះ​បាន​ដាក់​លិខិតស្នើ​សុំ​រំលាយ​សហគមន៍​បន្ទាប់ពី​មិន​មាន​សមាជិក​គ្រប់គ្រាន់​ក្នុង​ការ​ដំណើរការ​ផលិតកម្ម​របស់​សហគមន៍​។

អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ លោក​ អ៊ុំ​ សុ​ថា​ បានឱ្យ​ដឹង​ថា​ ក្រសួង​បាន​ទទួលលិខិត​ របស់​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-កែប​ហើយ​ ដោយឡែក​ក្រសួង​ឧស្សាហកម្ម​នឹង​ធ្វើ​កា​រកោះប្រ​ ជុំ​ជាមួយនឹង​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-កែប​ និង​អភិបាលខេត្ត​កំពត​ និង​កែប​ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ​។ លោក​បញ្ជាក់​ថា​ កិច្ចប្រជុំ​នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ ទី25​ នេះ​។

លោក​សុ​ថា​ បាន​ថ្លែង​ថា​៖“រឿង​នេះ​មិនទាន់​អាច​អត្ថា​ធិប្បាយ​បានទេ​ ដោយ​រង់ចាំ​ការប្រជុំ​នៅ​ថ្ងៃទី25​ នេះ​សិន​ ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​នឹង​ដឹកនាំ​កិច្ចប្រជុំ​នេះ​ ដើម្បី​ត្រួតពិនិត្យ​ដោះស្រាយ​ឡើងវិញ​ថា​ តើ​ត្រូវ​រក​មធ្យោបាយ​ណាមួយ​ ប៉ុន្តែ​យើង​ទទួល​បាន​ព័ត៌មាន​នេះ​ហើយ​”។

លោក​បន្ត​ថា​ ក្រសួង​នឹង​ស្វែងរក​ជម្រើស​ដែល​សមស្រប​មួយ​។ ជាគោល​គំនិត​ ក្រសួង​គាំទ្រ​ ប៉ុន្តែ​ត្រូវ​រកម​តិ​សមូហភាព​នៅ​ថ្នាក់​មូលដ្ឋាន​ជាមុន​សិន​។ កិច្ចប្រជុំ​នឹង​ស្វែងរក​ជម្រើស​មួយ​ដែល​សមស្រប​ និង​ត្រូវ​នឹង​ ស្ថានភាព​ជាក់ស្តែង​ដែល​សហគមន៍​កំពុង​ជួបប្រទះ​។

លោក​ ប៊ុ​ន បារាំង​ ​សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-កែប​ បាន​លើកឡើង​ពី​បញ្ហា​មួយចំនួន​ដែល​ឈាន​ដល់​ការ​ដាក់​លិខិត​សុំ​រំលាយ​សហគមន៍​ផលិត​អំបិល​នេះ​ថា​ គឺ​ដោយសារ​ឆ្នាំនេះ​ក្រុម​អ្នក​ផលិត​អំបិល​មិន​អាច​ផលិត​អំបិល​បាន​ ខណៈ​ដែល​អ្នក​ផលិត​មួយចំនួន​មិនបាន​ចុះ​កុងត្រា​ជាថ្មី​ដើម្បី​បន្ត​សមាជិកភាព​របស់​សហគមន៍​ ដែល​មាន​ចំនួន​ប្រមាណ​ជាង​ 30ភាគរយ​។

លោក​ បារាំង​ បាន​បន្ត​ថា​ ក្នុងចំណោម​អ្នក​ផលិត​អំបិល​ទាំង​ 200ក្រុម​ មាន​ប្រមាណ​ជាង​ 70ភាគរយ​បាន​ព្រមព្រៀង​ចូល​ជាស​មា​ជិ​កក្នុង​អាណត្តិ​ថ្មីនេះ​ប៉ុន្តែ​ 30ភាគរយ​ទៀត​មិនបាន​ចុះឈ្មោះ​ចូល​ជាស​មា​ជិ​កនៅឡើយ​ ដូចនេះ​សហគមន៍​ពិបាក​ក្នុង​ការ​ដំណើរការ​។ លោក​បញ្ជាក់​ថា​ ការផលិត​អំបិល​ត្រូវការ​ចូលរួម​ពី​សមាជិក​ទាំងអស់​ ដោយ​សព្វថ្ងៃ​នេះ​ផ្ទៃដី​ផលិត​អំបិល​មាន​ប្រមាណ​ជា​ 4,800ហិ​កតា​ និង​មាន​សមាជិក​ចំនួន​ 200ក្រុម​។ លោក​បន្ត​ថា​ បើ2ទៅ​ 3ក្រុមក្នុង​ចំណោម​ 200ក្រុម​នោះ​មិនបាន​ចូលរួម​ ការ​ដំណើរការ​នៅក្នុង​សហគមន៍​ក៏​ពិបាក​ដែរ​។

លោក​ បារាំង​ បាន​បន្ថែម​ថា​ ដោយសារតែ​បញ្ហា​ បាន​ធ្វើ​ឱ្យ​តម្លៃ​អំបិល​ឥឡូវ​មានការ​ធ្លាក់ចុះ​រហូតដល់​ 12,000រៀល​ក្នុង​ 1បាវ​ (50គីឡូក្រាម​) ដោយ​កាលពី​ពេល​មុន​ៗ មានតម្លៃ​ជាង​ 20,000រៀល​ឯណោះ​។ លោក​បញ្ជាក់​ថា​ តម្លៃ​នេះ​នឹង​បន្ត​ធ្លាក់​ទៀត​ ដោយសារតែ​មាន​អ្នក​ផលិត​អំបិលដែល​ស្ថិតនៅ​ក្រៅ​សហគមន៍​ធ្វើ​ឱ្យ​ឈ្មួញ​ទម្លាក់​តម្លៃ​តាមអំពើចិត្ត​។

លោក​ បារាំង​ បាន​បន្ថែម​ទៀត​ថា​៖“មកទល់​ពេលនេះ​ មិន​មាននៅ​សល់​អំបិល​នៅក្នុង​ឃ្លាំង​នោះ​ទេ​ ដោយសារតែ​អ្នក​ផលិត​អំបិល​មួយចំនួន​ផលិត​បាន​ ហើយ​លក់​ចេញ​តែម្តង​ ដោយ​ពួកគាត់​មិនបាន​ស្តុក​ទុក​នោះ​ទេ​។ យើង​មិនទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​នៅឡើយ​ ដោយសារតែ​អ្នក​ផលិត​ទាំងនោះ​មិនទាន់​បាន​ចុះបញ្ជី​ចូល​ជាស​មា​ជិ​កក្នុង​សហគមន៍​ជាថ្មី​ ដូច្នេះ​សហគមន៍​មិន​មាន​ទិន្នន័យ​នោះ​ទេ​ ពីមុន​សហគមន៍​ធ្វើការ​ប្រមូល​ទិន្នន័យ​ក្នុងរយៈពេល​ 10ថ្ងៃ​ម្តង​”។

លោក​បន្ត​ថា​ នៅ​ថ្ងៃទី25​ នេះ​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ នឹង​ដឹកនាំ​កិច្ចប្រជុំ​រួម​ជាមួយ​អភិបាលខេត្ត​កំពត​ និង​កែប​ដើម្បី​ពិនិត្យមើល​ស្ថានការណ៍​អំបិល​នេះ​។ លោក​ថ្លែង​ថា​ បើសិនជា​មិន​មាន​សហគមន៍​ក្នុង​ការ​ជួយ​ទ្រទ្រង់​ទេ​នោះ​ អ្នក​ផលិត​អំបិល​នឹង​ពិបាក​ ដូច្នេះ​នឹង​មាន​បញ្ហា​ប្រឈម​ច្រើន​ ខណៈ​ដែល​ក្រុ​មតូចៗ​បាន​លក់​ដីស្រែ​អំបិល​អស់​មួយចំនួន​ទៅ​ហើយ​។

លោក​ បារាំង​ បាន​អះអាង​ថា​ ការបង្កើត​សហគមន៍​អ្នក​ផលិត​អំបិល​ គឺ​ដើម្បី​ទ្រទ្រង់​ដល់​អ្នក​ផលិត​ទាំងអស់គ្នា​ តែបើ​កាលណា​ម្នា​ក់ៗ​មិន​ចូលរួម​ វា​នឹង​ធ្វើការ​ឱ្យ​ប្រមូល​ និង​ផលិត​អំបិល​មានការ​លំបាក​ នឹង​បែកបាក់​ រួច​នឹង​ដួល​រលំ​ទាំងអស់គ្នា​។

លោក​ បារាំង​ និយាយ​ថា​៖“យើង​រង់ចាំ​មើល​កិច្ចប្រជុំ​នេះ​ថា​ តើ​នឹង​មាន​ដំណោះស្រាយ​យ៉ាងណា​ យើង​មិនទាន់​ដឹង​នៅឡើយ​ យើង​ក៏​មាន​សំណូមពរ​ផង​ដែរ​ ដោយសារ​តម្លៃ​ប្រកួតប្រជែង​ខ្លាំង​ កម្លាំង​ពលកម្ម​ឡើងថ្លៃ​ តម្លៃ​អំបិល​ចុះថោក​ និង​បើ​គ្មាន​សហគមន៍​ទៀត​នោះ​ នឹង​ធ្វើ​ឱ្យ​មានការ​បោះបង់​”៕

Advertisement