UNDP​ ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា​ តាមរយៈ​សេវា​ភ័ស្តុភារ​ឆ្លងដែន​ និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (e-commerce​)

ប្រទេស​កម្ពុជា​មាន​សក្តា​នុ​ពល​ក្នុង​ការ​ទាញ​ប្រយោជន៍​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (e-commerce​) ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ និង​បង្កើន​ប្រសិទ្ធភាព​ដល់​អតិថិជន​ អ្នកលក់​រាយ​ ទីផ្សារ​ និង​ការ​ទទួល​បាន​ព័ត៌មាន​ពាណិជ្ជកម្ម​។

ដើម្បី​ជួយ​ឱ្យ​កម្ពុជា​បើកឱកាស​បន្ថែម​ទៀត​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ដើម្បី​ការ​រីកចម្រើន​ និង​ការ​ទទួលស្គាល់​នៅក្នុង​ទីផ្សារ​សកល​ កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP​) និង​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ ដែល​ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ Alibaba​ Cainiao​ Group​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ នឹង​កិច្ច​ព្រមព្រៀង​ចែករំលែក​តម្លៃ​ដើម្បី​ចាប់ផ្តើម​ដំណើរការ​គម្រោង​ភាពជា​ដៃគូ​ នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឆ្លងដែន​កាលពី​ពេល​ថ្មី​ៗនេះ​។

ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ មាន​អត្ថ​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ ព្រមទាំង​មាន​សក្តា​នុ​ពល​ក្នុង​ការ​ជួយ​លើកកម្ពស់​ទីផ្សារ​ក្នុង​ស្រុក​ផង​ដែរ​។

សក្តា​នុ​ពល​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅក្នុង​ប្រទេស​កម្ពុជា​ គឺ​មាន​សារៈសំខាន់​ និង​មានជោគ​ជ័យ​ព្រោះថា​ អត្ថ​ប្រយោជន៍​របស់​វា​មិន​ត្រឹមតែ​មានកម្រិត​ចំពោះ​ពាណិជ្ជកម្ម​អន្ដរ​ជាតិ​នោះ​ទេ​ ប៉ុន្តែ​វា​ក៏​សំខាន់​សម្រាប់​ការជំរុញ​ទីផ្សារ​ក្នុង​ស្រុក​ផង​ដែរ​។

លោក​ Yue​ (KEVIN​) Li​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ 4PX​ Express​ មានប្រសាសន៍​ថា​ “សេវា​ភ័ស្តុភារ​ឆ្លងដែន​នឹង​បង្កើត​នូវ​មធ្យោបាយ​សម្រាប់​ឱ្យ​កម្ពុជា​ទទួល​បាន​ប្រយោជន៍​ពី​ចរន្ត​ដ៏​រស់រវើក​នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្នុង​តំបន់​ ដោយមាន​ការជំរុញ​បន្ថែម​ពី​សមាហរណកម្ម​អាស៊ាន​។ វា​ក៏​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ប្រយោជន៍​តាមរយៈ​ការ​វិនិយោគ​កាន់តែ​ច្រើន​ពីសំណាក់​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ដែល​កំពុង​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ និង​ភ័ស្តុភារ​នៅក្នុង​ប្រទេស​នេះ​”។

លោក​ Yue​ បាន​ថ្លែង​ថា​៖ “ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពិតជា​មាន​សក្តា​នុ​ពល​យ៉ាង​ធំធេង​នៅក្នុង​ប្រទេស​កម្ពុជា​។ គេ​គួរ​ចាត់ទុក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​ថា​ ជា​ឧបករណ៍​កសាង​ឱកាស​ដើម្បី​បើកទ្វារ​បន្ថែម​ទៀត​ឱ្យ​ទីផ្សារ​ក្នុង​ស្រុក​ទទួល​បាន​ឱកាស​រីកចម្រើន​ និង​ទទួល​បានការ​ទទួលស្គាល់​នៅ​លើ​ទីផ្សារ​សកល​”។

លោក​ Nick​ Beresford​ អ្នកតំណាង​ UNDP​ ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍​ថា​ សេដ្ឋកិច្ច​ឌីជីថល​ បាន​ និង​កំពុង​ប្រែក្លាយ​កម្ពុជា​តាមរយៈ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​បញ្ជាទិញ​អាហារ​ ទូទាត់​ថ្លៃ​ទំនិញ​ ហៅ​រ៉ឺម៉កម៉ូតូ​កង់3​ កក់​សណ្ឋាគារ​ ឬទិញ​សម្លៀកបំពាក់​ពី​តាម​ហាង​ជាដើម​។

លោក​បន្ត​ថា​ សេវា​ទាំងនេះ​បាន​ជួយ​សម្រួល​ដល់​ទំនាក់ទំនង​រវាង​អតិថិជន​ និង​ការ​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​។ ប្រការ​នេះ​នាំ​ឱ្យ​មានការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ដែល​អាច​រក្សា​បាន​នូវ​ផលិតភាព​សេដ្ឋកិច្ច​ក្នុង​កម្រិត​មួយ​ខ្ពស់​។ ប្រព័ន្ធ​អេកូ​-ស៊ី​ស្ទឹម​ (Eco​-System​) សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​គោលបំណង​លើក​កម្ពស់​បរិ​យា​ប័ន្ន និង​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវាកម្ម​ ក្រោម​ការចូលរួម​ពី​តួអង្គ​ពាក់ព័ន្ធ​សំ​ខាន់​ៗចំនួន3​ គឺ​ រាជរដ្ឋាភិបាល​ ធុរកិច្ច​ និង​ឯកត្តជន​ ឬអ្នកប្រើ​ប្រាស់​។

ប្រព័ន្ធ​នេះ​នឹង​ផ្តល់​ឱកាស​ការងារ​តាមរយៈ​ការពង្រីក​ការ​ធ្វើ​ពិពិធ​កម្ម​ និង​នវានុវត្តន៍​ និង​បើកចំហ​ឱ្យ​មានការ​ជួល​បុគ្គលិក​តាមរបៀប​ថ្មី​សម្រាប់​ក្រុមហ៊ុន​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​ (startups​) សហគ្រាស​ខ្នាត​តូចបំផុត​ ខ្នាត​តូច​ និង​ខ្នាត​មធ្យម​ និង​សហគ្រាស​ប្រភេទ​ផ្សេងទៀត​ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជំនាញ​ និង​បច្ចេកទេស​។

លោក​ Nick​ Beresford​ បាន​ថ្លែង​ថា​ “ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ពង្រឹង​សហគ្រាស​ខ្នាត​តូចបំផុត​ ខ្នាត​តូច​ និង​ខ្នាត​មធ្យម​ (MSME​) របស់​ខ្លួន​ ការ​ងាក​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ នឹង​ជួយ​ឱ្យ​ព្រះរាជាណាចក្រ​នេះ​កាន់តែ​អាច​ច្បាម​យក​សក្តា​នុ​ពល​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​បន្ថែម​ទៀត​”។

ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​ជាតិ​ភ័ស្តុភារ​កម្ពុជា​មានប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ និង​ជា​ក្រុមប្រឹក្សា​ភ័ស្ដុភារ​ជាតិ​បាន​ប្តេជ្ញា​ចិត្ត​ជំរុញ​ប្រព័ន្ធ​អេកូ​ដែល​មាន​លក្ខណៈ​រួសរាយ​រាក់ទាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការ​ដឹកជញ្ជូន​ និង​ប្រសិទ្ធភាព​នៃ​លំហូរ​ទំនិញ​ និង​សេវាកម្ម​ និង​សម្រួល​ដល់​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ បន្ត​ការ​បន្ត​ឆ្ពោះទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​មណ្ឌល​បង្រួបបង្រួម​ក្នុង​តំបន់​ដើម្បី​បម្រើ​តំបន់​មេគង្គ​ឡាន​ឆាង​។

ឯកឧត្ដម​បាន​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ចង់​ឃើញ​ទំនាក់ទំនង​ដ៏​រឹងមាំ​មួយ​រវាង​ការ​វិនិយោគ​ និង​គម្រោង​ដឹកជញ្ជូន​ជាតិ​ជាពិសេស​ការ​ដឹកជញ្ជូន​តាម​ទីប្រជុំជន​ និង​ការ​ដឹកជញ្ជូន​ចម្ងាយ​ឆ្ងាយ​។ លោក​ក៏​សង្ឃឹម​ផង​ដែរ​ថា​ គម្រោង​ភាពជា​ដៃគូ​រដ្ឋ​ និង​ឯកជន​ PPPនេះ​អាច​ដោះស្រាយ​ប្រព័ន្ធ​អេកូ​ពាណិជ្ជកម្ម​កាន់តែ​ទូលំទូលាយ​ ហើយ​ការ​ដឹកជញ្ជូន​បៃតង​ គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ដែល​ត្រូវ​បាន​ពិចារណា​រួម​ទាំង​ការ​គាំទ្រ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លងកាត់​ព្រំដែន​ និង​ពាណិជ្ជកម្ម​ឆ្លងដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​។

ឯកឧត្ដម​បន្ត​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​រំពឹង​ថា​ នឹង​បានឃើញ​ក្រុមហ៊ុន​ Alibaba​ ក្នុង​ការ​ជួយ​បណ្តុះបណ្តាល​សហគ្រិន​ឱ្យ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​អេឡិចត្រូនិក​ឌីជីថល​ និង​បង្កើត​ឡើង​នូវ​គំរូ​អាជីវ​កម្ម​ថ្មី​ៗសម្រាប់​ការ​ធ្វើ​ភ័ស្តុភារ​កម្ម​អេឡិចត្រូនិក​។

ឯកឧត្ដម​រដ្ឋមន្ត្រី​មានប្រសាសន៍​ថា​៖ “ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ក៏​មាន​សេចក្តី​សោមនស្ស​រីករាយ​ផង​ដែរ​តាមរយៈ​គម្រោង​ភាពជា​ដៃគូ​ឯកជន​សាធារណៈ​នេះ​ មានការ​ឧបត្ថម្ភ​គាំទ្រ​មួយចំនួន​ក្នុង​ការ​ជួយ​យើង​កសាង​សមត្ថភាព​សម្រាប់​មជ្ឈមណ្ឌល​ភ័ស្តុភារ​ស្រាវជ្រាវ​ និង​បណ្តុះបណ្តាល​របស់​យើង​ដែល​បាន​បង្កើត​ឡើង​នា​ពេល​ថ្មី​ៗនេះ​”៕

Advertisement