ដាំដំណាំ​ត្រប់ស្រួយ​ ចំណេញពេលវេលា​ និង​មាន​តម្រូវការ​រាល់ថ្ងៃ​លើ​ទីផ្សារ​

រយៈពេល​កន្លងមក​ នៅ​លើ​ទីផ្សារ​គេ​ឃើញ​មាន​លក់​បន្លែ​ និង​ផ្លែឈើ​នាំចូល​ពី​ប្រទេសជិតខាង​ដែល​មិន​ច្បាស់​ថា​មាន​ប្រើ​សារធាតុ​គី​ ឬអត់​នោះ​ទេ​ តែ​នា​ពេល​បច្ចុប្បន្ន​នេះ​គេ​ឃើញ​មាន​លក់​កសិផល​ក្នុង​ស្រុក​ដែល​ប្រជាកសិករ​យើង​មានការ​យល់ដឹង​ច្រើនជាង​មុន​ និង​មិន​ប្រើជា​តិ​គីមី​ច្រើន​ដូចមុន​ទៀត​ឡើយ​ ដែល​រួមមាន​បន្លែ​ប្រភេទ​ហូប​ស្លឹក​ដូចជា​ ស្ពៃ​ សាលាដ​ ខាត់ណា​ ស្ពៃ​ក្តោប​ ស្ពៃចង្កឹះ​-ល- បន្លែ​ប្រភេទ​ឡើងទ្រើង​ ដូចជា​ ត្រឡាច​ ននោង​ ត្រសក់​ ម្រះ​ និង​បន្លែ​ប្រភេទ​ផ្លែ​ មាន​ ប៉េងប៉ោះ​ ត្រប់​ ម្ទេស​ ជាដើម​ ពិសេស​ដំណាំ​ត្រប់ស្រួយ​ដែល​កំពុង​មាន​តម្រូវការ​ទីផ្សារ​គួរ​ឱ្យ​កត់សម្គាល់​។

លោក​ ស៊ុន​ សុ​ខខេង​ ជា​ប្រធាន​សហគមន៍​ដាំ​បន្លែ​ចម្រុះ​ដ៏​ធំ​មួយ​នៅក្នុង​ស្រុកចំការ​លើ​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ឱ្យ​ដឹង​ថា​ សហគមន៍​លោក​មានការ​ដាំ​បន្លែ​គ្រប់​ប្រភេទ​ មាន​ដូចជា​ ស្ពៃ​ ត្រសក់​ ឆៃថាវ​ ម្ទេស​គ្រប់​ប្រភេទ​ និង​ជាពិសេស​គឺ​ ដំណាំ​ត្រប់ស្រួយ​នេះ​តែម្តង​ ព្រោះ​វា​មាន​តម្រូវការ​ច្រើន​នៅ​លើ​ទីផ្សារ​ និង​ការ​ដាំ​មាន​រយៈពេល​ខ្លី​ ឆាប់​បាន​ទទួលផល​ច្រើន​ និង​ចំណេញពេលវេលា​ទៀតផង​។

លោក​បាន​បន្ត​ថា​ ការ​ដាំ​ត្រប់ស្រួយ​នេះ​ គឺ​ប្រើ​រយៈពេល​ត្រឹមតែ​ 2ខែ​កន្លះ​ប៉ុណ្ណោះ​ ទាំង​សាបព្រោះ​យកកូន​ និង​ដាក់ដាំ​។ ការ​ព្រោះ​គ្រាប់ពូជ​ត្រប់ស្រួយ​ ត្រូវ​បាន​ប្រជាកសិករ​យើង​ជ្រើសរើស​យក​គ្រាប់ពូជ​ណា​ដែល​សុទ្ធ​ល្អ​ ដើម្បី​កុំឱ្យ​មានការ​ក្លាយ​ខូច​រូបរាង​ដើម​របស់​វា​ ដោយ​យក​គ្រាប់​ដែល​ជ្រើសរើស​រួចមក​ដាក់​ត្រាំទឹក​រយៈពេល​ 2ម៉ោង​ ហើយ​ចង​វេច​ខ្ចប់​យក​មក​ត្រាំ​ផ្អាប់​ក្នុងទឹក​ត្រជាក់​ ឬទឹកកក​រយៈពេល3​ ទៅ​ 4ថ្ងៃ​បន្ត​ទៀត​ដែល​ជា​ការសាកល្បង​ដើម្បី​ការពារ​ខ្លាចក្រែង​វា​ពុំ​ដុះ​ និង​ត្រូវ​រង់ចាំ​រហូតដល់​គ្រាប់​វា​ដុះ​ពន្លក​ឡើង​ខ្លះ​ៗជាមុន​សិន​ ទើប​អាចយ​កទៅ​ដាក់ដាំ​បាន​។

វិធី​ដាំដុះ​តាម​បច្ចេកទេស​ គឺ​ត្រូវ​ធ្វើ​ដី​ឱ្យ​ល្អ​ រួច​ឆូត​ជា​រង​ទាប​ៗមាន​ទទឹង​ជាង​កន្លះ​ម៉ែត្រ​ គ្រប​សំពត់កៅស៊ូ​ដែល​ចោះប្រហោង​ រួច​យកកូន​ត្រប់ស្រួយ​មក​ដាក់ដាំ​ឃ្លាតពី​គ្នា​ប្រវែង​ 1ម៉ែត្រ​ ហើយ​ត្រូវ​ស្រោចទឹក​ និង​ដាក់ជី​អាចម៍​គោ​តិច​ៗពីលើ​។

រដូវ​ដាំ​ត្រប់ស្រួយ​ គឺ​គេ​ច្រើន​ដាំ​ចាប់ពី​ខែឧសភា​ ដល់​ខែធ្នូ​ ដោយ​ពេញ1រដូវ​ដែល​ជា​អាយុកាល​របស់​វា​ នៅក្នុង​ផ្ទៃដី​ទំហំ​ 20×50ម៉ែត្រ​ គេ​អាច​ប្រមូល​ផល​ផ្លែ​ត្រប់ស្រួយ​បាន​ប្រមាណ​ពី​ 20គីឡូ​ឡើង​ទៅដល់​ 90គីឡូ​រៀងរាល់​ 2ថ្ងៃ​ម្ដង​ ឬ1អាទិត្យ​ 3ដង​ ហើយ​បរិមាណ​នេះ​អាច​នឹង​ថយ​ចុះ​មកវិញ​ នៅពេល​ដែល​ដើម​វា​ចាស់​។

ចំណែក​កសិករ​ដែល​ដាំ​ត្រប់ស្រួយ​នៅក្នុង​សហគមន៍​បានឱ្យ​ដឹង​ថា​ មន្ត្រី​កសិកម្ម​បាន​ជួយ​ណែនាំ​ពី​បច្ចេកទេស​ក្នុង​ការ​ដាំ​ឱ្យ​ទទួល​បានផល​ល្អ​ និង​មិនសូវ​នឿយហត់​ ហើយ​ដំណាំ​ត្រប់ស្រួយ​នេះ​បាន​ជួយ​ធ្វើ​ឱ្យ​ជីវភាព​របស់​ពួកគាត់​បាន​ធូរធារ​ឡើង​គួរសម​។

លោក​ សុ​ខខេង​ ប្រធាន​សហគមន៍​ខាងលើ​បានឱ្យ​ដឹង​ថា​៖ “សហគមន៍​កសិករ​ក្នុង​ស្រុកចំការ​លើ​របស់​លោក​ ភាគច្រើន​ដែល​មាន​ដីចម្ការ​ទំ​ហំ​តូច​ៗត្រឹមតែ10​-20អា​ បាន​រួមគ្នា​ដាំ​ត្រប់ស្រួយ​ ដែល​សរុបទៅ​បាន​ប្រហែល​ 2ហិ​កតា​ដែរ​នៅក្នុង​មូលដ្ឋាន​របស់​លោក​”។

លោក​បញ្ជាក់​ថា​៖“បើ​ដាំដុះ​ និង​ថែទាំ​បាន​ល្អ​ក្នុង​ទំហំដី​ 2ហិ​កតា​នេះ​ គឺ​ក្នុង1ថ្ងៃ​យើង​អាច​ទទួលផល​បាន​ពី​ 300​-400គីឡូក្រាម​ដែរ​ ពោល​គឺ​ក្នុង1ខែ​យើង​មាន​ចំណូល​ពី​ការ​លក់​បន្លែ​ត្រប់ស្រួយ​នេះ​ក្នុងទឹក​ប្រាក់​ប្រមាណ​ 7 ទៅ​ 8លាន​រៀល​ដែរ​ ដោយ​លក់​បាន​ក្នុង1គីឡូក្រាម​តម្លៃ​ពី1000ទៅ1,200រៀល​ ហើយ​មាន​ឈ្មួញ​មក​ម៉ៅទិញ​ដល់ទី​តាំងតែ​ម្តង​ ហើយ​ដំណាំ​ត្រប់ស្រួយ​នេះ​ យើង​អាច​ប្រមូល​ផល​បាន​ជាប់​រហូតដល់​ 3ខែ​”។

លោក​ សុ​ខខេង​ បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ​ខ្មែរយើង​ងាក​មក​ដាំ​បន្លែ​ត្រប់ស្រួយ​នេះ​វិញ​ ព្រោះ​វាទ​ទួល​បានផល​ល្អ​ប្រសើរ​ និង​ជា​ប្រភេទ​បន្លែ​សម្រាប់​ធ្វើជា​ម្ហូបអាហារ​បាន​ច្រើនយ៉ាង​ និង​ធ្វើជា​អន្លក់​ក៏បាន​ដែរ​ ហើយ​ជា​ប្រភេទ​បន្លែ​ដែល​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ​។

ម្យ៉ាងទៀត​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ និង​បរិមាណ​ផ្គត់ផ្គង់​ សហគមន៍​លោក​ត្រូវ​បាន​អគ្គនាយក​ដ្ឋាន​កសិកម្ម​ និង​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ចុះ​មក​ជួយ​រៀបចំ​ជា​សហគមន៍​ផលិត​បន្លែ​ និង​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ដៃគូ​វិស័យ​ឯកជន​ប្រមូល​ទិញ​កសិផល​ក្នុង​តម្លៃ​សមរម្យ​ និង​ខាង​ក្រសួង​បាន​ចុះ​មក​វាយតម្លៃ​លើ​ស្តង់​ដា​ផលិតផល​ដើម្បី​ផ្តល់​វិញ្ញាបនបត្រ​ GAP​ ដល់​សហគមន៍​របស់​លោក​ដើម្បី​ធានា​ពី​ភាព​ត្រឹមត្រូវ​ខាង​គុណភាព​ និង​សុវត្ថិភាព​ ដើម្បី​បង្កើន​ការ​ជឿ​ទុកចិត្ត​ដល់​អ្នក​បរិភោគ​។

ចំពោះ​មហិច្ឆតា​ក្នុង​ការ​ធ្វើចម្ការ​ដំណាំ​បន្លែ​ធម្មជាតិ​នេះ​ លោក​ សុ​ខខេង​ បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​៖“សហគមន៍​របស់​លោក​នឹង​ធ្វើ​ពង្រីក​ការ​ដាំដុះ​បន្លែ​ត្រប់ស្រួយ​បន្ថែម​ទៀត​ ដោយ​នឹង​ពង្រីក​ផ្ទៃដី​ប្រមាណ​ជា​ 2ហិ​កតា​ថែមទៀត​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខ​ ព្រោះ​ដំណាំ​នេះ​ផ្តល់​ផល​លឿន​ និង​បាន​កម្រៃ​អាច​ទទួលយក​បាន​”។

យោង​តាម​ឯកសារ​កសិកម្ម​ត្រប់ស្រួយ​ជាដំណាំ​បន្លែ​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន​ ស្គាល់​ និង​ចូលចិត្ត​បរិភោគ​ តែ​មាន​មនុស្ស​តិចណាស់​ដែល​ស្គាល់​ពី​គុណប្រយោជន៍​របស់​វា​។ ត្រប់ស្រួយ​មានគុណ​ប្រយោជន៍​ អាច​ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​សរសៃឈាម​ ព្រោះ​ត្រប់​ប្រភេទ​នេះ​ បញ្ចេញ​ប្រសិទ្ធភាព​ស្រ​ដៀង​ៗ និង​ Insulin​ ដែល​ធ្វើ​ឱ្យ​លំពែង​ អាច​គ្រប់គ្រង​ជាតិ​ស្ករ​ ក្នុង​រាងកាយ​ ឱ្យ​ស្ថិត​ក្នុង​កម្រិត​សម​ល្មម​បាន​ ហើយ​ថែមទាំង​ជួយ​កាត់បន្ថយ​ជំងឺ​ខាង​ប្រព័ន្ធ​រំលាយអាហារ​ និង​ការ​បន្ទោបង់​ផង​ដែរ​ ជាង​នេះ​ទៅទៀត​ត្រប់ស្រួយ​អាច​ជួយ​កាត់បន្ថយ​ការ​ច្របាច់​សាច់ដុំ​ ទប់ស្កាត់​មហារីក​ ថែបំប៉ន​បេះដូង​ និង​ជួយ​ដល់​ការ​ធ្វើការងារ​របស់​សរសៃឈាម​ទៀតផង​។ នៅក្នុង​ត្រប់ស្រួយ​ទម្ងន់100ក្រាម​ មាន​ថាមពល​ 39កាឡូរី​ ប្រូ​តេ​អុីន​ 1.6ក្រាម​ ខ្លាញ់​ 0.5ក្រាម​ កាបូន​-អុីដ្រា​ត 7.1ក្រាម​ កាល់ស្យូម​ 7មិល្លីក្រាម​ ផូស្វ័រ​ 10​មិល្លីក្រាម​ ជាតិ​ដែក​ 0.8មិល្លីក្រាម​ ទឹក​ 90.0ក្រាម​ និង​វីតាមីនC​ 24ក្រាម​៕

Advertisement