ធនាគារជាតិនៃកម្ពុជា​៖ ប្រាក់បញ្ញើ​ជា​ប្រាក់​រៀល​ក្នុង​ប្រព័ន្ធ​ធនាគារ​ ជាមធ្យម​កើន26​% ក្នុង​មួយឆ្នាំ​

ទេសាភិបាល​រង​ធនាគារជាតិនៃកម្ពុជា​ បាន​លើកឡើង​ថា​ ប្រាក់បញ្ញើ​ជា​ប្រាក់​រៀល​ក្នុង​ប្រព័ន្ធ​ធនាគារ​ ជាមធ្យម​កើន26​% ក្នុង​មួយឆ្នាំ​ ស្រប​ពេល​ដែល​តម្រូវការ​ប្រាក់​រៀល​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ដោយ​ការ​ធ្វើ​ចរាចរ​ប្រាក់​រៀល​នៅ​កម្ពុជា​កំពុង​កើន​ក្នុង​អត្រា16​% ជាមធ្យម​ក្នុង​មួយឆ្នាំ​ផង​ដែរ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ក្នុង​ទិវា​ប្រាក់​រៀល​ខួប​លើក​ទី39នៃ​ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ឡើងវិញ​ កាលពី​ថ្ងៃទី25​ ខែមីនា​ ឆ្នាំ2019​។

លោកជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិនៃកម្ពុជា​បាន​មានប្រសាសន៍​ថា​៖“ការប្រើ​ប្រាស់​ប្រាក់​រៀល​កាន់តែ​ទូលំទូលាយ​ក្នុង​សេដ្ឋកិច្ច​ នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ដ​គោលនយោបាយ​រូបិយវត្ថុ​ និង​អត្រា​ប្ដូរប្រាក់​ក្នុង​គោលដៅ​រក្សា​ស្ថិរភាព​ថ្លៃ​ និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ទាំងមូល​ ព្រមទាំង​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​ទៀត​ដល់​សេដ្ឋកិច្ច​”។

ចំពោះ​វិស័យ​ពាណិជ្ជកម្ម​ ការប្រើ​ប្រាក់​រៀល​តែមួយ​ អាច​ជួយ​កាត់បន្ថយ​ចំណាយ​ ប្រតិបត្តិ​ ការ​ ដូចជា​ការ​ប្ដូរប្រាក់​សម្រាប់​ដោះដូរ​ក្នុង​ស្រុក​ កាត់បន្ថយ​ហានិភ័យ​ពី​ការបាត់បង់​តម្លៃ​ដោយសារតែ​បម្រែបម្រួល​អត្រា​ប្ដូរប្រាក់​ និង​សម្រួលការ​កំណត់​ថ្លៃ​ទូទាត់​តែមួយ​ ដែល​ធ្វើ​ឱ្យ​ការដោះដូរ​ប្រព្រឹត្ដ​ទៅ​យ៉ាង​ងាយស្រួល​ និង​ឆាប់រហ័ស​។

លោកជំទាវ​បាន​បញ្ជាក់​ថា​៖“ការប្រើ​ប្រាស់​ប្រាក់​រៀល​ រួមចំណែក​ជំរុញ​ការ​វិនិយោគ​ និង​បង្កើត​ការងារ​ តាមរយៈ​ឥទ្ធិពល​នៃ​គោលនយោបាយ​រូបិយវត្ថុ​លើ​ការ​បន្ទាប​អត្រា​ការប្រាក់​ទីផ្សារ​ដែល​ជា​កត្ដា​កំណត់​និន្នាការ​នៃ​កម្ចី​សម្រាប់​ការ​វិនិយោគ​ និង​ផលិតកម្ម​ និង​ឈាន​ទៅ​ជំរុញ​ឱ្យ​មានការ​បង្កើត​ការងារ​។ លើស​ពីនេះ​ទៀត​ការប្រើ​ប្រាស់​ប្រាក់​រៀល​នឹង​ធ្វើ​ឱ្យ​ប្រទេស​យើង​ទទួល​បាន​ប្រាក់ចំណូល​ពី​ការ​បោះពុម្ព​រូបិយវត្ថុ​ និង​អនុញ្ញាត​ឱ្យ​ធនាគារ​ ជាតិ​នៃ​កម្ពុជា​ស្រូប​យក​នូវ​រូបិយប័ណ្ណ​ ដើម្បី​គរ​ពូន​ទុនបម្រុង​អន្ដរ​ជាតិ​សម្រាប់​ពង្រឹង​ជំនឿ​ទុក​ចិត្ដ​របស់​វិនិយោគិន​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​”។

លោកជំទាវ​ទេសាភិបាល​រង​បន្ដ​ថា​ រាជរដ្ឋាភិបាល​អាច​អភិវឌ្ឍ​ទីផ្សារ​សញ្ញា​បណ្ណ​ចារិក​ជា​ប្រាក់​រៀល​ដ៏​រឹងមាំ​មួយ​ ដើម្បី​គាំទ្រ​ដល់​ការ​ផ្ដល់​ហិរញ្ញប្បទាន​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​កាត់បន្ថយ​បំណុល​ពី​បរទេស​តាមរយៈ​ការ​កៀរគរ​មូលនិធិ​ជា​រូបិយវត្ថុ​ក្នុង​ស្រុក​ពីសា​ធារ​ណជន​។

លោកជំទាវ​បាន​កត់សម្គាល់​ឃើញថា​ តម្លៃ​ប្រាក់​រៀល​ត្រូវ​បាន​រក្សា​ឱ្យ​មាន​ស្ថិរភាព​ល្អ​ ប្រសើរ​ក្នុងរយៈពេល2ទសវត្សរ៍​ចុងក្រោយ​នេះ​ ហើយ​ដើម្បី​បន្ថយ​កម្រិត​ដុល្លា​រូប​នី​យក​ម្ម​ យើង​ត្រូវ​ខិតខំ​ចូលរួម​អនុវត្ដ​ន៍​ទាំងអស់គ្នា​បន្ថែម​ទៀត​ ដោយសារ​បទ​ពិសោធ​អន្ដរ​ជាតិ​ បង្ហាញថា​ ការ​ធ្វើ​បដិដុល្លារូបនីយកម្ម​ជា​ការងារ​ដ៏​លំបាក​ និង​ទាមទារ​នូវ​ពេលវេលា​យូរ​ និង​ចាំបាច់​ត្រូវការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​។

លោក​ គា​ បូរាណ​ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ បាន​ថ្លែង​ក្នុង​ទិវា​នេះ​ថា​៖“ទោះបីជា​យ៉ាងណាក៏ដោយ​ មាន​គ្រឹះស្ថាន​មួយចំនួន​កំពុង​ជំរុញ​ឱ្យ​ប្រើ​ប្រាក់​ដុល្លារ​នៅ​តំបន់ជនបទ​ ដើម្បី​ឱ្យ​ពួកគេ​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពីអ​ត្រា​ប្តូរ​ប្រាក់​។ លោក​បូរាណ​បាន​និយាយ​ថា​ ខណៈ​ដែល​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវ​បាន​ប្រើប្រាស់​ យ៉ាង​ទូលំទូលាយ​នៅក្នុង​តំបន់​ទីក្រុង​អ្នកស្រុក​ស្រែ​ជនបទ​រក​ប្រាក់ចំណូល​ជា​ប្រាក់​រៀល​ វា​មិន​យុត្តិធម៌​សម្រាប់​ពួកគេ​ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី​ជា​រូបិយប័ណ្ណ​អាមេរិក​”។

លោក​បាន​មានប្រសាសន៍​ថា​៖“ប្រាក់​រៀល​កំពុង​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដោយសារ​គោលនយោបាយ​សារពើពន្ធ​របស់​ធនាគារជាតិនៃកម្ពុជា​ (NBC​) ដើម្បី​ជំរុញ​រូបិយប័ណ្ណ​ជាតិ​។ ប៉ុន្តែ​វា​ត្រូវតែ​ធានា​ថា​មានការ​យល់ដឹង​ជា​សាធារណៈ​អំពី​ផលប្រយោជន៍​នៃ​ការប្រើ​ប្រាស់​របស់​វា​។ លោក​បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​ឱ្យ​ផ្តល់​នូវ​ភាពស្មើគ្នា​ដោយ​ការ​ទទួល​បាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ដើម្បី​ដោះស្រាយ​ជាមួយ​ប្រាក់​រៀល​នៅក្នុង​តំបន់ជនបទ​”។

លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ច​កទេស​ នៃ​ធនាគារជាតិនៃកម្ពុជា​បាន​មានប្រសាសន៍​ថា​៖“មនុស្ស​គួរតែ​មានការ​យល់ដឹង​ពី​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​ នៅពេល​ដែល​ពួកគេ​ផ្តល់​ប្រាក់កម្ចី​ជា​ប្រាក់​ ដុល្លារ​។ ប្រហែលជា​បុគ្គលិក​ធនាគារ​មួយចំនួន​ខ្ជិល​ និង​មិន​ខ្វល់​ពី​ការ​ពន្យល់​ពី​បញ្ហា​នេះ​ ទៅកាន់​អតិថិជន​ និង​វិធី​ងាយស្រួល​ ដោយ​ជំរុញ​ប្រាក់កម្ចី​ជា​ប្រាក់​ដុល្លារ​។ ខ្ញុំ​ស្នើ​ឱ្យ​ស្ថាប័ន​ទាំងអស់​គួរ​យក​បញ្ហា​នេះ​ដើម្បី​អប់រំ​ និង​ពន្យល់​ដល់​អតិថិជន​ អំពី​ផលប្រយោជន៍​នៃ​ការប្រើ​ប្រាស់​ប្រាក់​រៀល​”។

លោក​ អុិន​ ចាន់​នី​ ប្រធាន​សមាគម​ធនាគារជាតិនៃកម្ពុជា​ក៏បាន​មានប្រសាសន៍​ថា​៖“ ប្រសិនបើ​ក្រដាសប្រាក់​របស់​ធនាគារ​អាមេរិក​មានការ​ខាតបង់​ ឬក​ខ្វក់​បន្តិច​នោះ​វា​ត្រូវ​បាន​ច្រានចោល​ដោយក្រុម​ហ៊ុន​ ហើយ​ដំណើរការ​នៃ​ការ​ផ្លាស់​ប្តូរ​វា​នៅ​ធនាគារ​ ឬស្ថាប័ន​ហិរញ្ញវត្ថុ​មាន​ភាព​ស្មុគស្មាញ​។ អត្ថ​ប្រយោជន៍​នៃ​ការប្រើ​ប្រាស់​ប្រាក់​រៀល​គឺថា​វា​អាច​ផ្លាស់​ប្តូរ​បាន​យ៉ាង​ងាយស្រួល​នៅ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទោះបីជា​ឯកសារ​ត្រូវ​បាន​រហែក​ ឬក​ខ្វក់​ក៏ដោយ​។ វិធី​មួយ​ដើម្បី​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ច្រើន​នៅ​កម្ពុជា​ គឺ​ដើម្បី​លើកកម្ពស់​អត្ថ​ប្រយោជន៍​នេះ​”។

លោក​ ចាន់​នី​ បាន​កត់សម្គាល់​ថា​៖“ប្រាក់​រៀល​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ដោយសារតែ​ភាព​ងាយស្រួល​ក្នុង​ការប្រើ​ប្រាស់​នេះ​ដើម្បី​អនុវត្ត​ប្រតិបត្តិ​ការ​ប្រចាំថ្ងៃ​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​។ ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​កំពុង​ទូទាត់​ និង​ទទួលយក​ប្រាក់​រៀល​ តំបន់ជនបទ​ដែល​ប្រាក់ចំណូល​ផ្អែកលើ​រូបិយប័ណ្ណ​ជាតិ​។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​បាន​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“យើង​បាន​សង្កេតឃើញ​ថា​ការជំរុញ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​តាម​ធនាគារ​ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ប្រមាណ10​%មកឃើញ​ថា​ការ​ចរាចរ​ប្រាក់​រៀល​មាន​ភាពល្អ​ប្រសើរ​ដែរ​ តែ​នៅ​មានកម្រិត​។ ដូច្នេះ​ដើម្បី​ចូលរួម​ជំរុញ​បន្ថែម​ទៀត​ យើង​ចង់​ស្នើ​ទៅ​រដ្ឋាភិបាល​ថា​គួរតែ​ចេញ​បញ្ញត្តិ​មួយ​ដែល​តម្រូវ​ឱ្យ​ ឬកម្រិត​ឱ្យ​ប្រជាជន​ខ្មែរ​ប្រើប្រាស់​ប្រាក់​រៀល​ បើ​មិន​ដូច្នេះ​ការ​ចរាចរ​ប្រាក់​រៀល​នៅតែ​មានកម្រិត​។ព្រោះ​ប្រសិនបើ​យើង​កម្រិត​ឱ្យប្រាក់​ដែល​ចរាចរ​ក្រោម40ម៉ឺន​រៀល​ចុះ​ ត្រូវ​ប្រើជា​ប្រាក់​រៀល​នោះ​”។

លោក​ឧកញ៉ា​បញ្ជាក់​ថា​៖“បើ​យើង​គិតថា​ប្រជាជន​យើង16លាន​នាក់​ បើ​មានតែ10លាន​នាក់​ក្នុង1ខែ​ប្រើ​អស់​តែ40ម៉ឺន​រៀល​វា​ស្មើនឹង1000លាន​ដុល្លារ​ក្នុង1ខែ​ទៅ​ហើយ​(12ខែ​ស្មើ12លាន​ដុល្លារ​។ ដូច្នេះ​វា​ជួយ​សម្រាល​បន្ទុក​ធនាគារពាណិជ្ជ​ និង​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​ដែល​កម្រិត​ឱ្យ​គាត់​ជួយ​ចរាចរ​ជា​ប្រាក់​រៀល​។វា​ក៏​ជាច​លក​រមួយ​ជួយ​ក្នុង​កំណើន​សេដ្ឋកិច្ច​ក្នុង​ការ​ចាយប្រាក់​រៀល​ដែរ​”។

លោក​ឧកញ៉ា​ លឹម​ ហេង​ បានឱ្យ​ដឹង​ទៀត​ថា​៖“ទាក់ទង​នឹង​ការ​ចាយប្រាក់​រៀល​ក្នុង​វិស័យ​ទេសចរណ៍​វិញ​ យើង​ទទួល​បាន6លាន​នាក់​។ បើ​យើង​គិត​ឱ្យ​គាត់​ចាយ​កម្រិត​ឱ្យប្រាក់​ដែល​ចរាចរ​ក្រោម​ 40ម៉ឺន​រៀល​នោះ​ បើ​ចំនួន6លាន​នាក់​គាត់​ចាយ​ ត្រឹម​ម្នាក់100ដុល្លារ​យើង​ទទួល​បាន600​ លាន​ដុល្លារ​ បើ​គាត់​ចាយ​មិន​អស់​ គាត់​ទុកជា​កាដូ​អនុស្សាវរីយ៍​ ក្នុង​ម្នាក់5ម៉ឺន​រៀល​ក៏​យើង​ទទួល​បាន75លាន​ដុល្លារ​ដែរ​”។

លោ​កយុន​ សុវណ្ណា​នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ធ្លាប់​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ការ​ ប្រើប្រាស់​ប្រាក់​រៀល​សមាគម​មីក្រូហិរញ្ញវត្ថុ​ក៏​កំពុងតែ​ជំរុញ​សមាជិកសមាគម​ដែល​យ៉ាងហោចណាស់​ក៏​មាន35​%ដែរ​ដែល​អាច​នឹង​ធ្វើ​បាន​នៅក្នុង​ឆ្នាំ2019នេះ​”។

លោក​បាន​មានប្រសាសន៍​ថា​៖“ខ្ញុំ​បាន​ធ្វើការ​ជាមួយ​សមាជិកសមាគម​លើ​ការងារ​នេះ​ ព្រោះ​មិនមែន​គ្រប់​គ្រឹះស្ថាន​សុទ្ធតែ​ប្រើប្រាស់​ប្រាក់​រៀល​នៅក្នុង​ប្រតិបត្តិ​ការ​ភាគច្រើន​នោះ​ទេ​ គឺ​មានតែ​មួយចំនួន​ដែល​គាត់​ផ្តល់​ប្រាក់កម្ចី​ និង​សេ​វា​ផ្សេង​ៗជា​ប្រាក់​រៀល​ ដោយ​នៅ​ដំណាច់ឆ្នាំ2019នេះ​ យើង​នឹង​ធ្វើ​ឱ្យ​បាន10​%នៃ​កម្ចី​សរុប​ ដើម្បី​មោទនភាព​ក្នុង​ការប្រើ​រូបិយប័ណ្ណ​ជាតិ​របស់​យើង​”។

សូម​បញ្ជាក់​ថា​ ទិវា​ប្រាក់​រៀល​នេះ​ ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​រំឭក​ខួប​នៃ​ការបង្កើត​ប្រាក់​រៀល​ឡើងវិញ​។ ទន្ទឹម​នេះ​ ទិវា​នេះ​ ក៏​រួមចំណែក​បង្កើន​ការយល់​ដឹង​របស់​សាធារណជន​អំពី​សារៈសំខាន់​ និង​វឌ្ឍនភាព​នៃ​ការប្រើ​ប្រាស់​រូបិយវត្ថុ​ជាតិ​ ព្រមទាំង​លើកកម្ពស់​ស្មារតី​ស្រឡាញ់​ប្រាក់​រៀល​ពី​គ្រប់​មជ្ឈដ្ឋាន​ផង​ដែរ​៕

Advertisement