បន្លែ​ខ្ទឹមបារាំង​ក្នុង​ស្រុក​ កំពុង​លក់​បាន​ថ្លៃ​ និង​មាន​តម្រូវការ​ខ្លាំង​ក្នុង​ទីផ្សារ​

ខ្ទឹមបារាំង​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​បន្លែ​មួយ​ប្រភេទ​ ដែល​មាន​តម្រូវការ​ទីផ្សារ​ច្រើន​ ព្រោះ​ជា​បន្លែ​ដែលគេ​និយម​បរិភោគ​ច្រើន​គួរសម​នា​ពេល​បច្ចុប្បន្ន​។ បន្លែ​ខ្ទឹមបារាំង​ក្នុង​ស្រុក​ ត្រូវ​បាន​កសិករ​នាំគ្នា​ដាំដុះ​កាន់តែ​ច្រើន​ បន្ទាប់ពី​មានការ​ប្រកួតប្រជែង​ជាមួយ​វត្តមាន​បន្លែ​នាំចូល​ពី​ប្រទេសជិតខាង​ ដោយ​ក្នុង​មួយរយៈពេល​ចុងក្រោយ​នេះ​ត្រូវ​បាន​ឃាត់​មិន​ឱ្យ​នាំចូល​ដោយសារ​ថា​បាន​រក​ឃើញ​មាន​ជាតិគីមី​ខ្ពស់​មាន​ក្នុង​បន្លែ​ទាំងនោះ​ ជាហេតុ​ធ្វើ​ឱ្យ​បន្លែ​ខ្ទឹមបារាំង​ក្នុង​ស្រុក​ទទួល​បាន​តម្រូវការ​ខ្ពស់​ ហើយ​តម្លៃ​ក៏បាន​ថ្លៃ​គួរសម​ដែរ​។

ថ្វី​ដ្បិតតែ​ខ្ទឹមបារាំង​ពិបាក​ក្នុង​ការ​ដាំ​បន្តិច​ តែ​បច្ចុប្បន្ន​ត្រូវ​បាន​កសិករ​កម្ពុជា​យើង​មួយចំនួន​នាំគ្នា​សង្វាត​ងាក​មក​ដាំ​បន្លែ​ប្រភេទ​នេះ​ដាំ​ជា​លក្ខណៈ​អាជីវកម្ម​ជាបន្តបន្ទាប់​ ដើម្បី​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ក្នុង​ស្រុក​។ ជាក់ស្តែង​ “សមាគម​ត្រសក់ផ្អែម​សៀមរាប​មានជ័យ​”ក៏បាន​ដាំ​បន្លែ​ខ្ទឹមបារាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​ក្នុង​ភូមិ​ពង្រ​កង​វ៉ា​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សេរី​សោភ័ណ​។

លោក​ ទួត​ សេង​ហ័ង​ អ្នក​ទីផ្សារ​នៃ​សមាគម​ត្រសក់ផ្អែម​សៀមរាប​មានជ័យ​បាន​មានប្រសាសន៍​ថា​ សមាគម​យើង​មិនមែន​មាន​ដាំ​តែ​ដំណាំ​ត្រសក់ផ្អែម​តែមួយមុខ​ទេ​ យើង​នៅ​មាន​ដាំ​បន្លែ​បន្ទាប់បន្សំ​ទៀត​ជាច្រើន​ ដែល​ក្រៅពី​ដំណាំ​ត្រសក់ផ្អែម​(3ប្រភេទ​)ហើយ​ យើង​នៅ​មាន​ដំណាំ​ប៉េងប៉ោះ​ ឈើ​រី​ ម្ទេស​ធម្មតា​ ម្ទេសប្លោក​ ត្រប់ស្រួយ​ ត្រសក់​ ននោង​ ម្រះ​ ផ្កា​ខាត់ណា​ ខ្ទឹមបារាំង​ ក្រូចឆ្មារ​ និង​ប៉េងប៉ោះ​ខ្មែរ​ផង​ដែរ​ ដែល​ដំណាំ​ខ្ទឹមបារាំង​នេះ​ ជា​ប្រភេទ​ដំណាំ​ចម្បង​ទី4​ របស់​សមាគម​យើង​បន្ទាប់ពី​ដំណាំ​ត្រសក់ផ្អែម​ ព្រោះ​ដំណាំ​ខ្ទឹមបារាំង​យើង​បាន​ដាំ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា10ហិ​កតា​។

លោក​ សេង​ហ័ង​ បានឱ្យ​ដឹង​ថា​ ដើម្បី​ឱ្យ​ខ្ទឹមបារាំង​ផ្តល់​ទិន្នផល​ខ្ពស់​ គេ​អាច​ដាំ​ដោយ​សាប​គ្រាប់​ផ្ទាល់​ ឬស្ទូង​កូន​ក៏បាន​។តែ​ត្រូវ​ជ្រើសរើស​ពូជ​ណា​ដែល​មានគុណ​ភាព​ និង​សុខភាព​ល្អ​ ព្រមទាំង​មាន​អត្រា​ដុះ​ពី​គ្រាប់​ពី​ 80ទៅ​ 95​%។ ជាទូទៅ​ពូជ​ GRANEX​ F1​ និង​ RED​ CREOL​ ដាំ​បាន​ល្អ​នៅ​ប្រទេសខ្មែរ​យើង​។ បើ​ដាំ​ដោយ​សាប​គ្រាប់​ ផ្ទាល់​ត្រូវ​កប់​គ្រាប់​ជម្រៅ​កន្លះ​តឹក​។ គ្រាប់​ដុះ​ពន្លក​ក្នុងរយៈពេល​ពី14ទៅ21ថ្ងៃ​ បន្ទាប់ពី​ថ្ងៃ​សាប​។

បើ​បណ្ដុះ​កូន​ក្នុង​ថ្នាល​ ត្រូវ​មាន​រយៈពេល30ទៅ45​ ថ្ងៃ​ បន្ទាប់ពី​ថ្ងៃ​សាប​ គឺ​នៅពេល​ដែល​កូន​ខ្ទឹម​មាន​កម្ពស់​ជិត​ កន្លះ​តឹក​ និង​មាន​ពណ៌បៃតង​ ទើប​អាច​ដក​យក​ទៅ​ដាំ​ក្នុង​រង​បាន​ ចំពោះ​បរិមាណ​គ្រាប់​ ដែល​ត្រូវ​ប្រើ​នៅ​លើ​ផ្ទៃដី10ម៉ែត្រការ៉េ​ ត្រូវ​ប្រើ​ពូជ​អស់5ទៅ10ក្រាម​។ បើ​ស្ទូង​កូន​ត្រូវ​ប្រើ​កូន​អស់​ចំនួន​ 500កូន​។ ការ​ដាំ​ត្រូវលើ​ករង​ឱ្យ​បាន​ត្រឹមត្រូវ​ ហើយ​ឆូត​ជា​ចង្អូរ​តូច​ៗ នៅ​ទទឹង​រង​។ ឯចន្លោះ​គុម្ព​ដែល​ត្រូវ​ដាំ​មាន​ពី​ 0.9​ ទៅ1តឹក​ ហើយ​ចន្លោះ​ជួរ​នៅ​លើ​រង​មាន​ពី​ 1.5​ ទៅ2តឹក​។ រង​ដាំ​ត្រូវ​ធ្វើ​យ៉ាងណា​កុំឱ្យ​ជាំទឹក​។

លោក​បានឱ្យ​ដឹង​ទៀត​ថា​ ខ្ទឹមបារាំង​ទាមទារ​នូវ​ការ​ដាក់ជី​ទើប​ទទួល​បាន​ទិន្នផល​ខ្ពស់​។ ការ​ដាក់ជី​មាន​ 3លើក​គឺ​ដាក់ជី​ទ្រាប់​បាត​ដាក់ជី​បំប៉ន​លើក​ទី1​ និង​ដាក់ជី​ពេល​ខ្ទឹម​បង្កើត​មើម​ដំបូង​។

– ការ​ដាក់ជី​ទ្រាប់​បាត​ ដើម្បី​ជំនួយ​ដល់​ការលូតលាស់​ប្រព័ន្ធ​ឫស​ ប្រើ​ជីលា​មក​សត្វ​ មាន់ទា​ ឬប្រើ​អាចម៍​ប្រចៀវ​ លាមក​គោ​ ក្របី​ លើ​ទំហំដី10​ ម៉ែត្រការ៉េ​ ប្រើ​ជី20​ ទៅ30គីឡូក្រាម​។

– ការ​ដាក់ជី​បំប៉ន​លើក​ទី1 ​- នៅពេល​ខ្ទឹម​មាន​អាយុ​ 7ថ្ងៃក្រោយ​ពី​ស្ទូង​កូន​ ត្រូវ​ជ្រុំ​ដី​ដាក់ជី​កែង​ចំនួន3ទៅ​ 4ខាំ​ ជ្រុំ​ដាក់​ចន្លោះ​គុម្ព​នី​មួយ​ៗ ប្រើលើ​ទំហំដី10ម៉ែត្រការ៉េ​។ ការ​ដាក់​នេះ​ ដើម្បី​ជំរុញ​ការលូតលាស់​បាន​រហ័ស​។

– ការ​ដាក់ជី​លើក​ទី2​ – ដាក់​នៅពេល​បង្កើត​មើម​ដំបូង​ ឱ្យ​ធំ​ថ្លោស​ និង​បាន​ច្រើន​ ។ បរិមាណ​ជី​ដែល​ត្រូវ​ប្រើ​គឺ​ជីអ៊ុយរ៉េ​ ពី1​ ទៅ2ខាំ​ ដោយ​លាយ​ទឹក​ស្រោច​ នៅ​លើ​ទំហំដី10ម៉ែត្រការ៉េ​ យកល្អ​ប្រើ​ជី​ទឹក​ ឬទឹកនោមគោ​។

លោក​ សេង​ហ័ង​ បាន​បញ្ជាក់​ថា​ ការថែទាំ​ជា​ការងារ​មួយ​ចាំបាច់​បំផុត​ សម្រាប់​ដំណាំ​ខ្ទឹមបារាំង​ ដើម្បី​បង្កើន​ទិន្នផល​ឱ្យ​បាន​ខ្ពស់​ ព្រោះ​ស្មៅ​វា​អាច​ប្រជែង​ដណ្ដើម​ស្រូប​យក​ជីជាតិ​ពី​ដី​។ ការថែទាំ​រួមមាន​ ការ​បោចស្មៅ​សំអាត​ក្នុង​រង​ចម្ការ​ ឬថ្នាល​បណ្ដុះ​គ្រាប់​។ ត្រូវ​បោចស្មៅ​ឱ្យ​បាន2​ ឬ3ដង​ រហូតដល់​ពេល​ប្រមូល​ផល​ ឱ្យ​បាន​សមស្រប​ទៅតាម​សភាព​ជាក់ស្ដែង​នៃ​ចម្ការ​។ក្រោយពី​ធ្វើ​ស្មៅ​ស្អាត​ យើង​អាច​ដាក់ជី​បំប៉ន​ដល់​ការ​ដុះ​លូតលាស់​របស់​ខ្ទឹម​។ចំពោះ​ការ​ស្រោចទឹក​ ត្រូវ​ស្រោច​ឱ្យ​បាន​ទៀងទាត់​ មិន​ឱ្យ​សើម​ពេក​ ឬក៏​ស្ងួត​ពេក​ទេ​។

ខ្ទឹមបារាំង​អាច​ប្រមូល​ផល​បាន​ នៅពេល​វា​មាន​អាយុ​ពី110ទៅ120ថ្ងៃក្រោយ​ពី​សាប​ និង85​ ទៅ95​ ថ្ងៃក្រោយ​ពី​ស្ទូង​កូន​។ ការ​ប្រមូល​ផល​គឺ​ធ្វើឡើង​ ដោយ​គាស់​យក​មើម​ នៅពេល​ស្លឹក​វា​ចាប់ផ្តើម​ងាប់​សំបក​មើម​ឡើងពណ៌​ក្រហម​ ឬស​ និង​មើម​លេចចេញ​ពី​ដី​។ ពូជ​ខ្លះ​មាន​រយះ​ពេល​លូតលាស់​ពី120ទៅ​ 170ថ្ងៃក្រោយ​ពេល​សាប​។ នៅ​លើ​ទំហំដី10​ ម៉ែត្រការ៉េ​ យើង​អាច​ប្រមូល​ផល​ខ្ទឹមបារាំង​បាន​ 15​ ទៅ​ 25គីឡូក្រាម​។ជាទូទៅ​ខ្ទឹមបារាំង​អាច​ផ្តល់​ផល​ជាមធ្យម​ពី​ 30​ ទៅ70​ តោន​/ហិ​កតា​។

ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ​ លោក​ សេង​ហ័ង​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“ខ្ទឹមបារាំង​គឺជា​បន្លែ​ ដែល​មានតម្លៃ​ មិនសូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ​ ដោយសារតែ​មានការ​ប្រកួតប្រជែង​ជាមួយនឹង​ការនាំចូល​ពី​ប្រទេសជិតខាង​ មាន​ប្រទេស​ថៃ​ និង​វៀតណាម​ជាដើម​។ យើង​អាច​លក់​បាន​តម្លៃ1,500ទៅ2000រៀល​ប៉ុណ្ណោះ​ក្នុង​ខ្ទឹមបារាំង1គីឡូក្រាម​ តែ​នៅ​ឆ្នាំនេះ​យើង​អាច​លក់​បាន​ដល់ទៅ​តម្លៃ​ 3,500ទៅ4,000រៀល​ឯណោះ​ក្នុង1គីឡូក្រាម​ រួម​ទាំង​ការ​បញ្ជូន​ទៅ​លក់​ក្នុង​ផ្សារ​ទំនើប​ផង​ដែរ​”។

បើ​តាម​ប្រសាសន៍​របស់​លោក​ សេង​ហ័ង​បានឱ្យ​ដឹង​ថា​៖ “នៅ​លើ​ផ្ទៃដី​ដែល​សមាគម​បាន​ដាំដុះ​សព្វថ្ងៃ​នេះ​លោក​អាច​ប្រមូល​ផល​ខ្ទឹមបារាំង​ក្នុង​ បាន​ប្រមាណ​ជាង300​ ទៅ400តោន​ ឬក្នុង​ដី​ដាំដុះ10ហិ​កតា​ ដែល​ទទួល​បាន​ចំណូល​សរុប​ប្រមាណ​ជា1,400,000,000លាន​រៀល​(1.4ប៊ី​លាន​រៀល​) ដែល​លោក​អាច​ប្រមូល​ផល​ក្នុង​មួយ​រដូវ​ដាំដុះ​”។

លោក​ សេង​ហ័ង​ បានឱ្យ​ដឹង​ដែរ​ថា​៖“ពីមុន​មានការ​នាំចូល​ពី​ប្រទេសជិតខាង​យើង​មានការ​ពិបាក​ សមាគម​ខ្លះ​មានការ​រអែង​ក្នុង​ការ​ដាំដំណាំ​នេះ​ ដើម្បី​នាំចូល​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ តែ​ក្នុង​ពេល​ថ្មី​ៗនេះ​មានការ​ផ្ទុះឡើង​នូវ​បន្លែ​មាន​ជាតិគីមី​ ដែល​នាំចូល​ពី​ប្រទេសជិតខាង​ ទើប​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ងាក​មករ​កបន្លែ​ក្នុង​ស្រុក​ ដែល​យើង​អាច​ជឿ​ទុកចិត្ត​បាន​ ថា​គ្មាន​ជាតិគីមី​ដូច​បន្លែ​នាំចូល​ទេ​។ ទោះបី​ តម្លៃ​បាន​ឡើង​ខ្ពស់​បន្តិច​ ក៏​គាត់​នៅតែ​ប្រើ​បន្លែ​ក្នុង​ស្រុក​ ព្រោះ​ជា​បន្លែ​សរីរាង្គ​។ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​ គាត់​នៅ​ស្រពេច​ស្រពិល​ ថា​បន្លែ​ខ្ទឹមបារាំង​នេះ​ជា​បន្លែ​នាំចូល​មិនមែន​ជា​របស់​ខ្មែរទេ​។ តែ​តាមពិត​ ជា​របស់​សហគមន៍​ ឬសមាគម​ប្រជាជន​ក្នុង​ស្រុក​នាំគ្នា​ដាំ​។

បច្ចុប្បន្ន​ខ្ទឹមបារាំង​របស់​សមាគម​ត្រសក់ផ្អែម​សៀមរាប​មានជ័យ​ត្រូវ​បាន​យក​ទៅ​ផ្គត់ផ្គង់​នៅក្នុង​ផ្សារ​ទំនើប​ឡាក់​គី​ នៅ​ភ្នំពេញ​ ខ្មែរ​អហ្កា​និ​កហ្វា​មផ្សារ​រី​មិច​ និង​ផ្សារ​ទំនើប​ឡាក់​គី​ នៅ​ខេត្តសៀមរាប​ដែល​ទទួលយក​ផលិតផល​កសិកម្ម​នេះ​ទៅ​លក់​។ លោក​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ នា​ថ្មី​ៗនេះ​មានការ​សម្ពោធ​ផ្សារ​ទំនើប​ថ្មី​ៗបន្ថែម​ទៀត​ច្រើន​នៅក្នុង​ខេត្តសៀមរាប​ រួម​ទាំង​ផ្សារ​ម៉ាក្រូ​សាខា​ខេត្តសៀមរាប​ទៀតផង​ សមាគម​ក៏​មាន​គោលបំណង​ពង្រីក​ការ​ដាំដុះ​បន្លែ​ផ្សេង​ៗទៀត​ ពិសេស​បន្លែ​ខ្ទឹមបារាំង​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ ដែល​កំពុង​មាន​តម្រូវការ​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ សេង​ហ័ង​។

ដូច្នេះ​សមាគម​នឹង​បង្កើន​ការ​ដាំដុះ​ដំណាំ​បន្លែ​ធម្មជាតិ​ ឬសរីរាង្គ​ឱ្យ​បាន​សម្បូរ​បែប​ និង​ច្រើនឡើង​ ដើម្បី​បំពេញ​តម្រូវការ​របស់​ផ្សារ​ទំនើប​ទាំងនោះ​ក៏ដូចជា​តម្រូវការ​ហូបចុក​របស់​ប្រជាពលរដ្ឋ​ខ្មែរយើង​ផង​ដែរ​។ លោក​បាន​បន្ថែម​ថា​ លោក​ក៏​មាន​មហិច្ឆតា​ក្នុង​ការពង្រីក​ផលិតកម្ម​ខ្ទឹមបារាំង​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា10ហិ​កតា​បន្ថែម​ទៀត​ នា​ពេល​ខាងមុខ​៕

Advertisement