រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ស្នើ​ប្រតិភូ​ មូល​និ​ធិហ្សិន​ចិន​ ជួយ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​សុវត្ថិភាព​ព័ត៌មាន​

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើ​គណៈប្រតិភូ​មូល​និ​ធិហ្សិន​ចិន​ ​;(Shenzhen​)នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឱ្យ​ជួយ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ​(E-Commerce​) បច្ចេកវិទ្យា​ និង​សុវត្ថិភាព​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ការសម្រប​សម្រួល​គម្រោង​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​ WeChat​ ជា​ខេមរភាសា​ ជាមួយ​ក្រុមហ៊ុន​ ថេ​នសេន​ (Tencent​) ដែល​ជា​ស្ថាបនិក​កម្មវិធី​ WeChat​។

ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ដែល​ដឹកនាំ​ដោយ​លោកស្រី​ តៅ​ យី​តៅ​ (Tao​ Yitao​) អនុប្រធាន​មូល​និ​ធិហ្សិន​ចិន​បាន​គូសបញ្ជាក់​ថា​៖“ ក្រសួង​ពាណិជ្ជកម្ម​ ចង់បាន​កម្មវិធី​ទូរស័ព្ទ​ដៃ​ WeChat​ ជា​ភាសាខ្មែរ​ ដោយសារ​កម្មវិធី​នេះ​ ផ្តល់​ឱ្យ​អ្នកប្រើ​ប្រាស់​ធ្វើការ​ទំនាក់ទំនង​គ្នា​គ្រប់​ទីកន្លែង​ ទូទាត់​ចំណាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-payment​) ដោយ​ប្រើប្រាស់​បា​កូដ​ និង​អាច​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ (Fake​ News​) នៅ​លើ​ប្រព័ន្ធ​អុីន​ធើ​ណិ​តថែមទៀត​”។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ជម្រាប​គណៈប្រតិភូ​មូល​និ​ធិហ្សិន​ចិន​ អំពី​កំណែទម្រង់​របស់ក្រ​សួង​ពាណិជ្ជកម្ម​ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​ សមាហរណកម្ម​ពាណិជ្ជកម្ម​ (CTIS​) ឆ្នាំ2019​-2023​ ដែល​មាន​ដាក់បញ្ចូល​សេវាកម្ម​ ឧស្សាហកម្ម​ធុន​ស្រាល​ ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​ ក៏ដូចជា​សេដ្ឋកិច្ច​ឌីជីថល​ និង​បដិវត្តន៍​ឧស្សាហកម្ម​ 4.0​ ជាគោល​ដៅ​អាទិភាព​សម្រាប់​អភិវឌ្ឍន៍​។

លោកស្រី​ តៅ​ យី​តៅ​ បាន​ឆ្លើយតប​ និង​ថ្លែងអំណរគុណ​លោក​រដ្ឋមន្ត្រី​សម្រាប់​ការ​ធ្វើ​បដិសណ្ឋារ​កិច្ច​ គណៈប្រតិភូ​មូល​និ​ធិហ្សិន​ចិន​យ៉ាង​កក់ក្តៅ​ និង​បាន​សន្យា​នាំ​យក​សំណើ​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ទៅ​ជម្រាប​ក្រុម​ហ៊ុន​ថេ​នសេន​ (Tencent​) ដើម្បី​សិក្សា​អំពី​លទ្ធភាព​បង្កើត​កម្មវិធី​ WeChat​ ជា​ខេមរភាសា​ សម្រាប់​អ្នកប្រើ​ប្រាស់​ទូរស័ព្ទចល័ត​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​សេដ្ឋកិច្ច​ឌីជីថល​ ជាមួយ​រាជរដ្ឋាភិបាល​។

នៅក្នុង​ឱកាស​នោះ​ដែរ​ ដើម្បី​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ​នៅក្នុង​ក្រសួង​ និង​នៅ​តាម​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ខេត្ត​ និង​ជា​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​តំបន់​ហ្សិន​ចិន​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ក្រោម​ក្របខ័ណ្ឌ​មេគង្គ​-ឡាន​ឆាន​ លោកស្រី​ តៅ​ យី​តៅ​ និង​គណៈប្រតិភូ​បាន​ចុះ​កិច្ចសន្យា​ផ្តល់​កុំព្យូទ័រ​យួរដៃ​ (Laptop​) ចំនួន​ 50គ្រឿង​ ដែល​ជាអំណោយ​របស់​សាកល​វិទ្យាល័យ​ ហ្សិន​ចិន​ ជូន​លោក​រដ្ឋមន្ត្រី​ និង​ក្រសួង​ពាណិជ្ជកម្ម​។

ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ ក៏បាន​អំពាវនាវ​ដល់​មូល​និ​ធិហ្សិន​ចិន​ និង​គណៈប្រតិភូ​ទាំងអស់​ សិក្សា​លម្អិត​ និង​ជួយ​គាំទ្រ​កម្ពុជា​តាមរយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពីគ្នា​ទៅវិញទៅមក​ ដោយសារ Shenzhen​ គឺជា​តំបន់​មួយ​ដែល​មានការ​អភិវឌ្ឍ​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប​ និង​ឈានមុខ​គេ​នៅក្នុង​ផលិតកម្ម​ ឧស្សាហកម្ម​ និង​សេវាកម្ម​ ជាពិសេស​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​៕

Advertisement