វិស័យ​ធនាគារ​ និង​ផ្សារ​មូលបត្រ​ រួមគ្នា​លើកទឹកចិត្ត​ក្រុមហ៊ុន​ចុះបញ្ជី​ទទួល​បាន​ប្រាក់កម្ចី​ការប្រាក់​ទាប​

ធនាគារ​វិនិយោគ​ និង​អភិវឌ្ឍន៍​កម្ពុជា​ និង​ធនាគារ​កា​ណា​ឌី​យ៉ា​ ភី​អិ​លស៊ី​ ដែល​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ក្នុង​ប្រតិ​បត្ដិ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បើក​ដំណើរការ​សេវា​ថ្មី​សម្រាប់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ (ផ. ម. ក) the​ Cambodia​ Securities​ Exchange​ CSX​ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ជាច្រើន​ឱ្យ​ចូលរួម​ជាមួយ​ CSX​ នៅក្នុង​ការ​ដេញថ្លៃ​ ធនាគារ​ក៏​នឹង​ត្រូវ​បាន​ផ្តល់​ប្រាក់កម្ចី​ និង​គណនី​បញ្ញើ​មានកាល​កំណត់​ ជាមួយ​អត្រា​ការប្រាក់​ពិសេស​។ សេវា​ថ្មីនេះ​ ត្រូវ​បាន​ប្រកាស​នៅ​ផ្សារហ៊ុន​កម្ពុជា​។

ឯកឧត្តម​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​គណៈកម្មការ​មូលបត្រ​ the​ Securities​ and​ ExchangeCommission​ of​ Cambodia​ ​SECC​ បាន​មានប្រសាសន៍​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​ថា​៖“ប្រសិនបើ​ ក្រុមហ៊ុន​ចុះបញ្ជី​ចង់​បង្កើន​ដើមទុន​ ពួកគេ​ត្រូវ​បង្កើន​ដើមទុន​តាមរយៈ​ការ​ចេញ​បណ្ណ​ភាគហ៊ុន​ ឬស្នើសុំ​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​សម្រាប់​ប្រាក់កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ពិសេស​”។

ឯកឧត្តម​បានឱ្យ​ដឹង​ថា​៖“សេវាកម្ម​ថ្មីនេះ​នឹង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ជាច្រើន​ចូលរួម​ជាមួយ​ CSX​ ហើយ​ក្រុមហ៊ុន​ចុះបញ្ជី​ត្រូវតែ​បំពេញ​តាម​តម្រូវការ​ដ៏​តឹងរ៉ឹង​របស់​ SECC​ បើ​មិន​ដូច្នោះ​ទំនងជា​មិន​ទទួល​បាន​ប្រាក់កម្ចី​ទេ​។ ក្រុមហ៊ុន​ចុះបញ្ជី​ត្រូវតែ​បំពេញ​តាម​តម្រូវការ​របស់​ SECC​ ទាក់ទង​នឹង​តម្លាភាព​គណនេយ្យ​ភាព​ អភិបាលកិច្ច​ល្អ​ និង​ការគ្រប់គ្រង​ល្អ​។ ក្រុមហ៊ុន​ទាំងនេះ​ គឺជា​អតិថិជន​ដ៏​ល្អ​សម្រាប់​ធនាគារ​ ដូច្នេះ​វា​សម​ហេតុផល​ដែល​ពួក​-គេ​អាច​ទទួល​បានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយមាន​លក្ខខណ្ឌ​ពិសេស​”។

ឯកឧត្តម​ ហុង​ សុ​ហួរ​ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​មានប្រសាសន៍​ថា​ នៅពេល​ខាងមុខនេះ​យើង​នឹង​មាន​ធនាគារ​ច្រើន​ទៀត​ ដែល​ខ្លះ​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ​ និង​ខ្លះទៀត​មិន​ពាក់ព័ន្ធ​ដែល​នឹង​ឯកភាព​ផ្តល់​ជា​ការ​លើកទឹកចិត្ត​។ ដូចនេះ​ក្រុមហ៊ុន​ចុះបញ្ជី​មាន​ជម្រើស​កាន់តែ​ច្រើន​ក្នុង​ការសម្រេច​ចិត្ត​ទទួល​សេវាកម្ម​របស់​ធនាគារ​។ បើ​តាម​ឯកឧត្តម​អគ្គនាយក​ សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​ការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ពី​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ​ បាន​បញ្ជាក់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ភាព​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​នៃ​វិស័យ​ធនាគារ​ និង​វិស័យ​មូលបត្រ​ ដែល​កន្លងមក​តែងតែមាន​ការយល់​ច្រឡំ​ថា​ វិស័យ​ទាំង2​ នេះ​មានការ​ប្រកួតប្រជែង​គ្នា​។

លោក​ Jong​ Weon​ Han​ អនុប្រធាន​របស់​ CSX​ បានឱ្យ​ដឹង​ថា​ សេវា​ថ្មីនេះ​បង្កើត​ការ​រួម​បញ្ចូលគ្នា​រវាង​វិស័យ​ធនាគារ​ និង​មូលបត្រ​។ លោក​ Weon​ Han​ បាន​ថ្លែង​ថា​៖“ការ​លើកទឹកចិត្ត​បាន​បង្ហាញថា​ វិស័យ​ធនាគារ​ និង​វិស័យ​មូលបត្រ​អាច​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​ ហើយ​ក្រុមហ៊ុន​ចុះបញ្ជី​នឹង​មិន​ត្រឹមតែ​ទទួល​បានការ​ទុកចិត្ត​ពី​វិ​និ​យោគិ​នប៉ុ​ណ្ណោះ​ទេ​ តែ​ថែមទាំង​ពង្រឹង​ទំនុកចិត្ត​ និង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ដៃគូ​របស់​ខ្លួន​ទៀតផង​”។

លោក​ Raymond​ Sai​ Say​ Guan​ អគ្គនាយក​ធនាគារ​កា​ណា​ឌី​យ៉ា​ថ្លែង​ថា​ កំណើន​សេដ្ឋកិច្ច​ ដ៏​រឹងមាំ​របស់​ប្រទេស​កម្ពុជា​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​ និង​ស្ថិរភាព​អាជីវកម្ម​ដ៏​រឹងមាំ​នៅក្នុង​ប្រទេស​ ដោយ​លោក​បាន​បន្ថែម​ថា​ ក្រុមហ៊ុន​ជាច្រើន​ទំនងជា​នឹង​ចូលរួម​ជាមួយ​ CSX​ នា​ពេល​អនាគត​។

លោក​ Guan​ បាន​មានប្រសាសន៍​ថា​៖“ធនាគារ​កា​ណា​ឌី​យ៉ា​មាន​សេចក្តី​រីករាយ​ក្នុង​ការ​សហការ​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ក៏ដូចជា​ផ្សារហ៊ុន​កម្ពុជា​ដើម្បី​គាំទ្រ​តម្រូវការ​ហិរញ្ញវត្ថុ​ និង​ ធនាគារ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​ និង​ការ​រីកចម្រើន​នៃ​ទីផ្សារ​មូលបត្រ​”។

លោក​បាន​បន្ថែម​ថា​ ធនាគារ​អេ​ស៊ី​លីដា​ដែល​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​នៅ​កម្ពុជា​នឹង​ចាប់ផ្តើម​ផ្តល់​សេវា​ស្រដៀងគ្នា​នេះ​ក្នុង​ពេល​ឆាប់​ៗនេះ​។ លោក​បន្ថែម​ថា​ ធនាគារ​ 2 បន្ថែម​ទៀត​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ក្នុង​ឆ្នាំនេះ​ ព្រោះថា​ សេវា​ទាំងនេះ​ផ្តល់​ឱកាស​ដល់​ក្រុមហ៊ុន​ដែល​ស្វែងរក​មូលធន​សម្រាប់​រយៈពេល​ខ្លី​ ឬរយៈពេល​វែង​ដើម្បី​ទទួល​បាន​អត្រា​ការប្រាក់​ទាប​ជាង​ក្រុមហ៊ុន​មិន​ចុះបញ្ជី​។

លោក​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​ បញ្ជាក់​ថា​ “ទីផ្សារ​មូលបត្រ​បង្កើន​នូវ​ទំនុកចិត្ត​អនុញ្ញាត​ឱ្យ​ទីផ្សារ​ធនាគារ​កាន់តែ​មាន​ភាពរឹងមាំ​។ ទីផ្សារ​ធនាគារ​វិញ​ ប្រសិនបើ​កម្ចី​ថយ​ ការ​ដាក់​ប្រាក់បញ្ញើ​វា​នឹង​ថយ​ដោយខ្លួនឯង​ ដូច្នេះ​ការ​បង្កើន​កម្ចី​ និង​ការ​ដាក់​ប្រាក់បញ្ញើ​ គឺជា​ចំណុច​ដែល​ធ្វើ​ឱ្យ​ធនាគារ​កាន់តែ​រឹងមាំ​។ ដូចនេះ​ជា​ចំណុច​មួយ​ វា​មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅវិញទៅមក​ជាមួយ​វិស័យ​មូលបត្រ​”។

អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​លើកឡើង​ថា​៖“អ្វី​ដែល​ជាគោល​បំណង​របស់​រាជរដ្ឋាភិបាល​ដែល​បង្កើត​ទីផ្សារ​មូលធន​ឡើង​ គឺ​ដើម្បី​ផ្តល់​ជម្រើស​បន្ថែម​ យើង​មិនមែន​បង្កើត​ឱ្យ​មានការ​ប្រកួតប្រជែង​គ្នា​ទេ​។ យើង​បង្កើត​នូវ​ជម្រើស​បន្ថែម​ដើម្បី​ឱ្យ​ក្រុមហ៊ុន​នានា​អាច​រក​ហិរញ្ញប្បទាន​ពីទី​ផ្សារ​មូលបត្រ​ និង​ពី​យន្តការ​ដែល​មានស្រាប់​”។ លោក​បញ្ជាក់​ថា​៖“នៅ​លើស​កល​លោក​នេះ​មិនដែល​មាន​ទីផ្សារ​តែ​ម្ខាង​នោះ​ទេ​ គឺ​មាន​ទីផ្សារ2​ ហើយ​ខ្ញុំ​ក៏​មិនទាន់​ឃើញ​ទីផ្សារ​មូលបត្រ​រីកចម្រើន​ ហើយ​ទីផ្សារ​ធនាគារ​ដួល​រលំ​ដែរ​។ ខ្ញុំ​ធ្លាប់​ឃើញ​តែ​ទីផ្សារ​មូលបត្រ​កាន់តែ​រឹងមាំ​ ធនាគារ​គឺ​កាន់តែ​ខ្លាំង​”។

ឯកឧត្តម​ ហុង​ សុ​ហួរ​ បញ្ជាក់​ថា​ “វិស័យ​ធនាគារ​ដែល​រីកចម្រើន​នឹង​នាំ​ឱ្យ​វិស័យ​មូលបត្រ​អាច​រីកចម្រើន​ ពីព្រោះ​គ្រឹះស្ថាន​ធនាគារ​មាន​ប្រាក់ចំណេញ​ច្រើន​នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​ភាគហ៊ុន​។ បញ្ច្រាស់​មកវិញ​ ពេល​ដែល​វិស័យ​មូលបត្រ​រីកចម្រើន​នោះ​ ធនាគារ​អាច​ផ្តល់​កម្ចី​កាន់តែ​ច្រើនជាង​មុន​ គុណភាព​កម្ចី​កាន់តែ​ល្អ​ជាង​មុន​ ហើយ​ធនាគារ​កាន់តែ​មាន​ជម្រើស​បង្កើត​ចំណូល​បាន​ច្រើនជាង​មុន​”។

ឯកឧត្តម​បន្ត​ថា​ ការ​ផ្តល់​ជូន​នូវ​អត្រា​ការប្រាក់​ពិសេស​នេះ​ គឺជា​អត្ថ​ប្រយោជន៍​មួយ​ក្នុង​អត្ថ​ប្រយោជន៍​ជាច្រើន​ផ្សេងទៀត​ដែល​មាន​ ដូចជា​ការ​អនុគ្រោះ​បំណុល​ពន្ធ​ ការកាត់បន្ថយ​ពន្ធលើប្រាក់ចំណេញ50​% រយៈពេល​ 3ឆ្នាំ​ ការ​ទទួល​បាន​ហិរញ្ញប្បទាន​រយៈពេល​វែង​មិនមែន​ជា​បំណុល​ ការ​ទទួល​បានការ​ទទួលស្គាល់​កាន់តែ​ច្រើនឡើង​ សមត្ថភាព​ប្រកួតប្រជែង​ល្អ​ជាង​មុន​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​បង្ហាញថា​ មកដល់​បច្ចុប្បន្ន​នេះ​ គណៈកម្មការ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ​កម្មសិទ្ធិ​ចំនួន5​ ដែល​មាន​មូលបត្រ​ទីផ្សារ​ប្រមាណ​ជាង​ 2.13ទ្រី​លាន​រៀល​ ឬស្មើ​ប្រមាណ​ 534.34លាន​ដុល្លារ​អាមេរិក​ ប្រៀបធៀប​នឹង​ចុងឆ្នាំ2018​ មូលធន​ទីផ្សារ​មាន​ប្រមាណ​ 1.21ទ្រី​លាន​រៀល​ ស្មើ​ប្រមាណ​ 304.76លាន​ដុល្លារ​អាមេរិក​៕

Advertisement