អ្នកជំនាញ​បង្ហាញ​ពី​មូលហេតុ​ និង​ប្រភេទ​សហគ្រាស​ដែល​គួរ​ធ្វើស​វន​កម្ម​នៅ​កម្ពុជា​

សហគ្រាស​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ទាំង​ទំហំ​ ទ្រព្យសកម្ម​ និង​ចំនួន​បុគ្គលិក​ជាដើម​។ ស្ថានភាព​នេះ​តម្រូវ​ឱ្យ​ម្ចាស់​សហគ្រាស​ទាំងនោះ​ចាំបាច់​ត្រូវ​ព្យាយាម​ស្វែងយល់​ឱ្យ​បាន​កាន់តែ​ច្បាស់​ពី​ចំណុច​សំ​ខាន់​ៗ ដែល​គួរ​អនុវត្ត​ដើម្បី​ឱ្យ​សហគ្រាស​របស់​ខ្លួន​ស្រប​ទៅតាម​លក្ខខណ្ឌ​ច្បាប់​គណនេយ្យ​ សវកម្ម​ និង​ពន្ធដារ​ជាដើម​។

នៅ​ថ្ងៃនេះ​ឡា​រ៉ែ​នពា​ណិ​ជ្ជ​បាន​មក​ជួប​សម្ភាស​ជាមួយ​លោក​ សាន្ត​ ចន្ទ​កុម្ភៈ​ នាយក​ក្រុមហ៊ុន​ Apollo​ Investment​ & Consulting​ Co​., Ltd​. ដែល​ជា​គណនេយ្យករ​ជំនាញ​ និង​សវនករ​អាជីព​ ដើម្បី​ចែករំលែក​ចំណេះដឹង​លម្អិត​ពី​សវនកម្ម​នៅ​កម្ពុជា​។

តើ​សវនកម្ម​មាន​ប៉ុន្មាន​ប្រភេទ​ដែរ​?
មែនទែន​ទៅ​ សវនកម្ម​មាន​ច្រើន​ប្រភេទ​។ សវនកម្ម​ មាន​ដូចជា​សវនកម្ម​ទៅលើ​គុណភាព​ សវនកម្ម​ផ្ទៃក្នុង​ សវនកម្ម​ហិរញ្ញវត្ថុ​ និង​សវនកម្ម​ពន្ធដារ​ ជាដើម​ ហើយ​ជាទូទៅ​ម្ចាស់​សហគ្រាស​ធុន​មធ្យម​ និង​ធុន​ធំ​តម្រូវ​ឱ្យធ្វើ​សវនកម្ម​ហិរញ្ញវត្ថុ​ជា​ទៀងទាត់​។ សហគ្រាស​ទាំងនោះ​ក៏អាច​នឹង​ត្រូវ​បាន​ធ្វើ​សវកម្ម​ពន្ធដារ​ដោយ​មន្ត្រី​ពន្ធដារ​ផង​ដែរ​។

តើ​លោក​អាច​ពន្យល់​បានទេ​ថា​ អ្វីទៅ​ជាស​វន​កម្ម​ហិរញ្ញវត្ថុ​ និង​សវនកម្ម​ពន្ធដារ​?
សវនកម្ម​ហិរញ្ញវត្ថុ​និយាយ​ឱ្យ​សាមញ្ញ​ គឺជា​ការ​ធ្វើការងារ​ទៅលើ​ការពិនិត្យ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​សហគ្រាស​ ឬអង្គភាព​នោះ​ដើម្បី​ធានា​ដោយ​សមហេតុសមផល​ថា​ របាយការណ៍​នោះ​ត្រឹមត្រូវ​អាចយ​កជា​ការបាន​ដោយ​គ្មាន​កំហុស​ ឬការ​កេងបន្លំ​ជាដើម​។ ការងារ​ដែល​បាន​ធ្វើ​លើ​រឿង​នេះ​ គឺ​មិនមែន​មានន័យថា​ ឱ្យ​តែ​ធ្វើ​ គឺ​ដឹង​តែ​ធានា100​%ថា​ របាយការណ៍​នោះ​ត្រឹមត្រូវ100​%នោះ​ទេ​ដោយសារតែ​ហានិភ័យ​វិជ្ជាជីវៈ​ និង​ការ​លាក់​ព័ត៌មាន​សម្ងាត់​ជាដើម​។ ចំណែក​សវនកម្ម​ពន្ធដារ​ គឺ​ធ្វើឡើង​តាម​ការកំណត់​របស់​មន្ត្រី​ពន្ធដារ​ដើម្បី​ធានា​ថា​ ការ​បង់ពន្ធ​របស់​សហគ្រាស​នោះ​ត្រឹមត្រូវ​ និង​មិន​មានការ​កេងបន្លំ​ពន្ធដារ​ជាដើម​។

តើ​សហគ្រាស​ប្រភេទ​ណា​ដែលគេ​តម្រូវ​ឱ្យធ្វើ​សវនកម្ម​ហិរញ្ញវត្ថុ​ និង​សវនកម្ម​ពន្ធដារ​?
ចំពោះ​សវនកម្ម​ហិរញ្ញវត្ថុ​ សហគ្រាស​នី​មួយ​ៗអាច​ធ្វើ​វា​ដោយ​គោលការណ៍​ស្ម័គ្រចិត្ត​ ឬតម្រូវ​ដោយ​ភា​គហ៊ុនិ​កជា​រៀងរាល់​ឆ្នាំ​។ លើស​ពីនេះ​ទៅទៀត​ បើ​តាមច្បាប់​កំណត់​ រាល់​សហគ្រាស​ណា​ដែល​មាន​លក្ខខណ្ឌ2​ ក្នុងចំណោម​លក្ខខណ្ឌ3​ សំ​ខាន់​ៗមួយចំនួន​ ដូចជា​៖
1. សហគ្រាស​ដែល​មានផល​របរ​ចាប់ពី​ 3.000.000.000រៀល​។
2. ទ្រព្យសកម្ម​សរុប​ចាប់ពី​ 2.000.000.000រៀល​។
3. មាន​បុគ្គលិក​ច្រើនជាង​ 100នាក់​ឡើង​ទៅ​។

សហគ្រាស​នោះ​ចាំបាច់​តម្រូវ​ឱ្យធ្វើ​សវនកម្ម​ហិរញ្ញវត្ថុ​។ ហើយ​គ្រប់​ក្រុមហ៊ុន​ដែល​មាន​សិទ្ធិ​ធ្វើស​វន​កម្ម​ទៅលើ​សហគ្រាស​ទាំងនេះ​ ត្រូវ​ទទួលស្គាល់​ដោយ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ និង​សវនករ​ (KICPAA​) និង​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ​។

ចំពោះ​សវនកម្ម​ពន្ធដារ​វិញ​មាន​លក្ខណៈ​សំ​ខាន់​ៗមួយចំនួន​ដូចជា​ សវនកម្ម​ពេញលេញ​ (Comprehensive​ Audit​) សវនកម្ម​មានកម្រិត​ (Limited​ Audit​) ឬសវនកម្ម​នៅនឹង​កន្លែង​ពន្ធដារ​ជាដើម​ (Desk​ Audit​)។ ការ​ធ្វើស​វន​កម្ម​ទាំងនេះ​ គឺជា​សិទ្ធិ​ផ្តាច់​មុខ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ និង​សាខា​ពន្ធដារ​តាម​ខណ្ឌ​ ឬខេត្ត​នី​មួយ​ៗ តែ​សហគ្រាស​នី​មួយ​ៗក៏​មាន​សិទ្ធិ​ស្នើ​ឱ្យ​មានការ​ធ្វើស​វន​កម្ម​ទាំងនេះ​ផង​ដែរ​។

ក្នុង​នោះ​សវនកម្ម​ពេញលេញ​មានន័យថា​ ជា​ការរៀបចំ​ត្រួតពិនិត្យ​នូវ​គ្រប់​ផ្នែក​ទាំងអស់​របស់​របាយការណ៍​ហិរញ្ញវត្ថុ​។ ហើយ​បច្ចុប្បន្ន​នេះ​អ្នក​ដែល​ធ្វើការ​ត្រួតពិនិត្យ​ភាគច្រើន​លើ​ប្រភេទ​សវនកម្ម​នេះ​ គឺ​សវនករ​ពន្ធដារ​ដែល​មក​ពីអ​គ្គ​នាយកដ្ឋាន​ពន្ធដារ​ដែល​ធ្វើ​កិច្ចការ​នេះ​។ ចំណែក​ឯស​វន​កម្ម​មានកម្រិត​ និង​សវនកម្ម​នៅនឹង​កន្លែង​ គឺ​ភាគច្រើន​ត្រូវ​បាន​ធ្វើឡើង​ដោយ​សវនករ​ពន្ធដារ​នៅ​តាម​ខណ្ឌ​ និង​ខេត្ត​នី​មួយ​ៗ។

តើ​ការ​ធ្វើស​វន​កម្ម​ហិរញ្ញវត្ថុ​មានប្រយោជន៍​អ្វីខ្លះ​ចំពោះ​សហគ្រាស​?
ការ​ធ្វើស​វន​កម្ម​ហិរញ្ញវត្ថុ​មានប្រយោជន៍​ច្រើនណាស់​ចំពោះ​សហគ្រាស​ដូចជា​ ទី1​ គឺ​វា​អាច​ជួយ​ពង្រឹង​តម្លាភាព​ហិរញ្ញវត្ថុ​ ព្រោះ​សហគ្រាស​ដែ​លត្រួវ​បាន​គេ​ធ្វើស​វន​កម្ម​ហិរញ្ញវត្ថុ​ច្រើនតែ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​រឹងមាំ​ ដូច្នេះហើយ​ក្រុមហ៊ុន​អាច​មាន​ភា​គហ៊ុនិ​កច្រើន​ តែ​សមាជិក​ម្នា​ក់ៗ​អាច​មានទំនុក​ចិត្ត​ខ្ពស់​លើ​សហគ្រាស​នោះ​ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​កាត់បន្ថយ​ជម្លោះ​ និង​មានការ​អភិវឌ្ឍ​បាន​លឿន​។ ម្យ៉ាងវិញទៀត​សវនករ​អាជីព​អាច​នឹង​ផ្តល់​អនុសាស​ន៍​ល្អ​ៗដើម្បី​ជួយ​កែ​លម្អ​ចំណុច​ខ្វះខាត​ជាដើម​ ដែល​វា​អាច​ធ្វើ​ឱ្យ​យើង​មើលឃើញ​កាន់តែ​ច្បាស់​ពី​ចំណុច​គួរ​កែ​លម្អ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​។ រឿង​ពិសេស​មួយទៀត​គឺ​អាច​គេច​ផុត​ពី​បញ្ហា​បង់ពន្ធ​ខុស​ ឬប្រកាស​ពន្ធ​ខុស​ជាដើម​។

ចំណុច​សំខាន់​ទី2​ គឺ​អាច​បង្កើន​តម្លៃ​របស់​សហគ្រាស​នោះ​ ព្រោះ​មិនថា​ពេល​ដែល​សហគ្រាស​នោះ​ចង់​ខ្ចី​លុយ​បន្ថែម​ ឬពេល​ដែល​សហគ្រាស​នោះ​ចង់​រក​ទុន​វិនិយោគ​បន្ថែម​នោះ​ សហគ្រាស​ដែល​មាន​របាយការណ៍​សវនកម្ម​ហិរញ្ញវត្ថុ​ច្បាស់លាស់​ ភាគច្រើន​អាច​ទទួល​បាន​កម្ចី​ដែល​មានការ​ប្រាក់​ទាប​។ អ្នក​វិនិយោគ​ច្រើនតែ​ឱ្យ​តម្លៃ​ដល់​សហគ្រាស​ដែល​មាន​របាយការណ៍​សវនកម្ម​ហិរញ្ញវត្ថុ​ និង​ផ្តល់​តម្លៃ​ខ្ពស់​ជាង​សហគ្រាស​ធម្មតា​ និង​ចំណុច​សំខាន់​ចុងក្រោយ​ គឺ​កសាង​ទំនុកចិត្ត​រវាង​អ្នកគ្រប់គ្រង​ ព្រោះថា​ ប្រសិនជា​របាយការណ៍​ហិរញ្ញវត្ថុ​ត្រូវ​បាន​ធ្វើស​វន​កម្ម​ និង​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ​ និង​គួរ​ឱ្យ​ទុកចិត្ត​បាន​ ម្ចាស់​សហគ្រាស​ និង​អ្នកគ្រប់គ្រង​សហគ្រាស​នោះ​ក៏​នឹង​មានទំនុក​ចិត្ត​ចំពោះ​គ្នា​ផង​ដែរ​ ដែល​វា​អាច​ធ្វើ​ឱ្យ​អាជីវកម្ម​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជាប់​ជាប្រចាំ​៕

Advertisement