នៅ​ឆ្នាំ2021​ បន្ទប់​សណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ​ នឹង​កើន​ដល់​ជិត​ 1ម៉ឺន​បន្ទប់​

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ព្យាករ​ថា​ តាម​សន្ទស្សន៍​នៃ​សក្តា​នុ​ពល​ និង​ការ​វិនិយោគ​លើ​ វិស័យ​សេវា​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​នឹង​មាន​បន្ទប់​សណ្ឋាគារ​កើនឡើង​ដល់​ជិត​ 1ម៉ឺន​បន្ទប់​ក្នុង​ឆ្នាំ2021​ ដើម្បី​ឆ្ពោះទៅ​ដល់​ការរៀបចំ​ និង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ក្នុង​ការ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ2020​ និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ (ASEAN​ Summit​) ក្នុង​ឆ្នាំ2022​។

ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​៖“ការ​វិនិយោគ​លើ​វិស័យ​សេវា​ស្នាក់នៅ​ និង​សណ្ឋាគារ​បាន​កើនឡើង​ជាមធ្យម​ 3.5ពាន់​បន្ទប់​ក្នុង​ 1ឆ្នាំ​ ដែល​បន្ទប់​សណ្ឋាគារ​ អាច​នឹង​កើនឡើង​ដល់​ជិត​ 1ម៉ឺន​បន្ទប់​ក្នុង​ឆ្នាំ2021​ ដើម្បី​គាំទ្រ​ដល់​ការ​រីកចម្រើន​វិស័យ​ទេសចរណ៍​យ៉ាង​លឿន​រហ័ស​ និង​ជាបន្តបន្ទាប់​នៅ​ខេត្ត​ព្រះសីហនុ​”។

ឯកឧត្តម​បន្ត​ថា​ ខណៈ​ដែល​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​នាំមក​នូវ​ចំណូល​ក្នុង​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង​ 4ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ2018​ កន្លងមក​នេះ​ យើង​ក៏​ត្រូវ​គិតគូរ​ពី​ការ​ធ្លុះធ្លាយ​សេដ្ឋកិច្ច​ (Econo​ mic​ Leakages​) ក្នុង​វិស័យ​ទេសចរណ៍​ ដោយ​ចំណូល​ទេសចរណ៍​ប្រមាណ​ 25​% ត្រូវ​បាន​ធ្លាយ​ចេញទៅ​វិញ​ ដែល​ភាគច្រើន​កើតឡើង​ដោយសារ​ការនាំចូល​ផលិតផល​ពី​បរទេស​ ដូចជា​ បន្លែ​ផ្លែឈើ​ សាច់​ ស្រា​ គ្រឿងសង្ហារិម​ វត្ថុ​សិប្ប​កម្ម​ផ្សេង​ៗ-ល- ដើម្បី​ទ្រទ្រង់​ដល់​កំណើន​យ៉ាង​ខ្លាំង​នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

ជាមួយគ្នា​នេះ​ ឯកឧត្តម​ ថោង​ ខុន​ បាន​ដាក់ទិស​ដៅ​ដោយ​ត្រូវ​ព្យាយាម​កាត់បន្ថយ​អត្រា​នៃ​ការ​ធ្លុះធ្លាយ​ឱ្យ​បាន​យ៉ាងតិច​ 10​%បន្ថែម​ទៀត​(ឱ្យមក​នៅ​ត្រឹម​ 5%ដែល​ជា​កម្រិត​ទូទៅ​របស់​បណ្តា​ប្រទេស​គោលដៅ​ទេសចរណ៍​នានា​)។ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​៖“បើ​យើង​អាច​កាត់បន្ថយ​ការ​ធ្លុះធ្លាយ​បាន​ប្រមាណ​ 10​% បន្ថែម​ទៀត​ គឺ​យើង​អាច​ចំណេញ​បាន​ប្រមាណ​ 400លាន​ដុល្លារ​ពី​ការនាំចូល​របស់​ទាំងនេះ​សម្រាប់​តែ​បម្រើ​ឧស្សាហកម្ម​ទេសចរណ៍​”។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បន្ត​ទៀត​ថា​ ការជំរុញ​ការប្រើ​ប្រាស់​ផលិតផល​ក្នុង​ស្រុកក្នុង​ឧស្សាហកម្ម​ទេសចរណ៍​នឹង​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​ តាមរយៈ​កំណើន​នៃ​ការ​មកដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ និង​កំណើន​នៃ​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ គឺ​ពិតជា​មាន​សារៈសំខាន់​ជា​យុទ្ធ​សាស្រ្ត​ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ទាំង​ផ្នែក​រដ្ឋ​ ផ្នែកឯកជន​ និង​ដៃគូ​អភិវឌ្ឍន៍​។

ផ្នែកឯកជន​នៅក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​បន្ត​គាំ​ទ្រ​ និង​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ឱ្យ​បាន​ជា​អតិបរមា​ ខណៈ​ដែល​ផលិតករ​ក្នុង​ស្រុក​បាន​និង​កំពុង​បន្ត​ពង្រឹង​ផលិតកម្ម​ ទាំង​លើ​ទិដ្ឋភាព​បរិមាណ​ និង​គុណភាព​ ប្រកបដោយ​តម្លៃ​ប្រកួតប្រជែង​។ ការរៀបចំ​“អន្តរការី​” ក៏​មាន​សារៈសំខាន់​ក្នុង​ការ​ដើរតួ​ជា​អ្នក​ផ្គូផ្គង​ភ្ជាប់​ទំនាក់ទំនង​រវាង​ផ្នែក​ផ្គត់ផ្គង់​ និង​ផ្នែក​តម្រូវការ​ ដោយធ្វើ​ជា​អ្នកធានា​សម្រាប់​ភាគី​ទាំង2​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​សើ្ន​ឱ្យ​មានការ​ជំរុញ​រៀបចំ​ខ្សែក្រវាត់​បៃតង​នៅ​ជុំវិញ​តំបន់​ គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ តាមរយៈ​ការ​ដាំដំណាំ​ ការ​ចិញ្ចឹមសត្វ​ វារីវប្បកម្ម​ ការជំរុញ​សកម្មភាព​សិប្បកម្ម​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​ផលិតផល​ក្នុង​ស្រុក​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​ ពិសេស​នៅ​តាម​រមណីយដ្ឋាន​ សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​នានា​។

ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋបាល​ខេត្ត​ រដ្ឋបាល​ក្រុង​ មន្ទីរ​ទេសចរណ៍​ ក្រុមការងារ​ទាំង5​ ព្រមទាំង​មន្ទីរ​ និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​បន្ត​អនុវត្ត​ភារកិច្ច​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​តាម​ជំនាញ​ និង​អនុវត្ត​ច្បាប់​ជាចម្បង​ប្រកបដោយ​ប្រសិទ្ធភាព​។ ក្រសួងទេសចរណ៍​បាន​ និង​កំពុង​រៀបចំផែនការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​ពង្រឹងគុណភាព​បុគ្គលិក​ជំនាញ​តាមរយៈ​ការ​បើក​វគ្គ​បណ្តុះបណ្តាល​ជាប្រចាំ​ និង​ជំរុញ​ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ធ្វើការ​បើក​វគ្គ​ពង្រឹង​សមត្ថភាព​នៅ​មូលដ្ឋាន​ផ្ទាល់​ (In​ house​ training​)។

សូម​បញ្ជាក់​ថា​ នៅ​ឆ្នាំ2018​ កន្លងមក​នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ មក​កម្ពុជា​មាន​ចំនួន​ 6.2លាន​នាក់​កើនឡើង11​% ដោយឡែក​ទេសចរ​អន្តរជាតិ​មក​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ 58ម៉ឺន​នាក់​កើន24​% ដែល​បង្កើត​ការងារ​ដោយ​ផ្ទាល់​ចំពោះ​ប្រជាពលរដ្ឋ​ចំនួន​ 17ម៉ឺន​នាក់​ ចំណែក​ទេសចរណ៍​បរទេស​ សម្រាប់​ 3ខែ​ដើមឆ្នាំ2019​ នេះ​ មាន​ចំនួន​ 20ម៉ឺន​នាក់​ កើនឡើង25​%។ បច្ចុប្បន្ន​ មូលដ្ឋាន​សេវា​ស្នាក់នៅ​មាន​ចំនួន​ 9,697បន្ទប់​ ក្នុង​នោះ​សណ្ឋាគារ​កម្រិត​ផ្កាយ5​ មាន​ចំនួន​ប្រមាណ​ 2,000បន្ទប់​៕

Advertisement